បន្ទាប់ពីអាជ្ញាធរខេត្តស្ទឹងត្រែងបានដោះលែងសកម្មជនព្រៃឈើនិងបរិស្ថាន ៦ នាក់ឲ្យមានសេរីភាពវិញកាលពីល្ងាចថ្ងៃចន្ទ មន្ត្រីអង្គការសង្គមស៊ីវិលបានស្នើឱ្យមានការទម្លាក់បទចោទនានាលើសកម្មជនបរិស្ថានទាំងអស់នេះ ដើម្បីធានាថា ពួកគេអាចបន្តសកម្មភាពការពារបរិស្ថានរបស់ពួកគេដោយគ្មានការភ័យខ្លាច។
កាលពីថ្ងៃសៅរ៍ ទី២៣ ខែវិច្ឆិកា លោក អ៊ូច ឡេង លោក ហេង ស្រស់ លោក តាត ឧត្តម លោក អូត ឡាទីន លោក មេនម៉ាត់ និងលោក ព្រំ ម៉ៅ ត្រូវបានឃាត់ខ្លួនក្នុងស្រុកសេសាន ខេត្តស្ទឹងត្រែង ដោយកម្លាំងកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ជាង ២៤ ម៉ោង ដើម្បីសាកសួរជុំវិញការចូលទៅចងក្រងសកម្មភាពកាប់បំផ្លាញព្រៃឈើខុសច្បាប់ក្នុងឧទ្យានជាតិ វើនសៃ-សៀមប៉ាងនៅក្នុងខេត្តដែលនៅជាប់ប្រទេសឡាវ។ នេះបើតាមអង្គការការពារសិទ្ធិមនុស្សក្នុងស្រុក និងសកម្មជនបរិស្ថាន។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ឃើញថា ការចុះសង្កេតបទល្មើសព្រៃឈើ ឬក៏ចូលរួមការពារបរិស្ថាន និងធនធានព្រៃឈើមិនគួរត្រូវបានចាត់ទុកថាជាបទល្មើសទេ ព្រោះការងារបរិស្ថាននេះតម្រូវឲ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ។ លោកបន្ថែមថា ការបន្តចាប់ខ្លួន និងការឃាត់ខ្លួនសកម្មជនការពារព្រៃឈើ និងបរិស្ថាន ជាការបើកផ្លូវឲ្យឧក្រិដ្ឋជនព្រៃឈើមានឱកាសក្នុងការបំផ្លាញព្រៃឈើ និងធ្វើឲ្យខូចប្រព័ន្ធបរិស្ថានទូទៅ។
លោកថ្លែងថា៖ «ការចាប់ ការឃាត់ខ្លួន និងការឃុំខ្លួនទៅលើសកម្មជនការពារព្រៃឈើ បរិស្ថាន និងធនធានធម្មជាតិ វាជាការបន្ទច់បង្អាក់ ឬជាការបំភិតបំភ័យ និងការគំរាមកំហែងសម្រាប់អ្នកដែលចង់ចូលរួមក្នុងកិច្ចការពារព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថានទៅវិញ។ ហើយផ្ទុយទៅវិញធ្វើឲ្យឧក្រិដ្ឋជន ឬក៏ជនដែលបំផ្លាញព្រៃឈើ ធនធានធម្មជាតិហ្នឹងមិនខ្លាចទៅវិញ ពីព្រោះដោយសារតែអ្នកការពារហ្នឹងត្រូវបានធ្វើការរារាំង ធ្វើការចាប់ខ្លួន ធ្វើការឃុំខ្លួនអីជាដើមទៅវិញ»។
បើតាមលោក អំ សំអាត អាជ្ញាធរពាក់ព័ន្ធគួរតែពិចារណាទម្លាក់រាល់ការចោទប្រកាន់លើសកម្មជនដែលទើបត្រូវបានដោះលែងកាលពីពេលថ្មីៗនេះ បើទោះបីមកដល់ពេលនេះ មិនទាន់មានការបញ្ជាក់ច្បាស់ការណ៍ណាមួយថា អ្នកទាំង ៦ នាក់នោះ ត្រូវបានតុលាការខេត្តស្ទឹងត្រែងចោទប្រកាន់ឬយ៉ាងណាទេ ខណៈសម្ភារៈមួយចំនួនដែលបានដកហូតមិនទាន់ត្រូវបានប្រគល់ឲ្យពួកគេវិញនៅឡើយ។
