ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី
ក្រុមអ្នកជួយសង្គ្រោះបន្ទាន់កំពុងប្រតិបត្តិការនៅផ្សារទំនើបដែលត្រូវបានបំផ្លិចបំផ្លាញដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅទីក្រុង Kremenchuk ក្នុងតំបន់ Poltava ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

ផ្សាយ​ផ្ទាល់ LIVE BLOG: ព្រឹត្តិការណ៍ថ្មីៗអំពីការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន ២៨ មិថុនា ២០២២

រុស្ស៊ីបានចូលឈ្លានពានអ៊ុយក្រែន តាំងពីថ្ងៃទី២៤ ខែកម្ភៈ មក។ សូមតាមដានព្រឹត្តិការណ៍ថ្មីៗប្រចាំថ្ងៃទាក់ទងនឹងវិបត្តិអ៊ុយក្រែន នៅ​លើ​ទំព័រ Live Blog ដែលផ្សាយផ្ទាល់នេះ។

22:07 28.6.2022

ថ្ងៃអង្គារ ទី ២៨ ខែមិថុនា៖

  • ក្រុម​ស៊ើប​ការណ៍​សម្ងាត់​របស់​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា ​ជនជាតិ​អ៊ុយក្រែន ​១៧​ នាក់​ដែល​ភាគច្រើន​ជា​ទាហាន​នោះ​ ត្រូវបាន​ដោះលែង​ក្នុង​ការ​ដោះដូរ​អ្នក​ទោស​ចុង​ក្រោយ​ជាមួយ​រដ្ឋាភិបាល​រុស្ស៊ី។​ ទីភ្នាក់ងារ​ស៊ើប​ការណ៍​សម្ងាត់​ប្រចាំ​ក្រសួង​ការពារ​ជាតិ​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​តាម​សារ​នៅ​លើ​បណ្តាញ ​Telegram ​ថា ​នាយ​ទាហាន​ពីរ​នាក់ ​ទាហាន​ ១៤ ​នាក់ ​និង​ជន​ស៊ីវិល​ម្នាក់​ត្រូវ​បាន​ដោះលែង។ ​ក្នុង​នោះ ៥ ​នាក់ ​បាន​រង​របួស ​ហើយ​ត្រូវការ​ការ​ព្យាបាល​ជា​បន្ទាន់។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • នៅ​ថ្ងៃ​អង្គារ ​សហ​រដ្ឋអាមេរិក​បាន​ដាក់​ទណ្ឌកម្ម​លើ​គោលដៅ​ចំនួន ​១០០​ ហើយ​បាន​ហាម​ឃាត់​ការ​នាំ​មាស​ថ្មី ​ពី​រុស្ស៊ី​ដោយ​ដាក់​សម្ពាធ​បន្ថែម​លើ​រុស្ស៊ី​បន្ទាប់​ពី​ការ​ឈ្លានពាន​របស់​រុស្ស៊ី ​លើ​អ៊ុយក្រែន។ ​ចំណាត់ការ​នេះ​ស្រប​តាម​ការ​តាំង​ចិត្ត​របស់​ក្រុម​ប្រទេស ​G-7 ​នៅ​ក្នុង​សប្តាហ៍​នេះ។​ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ ​ក្រសួង​ហរិញ្ញវត្ថុ​សហ​រដ្ឋ​អាមេរិក​ឲ្យ​ដឹង​ថា ​ក្រសួង​នេះ​បាន​ដាក់​ទណ្ឌកម្ម​លើ​ស្ថាប័ន​ចំនួន ​៧០​ ដែល​ភាគ​ច្រើន​ដើរ​តួនាទី​សំខាន់​នៅ​ក្នុង​គ្រឹះ​ឧស្សាហ​កម្ម​យោធា​របស់​រុស្ស៊ី ​និង​លើ​បុគ្គល ​២៩​ នាក់​ទៀត​ ក្នុង​កិច្ច​ប្រឹងប្រែង​ដើម្បី​រារាំង​សមត្ថភាព​របស់​រុស្ស៊ី​ក្នុង​ការ​ផលិត​ និង​ផ្គត់ផ្គង់​អាវុធ ​និង​បច្ចេកវិទ្យា​ដែល​ត្រូវ​បាន​ប្រើប្រាស់​នៅ​ក្នុង​ការ​ឈ្លានពាន​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • នៅ​ថ្ងៃ​អង្គារ​ ប្រធានាធិបតី​បារាំង​ថា ​រុស្ស៊ី ​«មិន​អាច ​និង​មិន​គួរ​ឈ្នះ» ​សង្គ្រាម​នៅ​អ៊ុយក្រែន​ទេ ​ដោយ​លោក​លើក​ឡើង​ពី​ការ​គាំទ្រ​បន្ត​ទៀត​របស់​ប្រទេស​លោក​ខាង​លិច​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន​ បន្ទាប់​ពី​ការ​វាយ​ប្រហារ​ដ៏​ឃោរឃៅ​ដោយ​មីស៊ីល​របស់​រុស្ស៊ី​លើ​ផ្សារ​ទំនើប​មួយ​ ដែល​គូស​បញ្ជក់​ពី​គ្រោះ​ថ្នាក់​បាត់បង់​ជីវិត​ជន​ស៊ីវិល​ជា​ច្រើន​នាក់​ក្នុង​សង្គ្រាម​នេះ។ ​ក្រុម​មេ​ដឹកនាំ​ក្នុង​ប្រទេស​អ៊ុយក្រែន​ប្រកាស​ ថា​ការ​វាយ​ប្រហារ​នេះ ​ដែល​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច ​១៨ ​នាក់​នៅ​កណ្តាល​ទីក្រុង Kremenchuk ​នោះជា​ឧក្រិដ្ឋកម្ម​សង្គ្រាម ​និង​ជា​ការ​វាយ​ប្រហារ​ភេរវកម្ម។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានThe Associated Press។ ​
  • សេដ្ឋី​អាលុយមីញ៉ូម​រុស្ស៊ី​លោក Oleg Deripaska បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​ វា​អាច​ជា​ «កំហុស​ដ៏​មហិមា» មួយ​របស់​រុស្ស៊ី​ក្នុង​ការ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន​ដោយការ​វាយ​លុក​ផ្នែក​យោធា។​ នេះ​ជា​ការ​លើក​ឡើង​បែប​ស្តី​បន្ទោស​ដ៏​កម្រ​ពី​អភិជន​ជំនួញ​នៅ​រុស្ស៊ី។ ​ លោក​បាន​ថ្លែង​នៅ​ក្នុង​សន្និសីទ​សារ​ព័ត៌មាន​ដ៏​កម្រ​មួយ​នៅ​ទីក្រុង​មូស្គូ​ថា «តើ​វា​មាន​ប្រយោជន៍​ដល់​រុស្ស៊ី​ទេ ​ក្នុង​ការ​បំផ្លាញ​ប្រទេស​អ៊ុយក្រែន?​ គ្មាន​ប្រយោជន៍​អ្វី​ទេ ​ហើយ​ការ​ធ្វើ​បែប​នេះ​អាច​ជា​កំហុស​ដ៏​មហិមា​មួយ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។
  • លោក ​Jens Stoltenberg​ អគ្គលេខាធិការ​អង្គការ​អូតង់​នៅ​ថ្ងៃ​អង្គារ​បាន​ជំរុញ​ឲ្យ​ក្រុម​មេ​ដឹកនាំ​របស់​សម្ព័ន្ធ​មិត្ត​អូតង់​ដែល​នឹង​ចូល​រួម​កិច្ច​ប្រជុំ​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ ​នោះ​ រក្សា​ការ​គាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន គ្រា​ដែល​ប្រទេស​នេះ​កំពុង​ប្រឈម​នឹង​ការ​វាយ​លុក​ដ៏​ឃោរឃៅ​ពី​រុស្ស៊ី។​ លោក​ Stoltenberg ​បាន​ថ្លែង​មុន​កិច្ច​ប្រជុំ​នេះ​ថា៖ ​«វា​ពិត​ជា​សំខាន់​ណាស់​ដែល​យើង​ត្រៀម​ខ្លួន​បន្ត​ផ្តល់​ការ​គាំទ្រ​របស់​យើង​ ពីព្រោះ​ឥឡូវ​នេះ​អ៊ុយក្រែន​កំពុង​ប្រឈម​នឹង​អំពើ​សាហាវ​ព្រៃផ្សៃ​ដែល​យើង​មិន​ធ្លាប់​បាន​ឃើញ​ពី​មុន​នៅ​ទ្វីប​អឺរ៉ុប​ ចាប់តាំង​ពី​សង្គ្រាម​លោក​លើក​ទី ២​ មក»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​

ប្តីប្រពន្ធដែលរងរបួសនៅក្នុងផ្សារទំនើបដែលរងការវាយប្រហារតាមកាំជ្រួចមីស៊ីលរបស់រុស្ស៊ី កាន់ដែគ្នានៅមន្ទីរពេទ្យនៅទីក្រុង Kremenchuk ក្នុងតំបន់ Poltava ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។
ប្តីប្រពន្ធដែលរងរបួសនៅក្នុងផ្សារទំនើបដែលរងការវាយប្រហារតាមកាំជ្រួចមីស៊ីលរបស់រុស្ស៊ី កាន់ដែគ្នានៅមន្ទីរពេទ្យនៅទីក្រុង Kremenchuk ក្នុងតំបន់ Poltava ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

