ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកតាមដាន៖ ការ​បើកផ្លូវ​ឲ្យ​នាវា​ជប៉ុន​សំចត​នៅ​កំពង់ផែ​រាម​មុនគេ​ជា​យុទ្ធសាស្ត្រ​លាងជម្រះ​មន្ទិល​សង្ស័យ


ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចាប់ដៃស្វាគមន៍លោក Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)
ប្រធានព្រឹទ្ធសភាលោក ហ៊ុន សែន ចាប់ដៃស្វាគមន៍លោក Akiba Takeo ទីប្រឹក្សាសន្តិសុខជាតិនៃអគ្គលេខាធិការដ្ឋានសន្តិសុខជាតិជប៉ុន នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤។ (Facebook / Samdech Hun Sen of Cambodia)

អ្នក​តាម​ដានការ​វិវឌ្ឍ​សង្គម​បាន​វាយ​តម្លៃ​ថា ​រដ្ឋា​ភិបាល​កម្ពុជាកំពុង​ប្រើ​ប្រាស់«យុទ្ធ​សាស្ត្រ​មួយ​ដ៏​ពូកែ» ​នៅ​ក្នុងការបើក​ផ្លូវឲ្យ​នាវា​ជប៉ុនដែល​ជា​សម្ព័ន្ធ​មិត្ត​ចាក់​ទឹក​មិន​លេច​របស់​សហរដ្ឋអាមេរិក ចូល​ចតនៅ​កំពង់ផែកងទ័ព​ជើងទឹក​រាម​មុនគេ ​នៅ​ពេល​ដែល​ការសាង​សង់​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬ​ការ​ធ្វើ​ទំនើប​កម្មចប់​រួចរាល់​នៅ​ទី​នោះ​។​

កាល​ពី​ចុង​សប្តាហ៍​មុន​ លោក ​ហ៊ុន សែន ​ប្រធាន​ព្រឹទ្ធសភា​និង​ជា​ប្រមុខ​រដ្ឋ​ស្តីទី​ ប្រាប់លោក អាគីបា ​តាខេអូ ​(Akiba Takeo) ​ទីប្រឹក្សា​សន្តិ​សុខ​ជាតិនិង​ជា​អគ្គលេខា​ធិការ​នៃអគ្គ​លេខា​ធិការ​ដ្ឋាន​សន្តិសុខ​ជាតិ​ជប៉ុន នៅ​ក្នុង​ជំនួប​មួយនៅរាជ​ធានីភ្នំពេញ​ថា​៖ ​«​កម្ពុជា​នឹង​អនុញ្ញាត​ឲ្យ​នាវា​ជប៉ុន​ចូល​ចត​មុនគេនៅ​កំពង់​ផែរាម បន្ទាប់​ពី​ការ​សាង​សង់​រួចរាល់​»​។ ​នេះ​បើ​តាម​ការ​បង្ហោះ​សារ​លើ​ទំព័រ​ហ្វេស​ប៊ុក​របស់​លោក ហ៊ុន សែន កាល​ពីថ្ងៃ​ទី២០​ ខែ​ធ្នូ​។

ប្រធាន​វេទិកា​អនាគត ​(Future Forum) លោក​ អ៊ូ វីរៈ ​កត់​សម្គាល់​ថា ​នេះ​ជា​ «យុទ្ធ​សាស្ត្រ​មួយ​ដ៏​ពូកែ» ក្នុង​ការ​បង្វែរ​ស្ថាន​ការណ៍ជុំវិញ​ការ​ធ្វើ​ទំនើប​កម្ម​មូល​ដ្ឋានកង​ទ័ព​ជើង​ទឹករាម។

បើ​តាម​លោក អ៊ូ វីរៈ​ ការ​ណ៍​ដែល​កម្ពុជា​អនុ​ញ្ញាត​ឲ្យជប៉ុន​ចូល​ចតកំពង់​ផែ​រាម​មុន​គេ​នៅ​ពេល​សាង​សង់​រួចនោះ​ក៏​បង្ហាញ​ថា ​កម្ពុជា​ទុក​ចិត្តលើប្រទេស​ជប៉ុន​ ​ខណៈ​មហា​អំណាច​សេដ្ឋកិច្ច​អាស៊ី​មួយនេះជាដៃគូ​ដ៏​ជិត​ស្និទ្ធមួយ​របស់សហ​រដ្ឋអាមេរិក និង​ជា​ប្រទេស​ដែល ​«សន្សំ​សុខ ​ឬ​សន្សំ​សន្តិ​ភាព»។