លោកបន្ថែមថា៖ «ករណីពួកគាត់ទាំង ៦ នាក់នេះ គួរតែទម្លាក់បទចោទ ឬក៏ប្រគល់សម្ភារៈឲ្យពួកគាត់វិញ ដើម្បីធ្វើការការពារព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថានជាបន្តទៅទៀត ហើយបើសិនជាមានអ្វីដែលជាចំណុចខ្វះខាត វាគួរតែមានការពិភាក្សាគ្នាដើម្បីឲ្យពួកគាត់ហ្នឹងមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការចូលរួមក្នុងកិច្ចការពារព្រៃឈើ ធនធានធម្មជាតិ និងបរិស្ថានទៅវិញ»។
ទោះជាយ៉ាងណាក្តី ប្រធានលេខាធិការដ្ឋាននៃសាលាដំបូងខេត្ដស្ទឹងត្រែងលោក ឡៅ លាងហេង ប្រាប់វីអូអេថា លោកមិនបានដឹងពីការឃាត់ខ្លួនសកម្មជនការពារព្រៃឈើ និងបរិស្ថានទាំង ៦ រូបនោះទេ។
លោកថ្លែងថា៖ «ខ្ញុំនៅខាងសាលាដំបូងនេះ ដូចអត់ឃើញ អត់ដែល អត់បានឃើញ គេសួរខ្ញុំដែរ សួររឿង ខាងហ្នឹងដែរ សួររឿងមានឃើញគេឃាត់ខ្លួនសកម្មជនព្រៃឈើហ្នឹងមកតុលាការអត់ ខ្ញុំថាអត់បានឃើញផង ហើយគេសួរថានៅខាងណា ប្រហែលជាខាងអាជ្ញាធរ ឬមួយខាងអី ខ្ញុំថាប្រហែលជាខាងអាជ្ញាធរមិនដឹង ខ្ញុំអត់ដឹងដែរ។ រហូតមកដល់ឥឡូវខ្ញុំអត់ដឹង ឃើញគេតេមកសួរខ្ញុំបួន ប្រាំនាក់ហើយ»។
ក្នុងចំណោមអ្នកដែលត្រូវបានឃាត់ខ្លួនទាំង ៦ នាក់នោះ មានលោក អ៊ូច ឡេង ដែលជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦។ រីឯសកម្មជនម្នាក់ទៀត គឺលោក តាត ឧត្តម ត្រូវគេដឹងថា ជាអ្នកកាសែតឯករាជ្យមួយរូបផងដែរ។
វីអូអេបានព្យាយាមសុំការអត្ថាធិប្បាយពីសកម្មជនមួយចំនួនដែលទើបត្រូវបានដោះលែងចេញពីបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្ទឹងត្រែង តែមិនមានការឆ្លើយតបតាមសារក្នុងបណ្តាញសង្គម។
បើតាមអង្គការលីកាដូ សកម្មជនមួយចំនួនដូចជាលោក អ៊ូច ឡេង និងលោក ហេង ស្រស់ ធ្លាប់ត្រូវបានចាប់ខ្លួនក្នុងឆ្នាំ ២០២១ និង ២០២០ ក្នុងខេត្តក្រចេះ ក្នុងករណីឃ្លាំមើលការចូលកាប់ព្រៃឈើដោយខុសច្បាប់ក្នុងដែនជម្រកសត្វព្រៃ ព្រៃឡង់។
