ទីក្រុងហុងកុងនិងប្រទេសសិង្ហបុរីតែងតែជាគូប្រជែងនឹងគ្នា។ ស្ថិរភាពរដ្ឋាភិបាលនិងប្រព័ន្ធច្បាប់ដែលមានតម្លាភាពបានទាក់ទាញចំណាប់អារម្មណ៍ជនជាតិជាច្រើនចាប់តាំងពីទសវត្សរ៍១៩៦០មក ដោយបានដាក់ឈ្មោះតំបន់ទាំងពីរនេះថាជាមជ្ឈមណ្ឌលហរិញ្ញវត្ថុប្រចាំទ្វីបអាស៊ី។
បាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលដែលចាប់ផ្តើមផ្ទុះឡើងចាប់តាំងពីខែមិថុនាមក ឥឡូវនេះបានគម្រាមដល់អនុភាពរបស់ក្រុងហុងកុង។ មនុស្សរាប់លាននាក់បានចេញធ្វើមហាបាតុកម្មនៅតាមដងផ្លូវនានា បណ្តាលឲ្យមានការបិទព្រលានយន្តហោះ។ ការផ្ទុះអំពើហិង្សានៅតាមទីកន្លែងសាធារណៈកំពុងប៉ះពាល់ដល់ស្ថិរភាពនៅក្នុងទីក្រុង ជាកន្លែងដែលជនបរទេសជាច្រើនចង់យកធ្វើជាទីតាំងក្នុងតំបន់អាស៊ី។
ឥឡូវនេះជំហររបស់ប្រទេសសិង្ហបុរីគឺទទួលយកជនភៀសខ្លួនហុងកុង។
ក្រុងហុងកុងនឹងច្បាប់ផ្តើមគិតគូរអំពីប្រទេសសិង្ហបុរី ប្រសិនបើមានសញ្ញាបង្ហាញថា បាតុកម្មនឹងបន្តធ្វើក្នុងរយៈពេលយូរតទៅទៀត ហើយជាពិសេសប្រសិនបើពួកគេធ្វើឲ្យមានការផ្លាស់ប្តូរច្បាប់នោះ។
នេះមានន័យថា ជនបរទេសមកពីប្រទេសនានានឹងប្តូរទៅប្រទេសសិង្ហបុរី ឬយ៉ាងហោចណាស់អាចសម្រេចសហការដោយបន្ថែមបុគ្គលិកនៅសិង្ហបុរី ជាជាងនៅក្រុងហុងកុង នៅអំឡុងពេលពង្រីកសាខារបស់ខ្លួននៅក្នុងទ្វីបអាស៊ី។
លោក Rajiv Biswas ប្រធានក្រុមសេដ្ឋវិទូប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វីកនៃក្រុមហ៊ុនស្រាវជ្រាវទីផ្សារ IHS Markit បាននិយាយថា៖ «ឥឡូវនេះ វាអាស្រ័យលើថាតើស្ថានការណ៍នេះនឹងបន្តរហូតដល់ពេលណា។ ប្រសិនបើបាតុកម្មនៅតែអូសបន្លាយ ហើយការរំខានផ្សេងៗនៅតែបន្តកើតឡើងដូចនេះ នោះខ្ញុំគិតថា វានឹងប៉ះពាល់ដល់សេចក្តីទុកចិត្តទៅលើមជ្ឈមណ្ឌលហរិញ្ញវត្ថុមួយនេះ។ វាពិតជាអាចប៉ះពាល់ដល់លទ្ធភាពរបស់ក្រុងហុងកុង ក្នុងការប្រកួតប្រជែងនឹងប្រទេសសិង្ហបុរី»៕