លោក​ប្រាប់​វីអូអេ​នៅថ្ងៃពុធ​ថា៖ «ការ​ណ៍​ឲ្យ​ជប៉ុនចុះចតគឺជា​សញ្ញា​មួយ​ថា រាម​គឺ​ជា​ផែ​របស់​កម្ពុជា​ ​មិនមែន​របស់​ចិនទាំង​ស្រុង​ទេ ឬ​មួយ​របស់​ចិន​ទេ​។ ប៉ុន្តែ​សំណួរ​សួរ​ថា​ តើ​នឹង​ដូរ​មតិ​អន្តរជាតិ​ទាំង​ស្រុងទេ ខ្ញុំថា មិន​ដូរ​ទាំង​ស្រុងទេ​ ព្រោះ​ការ​ចុះ​ចត​ក៏​មិនមែន​បាន​ន័យ​ថា​ចិន​ មិន​អាច​ប្រើប្រាស់​ផែរាម នៅពេល​ណា​ដែល​ចិន​ត្រូវ​ការ​ឬ​មួយ​មាន​ការ​ស្នើ​មកកម្ពុជា​ទេ​ ជាពិសេស​ក្នុង​ស្ថានភាព​ដែល​មាន​ជម្លោះ​ណាមួយ​ក្នុង​ឆ្នេរ​សមុទ្រ​ចិន​ខាង​ត្បូង»។

ទោះ​យ៉ាងណាក្តី​ ក៏​លោក​ អ៊ូ វីរៈ យល់​ឃើញថា ​ទីតាំង​ផែ​រាម​មិន​មាន​សារ​សំខាន់​ខ្លាំង​ស​ម្រាប់ប្រទេស​ចិន​នោះ​ទេ ព្រោះ​សមុទ្រ​រាមស្ថិត​នៅ​ឆ្ងាយ​ពីតំបន់​សមុទ្រ​ចិនខាង​ត្បូង​ ដែល​កំពុង​មាន​ភាព​តាន​តឹងរវាង​ចិន​ និងបណ្តា ប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។

រូបឯកសារ៖ រូបភាពផ្កាយរណបបង្ហាញ​នាវាចម្បាំងពីររបស់ចិនសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (Planet Labs PBC via AP)
រូបឯកសារ៖ រូបភាពផ្កាយរណបបង្ហាញ​នាវាចម្បាំងពីររបស់ចិនសំចតនៅមូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។ (Planet Labs PBC via AP)

លោក​បន្ថែមថា កម្ពុជា​កំពុង​បង្ហាញ​ខ្លួន​ថា​ជា​ប្រទេស​កណ្តាល​និយម ដែល​ជាសញ្ញា​វិជ្ជមាន​មួយ​សម្រាប់​ប្រទេស​នេះ​ ខណៈ​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​នៅរក្សា​ឆន្ទៈ​ក្នុង​ការ​ពង្រីកឥទ្ធិពល​ខ្លួន​នៅ​ក្នុងតំបន់​ឥណ្ឌូប៉ាស៊ី​ហ្វិក​។

លោក អ៊ូ វីរៈ ថ្លែង​ថា៖ ​«យើង​វិភាគទៅ គឺចិន​មានឆន្ទៈ​ក្នុងការ​មានឥទ្ធិពល​ក្នុង​តំបន់​ ប៉ុន្តែ​មិន​មាន​ផល​ប្រយោជន៍​យោធា​ជា​ខ្នាត​ធំ​ទេ​។ ដោយ​សារ​អ៊ីចឹង​ហើយ​បាន​កម្ពុជា​ដែល​អាច​ថែរក្សា​រូបភាព​ជា​ប្រទេស​អព្យាក្រឹតនៅ​ក្នុង​ស្ថាន​ភាព​តាន​តឹង មហា​យក្ស​ទាំង​ឡាយ​ហ្នឹង​គឺ​ជារឿងមួយ​ល្អ។​ ​ហើយ​កា​រអនុញ្ញាត​ជប៉ុន​ចូល​ចត​[នាវា]​មុន​ដំបូង​គេ គឺ​ជា​យុទ្ធ​សាស្ត្រ​មួយ​ដ៏​ពូកែ ​ដ៏​ល្អ​បំផុត​»​។ ​

​បើតាម​លោក អ៊ូ វីរៈ ​ការ​ចោទ​ប្រកាន់​និង​ការ​សង្ស័យ​របស់​សហរដ្ឋ​អាមេរិក​ជុំវិញ​មូលដ្ឋាន​កង​ទ័ពជើង​ទឹក​រាម​នេះកើត​ឡើង ​បន្ទាប់​ពី​កម្ពុជា​បានវាយ​កម្ទេច​អគារ​ដែល​អាមេរិក​បានជួយ​សាង​សង់នៅ​ក្នុង​កំពង់​ផែ​រាម​នោះ​ ហើយ​ជំនួសមក​វិញ​នូវ​អគារ​របស់​ចិន ដែលសាង​សង់​ដោយ​ក្រុម​កង​ទ័ព​រំដោះ​ប្រជា​ជន​ចិន​ តាម​រយៈ​ជំនួយ​ឥត​សំណង​របស់​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​ នៅ​ឆ្នាំ​ ២០២២​។ ​

ប្រធានវេទិកាអនាគតរូបនេះ​បាន​ឲ្យដឹង​ទៀតថា ​ដើម្បី​កាត់​បន្ថយ​ការ​ចោទប្រកាន់ជុំវិញ​ការ​តាំង​ទី​របស់​កងទ័ពចិន​នៅ​មូលដ្ឋានកង​ទ័ព​ជើង​ទឹករាមនោះ ​កម្ពុជា​ត្រូវ​តែ​បើក​ចំហ​និង​បង្កើត​ទំនាក់​ទំនង​ល្អ​ជាមួយសហរដ្ឋ​អាមេរិក​ឡើងវិញ ដែល​រួម​មាន​ការ​ធ្វើ​សម​យុទ្ធ​យោធា​រួម​គ្នា ​ដូចកាល​ពីកន្លង​ទៅជា​ដើម​ និង​ធ្វើ​យ៉ាង​ណា​ដើម្បី​កុំ​ឲ្យ​គេ​មើល​ឃើញ​ថា ​កម្ពុជា​ពឹង​ផ្អែក​លើប្រទេស​ចិន​ទាំង​ស្រុង​ រួម​ទាំងសេដ្ឋកិច្ចនិង​យោធា ​ហើយ​ត្រូវតែ​មាន​តម្លាភាព​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ប្រទេស​នានាចូល​ចត​កំពង់ផែ​រាម​ ដោយ​កុំ​ឲ្យ​មាន​ការ​ចូល​ចត​យូររបស់​នាវា​ចិន​។

នាវា​របស់​ចិន​បាន​ឆ្លាស់​វេន​គ្នា​ចេញ​ចូល​កំពង់​ផែ​រាម​ ចាប់​តាំង​ពី​ដំណើរ​ការ​កែលម្អ​ដែល​ផ្តល់​លុយ​ដោយ​ទីក្រុង​ប៉េកាំង កាលពី​ខែមិថុនា​ ឆ្នាំ ​២០២២​។ ប្រទេស​កម្ពុជា​បាន​បដិសេធ​ចោល​សេចក្តី​រាយ​ការណ៍​នា​នា​នៃ​កិច្ច​ព្រមព្រៀង​សម្ងាត់​ជាមួយ​ចិន​ ដើម្បី​តាំង​ទី​កងទ័ព​ចិននៅ​មូលដ្ឋានកងទ័ព​ជើង​ទឹករាម។​ នេះបើ​តាម​ទីភ្នាក់​ងារ​ព័ត៌មាន​ Reuters។

អ្នកវិភាគ​នយោបាយ លោក មាស នី ប្រាប់​វីអូអេ​ថា​ ការ​ណ៍​ដែល​កម្ពុជា​អនុញ្ញាត​ឲ្យ​នាវា​ជប៉ុន​ចូល​ចត​មូល​ដ្ឋានកង​ទ័ពជើងទឹករាម ​ពេលសាងសង់​រួច​នោះ​ គឺ​ជាការ​សម្រេច​ចិត្ត​ត្រឹមត្រូវ និង​ថា ​ការ​បើក​ចំហ​ប្រកប​ដោយ​តម្លាភាពនៅ​មូលដ្ឋាន​ទ័ព​ជើង​ទឹក​នោះ​ ​នឹង​អាច​លុប​បំបាត់​នូវ​មន្ទិល​សង្ស័យ​នានា​ ហើយ​ក៏ជា​ផ្នែក​មួយ​ដែលអនុញ្ញាត​ឲ្យ​កម្ពុជា​អាចចាប់ផ្តើមកសាងទំនាក់ទំនងល្អ​ឡើងវិញជាមួយ​បស្ចិម​ប្រទេស។ ​

​លោក មាស នី ​ថ្លែង​ថា៖ «ការបើក​ចំហ​ជារឿង​សំខាន់ ដូច្នេះ​ខ្ញុំ​គិត​ថា ការ​បើក​ចំហ​របស់​រដ្ឋា​ភិបាល​កម្ពុជា​វា​អាច​ជា​ជំហាន​មួយ​ល្អ ​សម្រាប់​នយោ​បាយ​ការបរទេស​កម្ពុជា​ក្នុង​ពេល​បច្ចុប្បន្ន»​។

