ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក និង​ចិន​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​ដំណាក់កាល​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ


រូបឯកសារ៖ ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He (កណ្តាល) និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយឈរនៅចន្លោះ មន្រ្តី​តំណាងផ្នែកពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីរតនាគារលោក Steve Mnuchin នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។
រូបឯកសារ៖ ឧបនាយករដ្ឋមន្រ្តីចិនលោក Liu He (កណ្តាល) និយាយទៅកាន់ក្រុមអ្នកសារព័ត៌មានដោយឈរនៅចន្លោះ មន្រ្តី​តំណាងផ្នែកពាណិជ្ជកម្មអាមេរិកលោក Robert Lighthizer និងរដ្ឋមន្រ្តីរតនាគារលោក Steve Mnuchin នៅក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩។

សហរដ្ឋ​អាមេរិក និង​ប្រទេស​ចិន​គ្រោង​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ដំបូង​នៅ​ថ្ងៃ​ពុធ​នេះ ដើម្បី​ដោះស្រាយ​បញ្ហា​មួយ​ចំនួន​ដែល​ជា​ចំណុច​ស្នូល​នៃ​ជម្លោះ​ពាណិជ្ជកម្ម​រយៈពេល ១៨ ខែ​កន្លង​មក​រវាង​ប្រទេស​មហា​អំណាច​សេដ្ឋកិច្ច​ធំ​ជាង​គេ​បំផុត​ទាំង​ពីរ​នៅ​លើ​ពិភពលោក​នេះ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Donald Trump នឹង​ទទួល​ស្វាគមន៍​ឧបនាយករដ្ឋមន្ត្រី​ចិន​លោក Liu He នៅ​ក្នុង​ពិធី​ចុះ​ហត្ថលេខា​នៅ​សេតវិមាន​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន។

ភាគី​ទាំង​ពីរ​បាន​ឯកភាព​គ្នា​ចំពោះ​អ្វី​ដែល​ពួកគេ​ហៅ​ថា​ជា​កិច្ច​ព្រមព្រៀង​ដំណាក់កាល​ទី​មួយ​នេះ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​មុន។

កិច្ច​ព្រមព្រៀង​ដំណាក់កាល​ពី​មួយ​នេះ​ស្នើ​ឲ្យ​ប្រទេស​ចិន​បង្កើន​ការ​ទិញ​ទំនិញ​របស់​សហរដ្ឋ​អាមេរិក បញ្ឈប់​ទង្វើ​បង្ខំ​ក្រុមហ៊ុន​បរទេស​ឲ្យ​ផ្ទេរ​បច្ចេកវិទ្យា​ឲ្យ​ខ្លួន និង​បញ្ឈប់​ការ​ក្រឡុក​រូបិយវត្ថុ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ការ​នាំ​ចេញ​របស់​ខ្លួន​មាន​តម្លៃ​ថោក​ជាង​មុន។

សហរដ្ឋ​អាមេរិក​បាន​ដក​ប្រទេស​ចិន​ចេញ​ពី​បញ្ជី​ប្រទេស​ក្រឡុក​រូបិយវត្ថុ​នេះ ហើយ​នៅ​ក្រោម​កិច្ច​ព្រមព្រៀង​នេះ សហរដ្ឋ​អាមេរិក​នឹង​បញ្ឈប់​គម្រោង​របស់​ខ្លួន​ដែល​ចង់​បន្ថែម​ពន្ធ​គយ​ថ្មី​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​រាប់​ពាន់​លាន​ដុល្លារ និង​កាត់​បន្ថយ​ពន្ធ​គយ​ចំនួន​ពាក់​កណ្ដាល​លើ​ទំនិញ​ចិន​ដែល​មាន​ទឹក​ប្រាក់​ប្រហែល ១១០ ពាន់​លាន​ដុល្លារ។

ប៉ុន្តែ សម្រាប់​ពន្ធ​គយ​ដែល​សហរដ្ឋ​អាមេរិក​ដាក់​លើ​ទំនិញ​នាំ​ចូល​ពី​ចិន​ប្រហែល ៣៦០ ពាន់​លាន​ដុល្លារ​កន្លង​មក គឺ​នៅ​ដដែល។

កិច្ច​ព្រមព្រៀង​ដំណាក់​កាល​ដំបូង​នេះ​មិន​បាន​ដោះស្រាយ​បញ្ហា​ដែល​រដ្ឋាភិបាល​ចិន​រួម​ចំណែក​ថវិកា​ដល់​ក្រុមហ៊ុន​របស់​រដ្ឋ​នោះ​ទេ ដែល​បញ្ហា​នេះ​ទំនងជា​នឹង​ត្រូវ​ពិភាក្សា​នៅ​ក្នុង​ការ​ចរចា​ពាណិជ្ជកម្ម​ដំណាក់កាល​បន្ទាប់៕

XS
SM
MD
LG