  • ប្រធានាធិបតី​អ៊ីតាលី​លោក​ Mario Draghi​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​ប្រធាន​ប្លុក ​G-20​គឺ​ លោក​ Joko Widodo ​ដែល​ជា​ប្រធានាធិបតី​ឥណ្ឌូណេស៊ី ​បាន​លុបចោល​ការ​ចូលរួម​របស់​លោក​ Vladimir Putin​ នៅ​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-20​ ដែល​នឹង​ធ្វើ​ឡើង​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ ការ​លើក​ឡើេង​បែប​នេះ​ត្រូវ​បាន​រដ្ឋាភិបាល​រុស្ស៊ី​ច្រាន​ចោល​ភ្លាមៗ។​ ប្រទេស​ឥណ្ឌូណេស៊ី​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​ប្តូរ​វេន​រៀបចំ​កិច្ច​ប្រជុំ​ G-20 ឆ្នាំ​នេះ​ ហើយ​ប្រទេស​លោក​ខាង​លិច​មួយ​ចំនួន​បាន​ដាក់​សម្ពាធ​ឱ្យ​លោក Widodo ​មិន​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​ចូលរួម​កិច្ច​ប្រជុំ​កំពូល​នេះ​ បន្ទាប់​ពី​ការ​ប្រកាស​កាលពី​ខែ​មេសា​ថា​ លោក ​Putin ​ត្រូវ​បាន​អញ្ជើញ​ឲ្យ​ចូលរួម​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ប្រធានាធិបតី​អ៊ុយក្រែន​លោក ​Volodymyr Zelenskyy ​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា ​រុស្ស៊ី​ត្រូវតែ​បាន​ចាត់​ទុក​ជា​ «ប្រទេស​គាំទ្រ​អំពើ​ភេរវកម្ម» ​បន្ទាប់​ពី​បាន​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​ផ្សារ​ទំនើប​មួយ​ដែល​មាន​មនុស្ស​កកកុញ ​នៅ​ទីក្រុង​ Kremenchuk ​នៃ​ប្រទេស​អ៊ុយក្រែន ដោយ​បាន​សម្លាប់​មនុស្ស​យ៉ាង​ហោច​ណាស់ ​១៨ ​នាក់។ ​ លោក ​Zelenskyy ​បាន​សរសេរ​ជា​សារ​នៅ​លើ​បណ្តាញ ​Telegram ​ថា៖ ​«មាន​តែ​ពួក​ភេរវជន​សាហាវ​ប៉ុណ្ណោះ ​ដែល​អាច​បាញ់​កាំជ្រួច​មីស៊ីល​លើ​ទីតាំង​ដែល​មាន​ជនស៊ីវិល​បែប​នេះ។​ រុស្ស៊ី​គួរ​តែ​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​ប្រទេស​គាំទ្រ​អំពើ​ភេរវកម្ម»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • នៅ​ថ្ងៃ​អង្គារ ​ក្រុម​អ្នក​ពន្លត់​អគ្គិភ័យ ​និង​ទាហាន​បាន​ស្វែងរក​អ្នក​រស់នៅ​មាន​ជីវិត​ក្នុង​គំនរ​បាក់បែក​របស់​ផ្សារ​ទំនើប​នោះ។​ អង្គការ​សហប្រជាជាតិ​និង​បណ្តា​ប្រទេស​លោក​ខាង​លិច​បាន​ថ្កោល​ទោស​ការ​វាយ​ប្រហារ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់​ងារ​ព័ត៌មាន ​Reuters។​
  • លោក ​Zelenskyy ​បាន​ឲ្យ​ដឹង​ថា ​មនុស្ស​ជាង ១ ពាន់​នាក់​នៅ​ក្នុង​ផ្សារ​នោះ​ គ្រា​ដែល​កាំជ្រួច​មីស៊ីល​ពីរ​គ្រាប់​បាន​បាញ់​ចំ​ផ្សារ​ទំនើប​នោះ។​ លោក​ Dmytro Lunin ​អភិបាល​ក្រុង​ Poltava ​ឱ្យ​ដឹង​ថា​ ក្រៅពី​អ្នកស្លាប់​ទាំង ​១៨ ​នាក់​នោះ​ នៅមាន ​មនុស្ស​ ២៥​ នាក់​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរពេទ្យ ​ហើយ​ ៣៦ ​នាក់​ទៀត​ កំពុង​បាត់ខ្លួន។​ រុស្ស៊ី​បាន​បដិសេធ​ការ​វាយ​ប្រហារ​លើ​ផ្សារ​ទំនើប​មួយ​នេះ​ ដោយ​អះអាង​ថា ​ខ្លួន​បាន​បាញ់​កាំជ្រួច​មីស៊ីល​ចំ​ឃ្លាំង​ស្តុក​អាវុធ​ ហើយ​ការ​ផ្ទុះ​គ្រាប់​រំសេវ​នោះ​បាន​បង្ក​ឲ្យ​មាន​អគ្គិភ័យ​នៅ​តំបន់​ក្បែរ​ឃ្លាំង​នោះ​តែ​ប៉ុណ្ណោះ។ ​
  • លោក Zelenskyy​ បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ នៅ​ក្នុង​កិច្ច​សន្ទនា​ជាមួយ​ប្រធាន​អង្គការ​អូតង់ ​លោក​បាន​បញ្ជាក់​ពី​ភាព​ចាំបាច់​ក្នុង​ការ​ទទួល​បាន​ «ប្រព័ន្ធ​ការពារ​មីស៊ីល​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​ឲ្យ​អ៊ុយក្រែន​ទប់ទល់​នឹង​ការ​វាយប្រហារ​បែប​ភេរវកម្ម​របស់​រុស្ស៊ី»។​ ការ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​អគ្គ​លេខាធិការ​អង្គការ​អូតង់​លោក​ Jens Stoltenberg​ នេះ​បាន​ធ្វើ​ឡើង ​មុន​កិច្ច​ប្រជុំ​កំពូល​របស់​ក្រុម​មេដឹកនាំ​អង្គការ​អូតង់​ នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ ដែល​សង្គ្រាម​នៅ​អ៊ុយក្រែន​គឺ​ជា​ប្រធាន​បទ​សំខាន់​មួយ​នៅ​ក្នុង​ជំនួប​ជាន់​ខ្ពស់​នេះ។ បន្ទាប់​ពី​បាន​សន្ទនា​ជាមួយ​លោក​ Zelenskyy ​លោក ​Stoltenberg​ បាន​សរសេរ​សារ​នៅ​លើ​បណ្តាញ ​Twitter ថា៖​ «នៅ​កិច្ច​ប្រជុំ​របស់​អង្គការ​អូតង់ ​យើង​នឹង​បង្កើន​ការ​គាំទ្រ​របស់​យើង​ដល់​អ៊ុយក្រែន​ ប្រទេស​ជា​ដៃ​គូ​ដ៏​ជិតស្និទ្ធ​របស់​យើង​ ពីពេល​នេះ​និង​យូរ​អង្វែង​ត​ទៅ​ទៀត។ ​សម្ព័ន្ធ​ភាព​អង្គការ​អូតង់​គាំទ្រ​អ្នក»។​

រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់អគារដែលត្រូវបានបំផ្លាញនៅក្នុងភូមិ Siversk នៃតំបន់ Donetsk កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តកើតឡើង។
រូបឯកសារ៖ ស្ត្រីម្នាក់ដើរកាត់អគារដែលត្រូវបានបំផ្លាញនៅក្នុងភូមិ Siversk នៃតំបន់ Donetsk កាលពីថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២ ខណៈការឈ្លានពានរបស់រុស្ស៊ីនៅតែបន្តកើតឡើង។

  • អាជ្ញាធរ​មូលដ្ឋាន​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា ទីក្រុង​ Lysychansk​ ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ​បន្ត​ទប់ទល់​នឹង​ការ​វាយ​ប្រហារ​របស់​រុស្ស៊ី បន្ទាប់​ពី​ទាហាន​របស់​រដ្ឋាភិបាល​ក្រុងមូស្គូ​បាន​គ្រប់គ្រង​ទីក្រុង ​Severodonetsk ​ដែល​ជាទីក្រុង​សំខាន់​នៅ​ជិតខាង​ក្រុង​នោះ។ ​លោក​ Sergiy Gaiday​ អភិបាល​តំបន់​ Luhansk ​បាន​សរសេរ​ជា​សារ​នៅ​លើ​បណ្តាញ​ Telegram​ ថា​ «ទីក្រុង​ Lysychansk ​នឹង​បន្ត​ការពារ។ ​ការ​បំផ្លិច​បំផ្លាញ​លើ​ភូមិ​ផង​ពិត​ជា​ធ្ងន់ធ្ងរណាស់»។ ​បើ​តាម​លោក ​Gaiday ​ថា ក្នុង​ចំណោម​មនុស្ស​ ៩​ ម៉ឺន ​៥​ ពាន់​នាក់​ ដែល​បាន​រស់​នៅ​ក្នុង​ក្រុង​នេះ​មុន​ពេល​ការ​ឈ្លានពាន​របស់​រុស្ស៊ី​ដែល​ចាប់ផ្តើម​កាលពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​នោះ​ ​នៅសល់​មនុស្សប្រមាណ ​១​ ម៉ឺន​ ៥ ​ពាន់​នាក់​ បន្ត​រស់នៅ​ក្នុង​ក្រុង​នេះ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ក្រុម​មេ​ដឹកនាំ​ប្រទេស​មាន​ឧស្សាហម្ម​ជឿនលឿន​ទាំង​ ៧​ ហៅ​ថា G-7 ​បាន​ព្រមព្រៀង​គ្នា​ស្វែង​រក​វិធី​ដាក់​បំរាម​មិន​ឲ្យ​មាន​ការ​ដឹក​ជញ្ជូន​ប្រេង​រុស្ស៊ី ​ដែល​បាន​ដាក់​លក់​ចេញ​ថ្លៃជាង​តម្លៃ​ធម្មតា។ ​នេះ​បើ​យោង​តាម​ការ​ដកស្រង់​ខ្លឹមសារ​នៃ​ឯកសារ​ចុងក្រោយ​របស់​កិច្ច​ប្រជុំ​កំពូល​នេះ។ ​មន្ត្រី​អឺរ៉ុប​ម្នាក់​បាន​ឲ្យ​ដឹង​ថា មេដឹកនាំ​ទាំង​នេះ​ក៏​បាន​ព្រមព្រៀង​គ្នា​ជំរុញ​ឲ្យ​មាន​បំរាម​មិន​ឲ្យ​មាន​ការ​នាំ​មាស​ពី​រុស្ស៊ី ​ដែល​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​លើ​អ៊ុយក្រែន។​ នេះបើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រុមហ៊ុន​ផលិត​ឧស្ម័ន​ដ៏​ធំ​របស់​រុស្ស៊ី ​គឺ ​Gazprom GAZP.MM ​អាច​នឹង​កែ​សម្រួល​កិច្ច​សន្យា​ផ្គត់ផ្គង់ ប្រសិន​បើ​បណ្តា​ប្រទេស​លោក​ខាង​លិច​សម្រេច​អនុវត្ត​ការ​កំណត់​តម្លៃ​ឧស្ម័ន​របស់​រុស្ស៊ី​នោះ។​ លោក ​Dmitry Peskov​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​ថ្លែង​ថា​ លោក​មិន​អាច​បញ្ចេញ​មតិ​ថា​ តើ​វិធានការ​ដែល​ក្រុម​មេដឹកនាំ ​G-7 ​បាន​ពិភាក្សា​ក្នុង​សប្តាហ៍​នេះ​ អាច​នឹង​ប៉ះពាល់​ដល់​រុស្ស៊ី​យ៉ាង​ណា​នោះ​ទេ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។
  • នៅ​ថ្ងៃ​អង្គារ ​ប្រទេស​ G-7 ​ បាន​ជំរុញ​ឲ្យ​ប្រទេស​និង​ក្រុមហ៊ុន​ដែល​មាន​ស្តុក​ចំណី​អាហារ​ច្រើន​ ជួយ​សម្រួល​ដល់​វិបត្តិ​អត់ឃ្លាន​ដែល​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។​ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ចេញ​ក្រោយ​កិច្ច​ប្រជុំ​នៅ​អាល្លឺម៉ង់ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ទាំង ​៧ នេះ​បាន​ថ្លែង​ថា៖​ «យើង​សូម​អំពាវនាវ​ដល់​ដៃគូ​ទាំង​ឡាយ​ដែល​មាន​ស្តុក​ចំណីអាហារ​ច្រើន​ រួមទាំង​ក្រុមហ៊ុន​ឯកជន​ ជួយ​បញ្ចេញ​ចំណី​អាហារ​ ហើយ​កុំ​បង្ក​បញ្ហា​ដល់​ទីផ្សារ»។​ ពួក​គេ​ក៏​បាន​អំពាវនាវ​ «ឲ្យ​ប្រទេស​ទាំង​អស់​កុំ​ស្តុក​ទុក​ចំណី​អាហារ​ច្រើន​ហួស ​ហេតុ ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​កើន​ថ្លៃ​ចំណី​អាហារ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។ ​
  • ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អង្គារ​ថា​ ភរិយា​និង​កូនស្រី​របស់​លោក​ប្រធានាធិបតី​អាមេរិក​ Joe Biden​ រួម​ទាំង​ជនជាតិ​អាមេរិកាំង​ចំនួន​ ២៣ ​នាក់​ទៀត​ ត្រូវបាន​ហាម​មិន​ឲ្យ​ធ្វើ​ដំណើរ​ចូល​ប្រទេស​រុស្ស៊ី។ ​ក្រសួង​នេះ​បាន​ថ្លែង​កំណត់​សម្គាល់​អម​ជាមួយ​បញ្ជី​ឈ្មោះ​នេះ​ថា​ «ជា​ប្រតិកម្ម​ឆ្លើយ​តប​នឹង​ការ​ដាក់​ទណ្ឌកម្ម​កាន់តែ​រីករាលដាល​និង​ឥត​ឈប់ឈរ​របស់​អាមេរិក​លើ​ឥស្សរ​ជន​សាធារណៈ​និង​ឥស្សរ​ជន​នយោបាយ​រុស្ស៊ី​ ពលរដ្ឋ​អាមេរិកាំង ​២៥ ​នាក់​ត្រូវបាន​ដាក់​បញ្ចូល​ក្នុង​ «បញ្ជី​ហាមឃាត់»។​ បញ្ជី​ឈ្មោះ​នេះ​ក៏​រួម​មាន​សាស្ត្រាចារ្យ​និង​អ្នក​ស្រាវជ្រាវ​ប្រចាំ​សាកល​វិទ្យាល័យ​មួយ​ចំនួន ​និង​អតីត​មន្ត្រី​រដ្ឋាភិបាល​អាមេរិក​ផង​ដែរ។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • រដ្ឋាភិបាល​រុស្ស៊ី​នៅ​ថ្ងៃ​អង្គការ​ បាន​ហៅ​អង្គការ​អូតង់​ថា​ជា ​«ប្លុក​បង្ក​រឿង» ​ដែល​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​ជម្លោះ។ ​កាល​ពី​ថ្ងៃ​ចន្ទ ​ សម្ព័ន្ធ​ភាព​យោធា​អូតង់​បាន​ប្រកាស​ពី​ការ​ពង្រីក​កង​កម្លាំង​ដ៏​ធំ​នៅ​ទូទាំង​ទ្វីប​អឺរ៉ុប​ ដែល​ត្រូវបាន​រៀបចំ​ឡើង​ដើម្បី​ពង្រឹង​ការ​ការពារ។​ នៅ​ក្នុង​សន្និសីទ​តាម​ទូរស័ព្ទ​ជាមួយ​ក្រុម​អ្នក​សារ​ព័ត៌មាន​ លោក​ Dmitry Peskov ​ ក៏​បាន​ថ្លែង​ថា ​យុទ្ធនាការ​យោធា​របស់​រុស្ស៊ី​នៅ​អ៊ុយក្រែន​ដែល​រុស្ស៊ី​ហៅ​ថា​ «ប្រតិបត្តិការ​យោធា​ពិសេស» ​នោះ​ដំណើរ​ការ​ទៅ​ដូច​ការ​គ្រោង​ទុក​ ហើយ​នឹង​សម្រេច​គោលដៅ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • មន្ត្រី​អាមេរិក​ម្នាក់​បាន​ឲ្យដឹង​នៅ​ថ្ងៃ​អង្គារ​ថា​ ក្រុម​មេ​ដឹកនាំ ​G-7 ​នឹង​ប្តេជ្ញា​ផ្តល់​ទឹកប្រាក់ ​៥ ​ពាន់​លាន​ដុល្សារ​ ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ផ្គត់ផ្គង់​ចំណី​អាហារ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​ជុំវិញ​ពិភពលោក​ ហើយ​ដែល​មួយ​ផ្នែក​ធំ​ត្រូវ​បាន​បង្ក​ឡើង​ដោយ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ដែល​ជា​ប្រទេស​ផ្គត់ផ្គង់​ផលិតផល​កសិកម្ម​ដ៏​ធំ​មួយ។ ​មន្ត្រី​ជាន់​ខ្ពស់​នេះ​បាន​ថ្លែង​ប្រាប់​អ្នក​សារ​ព័ត៌មាន​ថា៖​ «G-7​ នឹង​ប្តេជ្ញា​ផ្តល់​ទឹក​ប្រាក់ ​៥ ពាន់​លាន​ដុល្លារ​ដើម្បី​ដោះស្រាយ​បញ្ហា​សន្តិសុខ​ចំណី​អាហារ​សកល​ ហើយ​ថា ​សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ថវិកា​ជាង​ពាក់​កណ្តាល​នៃ​ចំនួន​ទឹកប្រាក់​នេះ»។​ នេះបើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ AFP៕
21:26 27.6.2022