វីអូអេ​មិន​ទាន់​អាច​សុំ​ការអត្ថា​ធិប្បាយពីអ្នកនាំពាក្យ​រដ្ឋាភិបាលលោក ប៉ែន បូណា ​បាននៅ​ឡើយ​ទេ​។ ដោយ​ឡែក ស្ថានទូតជប៉ុនប្រចាំ​ប្រទេស​កម្ពុជា​ បានបញ្ជាក់​ប្រាប់វីអូអេ​តាម​សារអ៊ីមែលនៅ​ថ្ងៃពុធ​នេះ​ថា លោក ហ៊ុន សែន បាន​ថ្លែង​ប្រាប់​លោក Akiba Takeo ថា «លោក​ចង់​ស្វាគមន៍​នាវា​ជប៉ុន​មុនគេ​» នៅពេលដែលការធ្វើទំនើបកម្ម​នៅ​មូលដ្ឋានកងទ័ពជើងទឹករាម​បាន​បញ្ចប់។ ក៏ប៉ុន្តែ មិនទាន់មានការ​កំណត់​កាលបរិច្ឆេទ​នៃ​ការ​សំចតរបស់​នាវាជប៉ុននៅ​ឡើយទេ។

នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
នាវា​ចម្បាំង​សហរដ្ឋ​អាមេរិក USS SAVANNAH មក​ដល់​កំពង់ផែ​ក្រុង​ព្រះសីហនុ នៅ​ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

អ្នកនាំ​ពាក្យ​ក្រសួងការ​ពារ​ជាតិ​នាយ​ឧត្តម ឈុំ សុជាត ​ប្រាប់វីអូអេ​តាម​ប្រព័ន្ធ​ទំនាក់​ទំនង​តេឡេ​ក្រាម​នៅ​ថ្ងៃពុធ​ថា​ លោក​មិន​ទាន់​មាន​ព័ត៌មាន ស្តី​អំពី​ការ​បញ្ចប់​ការ​សាង​សង់​មូលដ្ឋាន​បញ្ជា​ការ​ដ្ឋាន​កងទ័ព​ជើង​ទឹក​រាម​នៅ​ឡើយ​ទេ។ លោកក៏​បានបដិសេធ​មិនធ្វើ​អត្ថា​ធិប្បាយនូវ​សំណួរ​ផ្សេង​ទៀត​ ពាក់ព័ន្ធ​នឹង​ពេល​វេលា​ជាក់​លាក់​ណាមួយ​នៃ​ការ​ចូលចត​របស់នាវា​ជប៉ុន​នៅ​មូល​ដ្ឋាន​កង​ទ័ពជើង​ទឹក​រាម​ផងដែរ។ ​

​គួររំឭក​ថា ជំនួប​រវាង​ប្រធានព្រឹទ្ធ​សភា​លោក​ហ៊ុន សែន និង​ លោក អាគីបា ​តាខេអូ ​(Akiba Takeo) ​ទីប្រឹក្សា​សន្តិ​សុខ​ជាតិ​ជប៉ុន​ កើតឡើង​នៅពេល​មាន​ការ​ចូលចត​នាវា​ចម្បាំង ​USS SAVANNAH​ របស់​សហរដ្ឋ​អាមេរិក ​នៅ​កំពង់​ផែទឹក​ជ្រៅ​ក្រុង​ព្រះសីហនុ​រយៈ​ពេល​ ៥ ថ្ងៃ​ បន្ទាប់ពី​ការ​ខក​ខាន​អស់​រយៈពេល​ ៨ ឆ្នាំ​។ ​

ឧត្តម​នាវី​ Samuel J. Paparo មេបញ្ជា​ការ​នៃ​បញ្ជា​ការ​ដ្ឋាន​តំបន់​ឥណ្ឌូ​ប៉ាស៊ី​ហ្វិក ដែលបាន​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ក្នុង​អំឡុង​ការ​ចូលចត​របស់នាវាចម្បាំង USS SAVANNAH នៅកំពង់ផែ​ស្វយ័តក្រុង​ព្រះសីហនុ​ បាន​ថ្លែង​ក្នុង​សន្នីសិទ​ព័ត៌​មាន​មួយ​ថា​ សហ​រដ្ឋ​អាមេរិកនៅបន្ត​រង់​ចាំ​មើល​ឥរិយាបថ​របស់​ទំនាក់​ទំនង​នៃ​កង​ទ័ព​រំដោះ​ប្រជាជន​ចិន​នៅ​មូលដ្ឋាន​កងទ័ពជើងទឹករាម​របស់​កម្ពុជា​។ លោក Paparo បាន​ថ្លែង​បន្តថា ​នៅពេល​វេលា​សមស្របមួយ​ សហរដ្ឋ​អាមេរិក​អាច​មាន​ការ​បំពេញ​ទស្សនកិច្ច​នៅកំពង់​រាម ខណៈ​សហរដ្ឋ​អាមេរិកនៅ​បន្តឈ្វេង​យល់​ឲ្យបាន​កាន់​តែ​ច្រើន​អំពី​សកម្មភាព​របស់​ចិន​នៅ​ទីនោះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG