ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

site logo
ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី​ ក្រោយ​​រុស្ស៊ី​ឈ្លានពាន​​អ៊ុយក្រែន


ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden ប្រកាស​អំពី​ការ​ហាមឃាត់​ការ​នាំ​ចូល​ប្រេង​ពី​រុស្ស៊ី ដើម្បី​ជា​ការ​សងសឹក​ចំពោះ​ការ​ឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន នៅ​សេតវិមាន រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី៨ ខែមីនា ឆ្នាំ២០២២។ (AP Photo/Andrew Harnik)

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក លោក Joe Biden បាន​ប្រកាស​កាល​ពី​ថ្ងៃ​អង្គារ​ថា សហរដ្ឋ​អាមេរិក​បាន​សម្រេច​ហាមឃាត់​រាល់​ការ​នាំ​ចូលប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​រុស្ស៊ី ដែល​ជា​វិធានការ​លោក​ថា «នឹង​ប៉ះពាល់​យ៉ាង​ធ្ងន់ធ្ងរ​ដល់​ម៉ាស៊ីន​ធ្វើ​សង្គ្រាម​របស់​លោក​ Putin» ខណៈ​កងទ័ព​រុស្ស៊ី​បន្ត​វាយប្រហារ​លើ​អ៊ុយក្រែន។

ជំហាន​ថ្មី​នេះ​ ដែល​ត្រូវ​បាន​បង្ហាញ​នៅ​ក្នុង​បទបញ្ជា​ប្រធានាធិបតី​ ជា​វិធានការ​ចុងក្រោយ​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន ដើម្បី​គាប​សង្កត់​ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin។ លោក Putin ជា​បុគ្គល​ដ៏​មាន​ទ្រព្យ​ស្តុកស្តម្ភ​បំផុត​មួយ​រូប​លើ​ពិភពលោក ដែល​ត្រូវ​អ្នក​រិះគន់​ថា​លោក​ប្រមូល​ទ្រព្យ​ទាំង​នោះ​ដោយ​ទុច្ចរិត​ពី​ប្រទេស​ជាតិ​ដែល​នាំ​ប្រេង​ចេញ​របស់​លោក។ នៅ​ក្រោម​បទបញ្ជា​ថ្មី​នេះ សហរដ្ឋ​អាមេរិក​ក៏​ហាម​ឃាត់​រាល់​ការ​នាំ​ចូល​ប្រេងឆៅ ផលិតផល​ប្រេង ឧស្ម័ន​ធម្មជាតិ ធ្យូងថ្ម​និង​ផលិតផល​ធ្យូងធ្ម ក៏​ដូចជា​ហាមឃាត់​ពលរដ្ឋ​អាមេរិក​មិន​ឱ្យ​វិនិយោគ​ក្នុង​វិស័យ​ថាមពល​រុស្ស៊ី​ផង​ដែរ។

កាល​ពី​ឆ្នាំ​មុន សហរដ្ឋ​អាមេរិក​បាន​នាំ​ចូល​ប្រេងឆៅ​និង​ផលិតផល​ប្រេង​ចម្រាញ់​រួច​ជិត​៧០០.០០០​បារ៉ែល​ក្នុង​មួយ​ថ្ងៃ​ពី​រុស្ស៊ី ដែល​ចំនួន​នេះ​តិច​ខ្លាំង​ជាងបរិមាណ​ប្រមាណ​ដែល​អឺរ៉ុប​នាំ​ចូល​ពី​រុស្ស៊ី ប្រមាណ ​៤,៥​លាន​បារ៉ែល​ក្នុង​មួយ​ថ្ងៃ។​

លោក Biden ថ្លែង​ថា៖ «យើង​សម្រេចចាប់ផ្តើម​ដាក់​ការ​ហាមឃាត់​នេះ ដោយ​យល់​ច្បាស់​ថា​ សម្ពន្ធមិត្ត​អឺរ៉ុប​របស់​យើង​ជា​ច្រើនប្រហែល​ជា​មិន​មាន​លទ្ធភាព​ចូល​រួម​ជាមួយ​យើង​បាន​ទេ។ សហរដ្ឋ​អាមេរិក​ផលិត​ប្រេង​ក្នុង​ស្រុក​ច្រើន​ជាង​ប្រទេស​អឺរ៉ុប​ទាំង​អស់​បញ្ចូល​គ្នា។ ជា​ការ​ពិត យើង​ជា​អ្នក​នាំ​ចេញ​ថាមពល។ ដូច្នេះ​យើង​អាច​ចាត់​វិធានការ​នេះ ខណៈ​អ្នក​ដទៃ​មិន​អាច​ធ្វើ​បាន»។​

ព្រម​ពេល​ជាមួយ​គ្នា​នេះ​ដែរ ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​អង្គារ​និយាយ​ថា​ខ្លួន​នឹងកាត់​បន្ថយ​បន្តិច​ម្តងៗ​រហូត​អស់​នូវ​ការ​នាំចូល​ប្រេង​និង​ផលិតផល​ប្រេង​ពី​រុស្ស៊ី​ត្រឹម​ដំណាច់​ឆ្នាំ​នេះ។

លោក Biden ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គារ​ថា សមាជិក​អង្គការ​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ (International Energy Agency) បាន​យល់​ស្រប​គ្នា​ថា​នឹងបញ្ចេញ​រួមគ្នា​នូវ​ប្រេង​ឆៅ​ប្រមាណ​៦០​លាន​បារ៉ែល​ពី​កន្លែង​ស្តុក​ប្រេង​បម្រុង ដោយ​អាមេរិក​សន្យា​ថា​នឹង​បញ្ចេញ​ពាក់កណ្តាល​នៃ​បរិមាណ​នេះ។​

លោក Biden ថ្លែង​ថា​ លោក​បាន​ទទួល​ការ​គាំទ្រ​ពី​ទាំង​អ្នក​នយោបាយដែលជា​សម្ពន្ធមិត្ត និង​ទាំង​ពីអ្នក​ប្រឆាំង​នឹង​លោក។ សមាជិក​ព្រឹទ្ធសភា​លោក Kevin Cramer នៃ​រដ្ឋ North Dakota ថ្លែង​ថា៖ «វិធានការ​នេះ​ជា​ជំហាន​ចាំបាច់​សម្រាប់​ពិភពលោក។ កូន​អុក​សង្គ្រាម​របស់​លោក Vladimir Putin ពឹង​អាស្រ័យ​លើ​ចំណូល​ដែល​បាន​មក​ពី​ការ​លក់​ថាមពល ដោយ​ថាមពល​ខ្លះ​លក់​ឱ្យ​ពលរដ្ឋ​អាមេរិក ខណៈ​ដែល​យើង​មាន​ប្រេង​និង​ឧស្ម័ន​គ្រប់គ្រាន់​សម្រាប់​ខ្លួន​យើង​រួច​ទៅ​ហើយ និង​គ្រប់គ្រាន់​សម្រាប់​ពិភពលោក​ទៀត​ផង៕»

ព័ត៌មាន​ខ្លះ​មាន​ប្រភព​ពី​ទី​ភ្នាក់ងារ​ព័ត៌មាន​ Reuters

ប្រែសម្រួល​ដោយ​លោក សឹង សុផាត

XS
SM
MD
LG