ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សេដ្ឋវិទូ​ថា សង្គ្រាម​ពាណិជ្ជកម្ម​រវាង​សហរដ្ឋ​អាមេរិក និង​ចិន​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​រីក​ចម្រើន​ខ្លាំង​ជាង​មុន


រូប​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ក្រុង​ហូជីមិញ​ ដែល​ថត​បាន​ពី​ម្ខាង​នៃ​ទន្លេ Saigon។
រូប​ឯកសារ៖ នេះ​ជា​ទិដ្ឋាភាព​នៃ​អគារ​ខ្ពស់ៗ​នៅ​ក្នុង​ក្រុង​ហូជីមិញ​ ដែល​ថត​បាន​ពី​ម្ខាង​នៃ​ទន្លេ Saigon។

ប្រទេស​វៀតណាម​នឹង​មាន​សេដ្ឋកិច្ច​រីក​ចម្រើន​ខ្លាំង​ជាង​គេ​បំផុត​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នៅ​ឆ្នាំ ២០២០ នេះ។ នេះ​បើ​យោង​តាម​ការ​ព្យាករណ៍​ថ្មី​មួយ​របស់​ធនាគារ HSBC របស់​ចក្រភព​អង់គ្លេស។

ប្រទេស​វៀតណាម​គឺ​ជា​អ្នក​ទទួល​បាន​ផល​ប្រយោជន៍​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ប្រទេស​ចិន និង​សហរដ្ឋ​អាមេរិក ដោយ​ទទួល​បាន​ការ​រីក​ចម្រើន​ផ្នែក​សេវាកម្ម និង​ការ​នាំ​ចេញ ដែល​អាច​ជួយ​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​រហូត​ដល់​ទៅ ៧ ភាគរយ នៅ​ក្នុង​ឆ្នាំ​នេះ។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​អ្នកស្រី Yun Liu ដែល​ជា​សេដ្ឋវិទូ​នៃ​ធនាគារ HSBC កាល​ពី​សប្ដាហ៍​មុន។ ប៉ុន្តែ​អ្នកស្រី​បាន​និយាយ​ថា វៀតណាម​នៅតែ​ងាយ​រង​គ្រោះ​ដោយសារ​ហានិភ័យ​សេដ្ឋកិច្ច ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ការពារ​ពាណិជ្ជកម្ម និង​អតិផរណា​ផង​ដែរ។

អតិផរណា​កំពុង​កើន​ឡើង ដោយសារតែ​ជំងឺ​ផ្ដាសាយ​ជ្រូក​បាន​ធ្វើ​ឲ្យ​តម្លៃ​សាច់​ជ្រូក​ឡើង​ថ្លៃ។ ករណី​នេះ​ចង់​បង្ហាញ​ឲ្យ​ឃើញ​ថា ផលិតផល​តែ​មួយ​មុខ​ប៉ុណ្ណោះ​អាច​ប៉ះពាល់​ដល់​សូចនាករ​សេដ្ឋកិច្ច​នៃ​ប្រទេស​វៀតណាម​ទាំង​មូល​ដែល​មាន​ប្រជាជន​សរុប​ជិត ១ រយ​លាន​នាក់​នេះ។ វៀតណាម​ក៏​ខ្លាច​ផង​ដែរ​ថា​អាច​មាន​ការ​កើន​ឡើង​នៃ​អតិផរណា ប្រសិនបើ​ភាព​តានតឹង​នៅ​តំបន់​មជ្ឈិម​បូព៌ា​បន្ត​ជំរុញ​ឲ្យ​តម្លៃ​ប្រេង​ឡើង​ថ្លៃ។

ប៉ុន្តែ អ្នកស្រី Yun Liu បាន​ព្យាករណ៍​ថា ការ​សម្ដែង​ឡើង​នៃ​សេដ្ឋកិច្ច «ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍» របស់​ប្រទេស​វៀតណាម​នេះ នឹង​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​វៀតណាម​រីក​ចម្រើន ៧ ភាគរយ​ក្នុង​ឆ្នាំ ២០២០ នេះ ដោយ​កើន​លើស​ប្រទេស​មីយ៉ាន់ម៉ា ដែល​កំពុង​កើន​ឡើង​ខ្លាំង ប្រទេស​ហ្វីលីពីន និង​ប្រទេស​ផ្សេងៗ​ទៀត​នៃ​សមាគម​អាស៊ាន។

អ្នកស្រី​បាន​កត់​សម្គាល់​ឃើញ​ថា ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​តាំង​ពី​ក្រុមហ៊ុន Nintendo រហូត​ដល់​ក្រុមហ៊ុន Google កំពុង​ប្ដូរ​ទីតាំង​របស់​ខ្លួន​ទៅ​កាន់​ប្រទេស​វៀតណាម ដែល​មូលហេតុ​អាច​បណ្ដាល​មក​ពី​សង្គ្រាម​ពាណិជ្ជកម្ម​រវាង​ចិន និង​សហរដ្ឋ​អាមេរិក​ធ្វើ​ឲ្យ​ផលិតកម្ម​នៅ​ក្នុង​ប្រទេស​ចិន​មាន​តម្លៃ​ថ្លៃ​ជាង​មុន៕

XS
SM
MD
LG