ថ្ងៃចន្ទ ទី ២៧ ខែមិថុនា៖

  • ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី​កាលពី​ថ្ងៃ​ចន្ទ ​បាន​បាញ់​ចំ​ផ្សារ​ទំនើប​ដែល​មាន​មនុស្ស​កកកុញ​មួយ​កន្លែង​នៅ​ទីក្រុង​ Kremenchuk ​ដែល​ស្ថិត​នៅ​ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​ដែល​ លោក​ប្រធានាធិបតី​អ៊ុយក្រែន ​Volodymyr Zelenskyy ​បាន​ថ្លែង​ថា​ មនុស្ស​យ៉ាង​ហោច​ណាស់​ ២ ​នាក់​បាន​ស្លាប់ ​ហើយ​ជាច្រើន​នាក់​ទៀត​បាន​រង​របួស។ ​លោក​ Zelenskyy ​បាន​សរសេរ​នៅ​លើ​បណ្តាញ​ Telegram ​ថា៖​ «ពួក​ក្រុម​ឈ្លាន​ពាន​បាន​បាញ់​កាំជ្រួច​មីស៊ីល​លើ​មជ្ឈមណ្ឌល​ផ្សារ​ពាណិជ្ជ​កម្ម​មួយ ដែល​មាន​មនុស្ស​ប្រមាណ​ ១ ​ពាន់នាក់​នៅ​ទីនោះ។​ ក្រុម​សង្គ្រោះ​បន្ទាន់​កំពុង​ពន្លត់​អគ្គិភ័យ។ ជន​រងគ្រោះ​អាច​មាន​ចំនួន​ច្រើន»។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ AFP។ ​
  • ការ​វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​មួយ​របស់​រុស្ស៊ី​នៅ​ក្នុង​តំបន់​ Odessa ​បាន​បំផ្លិច​បំផ្លាញ​ផ្ទះ​សម្បែង ​បង្ក​ឲ្យ​មាន​អគ្គិភ័យ​ និង​បណ្តាល​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​ ៦ នាក់​រង​របួសក្នុង​នោះ​រួម​មាន​កុមារ​ម្នាក់ ​ផងដែរ។​ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ​ដែល​ដកស្រង់​សម្តី​លោក​ Serhiy Bratchuk ​ អ្នក​នាំពាក្យ​មន្ទីរ​រដ្ឋបាល​ក្នុង​តំបន់។ ​
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹង​ថា​ កងទ័ព​រុស្ស៊ី​បាន​វាយប្រហារ​លើ​រោងចក្រ​មួួយ​ដែល​ជា​ទីតាំង​ផលិត​កាំជ្រួច​មីស៊ីល​នៅ​ក្នុង​ទីក្រុង​កៀវ ​ប្រទេស​អ៊ុយក្រែន ​ ប៉ុន្តែ​បាន​បដិសេធ​ថា​ខ្លួន​មិន​មែន​ជា​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​កាំជ្រួច​មីស៊ីល​ដែល​បាន​បាញ់​ចំ​សំណង់​អគារ​លំនៅដ្ឋាន​មួយ​នៅ​ទីក្រុង​នោះទេ។​ នេះ​បើ​យោង​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។​

ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងពន្លត់អគ្គិភ័យនៅផ្សារទំនើបមួយកន្លែង ដែលរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្រុង Kremenchuk នៃតំបន់ Poltava ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។
ក្រុមអ្នកសង្គ្រោះបន្ទាន់កំពុងពន្លត់អគ្គិភ័យនៅផ្សារទំនើបមួយកន្លែង ដែលរងការវាយប្រហារដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្រុង Kremenchuk នៃតំបន់ Poltava ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

