ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ម៉ិច ដារ៉ា ​​អ្នកកាសែត​បែប​ស៊ើបអង្កេត​បញ្ចប់​អាជីព​​​និង​នៅ​តែ​បារម្ភ​ក្រោយ​ពី​ត្រូវ​ចាប់​ខ្លួន


រូបឯកសារ៖ អ្នកកាសែតកម្ពុជា លោក ម៉ិច ដារ៉ា មើលកាសែតនៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។
រូបឯកសារ៖ អ្នកកាសែតកម្ពុជា លោក ម៉ិច ដារ៉ា មើលកាសែតនៅឯគេហដ្ឋានរបស់លោកក្នុងទីក្រុងភ្នំពេញកាលពីថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤។

ការ​ប្រកាស​របស់​អ្នកកាសែត​កម្ពុជា​លោក ម៉ិច ដារ៉ា អំពី​ការ​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​បន្ទាប់ពី​លោក​ត្រូវបាន​ចាប់ខ្លួន​កាលពី​ពេល​ថ្មីៗ​នេះ​បាន​បង្ហាញ​ឱ្យ​ឃើញ​ថា ការ​គំរាម​ផ្នែក​ផ្លូវ​ច្បាប់​មាន​ប្រសិទ្ធភាព​ប៉ុណ្ណា​នៅក្នុង​ការ​បំបិទ​មាត់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នក​វិភាគ​មួយ​ចំនួន។

លោក ម៉ិច ដារ៉ា ដែល​បាន​ធ្វើការ​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយ​ចំនួន មាន​ឈ្មោះ​ល្បីល្បាញ​ក្នុង​នាម​ជា​អ្នកកាសែត​បែប​ស៊ើបអង្កេត ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​បង្ហាញ​ឱ្យ​ឃើញ​នូវ​មជ្ឈមណ្ឌល​ឆ​បោក​ខុស​ច្បាប់​នានា​ដែល​មាន​ប្រតិបត្តិការ​នៅក្នុង​ប្រទេស​កម្ពុជា​និង​ដែល​មាន​ទំនាក់ទំនង​ជាមួយ​នឹង​ផល​ប្រយោជន៍​អ្នក​មាន​ឥទ្ធិពល​ផងដែរ។

កាលពី​ខែ​កញ្ញា អាជ្ញាធរ​បាន​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា និង​ចោទ​ប្រកាន់​លោក​ពី​បទ​ញុះញង់​ពាក់ព័ន្ធ​នឹង​សារ​បង្ហោះ​នៅ​លើ​បណ្ដាញ​សង្គម​អនឡាញ។ លោក​បាន​ជាប់​ឃុំ​មុន​ការ​កាត់ទោស​ជាង ៣០ ថ្ងៃ​និង​អាច​ប្រឈម​នឹង​ការ​ជាប់​ពន្ធនាគារ​រហូត​ដល់​ទៅ​ពីរ​ឆ្នាំ​ប្រសិនបើ​ត្រូវបាន​ផ្ដន្ទាទោស។

ការ​ចាប់ខ្លួន​អ្នក​កាសែត​ដ៏​ល្បីឈ្មោះ​មួយ​រូប​នៅក្នុង​ប្រទេស​កម្ពុជា​នេះ​បាន​ធ្វើឱ្យ​មាន​ការ​តវ៉ា​ខ្លាំងក្លា​ពី​សហគមន៍​អន្តរជាតិ។ លោក ម៉ិច ដារ៉ា បាន​ទទួលស្គាល់​នូវ​ការ​គាំទ្រ​នេះ​នៅ​ពេល​លោក​ត្រូវបាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​កាលពី​ថ្ងៃ​ទី ២៤ ខែ​តុលា។

