- ដោយ ម៉ែន គឹមសេង
ការឈ្លានពានរបស់រុស្ស៊ីចូលអ៊ុយក្រែននាំឲ្យមានការថ្កោលទោសនិងទណ្ឌកម្ម
នៅព្រឹកព្រលឹមស្រាងៗថ្ងៃព្រហស្បតិ៍ទី២៤ ខែកុម្ភៈ ប្រធានាធិបតីរុស្ស៊ីបានបញ្ជាឲ្យកងទ័ពចូលឈ្លានពានអ៊ុយក្រែន បន្ទាប់ពីបានត្រៀមរៀបចំកងកម្លាំងជាយូរ។ ការចូលឈ្លានពាននេះបានបង្កឲ្យមានការភ័យខ្លាច ការថ្កោលទោសអន្តរជាតិនិងការដាក់ទណ្ឌសេដ្ឋកិច្ចផងដែរ។
លោក ម៉ែន គឹមសេង នៃវីអូអេសូមរាយការណ៍សង្ខេបព្រឹត្តិការណ៍ក្នុងកម្មវិធី «ប្រភពច្បាស់ការណ៍» (Primary Sources)។
សហភាពអឺរ៉ុបដាក់ទណ្ឌកម្ម«ទ្រង់ទ្រាយធំ»លើរុស្ស៊ី
សហភាពអឺរ៉ុបបានប្រកាសដាក់ទណ្ឌកម្ម «ទ្រង់ទ្រាយធំ» លើរុស្ស៊ី បន្ទាប់ពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin បានបញ្ជាឲ្យយោធារុស្ស៊ីវាយប្រហារលើប្រទេសអ៊ុយក្រែន កាលពីថ្ងៃព្រហស្បតិ៍។ នេះជាទណ្ឌកម្មលើកទី ២ របស់សហភាពអឺរ៉ុបលើរុស្ស៊ី ដែលធ្វើឡើងមិនដល់មួយសប្តាហ៍។
លោក Biden ដាក់ទណ្ឌកម្មថ្មីលើរុស្ស៊ី
ប្រធានាធិបតីអាមេរិកលោក Joe Biden បានថ្កោលទោសនូវអ្វីដែលលោកហៅថាជាការវាយប្រហារដោយយោធារុស្ស៊ី «ដោយគ្មានមូលហេតុនិងមិនសមហេតុផល» ទៅលើអ៊ុយក្រែន។ លោកបានដាក់ទណ្ឌកម្មជុំថ្មីមួយប្រឆាំងនឹងរុស្ស៊ី។
ជប៉ុន នឹងដាក់ទណ្ឌកម្មលើការនាំចេញបន្ទះអេឡិចត្រូនិកទៅប្រទេសរុស្ស៊ី ដោយសារវិបត្តិអ៊ុយក្រែន
ជប៉ុន នឹងដាក់ទណ្ឌកម្មទៅលើរុស្ស៊ីដោយដៅយកវិស័យនាំចេញបន្ទះអេឡិចត្រូនិក (semiconductor) និងស្ថាប័នហិរញ្ញវត្ថុនានារបស់រុស្ស៊ី។ នេះបើតាមការថ្លែងរបស់នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida ក្រោយពីមេដឹកនាំក្រុមប្រទេស G-7 បានយល់ព្រមគ្នាដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើរដ្ឋាភិបាលក្រុងមូស្គូចំពោះការឈ្លានពានរបស់ខ្លួនទៅលើប្រទេសអ៊ុយក្រែន។
ការប្រកាសនេះ កើតមានឡើងក្រោយពីប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ធ្វើការវាយប្រហារឈ្លានពានពេញទំហឹងលើអ៊ុយក្រែន ទាំងតាមដីគោក និងតាមអាកាសកាលពីថ្ងៃព្រហស្បតិ៍។
លោក Kishida ថ្លែងថា ប្រទេសជប៉ុនដែលជាប្រទេសមានសេដ្ឋកិច្ចធំជាងគេទី៣ក្នុងពិភពលោក គ្រោងនឹង«បង្កកទ្រព្យសម្បត្តិនិងព្យួរការចេញទិដ្ឋាការដល់បុគ្គលនិងស្ថាប័នរុស្ស៊ី» ក៏ដូចជាបង្កទ្រព្យ«របស់ស្ថាប័នហិរញ្ញវត្ថុរុស្ស៊ី»។
ចុចត្រង់នេះដើម្បីអានព័ត៌មានលម្អិត