  • លោក​ Jens Stoltenberg ​ អគ្គ​លេខាធិការ​អង្គការ​អូតង់ ​បាន​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​នេះ​ថា​ សម្ព័ន្ធ​មិត្ត​អូតង់​ នឹង​ពង្រឹង​កងកម្លាំង​ដែល​ត្រៀម​ខ្លួន​សម្រាប់​ការ​ប្រយុទ្ធ​ «ប្រមាណ​ជាង ​៣ ​សែន​នាក់»​ ខណៈ​ពួកគេ​ពង្រឹង​យុទ្ធ​សាស្ត្រ​ ដើម្បី​ឆ្លើយ​តប​នឹង​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ​ក្រុម​មេដឹកនាំ​នៃ​សម្ព័ន្ធភាព​យោធា​ដែល​ដឹក​នាំ​ដោយ​សហ​រដ្ឋ​អាមេរិក​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ម៉ាឌ្រីដ ​ប្រទេស​អេស្ប៉ាញ​ ក្នុង​សប្តាហ៍​នេះ ​ដែល​លោក ​Jens Stoltenberg ​ថា​អាច​នឹង​ក្លាយ​ជា​កិច្ចប្រជុំ​កំពូល ​«ពោរពេញ​ដោយ​ការ​ផ្លាស់​ប្តូរ» ​ខណៈ​ដែល​សម្ព័ន្ធ​នេះ​កំពុង​ដោះស្រាយ​ស្ថាន​ការណ៍​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រធានាធិបតី​ប្រទេស​ម៉ុលដាវី​បាន​ថ្លែង​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​ចន្ទ​ថា ប្រទេស​របស់​លោកស្រី «ផុយស្រួយ​ និង​ងាយ​រង​គ្រោះ​ថ្នាក់»​ ហើយ​ត្រូវការ​ជំនួយ​ដើម្បី​បន្ត​ «ធ្វើ​ជា​សមាជិក​នៃ​ប្រទេស​លោក​សេរី»។ ​បួន​ថ្ងៃ​ក្រោយ​ពី​សហភាព​អឺរ៉ុប​សម្រេច​ចិត្ត​ផ្តល់​បេក្ខជន​ភាព​សម្រាប់​អ៊ុយក្រែន​និង​ម៉ុលដាវី​ក្លាយ​ជា​សមាជិក​របស់​ខ្លួន​នោះ​ ប្រធានាធិបតី​ម៉ុលដាវី​លោកស្រី​ Maia Sandu ​បាន​ធ្វើ​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​ទីក្រុង​បី ​ដែល​អ៊ុយក្រែន​សង្ស័យ​ថា​ ទាហាន​រុស្ស៊ី​បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃ​ ក្រោយ​ពី​រុស្ស៊ី​បាន​ឈ្លានពាន​លើ​អ៊ុយក្រែន​កាលពី​ថ្ងៃទី ២៤ ខែ​កុម្ភៈ។ ​នៅ​ទីក្រុង​ Bucha ​ជាប់​ជាយ​ក្រុង​កៀវ ​លោកស្រី​បាន​ថ្លែង​ថា៖ ​«រឿង​នេះ​មិន​គួរ​កើត​ឡើង​នោះ​ទេ។ ​ហើយ​យើង​ដឹង​ហើយ​ថា ​ ឈឺ​ចាប់​ណាស់​ឃើញ​និង​ស្តាប់​រឿងរ៉ាវ​ជាច្រើន​ដែល​កើត​ឡើង​នៅ​ទី​នេះ»។ ​លោកស្រី​អំពាវនាវ​ថា ​ជន​ដែល​រង​ឃើញ​កំហុស​ថា​ បាន​ប្រព្រឹត្ត​អំពើ​សាហាវ​ព្រៃផ្សៃ​ត្រូវតែ​ទទួល​ខុសត្រូវ​តាម​ផ្លូវ​ច្បាប់។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​
  • ទីប្រឹក្សា​វិមាន​ក្រឹមឡាំង​ម្នាក់​បាន​ថ្លែង​នៅ​ថ្ងៃ​ចន្ទ​ថា​ ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin ​គ្រោង​នឹង​ចូលរួម​កិច្ច​ប្រជុំ​កំពូល ​ G-20 ​នៅ​ក្នុង​ប្រទេស​ឥណ្ឌូណេស៊ី ​នៅ​ខែ​វិច្ឆិកា​ខាង​មុខ​នេះ។​ លោក ​Yuri Ushakov ​បាន​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា៖ ​«យើង​បាន​ទទួល​លិខិត​អញ្ជើញ​ជា​ផ្លូវការ ​ហើយ​យើង​បាន​ឆ្លើយ​តប​ដោយ​វិជ្ជមាន ​ថា​ យើង​ចង់​ចូលរួម»។​ លោក​បន្ថែម​ថា​ នៅយូរ​ទៀត​ទើប​ដល់​ពេល​មាន​កិច្ច​ប្រជុំ​នេះ​ដែល​នឹង​ធ្វើ​ឡើង​ពី​ថ្ងៃទី ​១៥ និង​ទី ១៦ ​ខែ​វិច្ឆិកា​ នៅ​កោះ​បាលី ​ដូច្នេះ​របៀប​ចូលរួម​របស់​យើង​អាច​នឹង​ផ្លាស់ប្តូរ។​ លោក ​Yuri Ushakov ​ថា ​«ប៉ុន្តែ​ឥឡូវ​នេះ ការ​អញ្ជើញ​ឲ្យ​ចូលរួម​គឺ​ធ្វើ​ឡើង​ដោយ​ផ្ទាល់»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ក្រសួង​ការ​បរទេស​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ចន្ទ​ថា​ រុស្ស៊ី​បាន​ប្រកាស​បណ្តេញ​មន្ត្រី​ការទូត​ក្រិក​ចំនួន​ ៨ ​នាក់​ ឱ្យ​ចាក​ចេញ​ពី​ប្រទេស ក្នុង​ពេល ​៨ ​ថ្ងៃ។ ​ក្រសួង​នេះ​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា រុស្ស៊ី​បាន​កោះហៅ​ឯកអគ្គ​រដ្ឋទូត​ក្រិក​ មកប្រាប់​អំពី​អ្វី​ដែល​ខ្លួន​បាន​ចាត់ទុក​ថា​ ជា ​«សកម្មភាព​ដ៏​ចម្រូង​ចម្រាស​របស់​អាជ្ញាធរ​ក្រិក​មក​លើ​រុស្ស៊ី ​រួមទាំង​ការ​ផ្គត់ផ្គង់​អាវុធ​និង​សម្ភាៈ​យោធា​ដល់​រដ្ឋាភិបាល​អ៊ុយក្រែន»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ប្រទេស​មាន​ឧស្សាហកម្ម​ជឿនលឿន​ទាំង​ ៧ ​ហៅ​ថា ​G-7 ​នឹង​បន្ត​ដាក់​សម្ពាធ​លើ​រុស្ស៊ី​ចំពោះ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន។ ​អធិការបតី​អាល្លឺម៉ង់​លោក​ Olaf Scholz ​បាន​ថ្លែង​ដូច្នេះ​កាលពី​ថ្ងៃ​ចន្ទ ​ក្នុង​កិច្ច​ប្រជុំ​កំពូល ​G-7​ ដែល​អាល្លឺម៉ង់​ជា​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​នេះ។ ​លោក​បាន​ថ្លែង​ថា៖​ «ក្នុង​នាម​ជា​ប្រទេស​ G-7 ​ យើង​នៅ​តែបន្ត​សាមគ្គី​ជាមួយ​អ៊ុយក្រែន ​ហើយ​នឹង​បន្ត​ការ​គាំទ្រ​របស់​យើង។ ​ដូច្នេះ​ យើង​ត្រូវ​តែ​ធ្វើ​សេចក្តី​សម្រេច​ចិត្ត​ដ៏​ពិបាក​តែ​ចាំបាច់»។ ​លោក ​Olaf Scholz ​បាន​សរសេរ​ដូច្នេះ​នៅ​ក្នុង​សារ​បង្ហោះ​តាម​បណ្តាញ​សង្គម​ Twitter ​ដោយ​បាន​អរគុណ​ប្រធានាធិបតី​អ៊ុយក្រែន​លោក​ Volodymyr ​Zelenskyy​ ដែល​បាន​ថ្លែង​ទៅ​កាន់​មេ​ដឹកនាំ​ពិភពលោក​តាម​រយៈ​វីដេអូ។ ​អធិការបតី​អាល្លឺម៉ង់​ក៏​បាន​ថ្លែង​បន្ត​ទៀត​ថា៖ ​«យើង​នឹង​បន្ត​បង្កើន​សម្ពាធ​លើ​ប្រធានាធិបតី​រុស្ស៊ី​លោក ​Vladimir Putin។ ​សង្គ្រាម​នេះ​ត្រូវតែ​បញ្ចប់»។​
  • លោក ​Volodymyr Zelenskyy ​កាលពី​ថ្ងៃចន្ទ​ បាន​ជំរុញ​ឲ្យ​មេដឹកនាំ​នៅ​កិច្ច​ប្រជុំ​ប្រទេស​ G-7 ​ធ្វើ​ឲ្យ​អស់​ពី​សមត្ថភាព​ដើម្បី​បញ្ចប់​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​របស់​លោក​ នៅ​ត្រឹម​ចុង​ឆ្នាំ ​២០២២ ​នេះ។ ​ នេះ​បើ​យោង​តាម​ប្រភព​មួយ​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​AFP។ ​
  • កាលពី​ថ្ងៃ​ចន្ទ ​លោក ​Volodymyr Zelenskyy ​បាន​ស្នើ​សុំ​ប្រព័ន្ធ​ការពារ​ការ​វាយប្រហារ​តាម​អាកាស​ ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី ​និង​ការ​ធានា​សន្តិសុខ ​នៅ​ពេល​លោក​បាន​ថ្លែង​ទៅកាន់​ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ជា​សមាជិក ​G-7 ។​ នេះ​បើ​តាម​មន្ត្រី​អឺរ៉ុប​ម្នាក់​ដែល​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​ ថ្លែង​ទៅ​កាន់​កិច្ច​ប្រជុំ​ G-7 ​នៅ​ Bavarian Alps ​តាម​វីដេអូ ​លោក Zelenskyy ក៏​បាន​ស្នើ​សុំ​ជំនួយ​ឲ្យ​មាន​ការ​នាំចេញ​គ្រាប់​ធញ្ញជាតិ​ពី​ប្រទេស​អ៊ុយក្រែន ​និង​ជំនួយ​កសាង​ប្រទេស​ឡើង​វិញ។ ​នេះ​បើ​យោង​តាម​មន្ត្រី​អឺរ៉ុប​ដដែល​នោះ​ដែល​បាន​ប្រាប់​ Reuters​ ដោយ​មិន​បញ្ចេញ​អត្តសញ្ញាណ។​
  • កាលពី​ថ្ងៃ​ចន្ទ ​សហរដ្ឋ​អាមេរិក​បាន​ប្រកាស​ទណ្ឌកម្ម​ថ្មី​របស់​ប្រទេស​ G-7 ​លើ​វិស័យ​ការពារ​ជាតិ​របស់​រុស្ស៊ី​ ក្នុង​គោល​បំណង​ដើម្បី​ធ្វើ​ឲ្យ​សមត្ថភាព​យោធា​របស់​រដ្ឋាភិបាល​រុស្ស៊ី​ចុះ​ខ្សោយ​ ក្នុង​អំឡុង​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន។ ​ សេតវិមាន​បាន​ឲ្យ​ដឹង​ថា៖ ​«មេដឹកនាំ ​G-7 ​នឹង​សហការ​គ្នា​ ហើយ​ពង្រីក​ទណ្ឌកម្ម​ចំ​គោល​ដៅ ​ដើម្បី​រឹតត្បិត​ការ​ទទួល​បាន​របស់​រុស្ស៊ី​នូវ» ​បច្ចេកវិទ្យា​របស់​ប្រទេស​លោក​ខាង​លិច​ដែល​អាច​ជួយ​ដល់​វិស័យ​យោធា​របស់​រុស្ស៊ី។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • នៅ​ថ្ងៃ​ចន្ទនេះ​ កង​ទ័ព​រុស្ស៊ី​កំពុង​វាយ​ប្រយុទ្ធ​ដើម្បី​ចូល​កាន់កាប់​ទីក្រុង​ Lysychansk ​ដែល​ជា​ទីក្រុង​ដ៏​ធំ​មួយ​ចុង​ក្រោយ​បង្អស់​គ្រប់គ្រង​ដោយ​ទាហាន​អ៊ុយក្រែន​ក្នុង​តំបន់​ Luhansk​ ភាគ​ខាង​កើត​ប្រទេស​អ៊ុយក្រែន ​បន្ទាប់​ពី​ក្រុម​ផ្តាច់ខ្លួន​ពី​រដ្ឋាភិបាល​អ៊ុយក្រែន​ដែល​គាំទ្រ​ដោយ​រុស្ស៊ី ​បាន​អះអាង​ថា​ ពួកគេ​កំពុង​ក្តោប​ក្តាប់​ទីតាំង​ប្រយុទ្ធ​ជា​ច្រើន​កន្លែង។ ​ នេះ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។​

