ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជប៉ុន​បង្កក​ទ្រព្យ​សម្បត្តិ​រុស្ស៊ី ដែល​បញ្ជាក់​ច្បាស់​ពី​ទំនាក់​ទំនង​មិន​ច្បាស់លាស់​កាលពី​មុន​ជាមួយ​រុស្ស៊ី


នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ (Kim Kyung-Hoon/Pool Photo via AP)
នាយករដ្ឋមន្ត្រី​ជប៉ុន លោក Fumio Kishida ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ក្នុង​ទីក្រុង​តូក្យូ ប្រទេស​ជប៉ុន ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២២។ (Kim Kyung-Hoon/Pool Photo via AP)

ប្រទេស​ជប៉ុន​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ បាន​ប្រកាសដាក់​ទណ្ឌកម្មថ្មី​បន្ថែម​ទៀត​លើ​រុស្ស៊ី​ចាប់តាំង​ពី​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​ដែល​កំពុង​ផ្តល់​សញ្ញា​នៃ​ការ​ផ្លាស់ប្តូរ​ជំហរពី​ការឆ្លើយតប​ទន់ភ្លន់​និង​មិន​សូវ​ច្បាស់លាស់របស់​ជប៉ុន​ក្នុង​ពេល​កន្លង​ទៅប្រឆាំង​នឹងរដ្ឋាភិបាល​ក្រុង​មូស្គូ​ក្នុង​ពេល​ដែល​រុស្ស៊ី​ចូល​កាន់​កាប់​តំបន់ Crimea កាល​ពី​ឆ្នាំ​២០១៤។

ការដាក់​ទណ្ឌកម្ម​បន្ថែម​ចុង​ក្រោយ​នេះ​របស់​ជប៉ុន​ រួម​មាន​ការត្រួតពិនិត្យ​ការបម្លាស់ទី​និងទ្រព្យ​សម្បតិ្តរបស់​បុគ្គលជា​ច្រើនដែល​ជិតស្និទ្ធ​នឹងប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin និងមន្ត្រី​មួយ​ចំនួនទៀត​របស់​ប្រទេស​បេឡារុស​ផង​ដែរ។

ការដាក់​ទណ្ឌកម្ម​របស់​ជប៉ុន​ក៏​រួម​មាន​ផង​ដែរ ការហាមឃាត់​ការនាំចេញឧបករណ៍​ចម្រាញ់​ប្រេងទៅ​ឲ្យ​រុស្ស៊ី​និង​ឧបករណ៍​ប្រើប្រាស់​ទូទៅ​ផ្សេងៗ​ទៀត ​ទៅ​ឲ្យ​ប្រទេស​បេឡារុស​ដែលអាច​ត្រូវ​បាន​ប្រើ​ប្រាស់​ដោយពួក​យោធា​របស់​ប្រទេស​នេះ។ នេះ​បើតាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

ការដាក់​ទណ្ឌកម្ម​ថ្មីៗនេះ ជា​ការបន្ថែម​ទៅ​លើទណ្ឌកម្ម​ដែល​ជប៉ុន​បាន​ប្រកាស​ដាក់​រួច​ហើយ​កាល​ពី​ចុង​ខែ​កុម្ភៈ នៅពេល​ដែល​រដ្ឋាភិបាល​ក្រុង​តូក្យូ បានរារាំង​មិន​ឲ្យជន​ជាតិ​រុស្ស៊ី​មួយ​ចំនួន​ចូល​ក្នុង​ប្រទេស​របស់​ខ្លួន​និងបាន​បង្កក​ទ្រព្យ​សម្បត្តិ​របស់​មនុស្ស​មួយ​ចំនួនដែល​ក្នុង​នោះ​មាន​ទ្រព្យ​សម្បត្តិ​មួយ​ចំនួន​ត្រូវគេ​ជឿ​ថា ជា​កម្មសិទ្ធិរបស់​លោកPutin។

ចំណាត់ការ​បែប​នេះ ផ្ទុយ​ទៅ​នឹង​សុន្ទរកថា​ដែល​បាន​ធ្វើ​ឡើង​ដោយ​នាយក​រដ្ឋមន្ត្រី​ជប៉ុន​លោក Fumio Kishida នៅ​ដើម​ឆ្នាំ​នេះ។ ក្នុង​សន្ទរកថា​ស្តីពី​គោលនយោបាយ​កាល​ពី​ថ្ងៃ​ទី ១៧ ខែ​មករា​កន្លង​ទៅ លោក Kishida បាន​ថ្លែង​ថា រដ្ឋាភិបាល​ក្រុង​តូក្យូ បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការអភិវឌ្ឍ​នូវ​ទំនាក់​ទំនង​ដ៏​ទូលំ​ទូលាយ​មួយ​ជា​មួយប្រទេស​រុស្ស៊ី​ដែល​ក្នុង​នោះ​ក៏​រួម​មានកិច្ចសហប្រតិបត្តិការនៅ​ក្នុង​វិស័យ​ថាមពល​ផង​ដែរ។

តាម​ការស្ទង់​មតិ​មួយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Nikkei Asia និង​ទូរទស្សន៍​តូក្យូ​កាល​ពី​ថ្ងៃ​ទី២៥​ ដល់​ថ្ងៃទី​២៧ ខែ​កុម្ភៈ​កន្លង​ទៅ​បាន​ឲ្យ​ដឹង​ថា អ្នក​ឆ្លើយតប​ចំនួន៦១% ចង់​ឲ្យ​រដ្ឋាភិបាល​ជប៉ុន​អនុវត្ត​តាម​ប្រទេស​លោក​ខាង​លិច​នៅ​ក្នុង​ការដាក់​ទណ្ឌកម្ម​ប្រឆាំង​នឹង​រុស្ស៊ី​ ហើយ​មានអ្នកឆ្លើយតប​ក្នុង​ការ​ស្ទង់​មតិ​នោះ​តែ៣០%ប៉ុណ្ណោះ​ដែល​ចង់​ឲ្យ​ជប៉ុន​មាន​ដំណោះ​ស្រាយ​ខាង​ការទូត​ដោយ​ខ្លួន​ឯង៕

XS
SM
MD
LG