ប៉ុន្តែ​នៅក្នុង​កិច្ចសម្ភាសន៍​មួយ​ជាមួយ​នឹង​ទីភ្នាក់ងារ​សារព័ត៌មាន AFP មិន​យូរ​ប៉ុន្មាន​ក្រោយមក អ្នក​កាសែត​រូបនេះ​បាន​និយាយ​ថា លោក «គ្មាន​សេចក្ដី​ក្លាហាន​ទៀតទេ» និង​មាន​បំណង​បញ្ចប់​អាជីព​ជា​អ្នក​កាសែត។ នៅក្នុង​កិច្ច​សម្ភាសន៍​នោះ លោក​បាន​បញ្ជាក់​ថា​លោក «នៅ​ខ្លាច» បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន​និង​សាកសួរ។

អ្នក​ជំនាញ​នានា​ធ្លាប់​បាន​លើកឡើង​ជា​យូរ​មកហើយ​ថា​ការ​ដាក់​ឃុំឃាំង​អ្នក​កាសែត​ឬ​ការ​គំរាម​ប្រើ​វិធានការ​ផ្លូវច្បាប់​បាន​ក្លាយជា​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំបិទ​មាត់​ការ​រាយការណ៍​ព័ត៌មាន។ អ្នក​វិភាគ​នានា​ថា ករណី​របស់​លោក ម៉ិច ដារ៉ា នេះ ដែល​បាន​ធ្វើឡើង​បន្ទាប់ពី​មាន​ការ​បង្ក្រាប​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ បាន​គូសបញ្ជាក់​អំពី​ការ​ប្រឈម​របស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ដែល​ធ្វើការ​នៅក្នុង​បរិយាកាស​លំបាក។

អ្នកស្រី Beh Lih Yi អ្នក​សម្របសម្រួល​កម្មវិធី​អាស៊ី​នៃ​គណៈកម្មាធិការ​ការពារ​អ្នក​កាសែត (Committee to Protect Journalists) បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «ការ​សម្រេច​របស់​លោក [ម៉ិច] ដារ៉ា ក្នុង​ការ​បញ្ចប់​អាជីព​ជា​អ្នក​កាសែត​បង្ហាញ​ឱ្យ​ឃើញ​យ៉ាង​ច្បាស់​អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា»។

អ្នកស្រី​បាន​បន្ថែម​ថា៖ «វា​ជា​រឿង​ដ៏​គួរឱ្យ​បារម្ភ​ដែល​ថា​ប្រទេស​កម្ពុជា​កំពុង​បាត់បង់​អ្នក​កាសែត​ឯករាជ្យ​កាន់តែ​ច្រើន​ថែមទៀត។ រឿង​ដ៏​ត្រឹមត្រូវ​សម្រាប់​ប្រទេស​កម្ពុជា​ធ្វើ​គឺ​អនុញ្ញាត​ឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ធ្វើ​ប្រតិបត្តិការ​និង​រាយការណ៍​ដោយ​សេរី​នៅក្នុង​ប្រទេស»។

VOA បាន​ទាក់ទង​ការិយាល័យ​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​និង​ក្រសួង​ការបរទេស​កម្ពុជា​តាម​អ៊ីមែល​ដើម្បី​សុំ​ការ​បញ្ជាក់ ប៉ុន្តែ​មិន​ទទួល​បាន​ការ​ឆ្លើយតប​ណាមួយ​ទេ។

បរិយាកាស​សេរីភាព​សារព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​បាន​ធ្លាក់ចុះ​យ៉ាង​លឿន​តាំងពី​ឆ្នាំ ២០១៧ មក ដែល​នៅ​ពេល​នោះ​សម្ពាធ​ពី​រដ្ឋាភិបាល​បាន​ធ្វើឱ្យ​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ជាង ៣០ បិទ​ដំណើរការ​និង​អ្នក​កាសែត​មួយ​ចំនួន​ត្រូវ​ជាប់​ឃុំ។

នៅក្នុង​ពេល​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​បន្ទាប់ពី​នោះ អ្នក​កាសែត​ផ្សេង​ទៀត​ត្រូវបាន​ជាប់​ឃុំ​ក្រោម​បទ​ចោទ​ប្រកាន់​មួយ​ចំនួន​ដូចជា​ការ​ផ្សាយ​ព័ត៌មាន​ក្លែងក្លាយ​ឬ​ក៏​ផ្សព្វផ្សាយ​ការ​ញុះញង់​នៅក្នុង​សេចក្ដី​រាយការណ៍​ឬ​សារ​បង្ហោះ​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​របស់​ខ្លួន។

នៅក្នុង​ឆ្នាំ ២០២៣ ប្រព័ន្ធ​ផ្សព្វផ្សាយ​ចំនួន ៣ ត្រូវ​បាន​ដក​អាជ្ញាបណ្ណ ដែល​ក្នុង​នោះ​រួម​ទាំង​វិទ្យុ​វីអូឌី(VOD) ផងដែរ ដែល​ជា​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​មួយ​ក្នុង​ចំណោម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ចុងក្រោយ​មួយ​ចំនួន​នៅក្នុង​ប្រទេស​កម្ពុជា។

លោក ណុប វី នាយក​ប្រតិបត្តិ​អង្គការ CamboJA ដែល​ជា​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា បាន​និយាយ​ថា ចំនួន​អ្នក​កាសែត​ដែល​គេ​កំពុង​ដៅ​ការ​វាយ​ប្រហារកំពុង​កើនឡើង។

លោក ណុប វី បាន​ប្រាប់ VOA តាម​អ៊ីមែល​ថា៖ «ការ​គំរាម​តាម​ផ្លូវ​ច្បាប់​បាន​កើនឡើង​ជាង​ទ្វេដង បើ​យើង​ធ្វើការ​ប្រៀបធៀប​រវាង​របាយការណ៍​រយៈពេល ៩ ខែ​កាលពី​ឆ្នាំ​មុន​និង​របាយការណ៍​ឆ្នាំ​នេះ​ដែល​ចេញ​ដោយ CamboJA»។

លោក​បាន​និយាយ​ថា៖ «អ្នក​កាសែត​ខ្លះ​ដែល​បាន​រាយការណ៍ [យ៉ាង​សកម្ម] អំពី​ការ​កាប់​បំផ្លាញ​ព្រៃឈើ ជម្លោះ​ដីធ្លី ការ​កាប់ឈើ​ខុសច្បាប់ បញ្ហា​សិទ្ធិ​មនុស្ស ត្រូវបាន​ចោទ​ប្រកាន់​តាម​ផ្លូវ​តុលាការ​ដែល​ករណី​នេះ​បាន​បង្ក​ជា​ការ​ប្រឈម​សម្រាប់​ពួកគេ»។

ចាប់តាំងពី​ដើម​ឆ្នាំ​នេះ​មក អង្គការ CamboJA បាន​កត់ត្រាទុក​នូវ​ករណី​រុកកួន​យាយី​ចំនួន ២៨ ករណី ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ករណី​សម្លុត​គំរាមកំហែង​ផ្លូវ​ច្បាប់​ផងដែរ។

បន្ថែម​ពីលើ​ការ​គំរាមកំហែង​ផ្លូវ​ច្បាប់​នេះ អ្នក​កាសែត​ដែល​រាយការណ៍​អំពី​មជ្ឈមណ្ឌល​ឆ​បោក ដែល​លោក ម៉ិច ដារ៉ា បាន​ជួយ​បង្ហាញ​ឱ្យ​ឃើញ​ជា​សាធារណៈ បាន​ប្រាប់ VOA កាលពី​មុន​អំពី​ហានិភ័យ​ផ្នែក​សន្តិសុខ​ដែល​ពួកគេ​ប្រឈម។

លោក Jacob Sims អ្នក​ជំនាញ​អំពី​ឧក្រិដ្ឋកម្ម​ឆ្លង​ប្រទេស បាន​និយាយ​ថា ការ​ចាប់ខ្លួន​លោក ម៉ិច ដារ៉ា គឺ​ជា​ការ​បិទ​បញ្ចប់​ការ​បង្ក្រាប​លើ​អ្នក​កាសែត​ឯករាជ្យ​ដែល​រាយការណ៍​អំពី​រឿង​មជ្ឈមណ្ឌល​ឆ​បោក​នេះ។