រណ្តៅដ៏ធំមួយនៅពីក្រោយសាលារៀនមួយខ្នង បង្កឡើងដោយការវាយប្រហារជាគ្រាប់ផ្តក់របស់ទាហានរុស្ស៊ី នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។
រណ្តៅដ៏ធំមួយនៅពីក្រោយសាលារៀនមួយខ្នង បង្កឡើងដោយការវាយប្រហារជាគ្រាប់ផ្តក់របស់ទាហានរុស្ស៊ី នៅក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃទី ២៧ ខែមិថុនា ឆ្នាំ ២០២២។

  • នៅ​ថ្ងៃ​ចន្ទ​ដដែល​នេះ​ អាជ្ញាធរ​ក្នុង​តំបន់​បាន​ជំរុញ​ឲ្យ​ជនស៊ីវិល​ជម្លៀស​ខ្លួន​ជា​បន្ទាន់​ចេញ​ពី​ទីក្រុង ​Lysychansk ​ ភាគខាង​កើត​ប្រទេស​អ៊ុយក្រែន ​ដែល​កំពុង​ត្រូវ​បាន​វាយ​ប្រហារ​ដោយ​កងទ័ព​រុស្ស៊ី។​ លោក​ Serhiy Gaidai ​អភិបាល​តំបន់​ Luhansk ​បាន​សរសេរ​ជា​សារ​នៅ​លើ​បណ្តាញ​ Telegram​ ថា៖ ​«ជូន​ចំពោះ​ប្រជា​ពលរដ្ឋ​ក្នុង​សហគមន៍​នៃ​ទីក្រុង​ Lysychansk ​និង​សាច់ញាតិ​ជា​ទីគោរព! ​ដោយសារ​តែ​គ្រោះថ្នាក់​ជាក់ស្តែង​ដល់​ជីវិត​និង​សុខភាព​ យើង​សូម​អំពាវនាវ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ជម្លៀស​ខ្លួន​ជា​បន្ទាន់»។ ​លោក​បាន​បន្ថែម​ថា ​ស្ថានភាព​នៅ​ទីក្រុង​ Lysychansk ​ពិតជា ​«លំបាក​ខ្លាំង» ​ ប៉ុន្តែ​លោក​មិន​បាន​ប្រាប់​ឲ្យ​ដឹង​ថា​តើ​ជន​ស៊ីវិល​ប៉ុន្មាន​នាក់​កំពុង​ស្ថិត​ក្នុង​តំបន់​នេះ​ទេ។ ​មុន​ការ​ឈ្លានពាន​របស់​រុស្ស៊ី​កាលពី​ថ្ងៃទី​ ២៤ ​ខែ​កុម្ភៈ ​មនុស្ស​ប្រមាណ ១ ​សែន​នាក់ រស់​នៅ​ទីនោះ។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • អភិបាល​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​ចន្ទថា ស្ត្រី​ពីរនាក់​ត្រូវបាន​សម្លាប់នៅ​ក្នុង​ការ​វាយប្រហារ​របស់​រុស្ស៊ី​លើ​តំបន់ Kharkiv ក្នុង​រយៈពេល​ ២៤ ម៉ោង​កន្លង​ទៅ​នេះ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រទេស​អ៊ុយក្រែន​នឹង​តំបន់​ខ្ពស់​ក្នុង​ទីក្រុង ​Lysychansk ​ដើម្បី​ការពារ​មូលដ្ឋាន​យោធា​នៅ​ភាគខាង​កើត​ប្រទេស​ ​ បន្ទាប់​ពី​បាន​ដក​ខ្លួន​ចេញ​ពី​តំបន់​ប្រយុទ្ធ​បង្ហូរ​ឈាម​ជាមួយ​រុស្ស៊ី​នៅ​ក្នុង​ទីក្រុង​ក្បែរ​នោះ ​ហើយ​រដ្ឋាភិបាល​អ៊ុយក្រែន​នឹង​ព្យាយាម​គ្រប់គ្រង​ស្ថានភាព​ក្នុង​តំបន់​នោះ។ នេះ​បើ​យោង​តាម​ប្រធាន​ក្រុម​ចារកម្ម​យោធា​របស់​អ៊ុយក្រែន ​កាលពី​ថ្ងៃ​សៅរ៍។ ​រុស្ស៊ី​បាន​ពង្រឹង​កម្លាំង​ទ័ព​ឡើង​វិញ​ដោយ​បញ្ជូន​កងទ័ព​បម្រុង​ ដែល​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ប្រមូល​ផ្តុំ​ដើម្បី​វាយ​កាន់កាប់​ ហើយ​យើង​មិន​អាច​សង្ឃឹម​ទេ​ថា​ រុស្ស៊ី​នឹង​ខ្វះ​សមាសធាតុ​កងទ័ព​សម្រាប់​សង្គ្រាម​នៅ​អ៊ុយក្រែន​នេះ។​ លោក ​Kyrylo Budanov ​ប្រធាន​ក្រុម​ចារកម្ម​យោធា​អ៊ុយក្រែន បាន​ថ្លែង​ដូច្នេះ​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន​Reuters។
  • លោក Vladimir ​Putin​ ប្រធានាធិបតីរុស្ស៊ី នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​ Tajikistan ​ (តាហ្ស៊ីគីស្ថាន)​ នៅ​ថ្ងៃ​អង្គារ។ នេះ​បើ​យោង​តាម​អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី។ នេះ​គឺជា​ការ​ធ្វើ​ដំណើរ​ចេញ​ក្រៅ​ប្រទេស​លើក​ដំបូង​របស់​លោក ​Putin ​ ចាប់តាំង​ពី​រដ្ឋាភិបាល​រុស្ស៊ី​បាន​ចាប់​ផ្តើម​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ ​ថ្លែង​អំពី​ទស្សនកិច្ច​របស់​លោក​ Putin ​ទៅ​កាន់​ប្រទេស​ដែល​ជា​អតីត​សមាជិក​សហភាព​សូវៀត​និង​ជា​សម្ព័ន្ធ​មិត្ត​របស់​រដ្ឋាភិបាល​រុស្ស៊ី​ ​លោក​ Dmitry Peskov​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​និយាយ​ថា៖ «ដំណើរ​ទស្សនកិច្ច​បំពេញ​ការងារ​របស់​លោក​ប្រធានាធិបតី ​Putin ​ទៅកាន់​ប្រទេស ​តាហ្ស៊ីគីស្ថាន​(តាហ្ស៊ីគីស្ថាន) ​ត្រូវ​បាន​គ្រោង​ធ្វើ​ឡើង​នៅ​ថ្ងៃ​អង្គារ»។ ​លោក ​Putin​ ក៏​ត្រូវ​បាន​រំពឹង​ថា​នឹង​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស ​ Turkmenistan​(តួកម៉េនីស្ថាន) ​នៅ​ថ្ងៃ​ពុធ​ដើម្បី​ចូលរួម​កិច្ចប្រជុំ​កំពូល​របស់​បណ្តា​ប្រទេស​ដែល​មាន​ព្រំដែន​ជាប់​សមុទ្រ​ Caspain។ ​នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP៕

21:03 26.6.2022

ថ្ងៃអាទិត្យ ទី ២៦ ខែមិថុនា៖

  • ការ​វាយ​ប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​របស់​រុស្ស៊ី ​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ​នេះ​បាន​បាញ់​ចំ​សំណង់​អគារ​លំនៅដ្ឋាន​ជាច្រើន​ខ្នង​ នៅ​រដ្ឋធានី​កៀវ ប្រទេស​អ៊ុយក្រែន ​ដោយ​បណ្តាល​ឲ្យ​មនុស្ស​មួយ​ចំនួន​ជាប់គាំង​ក្រោម​កម្ទេចកម្ទី​អគារ ​និង​យ៉ាង​ហោច​ណាស់ ​មនុស្ស ​៤ នាក់​បាន​រងរបួស​ហើយ​ត្រូវ​បាន​ជួយ​សង្គ្រោះ​ទៅ​មន្ទីរពេទ្យ។ ​នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​អភិបាល​ក្រុងនេះ។ ​ករណី​ផ្ទុះ​ចំនួន​បួន​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង ​៦ៈ៣០ ​នាទី​ព្រឹក​ថ្ងៃ​អាទិត្យ​ម៉ោង​នៅ​អ៊ុយក្រែន​គឺ​ កន្លះ​ម៉ោង​បន្ទាប់​ពី​ស៊ីរ៉ែន​ប្រកាស​អាសន្ន​អំពី​ការ​វាយ​ប្រហារតាម​អាកាស​ត្រូវ​បាន​ពន្លឺ​ឡើងនៅ​ទូទាំង​ក្រុង​នេះ។ អភិបាល​ក្រុង​កៀវ​លោក ​Vitali Klitschko បាន​ឲ្យ​ដឹង​ថា​ ក្នុង​ចំណោម​អ្នករបួស​៤នាក់​នេះ​រួម​មាន​ក្មេង​ស្រី​អាយុ​ ៧ ឆ្នាំ​ម្នាក់​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • ក្រោយ​ពីរុស្ស៊ី​ធ្វើការ​វាយ​ប្រហារ​ទីក្រុង​កៀវ​ជា​លើក​ទីមួយ​ក្នុង​រយៈពេល​បី​សប្តាហ៍​មក​នេះ ប្រទេស​អ៊ុយក្រែន​បាន​អំពាវនាវ​សុំ​ការ​គាំទ្រ​ពី​មេ​ដឹកនាំ​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ​៧ ​ហៅ​ថា G-7 ដែល​ជួប​ប្រជុំ​គ្នា​នៅ​ប្រទេស​អាល្លឺម៉ង់។​ ការ​វាយប្រហារ​របស់​រុស្ស៊ី​បាន​កើត​ឡើង​នៅ​តំបន់​ទី​ប្រជុំ​ជន​មួយ ​ក្បែរ​រោងចក្រ​ស្តុក​អាវុធ​មួយ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​ព័ត៌មាន​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​អាទិត្យ​ថា​ ខ្លួន​បាន​ប្រើ​អាវុធ​បាញ់​ចំ​គោលដៅ​ដ៏​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ​ដើម្បី​វាយ​ប្រហារ​លើ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​យោធា​អ៊ុយក្រែន​នៅតំបន់​ Chernihiv, Zhytomyr ​និង​ Lviv​ ក្នុង​ប្រទេស​អ៊ុយក្រែន។​ នេះ​បើ​តាម​សេចក្តី​រាយ​ការណ៍​ព័ត៌មាន​រុស្ស៊ី​ ដែល​ត្រូវ​បាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​ឱ្យ​ដឹង​ថា​ រដ្ឋមន្ត្រី​របស់​ខ្លួន​គឺ​លោក ​Sergei Shoigu ​បាន​ចុះ​ពិនិត្យ​កង​យោធា​រុស្ស៊ី​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ ក្រសួង​ការពារ​ជាតិ​រុស្ស៊ី​បាន​លើក​ឡើង​ថា៖​ «នៅ​ឯ​បញ្ជាការ​ដ្ឋាន​របស់​កងយោធា​រុស្ស៊ី ​ លោក ​Sergei Shoigu​ បាន​ស្តាប់​សេចក្តី​រាយ​ការណ៍​ពី​មេបញ្ជាការ​អំពី​ស្ថានភាព​បច្ចុប្បន្ន​និង​សកម្មភាព​របស់​កង​កម្លាំង​រុស្ស៊ី​នៅ​តំបន់​ប្រតិបត្តិការ​សំខាន់ៗ»។ គេ​មិន​ទាន់​អាច​បញ្ជាក់​នៅ​ឡើយ​ថា​តើ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​រូប​នេះ​ត្រូវបាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ណា​នោះ​ទេ។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​Reuters។​

ទាហានអ៊ុយក្រែនធ្វើប្រតិបត្តិការសង្គ្រោះមនុស្សនៅសំណង់អគារលំនៅដ្ឋានមួយ ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនធ្វើប្រតិបត្តិការសង្គ្រោះមនុស្សនៅសំណង់អគារលំនៅដ្ឋានមួយ ដែលរងការបំផ្លិចបំផ្លាញដោយការវាយប្រហារកាំជ្រួចមីស៊ីលរបស់រុស្ស៊ី នៅក្នុងទីក្រុងកៀវ កាលពីថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០២២។

  • រដ្ឋាភិបាល​អ៊ុយក្រែន​បាន​អំពាវនាវ​ឱ្យ​មេ​ដឹកនាំ​នៃ​បណ្តា​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ​៧ ​ផ្តល់​សព្វាវុធ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន ​ហើយ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រដ្ឋាភិបាល​រុស្ស៊ី។ ​ការ​អំពាវនាវ​នេះ​ធ្វើ​ឡើង​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​រុស្ស៊ី​បាន​វាយប្រហារ​ដោយ​កាំជ្រួច​មីស៊ីល​លើ​ទីក្រុង​កៀវ ​នៅ​ថ្ងៃ​អាទិត្យ​នេះ។​ លោក​ Dmytro Kuleba​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ុយក្រែន​ បាន​សរសេរ​ជា​សារ​បង្ហោះ​តាម​បណ្តាញ​ Twitter ​ថា៖ ​«កិច្ចប្រជុំ​កំពូល​ G-7 ​ចាំបាច់​ត្រូវតែ​ឆ្លើយ​តប​ដោយ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​លើ​រុស្ស៊ី ​ហើយ​ផ្តល់​អាវុធ​ធុនធ្ងន់​បន្ថែម​ទៀត​ដល់​អ៊ុយក្រែន។ ​អំពើ​ចក្រពត្តិ​និយម​ដ៏​ឆ្កួត​របស់​រុស្ស៊ី​ ត្រូវតែ​បរាជ័យ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។​
  • កង​ទ័ព​រុស្ស៊ី​កំពុង​តែ​ស្វះស្វែង​ដណ្តើម​យក​ទាំងមូល​នូវ​តំបន់​ចុង​ក្រោយ​បង្អស់​មួួួយ​របស់​កងទ័ព​អ៊ុយក្រែន​ នៅ​តំបន់ ​Luhansk ​ ភាគខាង​កើត​ ស្រប​ពេល​ដែល​ពួកគេ​កំពុង​បង្កើន​សកម្មភាព​ប្រយុទ្ធ​ដណ្តើម​កាន់កាប់​តំបន់​ផ្សេងៗ​ទៀត ​ ក្រោយ​ទាហាន​អ៊ុយក្រែន​បាន​ដក​ខ្លួន​ចេញ​ពី​ទីក្រុង ​Sievierodonetsk ​ដែល​រង​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ងន់ធ្ងរ។​ យោធា​រុស្ស៊ី​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា ​ ក្រុម​ផ្តាច់​ខ្លួន​ពី​អ៊ុយក្រែន ​គាំទ្រ​ដោយ​រដ្ឋាភិបាល​រុស្ស៊ី ​កំពុង​គ្រប់គ្រង​រោងចក្រ​គីមី​ទាំង​ស្រុង។ ​នេះ​ជា​តំបន់​ចុង​ក្រោយ​បង្អស់​ដែល​ទាហាន​អ៊ុយក្រែន​បាន​កាន់​កាប់​នៅ​ទីក្រុង​ Sievierodonetsk។​ នេះ បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន ​The Associated Press។​
  • នៅ​កិច្ច​ប្រជុំ​កំពូល ​G-7 ​ នៅថ្ងៃ​អាទិត្យ​នេះ ​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក ​Joe Biden ​បាន​ចាត់ទុក​ថា​ សកម្មភាព​វាយ​ប្រហារ​ថ្មីៗ​របស់​រុស្ស៊ី​លើ​ទីក្រុង​កៀវ ​ជា​អំពើ​ «សាហាវ​ព្រៃផ្សៃ»។ ​នៅកិច្ច​ប្រជុំ​កំពូល​នេះ​នៅ​តំបន់​ភ្នំ​ German Alps ​ លោក​ Biden ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន​ថា ​«នេះ​គឺ​ជា​សកម្មភាព​សាហាវ​ព្រៃផ្សៃ​បន្ថែម​ទៀត​របស់​រុស្ស៊ី»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • លោក ​Biden ​បាន​កោត​សរសើរ​អធិការបតី​អាល្លឺម៉ង់​លោក​ Olaf Scholz​ នូវ​ការ​ដឹក​នាំ​របស់​លោក​ ក្នុង​អំឡុង​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ ហើយ​បាន​ជំរុញ​ឲ្យ​ប្រទេស​លោក​ខាង​លិច​បន្ត​សាមគ្គី​គ្នា។ ​ លោក​បាន​ប្រាប់​លោក​ Olaf Scholz ​ថា៖ ​«យើង​ត្រូវតែ​សាមគ្គីគ្នា​តទៅ​ទៀត»។ ​លោក​បន្ត​ថា ​ ប្រធានាធិបតី​រុស្ស៊ី​លោក​ Vladimir Putin ​បាន​រំពឹង​ថា ​«អង្គការ​អូតង់​និង​ G-7 ​នឹង​បែកបាក់​គ្នា។ ​ប៉ុន្តែ​យើង​មិន​បាន​បែកបាក់​ទេ​ ហើយ​យើង​នឹង​មិន​បែកបាក់​គ្នា​ឡើយ»។​ នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រធានាធិបតី​ឥណ្ឌូណេស៊ី​លោក​ Joko Widodo ​ដែល​គេ​ស្គាល់​ជា​ទូទៅ ​ថា​ Jokowi ​ បាន​ថ្លែង​នៅ​ថ្ងៃ​អាទិត្យ​នេះ​ ថា ​ លោក​នឹង​ជំរុញ​ឲ្យ​សមភាគី​រុស្ស៊ី​និង​អ៊ុយក្រែន​បើក​ឱកាស​ដើម្បី​ឲ្យ​មាន​ការ​ពិភាក្សា​គ្នា​ក្នុង​អំឡុង​បេសក​កម្ម​កសាង​សន្តិភាព​មួយ​ ហើយ​ក៏​បាន​ស្នើ​ឲ្យ​ប្រធានាធិបតី​រុស្ស៊ី​លោក ​ Vladimir Putin ​បញ្ជា​ឲ្យ​មាន​ការ​បទ​ឈប់​បាញ់​ភ្លាមៗ។ ​ មុន​ពេល​ធ្វើ​ដំណើរ​ទៅ​ចូលរួម​កិច្ច​ប្រជុំ​កំពូល​ G-7​ នៅ​ប្រទេស​អាល្លឺម៉ង់​ លោក​ បាន​ថ្លែង​ថា​ «សង្គ្រាម​ត្រូវតែ​បញ្ចប់ ​ ហើយ​សង្វាក់​ផ្គត់ផ្គង់​ចំណី​អាហារ​សកល​ត្រូវតែ​ដំណើរការ​ឡើង​វិញ»។ ​នេះ​បើ​យោង​តាម​សេចក្តី​រាយ​ការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​ Reuters។ ​
  • សមាជិក​នៃ​ប្រទេស​សេដ្ឋកិច្ច​ជឿនលឿន​ទាំង​ ៧​នៅ​ថ្ងៃ​អាទិត្យ ​នេះ​បាន​ប្រកាស​បំរាម​ហាម​ការ​នាំ​មាស​ពី​រុស្ស៊ី។ ​ការ​ថ្លែង​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​កំពូល​ G-7 ​ចាប់​ផ្តើម​នៅ​តំបន់​ជួរ​ភ្នំ ​Bavarian Alps ​ក្នុង​ប្រទេស​អាល្លឺម៉ង់ ​ គ្រា​សង្គ្រាម​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​កំពុង​បន្ត​ ហើយ​ផល​ប៉ះពាល់​នៃ​សង្គ្រាម​នេះ​កំពុង​បង្ក​ឲ្យ​មាន​ការ​ខ្វះខាត​ថាមពល​និង​វិបត្តិ​ចំណី​អាហារ។ ​ វិធានាការ​ដែល​ធ្វើ​ឡើង​ដោយ​ចក្រភព​អង់គ្លេស ​សហ​រដ្ឋ​អាមេរិក ​ជប៉ុន ​និង​កាណាដា​នេះ​ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ប្រឹងប្រែង​នានា​ដើម្បី​ពង្រឹង​ការ​ដាក់​ទណ្ឌកម្ម​លើ​រដ្ឋាភិបាល​រុស្ស៊ី ​និង​កាត់​ផ្តាច់​ចរន្ត​ហិរញ្ញវត្ថុ​ដែល​រុស្ស៊ី​ពឹង​ផ្អែក​ដើម្បី​គាំទ្រ​ការ​ឈ្លានពាន​លើ​ប្រទេស​អ៊ុយក្រែន ​រយៈពេល​ជាង​បួន​ខែ​មក​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters៕
19:53 24.6.2022

