ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

រុស្ស៊ី​ប្រកាស​ការឈប់​បាញ់​គ្នាជាថ្មី​​​ដើម្បី​ជម្លៀស​មនុស្ស​​​ ចេញ​​​ពី​ទីក្រុង​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ


ទាហាន​អ៊ុយក្រែន​ម្នាក់​ដើរ​កាត់​បំណែក​កន្ទុយ​យន្តហោះ​បាញ់​គ្រាប់បែក​រុស្ស៊ី Su-34 ដែល​នៅ​ជាប់​នៅ​ក្នុង​អគារ​ខ្ទេចខ្ទាំ​មួយ​នៅ​ទី​ក្រុង Kharkiv ប្រទេស​អ៊ុយក្រែន កាល​ពី​ថ្ងៃ​អង្គារ​ទី​៨ ខែ​មីនា ឆ្នាំ​២០២២។ (AP)

រុស្ស៊ី បាន​ប្រកាស​ផែនការ​ឈប់​បាញ់​គ្នាជា​ថ្មី​នៅ​ថ្ងៃ​ពុធ​នេះ​ ដើម្បី​អនុញ្ញាត​ឲ្យ​ជនស៊ីវិល​ចាកចេញពី​តំបន់​ជាច្រើន​របស់​អ៊ុយក្រែន​ដែល​ត្រូវ​បាន​ឡោមព័ទ្ធ​ដោយ​កងទ័ព​រុស្ស៊ី ​គឺ​មួយ​ថ្ងៃ​បន្ទាប់​ពី​មនុស្ស​រាប់​ពាន់​នាក់ អាច​ចាកចេញ​ពី​ទីក្រុង​មួយ​នៅ​ភាគ​ឦសាន្ត​អ៊ុយក្រែន ខណៈ​ដែល​ក្រុម​មន្ត្រី​អ៊ុយក្រែន បាន​ចោទប្រកាន់​រុស្ស៊ី​ពី​ការ​បាញ់​ផ្តក់​ទៅលើ​ផ្លូវ​ជម្លៀស​មនុស្ស​មួយ​ទៀត​នៅ​ក្នុង​ផ្នែក​ខាង​ត្បូង​នៃ​ប្រទេស​នេះ។

រុស្ស៊ី បាន​និយាយ​ថា ការឈប់​បាញ់​គ្នា​នៅ​ថ្ងៃ​ពុធ​នេះ នឹង​អនុញ្ញាត​ឲ្យ​មនុស្ស​ចាកចេញ​ពី​ទីក្រុង​កៀវ Chernihiv, Sumy, Kharkiv និង​ទីក្រុង Mariupol។

ឧបនាយករដ្ឋមន្ត្រី​អ៊ុយក្រែន​លោក​ស្រី Iryna Vereshchuk បាន​និយាយ​ថា មនុស្ស៥ពាន់​នាក់ បានត្រូវ​ជម្លៀស​ចេញ​ពី​ទីក្រុង Sumy កាលពី​ថ្ងៃ​អង្គារ។

អ្នក​នាំពាក្យ​កាកបាទ​ក្រហម​លោក Ewan Watson បាន​និយាយ​ថា៖ «ស្ថានភាព​នៅ​ក្នុង​ទីក្រុង Mariupol ស្ថិត​នៅ​ក្នុង​វិនាសកម្ម​មួយ»។

នៅ​ពេល​វីអូអេ​សួរ​អំពី​ការបាញ់ផ្តក់របស់​រុស្ស៊ី​ទៅលើផ្លូវ​របៀង​មនុស្សធម៌​នោះ​ មន្ត្រី​ជាន់​ខ្ពស់​ការពារ​ប្រទេស​អាមេរិក​ម្នាក់ បាន​ប្រាប់​ពួក​អ្នក​យកព័ត៌មាន​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញថា វា​«គ្មាន​ភាព​ពិតប្រាកដ»​ដែល​រុស្ស៊ី​ប្រកាសផ្លូវ​របៀង​មនុស្សធម៌​ចូលក្នុងតំបន់​ភាគ​ខាង​ជើង​បេឡារុស​ឬ​រុស្ស៊ី​នោះ​ឡើយ។

មន្ត្រី​រូប​នោះ បាន​និយាយ​ទៀត​ថា៖ «យើង​និង​សហគមន៍​អន្តរជាតិ​អំពាវនាវ​ដល់​រុស្ស៊ី​ឲ្យ​អនុញ្ញាត​ឲ្យមាន​ផ្លូវរបៀង​សុវត្ថិភាព​នៅ​ខាង​ក្រៅ​ទីក្រុង​សំខាន់ៗ​ដើម្បី​ឲ្យ​ពលរដ្ឋ​អ៊ុយក្រែន​អាច​ធ្វើ​ដំណើរ​ទៅកាន់​កន្លែង​នានា​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​របស់​ខ្លួន»។ មន្ត្រី​នោះ​បាន​បញ្ជាក់​ឡើង​វិញ​ថា «សហរដ្ឋ​អាមេរិក នឹង​មិន​ចូលពាក់ព័ន្ធ​ខាង​យោធា​នៅ​ក្នុង​ការប្រយុទ្ធ​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែននោះ​ទេ»។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ប្រកាស​ការហាមឃាត់​ការនាំចូល​ប្រេង​និង​ថាមពល​ផ្សេង​ទៀត​មកពី​ប្រទេស​រុស្ស៊ី​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​នៅ​ក្នុង​ការសងសឹក​ចំពោះ​ការឈ្លានពាន​អ៊ុយក្រែន។

លោក​ប្រធានាធិបតី Biden បាន​មាន​ប្រសាសន៍​ថា៖ «យើង​នឹង​មិន​មែន​ជាផ្នែក​មួយ​នៃ​ការជួយ​ឧបត្ថម្ភ​ប្រាក់​សម្រាប់​ប្រធានាធិបតី​រុស្ស៊ី​លោក Putinធ្វើ​សង្គ្រាម​នោះ​ទេ»។

ក្នុង​សារ​តាម Twitter កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelensky បាន​ថ្លែង​អំណរគុណ​លោក​ប្រធានាធិបតី Biden ចំពោះ​«ការវាយ​ប្រហារ​ក្បាល​ម៉ាស៊ីន​សង្គ្រាម​របស់​លោក Putin» ជា​មួយ​នឹង​ការ​ដាក់​បម្រាម​ការនាំចូល​ប្រេង​រុស្ស៊ី​មក​កាន់​អាមេរិក។

លោកZelensky បាន​ទទួល​ការអបអរ​សារទ​យ៉ាង​ខ្លាំង​ពី​សមាជិក​សភា​អង់គ្លេស​នៅពេល​ដែល​លោក​បាន​ធ្វើ​សន្ទរកថា​ប្រកប​ដោយ​ភាព​ក្លាហាន​តាម​វីដេអូ។ មេដឹកនាំ​អ៊ុយក្រែន​រូប​នេះ បាន​បន្ទរ​តាម​មេដឹកនាំ​អង់គ្លេស​ក្នុង​សម័យ​សង្គ្រាម​លោកលើក​ទី២​លោក Winston Churchill នៅពេល​ដែល​លោក​បាន​សន្យា​«ប្រយុទ្ធ​តាម​សមុទ្រ​និង​អាកាស។ យើង​នឹង​បន្ត​ប្រយុទ្ធ​ដើម្បី​ទឹកដី​របស់​យើង ទោះ​ជា​ខាត​បង់​ប៉ុន្មាន​ក៏​ដោយ»

លោក​ប្រធានាធិបតី Biden បាន​ធ្វើការ​ជាមួយ​សម្ព័ន្ធមិត្ត​នៅ​អឺរ៉ុប​ដែល​បាន​ពឹងផ្អែក​យ៉ាង​ខ្លាំង​លើ​ប្រេង​របស់​រុស្ស៊ី​ដើម្បី​ធ្វើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ស្ថិត​ក្នុង​ភាព​ឯកោ​ ហើយ​សេដ្ឋកិច្ច​រុស្ស៊ី​ដែល​ពឹង​ផ្អែក​យ៉ាង​ខ្លាំងទៅ​លើ​ការនាំ​ចេញ​ប្រេង​និង​ឧស្ម័ននោះ មានការ​ប៉ះពាល់៕

អ្នក​យកព័ត៌មាន​របស់​វីអូអេ​អ្នក​ស្រី Katherine Gypson អ្នក​យកព័ត៌មាន​ខាង​សន្តិសុខ​ជាតិ​របស់​វីអូអេ​លោក Jeff Seldin អ្នក​យកព័ត៌មាន​បរទេស​នៅ​ក្រុង​អ៊ីស្តង់ប៊ុល​លោក Heather Murdock និង​អ្នក​យកព័ត៌មាន​ជាន់​ខ្ពស់​ខាង​ការទូត​របស់​វីអូអេ​អ្នក​ស្រី Cindy Saine បាន​រួម​វិភាគ​ទាន​ដល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មាន Associated Press, AFP និង Reuters។

XS
SM
MD
LG