លោក Sims បាន​បញ្ជាក់​នៅក្នុង​ព្រឹត្តិការណ៍​មួយ​នៃ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស (FCC) នៅក្នុង​ប្រទេស​ថៃ​កាលពី​ពេល​ថ្មីៗ​នេះ​ថា៖ «ការ​ចាប់ខ្លួន​លោក [ម៉ិច ដារ៉ា] អាច​ត្រូវបាន​គេ​យល់ឃើញ​ថា​ជា​គម្រោង​គាប​សង្កត់​ជា​ប្រព័ន្ធក្នុងរយៈពេល​ពីរ​ឆ្នាំ​កន្លះនេះ»។

អ្នកស្រី Aleksandra Bielakowska មន្ត្រី​ផ្នែក​តស៊ូមតិ​នៃ​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន (Reporters without Borders (RSF)) បាន​និយាយ​ថា ការ​ចាប់ខ្លួន​ទាំងនេះ​បាន​បញ្ជូន​សារ​ដ៏​ព្រឺព្រួច​មួយ​ដល់​អ្នក​កាសែត​ផ្សេងទៀត។

អ្នកស្រី​បាន​ប្រាប់ VOA ថា៖ «តាមរយៈ​ការ​គាប​សង្កត់​លើ​អ្នក​កាសែត​ដូចជា​លោក ម៉ិច ដារ៉ា រដ្ឋាភិបាល​កម្ពុជា​បាន​បញ្ជូន​សារ​ដ៏​ព្រឺព្រួច​មួយ​និង​គំរាម​ដោយ​ផ្ទាល់​ដល់​អ្នកកាសែត​ឯករាជ្យ​ដែល​នៅ​សេសសល់​នៅក្នុង​ប្រទេស»។

អ្នកស្រី​បាន​បញ្ជាក់​ទៀត​ថា៖ «រដ្ឋាភិបាល​កម្ពុជា​ទទួល​បាន​គំនិត​បែប​នេះ​ពី​ការ​អនុវត្ត​របស់​របប​អាជ្ញាធិបតេយ្យ​ផ្សេង​ទៀត ដែល​ចាត់ទុក​អ្នកកាសែត​ថាគ្រាន់តែ​ជាអ្នកត្រូវ​បន្ទរតាមអាជ្ញាធរ​ប៉ុណ្ណោះ»។

បើ​យោង​តាម​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​ចុងក្រោយ​បង្អស់​របស់​អង្គការ​អ្នកកាសែត​គ្មាន​ព្រំដែន ទ្វីប​អាស៊ី​គឺ​ជា​តំបន់​ដ៏​លំបាក​បំផុត​ទី​ពីរ​សម្រាប់​អាជីព​ជា​អ្នកកាសែត។ ប្រទេស ៤ នៅក្នុង​តំបន់​នេះ ដែល​នោះ​គឺ​មីយ៉ាន់ម៉ា ចិន កូរ៉េ​ខាងជើង និង​វៀតណាម ស្ថិត​ក្នុង​ចំណោម​ប្រទេស​ជិះជាន់​ផ្ដាច់ការ​បំផុត​ទាំង ១០ សម្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ។ ប្រទេស​កម្ពុជា​ស្ថិត​នៅ​លេខរៀង​ទី ១៥១ ក្នុង​ចំណោម​ប្រទេស​ចំនួន ១៨០ នៅក្នុង​សន្ទស្សន៍​សេរីភាព​សារព័ត៌មាន​នោះ ដោយ​ប្រទេស​ដែល​ស្ថិត​នៅ​លេខរៀង​ទី​មួយ​គឺ​ជា​ប្រទេស​ដែល​មាន​បរិយាកាស​សេរីភាព​សារព័ត៌មាន​ល្អ​ជាងគេ​បំផុត៕

XS
SM
MD
LG