ថ្ងៃសុក្រ ទី ២៤ ខែមិថុនា៖

  • ប្រធានាធិបតី​អ៊ុយក្រែន​លោកVolodymyr Zelenskyy កាលពី​ថ្ងៃ​សុក្រ​បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​មហោស្រព​តន្ត្រី Glastonbury ដោយ​បាន​ថ្លែង​ជំរុញ​ឲ្យ​អ្នក​ចូលរួម​មហោស្រព​នេះ​សាមគ្គី​គ្នា​ដើម្បី​ព្យាយាម​បញ្ឈប់​សង្គ្រាម​នៅ​អ៊ុយក្រែន។ លោក Zelenskyy បាន​ថ្លែង​ជា​ភាសា​អង់គ្លេស​នៅ​ក្នុង​សារ​ជាវីដេអូ​ដែល​ត្រូវបាន​ថត​ទុក​ជាមុន​ទៅកាន់​មនុស្ស​រាប់​ពាន់នាក់​ដែល​បាន​ចូលរួម​មហោស្រព​តន្ត្រី​នេះ​នៅ​ទីក្រុង Worthy Farm ភាគ​និរតី​នៃ​ប្រទេស​អង់គ្លេស ។ លោក​បាន​ថ្លែង​ក្នុង​សម្លៀក​បំពាក់​អាវ​យឺត​ទាហាន​របស់​លោក​ថា៖ «រុស្ស៊ី​បាន​ប្លន់យក​សន្តិភាព​របស់​យើង»។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ ងារ​ព័ត៌មាន​បារាំង AFP។ ​
  • ជា​ថ្មី​ម្តង​ទៀត ចំនួន​ជនជាតិ​អ៊ុយក្រែន​ដែល​បាន​ឆ្លង​កាត់​ព្រំដែន​ចូល​ប្រទេស​ប៉ូឡូញ​បាន​កើន​ច្រើន​ជាង​ចំនួន​ជនជាតិ​អ៊ុយក្រែន​ដែល​បាន​ចាកចេញ​ពី​ប៉ូឡូញ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន​វិញ​ដែល​ខុស​គ្នា​កាលពីមួយ​ខែ​មុន។ នេះ​បើ​យោង​តាម​ទិន្នន័យ​របស់​ប៉ូឡូញ​កាលពី​ថ្ងៃ​សុក្រ។ យោង​តាម​អាជ្ញាធរ​ព្រំដែន​ប៉ូឡូញ​បាន​ឱ្យ​ដឹង​ថា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ​ ជនជាតិ​អ៊ុយក្រែន​ជា​មធ្យម​ជាង ៣ ពាន់​នាក់​បាន​ចូល​ក្នុង​ប្រទេស​ប៉ូឡូញ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។ ​
  • ប្រទេស​ប៉ូឡូញ​កំពុង​ទទួល​បាន​កម្ចីជា​ថវិកា​ចំនួន ៤៥០ លាន​អឺរ៉ូ (៤៧៤លាន​ដុល្លារ​អាមេរិក)ពី​ធនាគារ​មួយ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​នឹង​ក្រុម​ការពារ​សិទ្ធិមនុស្ស​មួយ​របស់​អឺរ៉ុប​ដើម្បី​ជួយ​ប៉ូឡូញ​ទប់ទល់​នឹង​ការហូរចូល​នៃ​ជន​ភៀសខ្លួន​ដែល​បាន​ភៀស​ខ្លួន​ពី​ប្រទេស​អ៊ុយក្រែន ដោយសារ​តែ​ការ​ឈ្លានពាន​របស់​រុស្ស៊ី។ ប៉ូឡូញ​និង​ក្រុម ប្រឹក្សា​នៃ​ធនាគារ​អភិវឌ្ឍ​អឺរ៉ុប​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​កម្ចី​នេះ​កាលពី​ថ្ងៃ​សុក្រ។ ចាប់​តាំង​ពី​ខែ​កុម្ភៈ​មក ជន​ភៀស​ខ្លួន​ប្រមាណ ៤ លាន ៣ សែន​នាក់​បាន​ឆ្លង​ព្រំដែន​ចូល​ប្រទេស​ប៉ូឡូញ បន្ទាប់ពី​រុស្ស៊ី​បាន​ចាប់ផ្តើម​ឈ្លានពាន​លើ​អ៊ុយក្រែន។ ប៉ូឡូញ​កំពុង​ផ្តល់​ទីជម្រក កិច្ចគាំពារ​ផ្នែក​សុខាភិបាល​និង​សង្គម​និង​ឱកាស​ទទួល​បាន​ការ​អប់រំ​និង​ការងារ​ដល់​ជនភៀសខ្លួន​ទាំង​អស់​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។

រូបឯកសារ៖ ប៉ូលិសព្រំដែនរូម៉ានីជួយសម្រួលដល់ការធ្វើដំណើររបស់ជនភៀសខ្លួនអ៊ុយក្រែនដែលភាគច្រើនជាស្ត្រីនិងកុមារ ក្រោយពួកគេបានទៅដល់តំបន់ឆ្លងព្រំដែន Isaccea-Orlivka ក្នុងប្រទេសរូម៉ានី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។
រូបឯកសារ៖ ប៉ូលិសព្រំដែនរូម៉ានីជួយសម្រួលដល់ការធ្វើដំណើររបស់ជនភៀសខ្លួនអ៊ុយក្រែនដែលភាគច្រើនជាស្ត្រីនិងកុមារ ក្រោយពួកគេបានទៅដល់តំបន់ឆ្លងព្រំដែន Isaccea-Orlivka ក្នុងប្រទេសរូម៉ានី ថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២២។

  • មជ្ឈមណ្ឌល​កីឡា​មួយ​នៅ​ទីក្រុង Kharkiv ត្រូវបាន​បំផ្លាញ​យ៉ាង​ដំណំ ក្រោយពី​រង​ការវាយប្រហារ​កាលពី​យប់​ថ្ងៃព្រហស្បតិ៍។ យោង​តាម​មន្ត្រី​អ៊ុយក្រែន​កាលពី​ថ្ងៃ​សុក្រ​ ក្លឹប​ពហុ​កីឡាដ្ឋានKharkiv បាន​ត្រូវ​កាំជ្រួច​មីស៊ីល​ចំនួន២គ្រាប់ ដែល​បាន​បង្ក​ឱ្យ​មាន​អគ្គិភ័យ​ហើយ​អគារ​នេះ​ស្ទើរតែ​ខូចខាត​ទាំង​ស្រុង។ ករណី​ស្លាប់​ឬ​រងរបួស​មិន​ទាន់​ត្រូវបាន​រាយការណ៍​នៅ​ឡើយ​ទេ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press។
  • ទីភ្នាក់ងារ​ឃ្លាំមើល​នុយក្លេអ៊ែរ​របស់​អង្គការ​សហប្រជាជាតិ កំពុង​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ឡើង​អំពី​ស្ថានភាព​របស់​បុគ្គលិក​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ Zaporizhzhia នៅ​អ៊ុយក្រែនដែល​កំពុង​គ្រប់គ្រង​ដោយ​ទាហាន​រុស្ស៊ី។ ទីភ្នាក់ងារ​ថាមពលបរិមាណូ​អន្តរជាតិ IAEA បាន​ថ្លែង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ សុក្រ​ថា៖ «ទីភ្នាក់ងារIAEA បាន​ដឹង​អំពី​សេចក្តី​រាយការណ៍​ថ្មីៗ​នៅ​ក្នុង​សារព័ត៌មាន​និង​តាម​ទីកន្លែង​ផ្សេងៗ​ទៀត ​ដែល​បង្ហាញ​ពី​ស្ថានភាព​ដុនដាប​ទៅៗរបស់​បុគ្គលិក​អ៊ុយក្រែន​នៅ​រោងចក្រ​ថាមពល​នុយក្លេអ៊ែរ​ដ៏​ធំ​បង្អស់​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន»។ ទីភ្នាក់ងារ​នោះ​បានបន្ថែម​ថា ខ្លួន​ចាំបាច់​ធ្វើដំណើរ​ទៅកាន់​រោងចក្រ​នោះ​ឲ្យ​បាន​ឆាប់​តាមតែ​អាច​ធ្វើ​បាន។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រុស្ស៊ី​កំពុង​តែ​ធ្វើ​ឲ្យ​មាន​អសន្តិសុខ​ចំណី​អាហារ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ ដោយ​ការវាយ​ប្រ ហារ​ដោយ​គ្រាប់​បែក​និង​បិទច្រក​ចេញចូល​លើ​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​ផ្សាយ​ដោយ​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​នៃ​បណ្តា​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ហៅ​ថា G-7 កាលពី​ថ្ងៃ​សុក្រ។ ក្រុម​រដ្ឋមន្ត្រី​ទាំង​នេះ​បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​រុស្ស៊ី​ «បញ្ឈប់​សកម្មភាព​វាយប្រហារ​របស់​ខ្លួន​ ហើយ​បាន​គំរាម​ចាត់​វិធានការ​ ហើយ​ឲ្យ​រស្ស៊ី​បើក​ច្រក​កំពង់ផែ​នានា​នៅ​តំបន់​សមុទ្រ​ខ្មៅ​ក្នុង​ប្រទេស​អ៊ុយក្រែន សម្រាប់​ការ​នាំចេញ​ចំណី​អាហារ»។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។ ​
  • អ្នក​នាំពាក្យ​ក្រសួង​ការពារ​ជាតិ​រុស្ស៊ីលោក Igor Konashenkov បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​អ្នក​ប្រយុទ្ធអ៊ុយក្រែន​ប្រមាណ ២ ពាន់​នាក់​កំពុង «ជាប់​គាំង» នៅ​ក្នុង​តំបន់ Hirske ដែល​ស្ថិត​ចម្ងាយ ២០ គីឡូម៉ែត្រ​ពី​ភាគខាង​ត្បូង​នៃ​ទីក្រុង Sievierodonetsk។ អ្នក​នាំពាក្យ​រូប​នេះ​បាន​អះអាង​ថា អ្នក​ជាប់​គាំង​នៅ​ទីនោះ រួមមាន​ទាហាន​អ៊ុយក្រែន​ចំនួន ១.៨០០ នាក់​និង​ទាហាន​ស៊ីឈ្នួល​បរទេស​ចំនួន ៨០ នាក់ រួមទាំង​ក្រុម​អ្នក​ប្រយុទ្ធ «Right Sector»។ ទីភ្នាក់ងារ​ព័ត៌មាន The Associated Press មិន​មាន​មធ្យោបាយ​ដើម្បី​បញ្ជាក់​ពី​ការលើកឡើង​របស់​អ្នកនាំពាក្យ​រុស្ស៊ី​បាន​ទេ ហើយ​លោក Igor Konashenkov ក៏​មិន​បាន​ផ្តល់​ភស្តុតាង ឬ​ព័ត៌មាន​លម្អិត​ផ្សេង​ទៀត​ដែរ។
  • លោក Serhiy Gaidai អភិបាល​តំបន់ Luhansk បាន​ឲ្យ​ដឹង​ថា កង​កម្លាំង​យោធា​អ៊ុយក្រែន​នឹង​ត្រូវ​ចាកចេញ​ពី​ទីក្រុង Sievierodonetsk។ លោក​ថា កង​ទ័ព​បាន​ទទួល​បញ្ជា​ឲ្យ​ចាកចេញ​ពី​ទីតាំង​នេះ ហើយ​ផ្លាស់​ទៅ​ទីតាំង​ថ្មី ក៏ប៉ុន្តែ​អភិបាល​តំបន់​រូប​នេះ​មិន​បាន​បញ្ជាក់​ថា​តើ​កងយោធា​អ៊ុយក្រែន​បាន​ចាកចេញ​ពី​ទីក្រុង Sievierodonetsk រួច​ហើយ​ឬ​ក៏​យ៉ាង​ណា​នោះ​ទេ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​បាន​ឲ្យដឹង​នៅ​ថ្ងៃ​សុក្រ​ថា សេចក្តី​សម្រេច​របស់​សហភាព​អឺរ៉ុប​ក្នុង​ការ​ផ្តល់​ឲ្យ​ប្រទេស​អ៊ុយក្រែន​នូវ​ឋានៈ​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប​ជា​ផ្លូវការ​ គឺជា​បញ្ហា«ផ្ទៃក្នុង»។ រុស្ស៊ី​បាន​កំពុង​ធ្វើ​ប្រតិបត្តិការ​យោធា​របស់​ខ្លួន​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន។ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី បាន​ប្រាប់​អ្នក​សារព័ត៌មាន​ថា៖ «ទាំង​នេះ​ជា​កិច្ចការ​ផ្ទៃក្នុង​របស់​សហភាព​អឺរ៉ុប។ វា​សំខាន់​សម្រាប់​យើង​ដែល​ដំណើរការ​នេះ​មិន​នាំ​មក​នូវ​បញ្ហា​ថែម​ទៀត​ដល់​រុស្ស៊ី និង​បញ្ហា​ឯទៀតៗ​ដល់​ទំនាក់​ទំនង​របស់​រុស្ស៊ី​ជាមួយ​ប្រទេស​ទាំងអស់​នោះ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP។
  • កាលពី​ព្រឹក​ថ្ងៃ​សុក្រ មន្ត្រី​អ៊ុយក្រែន​ក្នុង​តំបន់​ម្នាក់​បាន​ថ្លែង​តាម​ទូរទស្សន៍​ថា ស្រុក​មួយ​ដែល​ស្ថិត​នៅ​ភាគខាង​ត្បូង​នៃ​ទីក្រុង Lysychansk ក្នុង​តំបន់ Luhansk ត្រូវ​បាន​កង​កម្លាំង​យោធា​រុស្ស៊ី «ក្តោបក្តាប់​ទាំងស្រុង»។ ទីក្រុង Lysychansk ជា​ទីក្រុង​ដ៏​ធំ​ចុង​ក្រោយ​បង្អស់​មួយ​ដែល​អ៊ុយក្រែន​បាន​កាន់កាប់​នៅ​ក្នុង​តំបន់ Luhansk។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អាជ្ញាធរ​ក្នុង​តំបន់​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​សុក្រ​ថា មន្ត្រី​ដែល​តែងតាំង​ដោយ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​តំបន់ Kherson ភាគ​ខាង​ត្បូង​នៃ​ប្រទេស​អ៊ុយក្រែន​បាន​ស្លាប់​នៅ​ក្នុង​ករណី​ផ្ទុះ​មួយ។ នេះ​គឺជា​ករណី​វាយប្រហារ​ជា​បន្តបន្ទាប់​លើ​ក្រុម​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​រស្ស៊ី​នៅ​ក្នុង​តំបន់​នានា​នៃ​ប្រទេស​អ៊ុយក្រែន ដែល​ស្ថិត​នៅ​ក្រោម​ការ​គ្រប់គ្រង​របស់​រុស្ស៊ី។ ហើយ​នេះ​គឺជា​ករណី​សម្លាប់​ដំបូង​គេ​នៃ​មន្ត្រី​ដែល​គាំទ្រ​រដ្ឋាភិបាល​រុស្ស៊ី​នៅ​ក្នុង​ករណី​វាយ​ប្រហារ​នេះ ដែល​ត្រូវបាន​បញ្ជាក់។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ទាហានអ៊ុយក្រែនម្នាក់ឈរមើលស្ថានភាពបំផ្លិចបំផ្លាញសំណង់អគារនៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យា ក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ ២០២២។
ទាហានអ៊ុយក្រែនម្នាក់ឈរមើលស្ថានភាពបំផ្លិចបំផ្លាញសំណង់អគារនៃសាកលវិទ្យាល័យជាតិបច្ចេកវិទ្យា ក្នុងទីក្រុង Kharkiv ប្រទេសអ៊ុយក្រែន ថ្ងៃសុក្រ ទី ២៤ ខែមិថុនា ឆ្នាំ ២០២២។

  • អាជ្ញាធរ​នៅ​ក្នុង​ទីប្រជុំជន Derhachi ភាគ​ពាយព្យ​នៃ​ទីក្រុង Kharkiv បាន​ឲ្យដឹង​ថា ការបាញ់​ផ្តក់​យ៉ាង​ពេញ​ទំហឹង​របស់​ទាហាន​រុស្ស៊ី​បាន​កាត់ផ្តាច់​បណ្តាញ​ផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិ​និង​អគ្គិសនី​នៅ​ក្នុង​ទីប្រជុំ​ជន​នោះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • មន្ត្រី​យោធា​អ៊ុយក្រែន​បាន​ឲ្យ​ដឹង​ថា នៅ​ភាគខាង​ត្បូង​ប្រទេស​អ៊ុយក្រែន កាំជ្រួច​មី ស៊ីល​ចំនួន ៣ គ្រាប់​បាន​បាញ់​ចំ​ទីក្រុង​កំពង់ផែ Mykolaiv កាលពី​ថ្ងៃ​ព្រហស្បតិ៍ ខណៈ​ដែល​កាំជ្រួច​មីស៊ីល ២ គ្រាប់ទៀតបាន​បាញ់​ចំ​តំបន់​ក្បែរ​ទីក្រុង Odesa។ ទីភ្នាក់ងារ​ព័ត៌ មាន Reuters មិន​អាច​បញ្ជាក់​ដោយ​ឯករាជ្យ​លើ​សេចក្តី​រាយការណ៍​ស្តីពី​ស្ថានភាព​នៅ​តំបន់​នោះ​បាន​ទេ។
  • កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​មន្ត្រី​អាមេរិក​បាន​ឲ្យ​ដឹង​ថា សហរដ្ឋ​អាមេរិក​នឹង​ផ្តល់​ជំនួយ​ផ្នែក​សន្តិសុខ​ជា​ទឹកប្រាក់ ៤៥០ លាន​ដុល្លារ​បន្ថែម​ទៀត​ដល់​ប្រទេស​អ៊ុយក្រែន រួម​ទាំង​ប្រព័ន្ធ​រ៉ុក្កែត​វង់​ប្រតិបត្តិការ​ឆ្ងាយ​ទៀត​ផងដែរ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • ក្រុម​រដ្ឋមន្ត្រី​ផ្នែក​កសិកម្ម​និង​ការអភិវឌ្ឍ​និង​មន្ត្រី​ការបរទេស​មក​ពី​បណ្តា​ប្រទេស​ជុំវិញ​ពិភពលោក​បាន​ជួប​ប្រជុំ​ពិភាក្សា​គ្នា​នៅ​ទីក្រុង​ប៊ែឡាំង ប្រទេស​អាល្លឺម៉ង់ នៅ​ថ្ងៃ​សុក្រ នៅ​ក្នុង​សន្និសីទ​ស្តីពី​សន្តិសុខ​ចំណីអាហារ​ ខណៈ​មាន​ក្តី​ព្រួយបារម្ភ​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​អាច​បង្ក​ជា​គ្រោះ​ទុរភក្ស​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន។ តំណាង​ប្រទេស​ចំនួន៤០ រួមមាន​ប្រទេស​ដែល​រងផល​ប៉ះពាល់​ខ្លាំង​ជាង​គេ​ដូចជា នីហ្សេរីយ៉ា ទុយនីស៊ី និង​ឥណ្ឌូណេស៊ី នឹង​ចូលរួម​កិច្ច​ប្រជុំ​នេះ ដែល​មាន​ប្រធាន​បទ​ថា «សាមគ្គី ភាព​គ្នា​ដើម្បី​សន្តិសុខ​ចំណីអាហារ​សកលលោក» មុន​កិច្ច​ប្រជុំ​កំពូល​របស់​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ទាំង ៧ ហៅថា G-7 នៅ​ទីក្រុង Bavariaប្រទេស​អាល្លឺ ម៉ង់​ ដែល​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃ​អាទិត្យ។ នេះ​បើ​យោងតាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មានAFP។

រថយន្តមួយសំចតនៅស្ថានីយផលិតគ្រាបធញ្ញជាតិមួយកន្លែង ក្នុងអំឡុងពេលប្រមូលផលស្រូវសាឡី ក្នុងតំបន់ Odesa ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។
រថយន្តមួយសំចតនៅស្ថានីយផលិតគ្រាបធញ្ញជាតិមួយកន្លែង ក្នុងអំឡុងពេលប្រមូលផលស្រូវសាឡី ក្នុងតំបន់ Odesa ខណៈការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត នៅថ្ងៃទី ២៣ ខែមិថុនា ឆ្នាំ ២០២២។

  • ក្រសួង​សេដ្ឋកិច្ច​អាល្លឺម៉ង់​កំពុង​ពិចារណា​ប្រែក្លាយ​តំបន់​ខ្លះ​នៃ​បណ្តាញ​បំពង់​បង្ហូរ​ឧស្ម័នNord Stream 2 ទៅជា​ទីតាំង​ផ្សារភ្ជាប់​ស្ថានីយ​ឧស្ម័ន​ធម្មជាតិ​រាវ​មួយ​នៅ​តំបន់​ឆ្នេរ​សមុទ្រ​បាល់ទិក។ នេះ​បើ​យោង​តាម​សេចក្តីរាយការណ៍​របស់​កាសែត​អាល្លឺម៉ង់ Der Spiegel ដែល​ត្រូវបាន​ដកស្រង់​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • រដ្ឋាភិបាល​រុស្ស៊ី​ថា ខ្លួន​មិន​អាច​ឆ្លើយតប​នឹង​សេចក្តីរាយការណ៍​របស់​កាសែត​អាល្លឺម៉ង់ Der Spiegel ដែល​បាន​លើក​ឡើង​ថា អាល្លឺម៉ង់​កំពុង​ពិចារណា​លើ​ការ​កាត់ផ្តាច់​បណ្តាញ​បំពង់បង្ហូរ​ប្រេង Nord Stream 2 នោះ​ទេ។ យ៉ាងណា​មិញ លោក Dmitry Peskov អ្នក​នាំពាក្យ​រដ្ឋាភិបាល​រុស្ស៊ី​ បាន​ថ្លែង​ថា បើសិន​ជា​អាល្លឺម៉ង់​ចាត់​វិធានការ​ជាក់ស្តែង​លើ​ការកាត់ផ្តាច់​តំបន់​បង្ហូរ​ប្រេង​មែន​នោះ កិច្ចការ​ដំបូង​ដែល​រុស្ស៊ី​ត្រូវ​ធ្វើ គឺឲ្យ​ក្រុម​មេធាវី​ចាត់ចែង​លើ​កិច្ចការ​នេះ។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។
  • អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres បាន​ព្រមាន​ថា ពិភពលោក​នឹង​ប្រឈម «គ្រោះ​មហន្តរាយ» ដោយសារ​តែ​កង្វះខាត​ចំណីអាហារ​នៅ​ជុំវិញ​ពិភពលោក។ លោក​បាន​ឲ្យដឹង​ថា សង្គ្រាម​នៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​បាន​បង្ក​ឲ្យ​មាន «វិបត្តិ​ភាព​អត់ឃ្លាន​សកល​លោក​ដែល​មិន​ធ្លាប់​មាន​ពី​មុន» ដែល​កំពុងតែ​បង្ក​ផល​ប៉ះពាល់​ដល់​មនុស្ស​រាប់​លាននាក់​រួច​ទៅ​ហើយ។ លោក​បាន​ថ្លែង​ទៀត​ថា ពិភពលោក​ប្រឈម «ហានិភ័យ​ពិតប្រាកដ​ដែល​នឹង​ប្រកាស​នៅ​ឆ្នាំ ២០២២ នេះ» ហើយ​ថា «ឆ្នាំ ២០២៣ អាច​នឹង​ធ្ងន់ធ្ងរ​ជាង​នេះ»។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន The Associated Press៕

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG