កាលពីថ្ងៃពុធ កិច្ចព្រមព្រៀងមួយបានត្រូវធ្វើឡើងនៅក្នុងសង្គ្រាមពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងចិនដែលបានចាប់ផ្តើមកាលពីខែមិថុនា ឆ្នាំ២០១៨ នៅពេលដែលរដ្ឋបាលរបស់ប្រធានាធិបតី ត្រាំ បានចាប់ផ្តើមយកពន្ធគយលើផលិតផលរបស់ចិន។
លោកប្រធានាធិបតី ត្រាំ បានថ្លែងថា៖ «នេះជាកិច្ចព្រមព្រៀងដែលមិនគួរឲ្យជឿសម្រាប់សហរដ្ឋអាមេរិក ហើយនៅទីបញ្ចប់ វាជាកិច្ចព្រមព្រៀងដ៏ធំមួយសម្រាប់ប្រទេសទាំង២ ហើយកិច្ចព្រមព្រៀងនោះ ក៏នឹងសនាំឲ្យមានសន្តិភាពប្រកបដោយភាពគង់វង់ឡើងទូទាំងពិភពលោកដែរ»។
លោកប្រធានាធិបតី ត្រាំ បានចុះហត្ថលេខាដំណាក់កាលទី១នៃកិច្ចព្រមព្រៀងនោះនៅឯសេតវិមាន ជាមួយលោក លុយ ហេ ឧបនាយករដ្ឋមន្រ្តីចិនដែលបានអានលិខិតមកពីប្រធានាធិបតីចិនលោកស៊ី ជីងពីង។ លោក លុយ បានថ្លែងថា៖ «ប្រទេសយើងទាំង២ មានសមត្ថភាពអនុវត្តកិច្ចព្រមព្រៀងនោះផ្អែកលើភាពស្មើគ្នានិងការគោរពគ្នាទៅវិញទៅមកហើយនិងធ្វើការតាមរយៈការសន្ទនានិងការពិគ្រោះយោបល់គ្នាដើម្បីដោះស្រាយឲ្យបានត្រឹមត្រូវនិងមានប្រសិទ្ធភាពដល់បញ្ហានានាដែលពាក់ព័ន្ធ»។
កិច្ចព្រមព្រៀងនោះ កាត់បន្ថយការយកពន្ធគយខ្លះរបស់សហរដ្ឋអាមេរិកនៅក្នុងការដោះដូរអ្វីដែលរដ្ឋបាលរបស់លោក ត្រាំ និយាយថា នឹងពង្រីកការនាំចេញកសិកម្មនិងថាមពលរបស់អាមេរិកទៅកាន់ប្រទេសចិន។
កិច្ចព្រមព្រៀងនោះ ក៏នឹងរួមបញ្ចូលការសន្យាដោយរដ្ឋាភិបាលក្រុងប៉េកាំងផ្តល់ការការពារកម្មសិទ្ធបញ្ញារបស់ក្រុមហ៊ុនអាមេរិកាំងកាន់តែខ្លាំងឡើង ហើយនឹងទប់ស្កាត់ការបង្ខំឲ្យក្រុមហ៊ុនបរទេសផ្ទេរបច្ចេកវិទ្យា។ គេនៅមិនទាន់ច្បាស់នៅឡើយថាតើបទបញ្ញត្តិទាំងនោះ នឹងត្រូវអនុវត្តដោយរបៀបណាទេ។
ជាផ្នែកមួយនៃកិច្ចព្រមព្រៀងនោះ នៅដើមសប្តាហ៍នេះ សហរដ្ឋអាមេរិក បានដកការចាត់ទុកប្រទេសចិនជាអ្នកបំប៉ោងរូបិយប័ណ្ណ។
ក៏ប៉ុន្តែ កិច្ចព្រមព្រៀងនោះ រក្សាការយកពន្ធគយរបស់សហរដ្ឋអាមេរិកលើទំនិញចិនតម្លៃប្រហែល៣៦០ពាន់លានដុល្លារហើយនិងគំរាមកំហែងយកពន្ធគយបន្ថែម ប្រសិនបើ រដ្ឋាភិបាលក្រុងប៉េកាំង មិនធ្វើទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនោះ។
លោក Gary Hufbauer ជាសេដ្ឋវិទូនៅវិទ្យាស្ថាន Peterson ថ្លែងថា៖ «ឧបសម្ព័ន្ធសម្ងាត់តម្រូវឲ្យចិនទិញផលិតផល ទំនិញកសិកម្មផ្សេងៗជាច្រើននិងសេវាកម្មខ្លះ។ល។ឧបសម្ព័ន្ធនេះ នឹងមិនត្រូវបានផ្សព្វផ្សាយទេ ហើយខ្ញុំគិតថា ឧបសម្ព័ន្ធនេះ នឹងត្រូវប្រើដោយអ្នកតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកដើម្បីពិនិត្យមើលថាតើចិន គោរពទៅតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងទៅតាមដែលពួកគេទទួលយកដែរឬក៏អត់ នៅពេលដែលរដ្ឋាភិបាលសហរដ្ឋអាមេរិក ទទួលយកកិច្ចព្រមព្រៀងនោះ»។
កិច្ចព្រមព្រៀងនោះ មិនដោះស្រាយការជួយឧបត្ថម្ភប្រាក់របស់ចិនទៅឲ្យក្រុមហ៊ុនដែលកាន់កាប់ដោយរដ្ឋ ជាបញ្ហាមួយទំនងនឹងត្រូវពិភាក្សានៅក្នុងដំណាក់កាលបន្ទាប់នៃការចរចាពាណិជ្ជកម្មដែលទំនងរហូតទាល់តែក្រោយការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកនៅខែវិច្ឆិកា។
សមាជិកព្រឹទ្ធសភា Chuck Schumer មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិច បានហៅកិច្ចព្រមព្រៀងនោះជាជ័យជម្នះដ៏ធំសម្បើមមួយសម្រាប់ពលរដ្ឋចិន។
លោក Chuck Schumer មេដឹកនាំព្រឹទ្ធសភាសំឡេងភាគតិច ថ្លែងថា៖ «យើងទទួលបានតិចតួចត្រឡប់មកវិញ នៅពេលដែលនិយាយពីកម្មសិទ្ធបញ្ញា នៅពេលដែលនិយាយដល់ការទាមទារឲ្យមានកិច្ចព្រមព្រៀងរួម នៅពេលដែលនិយាយពីការលួចព័ត៌មានតាមអ៊ីនធឺណិត នៅពេលដែលនិយាយពីរដ្ឋាភិបាលជួយឧបត្ថម្ភប្រាក់ដល់ក្រុមហ៊ុន ជាចំណុចសំខាន់របស់យើង»។
ទោះជាយ៉ាងនោះក៏ដោយ កិច្ចព្រមព្រៀងដំបូងនេះ ហាក់ដូចជាបន្ធូរបន្ថយភាពតានតឹងរវាងប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់២របស់ពិភពលោក យ៉ាងហោចណាស់សម្រាប់ពេលឥឡូវនេះដែរ៕
ប្រែសម្រួលដោយជឹង ប៉ូជីន