អង្គការសិទ្ធិមនុស្សដដែល បានឲ្យដឹងទៀតថា សកម្មជន និងអ្នកសារព័ត៌មាន បានចងក្រងពីសកម្មភាពបំផ្លាញព្រៃឈើក្នុងឧទ្យានជាតិ វើនសៃ សៀមប៉ាង ជាទីដែលសកម្មជនទាំង ៦ រូបនោះ ត្រូវបានឃាត់ខ្លួន និងកន្លែងដែលរាជរដ្ឋាភិបាលបានផ្តល់ដីសម្បទានសេដ្ឋកិច្ចទៅឲ្យក្រុមហ៊ុនឈ្មោះ ធី.អេស.អិម.ដាប់បែលយូ ឯ.ក (T.S.M.W) ក្នុងឆ្នាំ ២០២៣ និងបានផ្តល់អាជ្ញាប័ណ្ណជីកយករ៉ែ ទៅក្រុមហ៊ុនឈ្មោះ ហ្រ្គីន វូដ ឌីវេលឡូបមេន (Green Wood Development)។ ដីសម្បទានសេដ្ឋកិច្ចដែលត្រូវបានផ្តល់ឲ្យក្រុមហ៊ុន T.S.M.W បានរំលោភដល់សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលកាលពីឆ្នាំ ២០១២ ស្តីពីការផ្អាកផ្តល់ដីសម្បទានសេដ្ឋកិច្ចថ្មី ដោយសារតែជាប់ទាក់ទងទៅនឹងការបណ្តេញចេញដ៏ច្រើនសន្ធឹកសន្ធាប់ ការបំផ្លិចបំផ្លាញព្រៃ និងការបាត់បង់ធនធានធម្មជាតិផ្សេងៗទៀតជាច្រើនផងដែរ។
ប្រធានប្រតិបត្តិនៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង យល់ឃើញថា សកម្មជនទាំង ៦ នាក់នោះ គួរតែទទួលបានសេរីភាពពេញលេញ ហើយសម្ភារៈប្រើប្រាស់របស់ពួកគេក៏គួរត្រូវបានប្រគល់ឲ្យទៅពួកគេវិញផងដែរ ដោយភាគីអាជ្ញាធរមិនគួរបន្តរឹបអូសទុកជាភស្តុតាង ដែលអាចបង្កការរំលោភបំពានលើសិទ្ធិឯកជនភាព និងបង្អាក់សកម្មភាពបរិស្ថាននិយមរបស់ពួកគេ។
លោកថ្លែងថា៖ «ខ្ញុំនៅតែយល់ថា បើសិនជាអាជ្ញាធរមូលដ្ឋាន ឬក៏នគរបាលយុត្តិធម៌បានរកឃើញថា ពួកគេជាសកម្មជនព្រៃឈើជាអ្នកការពារធនធានហើយ គួរតែដោះលែងពួកគេឱ្យមាន សេរីភាពហ្នឹងពេញលេញ មិនមែនគ្រាន់តែដោះលែងហើយ[រឹបអូស]វត្ថុតាងផ្សេងៗ ឬក៏វត្ថុប្រើប្រាស់របស់ពួកគេហ្នឹងត្រូវបានរឹបអូសអញ្ចឹងទេ។ ហើយអានេះ ជារឿងមួយដែលយើងមានការព្រួយបារម្ភអំពីការរំលោភទៅលើឯកជនភាពបន្ថែមទៀត ព្រោះអីមានការដកហូតទូរសព្ទដៃដកហូតទ្រព្យសម្បតិ្តផ្សេងៗ ដែលអាចឈានទៅរកតម្រុយនៃការប៉ះពាល់ឯកជនភាពបន្ថែមរបស់ពួកគាត់»។
លោកបានឲ្យដឹងទៀតថា រដ្ឋាភិបាលអាចសម្រេចគោលដៅក្នុងការការពារគម្របព្រៃឈើ និងស្តារគម្របព្រៃឈើឱ្យបាន ៦០ ភាគរយនៅឆ្នាំ ២០៥០ និងគោលនយោបាយបរិស្ថានផ្សេងទៀតបានជោគជ័យ លុះណាតែមានការបើកទូលាយឱ្យសកម្មជន និងសាធារណជនទូទៅបានចូលរួមក្នុងសកម្មភាពអភិរក្ស និងការពារធនធានធម្មជាតិ ហើយបញ្ឈប់ការឃាត់ខ្លួនសកម្មជន ដូចករណីដែលបានកើតឡើងនៅខេត្តស្ទឹងត្រែងនាពេលថ្មីៗនេះ៕
វេទិកាបញ្ចេញមតិ