ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ទិដ្ឋភាព​អគារ​ចងចាំ​សង្គ្រាម​លោក​លើក​ទីពីរ ដែល​រង​ការ​បំផ្លិចបំផ្លាញ​ដោយសារ​ការ​ប្រយុទ្ធគ្នា​រវាង​អ៊ុយក្រែន​និង​រុស្ស៊ី​នៅ​ភូមិ Dolyna ក្នុង​តំបន់ Donetsk ប្រទេស​អ៊ុយក្រែន ថ្ងៃទី ៣ ខែវិច្ឆិកា ឆ្នាំ២០២២។

LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ៣ វិច្ឆិកា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

០១:១១ ៩.៣.២០២២

អូតង់៖ កងកម្លាំង​រុស្ស៊ី​ប្រហែល​ជា​មាន​ចេតនា​យក​ជនស៊ីវិល​ជា​គោលដៅ​វាយប្រហារ

អគ្គលេខធិកា​អង្គការ​អូតង់​លោក Jens Stoltenberg បាន​ថ្លែង​ថា កង​កម្លាំង​រុស្ស៊ី​ប្រហែល​ជា​វាយ​ប្រហារ​លើ​ជន​ស៊ីវិល​ដោយ​ចេតនា ខណៈ​ជន​ស៊ីវិល​ទាំង​នោះ​ព្យាយាម​រត់​ភៀសខ្លួន​ពី​ការ​វាយ​ប្រហារ​ដោយ​យោធារុស្ស៊ី​នៅ​អ៊ុយក្រែន។

លោក Stoltenberg ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា៖ «មាន​សេចក្តី​រាយការណ៍​ដ៏​គួរ​ឲ្យ​ជឿ​ទុក​ចិត្ត​បាន​ស្តី​អំពី​ជន​ស៊ីវិល​ដែល​រង​ការ​បាញ់​ប្រហារ នៅ​ពេល​ពួកគេ​ព្យាយាម​រត់​គេច​ខ្លួន។ ការ​បាញ់​ប្រហារ​លើ​ជន​ស៊ីវិល​គឺជា​ឧក្រិដ្ឋកម្ម​សង្គ្រាម​ ហើយ​វា​រឿង​ដែល​មិន​អាច​ទទួល​យក​បាន​ជា​ដាច់​ខាត»

អគ្គលេខាធិការ​អង្គការ​អូតង់​រូប​នេះ​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​នៅប្រទេស​ឡេតូនី​ថា សង្គ្រាម​ដែល​មាន​រយៈ​ពេល​ជាង​ពីរ​សប្តាហ៍​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ បង្ក​ជា​ផល​ប៉ះពាល់​មនុស្ស​ធម៌ «ដ៏​ធ្ងន់ធ្ងរ»

លោក​ថ្លែង​ថា៖ «យើង​ចាំបាច់​ត្រូវ​មាន​ច្រក​ភៀសខ្លួន​មនុស្ស​ធម៌​ដែល​[ភាគី​ទាំង​អស់​] ត្រូវ​តែ​គោរព​តាម​ឲ្យ​បាន​ពេញលេញ»

នៅ​ពេល​ត្រូវបាន​សួរ​ថា​តើ​អង្គការ​អូតង់​អាច​ធ្វើ​អ្វី​បាន​ដើម្បី​ជួយ​ដល់​បញ្ហា​នេះ លោក Stoltenberg បាន​ថ្លែង​ថា៖ «យើង​មាន​ការ​ទទួល​ខុស​ត្រូវ​ដើម្បី​ធានា​ថា ជម្លោះ​នេះ​មិន​រីករាលដាល​ហួស​ពី​ព្រំដែន​អ៊ុយក្រែន​ឡើយ»

បច្ចុប្បន្ន​នេះ អង្គការ​អូតង់​កំពុង​បង្កើន​កម្លាំង​យោធា​របស់​ខ្លួន​ដើម្បី​ធានា​ថា​ប្រទេស​ជា​សមាជិក​អូតង់​ដែល​នៅ​ក្បែរ​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន មិន​ក្លាយ​ជា​គោលដៅ​វាយ​ប្រហារ​បន្ទាប់​របស់រុស្ស៊ី៕

ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន​សែង​សព​បុរស​ម្នាក់​ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​ទៅ​លើ​អគារ​សាលាក្រុង Kharkiv អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។
ក្រុម​ការងារ​សង្គ្រោះ​បន្ទាន់​អ៊ុយក្រែន​សែង​សព​បុរស​ម្នាក់​ដែល​រងគ្រោះ​ដោយសារ​ការ​វាយប្រហារ​ទៅ​លើ​អគារ​សាលាក្រុង Kharkiv អ៊ុយក្រែន ថ្ងៃទី១ ខែមីនា ឆ្នាំ២០២២។

០៣:៣១ ៩.៣.២០២២

សហរដ្ឋ​អាមេរិក​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​ ក្រោយរុស្ស៊ី​ឈ្លានពានអ៊ុយក្រែន

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​ហាមឃាត់​រាល់​ការ​នាំ​ចូលប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​រុស្ស៊ី ដែល​ជា​វិធានការ​លោក​ថា «នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន​ធ្វើ​សង្គ្រាម​របស់​លោក​ Putin» ខណៈ​កងទ័ព​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​អ៊ុយក្រែន។

ជំហាន​ថ្មី​នេះ​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បទបញ្ជា​ប្រធានាធិបតី​ ជា​វិធានការ​ចុងក្រោយ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​គាប​សង្កត់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ លោក Putin ជា​បុគ្គល​ដ៏​មាន​ទ្រព្យ​ស្តុកស្តម្ភ​បំផុត​មួយ​រូប​លើ​ពិភពលោក ដែល​ត្រូវ​អ្នក​រិះគន់​ថា​លោក​ប្រមូល​ទ្រព្យ​ទាំង​នោះ​ដោយ​ទុច្ចរិត​ពី​ប្រទេស​ជាតិ​ដែល​នាំ​ប្រេង​ចេញ​របស់​លោក។ នៅ​ក្រោម​បទបញ្ជា​ថ្មី​នេះ សហរដ្ឋ​អាមេរិក​ក៏​ហាម​ឃាត់​រាល់​ការ​នាំ​ចូល​ប្រេងឆៅ ផលិតផល​ប្រេង ឧស្ម័ន​ធម្មជាតិ ធ្យូងថ្ម​និង​ផលិតផល​ធ្យូងធ្ម ក៏​ដូចជា​ហាមឃាត់​ពលរដ្ឋ​អាមេរិក​មិន​ឱ្យ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​រុស្ស៊ី​ផង​ដែរ។

កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​នាំ​ចូល​ប្រេងឆៅ​និង​ផលិតផល​ប្រេង​ចម្រាញ់​រួច​ជិត​៧០០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ពី​រុស្ស៊ី ដែល​ចំនួន​នេះ​តិច​ខ្លាំង​ជាងបរិមាណ​ប្រមាណ​ដែល​អឺរ៉ុប​នាំ​ចូល​ពី​រុស្ស៊ី ប្រមាណ ​៤,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។​

លោក Biden ថ្លែង​ថា៖ «យើង​សម្រេចចាប់ផ្តើម​ដាក់​ការ​ហាមឃាត់​នេះ ដោយ​យល់​ច្បាស់​ថា​ សម្ពន្ធមិត្ត​អឺរ៉ុប​របស់​យើង​ជា​ច្រើនប្រហែល​ជា​មិន​មាន​លទ្ធភាព​ចូល​រួម​ជាមួយ​យើង​បាន​ទេ។ សហរដ្ឋ​អាមេរិក​ផលិត​ប្រេង​ក្នុង​ស្រុក​ច្រើន​ជាង​ប្រទេស​អឺរ៉ុប​ទាំង​អស់​បញ្ចូល​គ្នា។ ជា​ការ​ពិត យើង​ជា​អ្នក​នាំ​ចេញ​ថាមពល។ ដូច្នេះ​យើង​អាច​ចាត់​វិធានការ​នេះ ខណៈ​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន»។

អានព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

១៩:១៦ ៩.៣.២០២២

រុស្ស៊ី​ប្រកាស​ការឈប់​បាញ់​គ្នាជាថ្មី​ដើម្បី​ជម្លៀស​មនុស្ស​ ចេញទីក្រុង​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ

រុស្ស៊ី បាន​ប្រកាស​ផែនការ​ឈប់​បាញ់​គ្នាជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​ចាកចេញពី​តំបន់​ជាច្រើន​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រុស្ស៊ី ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មនុស្ស​រាប់​ពាន់​នាក់ អាច​ចាកចេញ​ពី​ទីក្រុង​មួយ​នៅ​ភាគ​ឦសាន្ត​អ៊ុយក្រែន ខណៈ​ដែល​ក្រុម​មន្ត្រី​អ៊ុយក្រែន បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការ​បាញ់​ផ្តក់​ទៅលើ​ផ្លូវ​ជម្លៀស​មនុស្ស​មួយ​ទៀត​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​នេះ។

រុស្ស៊ី បាន​និយាយ​ថា ការឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ពី​ទីក្រុង​កៀវ Chernihiv, Sumy, Kharkiv និង​ទីក្រុង Mariupol។

ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ស្រី Iryna Vereshchuk បាន​និយាយ​ថា មនុស្ស៥ពាន់​នាក់ បានត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង Sumy កាលពី​ថ្ងៃ​អង្គារ។

អ្នក​នាំពាក្យ​កាកបាទ​ក្រហម​លោក Ewan Watson បាន​និយាយ​ថា៖ «ស្ថានភាព​នៅ​ក្នុង​ទីក្រុង Mariupol ស្ថិត​នៅ​ក្នុង​វិនាសកម្ម​មួយ»។

នៅ​ពេល​វីអូអេ​សួរ​អំពី​ការបាញ់ផ្តក់របស់​រុស្ស៊ី​ទៅលើផ្លូវ​របៀង​មនុស្សធម៌​នោះ​ មន្ត្រី​ជាន់​ខ្ពស់​ការពារ​ប្រទេស​អាមេរិក​ម្នាក់ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញថា វា​«គ្មាន​ភាព​ពិតប្រាកដ»​ដែល​រុស្ស៊ី​ប្រកាសផ្លូវ​របៀង​មនុស្សធម៌​ចូលក្នុងតំបន់​ភាគ​ខាង​ជើង​បេឡារុស​ឬ​រុស្ស៊ី​នោះ​ឡើយ។

អានព័ត៌មាន​លម្អិត​តាមរយៈ​តំណ​ភ្ជាប់​ខាង​ក្រោម​នេះ៖

១៩:២៩ ៩.៣.២០២២

ជប៉ុន​បង្កក​ទ្រព្យ​សម្បត្តិ​រុស្ស៊ី ដែល​បញ្ជាក់​ច្បាស់​ពី​ទំនាក់​ទំនង​មិន​ច្បាស់លាស់​កាលពី​មុន​ជាមួយ​រុស្ស៊ី

ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ប្រកាសដាក់​ទណ្ឌកម្មថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី​ចាប់តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ផ្តល់​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​ជំហរពី​ការឆ្លើយតប​ទន់ភ្លន់​និង​មិន​សូវ​ច្បាស់លាស់របស់​ជប៉ុន​ក្នុង​ពេល​កន្លង​ទៅប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ពេល​ដែល​រុស្ស៊ី​ចូល​កាន់​កាប់​តំបន់ Crimea កាល​ពី​ឆ្នាំ​២០១៤។

ការដាក់​ទណ្ឌកម្ម​បន្ថែម​ចុង​ក្រោយ​នេះ​របស់​ជប៉ុន​ រួម​មាន​ការត្រួតពិនិត្យ​ការបម្លាស់ទី​និងទ្រព្យ​សម្បតិ្តរបស់​បុគ្គលជា​ច្រើនដែល​ជិតស្និទ្ធ​នឹងប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin និងមន្ត្រី​មួយ​ចំនួនទៀត​របស់​ប្រទេស​បេឡារុស​ផង​ដែរ។

ការដាក់​ទណ្ឌកម្ម​របស់​ជប៉ុន​ក៏​រួម​មាន​ផង​ដែរ ការហាមឃាត់​ការនាំចេញឧបករណ៍​ចម្រាញ់​ប្រេងទៅ​ឲ្យ​រុស្ស៊ី​និង​ឧបករណ៍​ប្រើប្រាស់​ទូទៅ​ផ្សេងៗ​ទៀត ​ទៅ​ឲ្យ​ប្រទេស​បេឡារុស​ដែលអាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយពួក​យោធា​របស់​ប្រទេស​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

អានព័ត៌មានលម្អិតតាមរយៈតំណភ្ជាប់ខាងក្រោម​នេះ៖

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG