រដ្ឋាភិបាលអ៊ីស្រាអែលបានយល់ព្រមទៅលើបទឈប់បាញ់គ្នាមួយជាមួយក្រុម Hezbollah នៅលីបង់កាលពីថ្ងៃអង្គារ ហើយនាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោកBenjamin Netanyahu បានអរគុណប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden សម្រាប់«ការចូលរួមរបស់លោកដែលធ្វើឱ្យកិច្ចព្រមព្រៀងបទឈប់បាញ់គ្នានេះកើតមានឡើង»។
ការិយាល័យរបស់លោក Netanyahu បានថ្លែងថា រដ្ឋមន្ត្រីចំនួន១០រូបបានបោះឆ្នោតគាំទ្របទឈប់បាញ់ ហើយម្នាក់ប្រឆាំងកិច្ចព្រមព្រៀងនេះ។ នៅក្នុងការសន្ទនាតាមទូរស័ព្ទមួយ លោកNetanyahu បានប្រាប់ទៅលោក Biden ថាលោកអរគុណចំពោះ«ការយល់ថាអ៊ីស្រាអែលនឹងបន្តរក្សាសេរីភាពក្នុងការអនុម័តនេះ»។
នៅក្នុងសន្ទរកថាផ្សាយតាមទូរទស្សន៍មួយ លោក Netanyahu បានថ្លែងថាលោកគាំទ្របទឈប់បាញ់គ្នា ដូច្នេះអ៊ីស្រាអែលអាចផ្តោតចំណាប់អារម្មណ៍របស់ខ្លួនទៅលើការគំរាមកំហែងកាន់តែធំជាងនេះដែលអ៊ីរ៉ង់បានបង្កឡើងទៅលើរដ្ឋជី្វហ្វ ពង្រឹងកងកម្លាំងរបស់ខ្លួន និងផ្គត់ផ្គង់អាវុធឡើងវិញនិងដាក់ឱ្យក្រុមហាម៉ាសនៅឯកោនៅក្នុងការប្រយុទ្ធគ្នាដែលកំពុងកើតមានឡើងនៅហ្កាហ្សា។
លោក Netanyahu បានប្តេជ្ញាថា បើក្រុម Hezbollah ធ្វើការវាយប្រហារជាថ្មីទៅលើអ៊ីស្រាអែលឬបង្កើនសព្វាវុធឡើងវិញ អ៊ីស្រាអែលនឹងបន្តការដាក់គ្រាប់បែកភ្លាមៗទៅលើទីតាំងរបស់ក្រុមសកម្មប្រយុទ្ធនេះនៅលីបង់។
លោកបានថ្លែងថា៖ «រយៈពេលនៃបទឈប់បាញ់គ្នានេះគឺអាស្រ័យទៅលើអ្វីដែលកើតឡើងនៅលីបង់។ ជាមួយនឹងការយោគយល់ពេញលេញលើសហរដ្ឋអាមេរិក យើងបម្រុងសេរីភាពយោធាយ៉ាងពេញលេញ បើក្រុម Hezbollah មិនគោរពកិច្ចព្រមព្រៀងហើយចង់កាន់អាវុធ យើងនឹងបើកការវាយប្រហារ»។
ចំណាត់ការរបស់លោក Netanyahu ងាកទៅរកបទឈប់បាញ់គ្នានៃការប្រយុទ្ធគ្នាអស់រយៈពេលជិត១៤ខែជាមួយក្រុម Hezbollah ធ្វើឡើងត្រឹមប៉ុន្មានម៉ោងក្រោយពីអ៊ីស្រាអែលបានទម្លាក់គ្រាប់បែកទៅលើក្រុមសកម្មប្រយុទ្ធនៅភាគខាងត្បូងទីក្រុងបេរូត។
ការវាយប្រហារដោយអ៊ីស្រាអែលបានសំដៅទៅលើអគារចំនួន២០ដែលយោធាថាជាបន្ទាយក្រុម Hezbollah ដោយព្រមានឱ្យជនស៊ីវិលរស់នៅក្បែរនោះភៀសខ្លួនទៅទីដែលមានសុវត្ថិភាពនិងរក្សាគម្លាតចម្ងាយយ៉ាងហោចណាស់៥០០ម៉ែត្រ។ នេះជាចំនួនអគារច្រើនបំផុតដែលកងកម្លាំងការពារអ៊ីស្រាអែលបានព្រមានក្នុងរយៈពេល១ថ្ងៃនៃការវាយប្រហារ។
ការវាយប្រហារតាមអាកាសនេះបង្កឱ្យមានផ្សែងអាប់ឡើងលើមេឃនៅក្នុងរដ្ឋធានីរបស់ប្រទេសលីបង់នេះ។ យ៉ាងហោចណាស់មានការវាយប្រហារ១០ដងជាប់ៗគ្នា ដែលជាការវាយប្រហារមួយត្រូវបានកងកម្លាំងអាកាសអ៊ីស្រាអែលពណ៌នាថាជា«ការវាយប្រហាររីករាលដាលមួយ»៕