ការតវ៉ារបស់ប្រជាពលរដ្ឋទំនោរទៅរកលទ្ធិប្រជាធិបតេយ្យនៅទីក្រុងហុងកុង ដែលបានអូសបន្លាយអស់រយៈពេលជាងបីខែមកនេះ បានបង្ខំឲ្យចៅហ្វាយក្រុងហុងកុង គឺអ្នកស្រី Carrie Lam ប្រកាសបោះបង់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័នដ៏ចម្រូងចម្រាស។
ក្រុមអ្នកវិភាគនិងអ្នកនយោបាយកម្ពុជាយល់ដូចគ្នាថាការដកថយរបស់អភិបាលរដ្ឋស្វយ័តនេះគឺជាជោគជ័យមួយរបស់ក្រុមអ្នកតវ៉ាដែលភាគច្រើនគឺជាក្រុមយុវជននិងបញ្ញវន្ត។ ក៏ប៉ុន្តែជោគជ័យរបស់ក្រុមអ្នកតវ៉ានៅហុងកុងទំនងជាមិនមែនជាគំរូល្អសម្រាប់ប្រទេសកម្ពុជានោះទេ។
លោកបណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគនយោបាយនៅប្រទេសកម្ពុជា មានប្រសាសន៍ថា លំហ ប្រជាធិបតេយ្យនៅទូលាយរបស់ទីក្រុងហុងកុងដែលបានប្រកាន់យកប្រព័ន្ធគ្រប់គ្រងរដ្ឋតាមចក្រភពអង់គ្លេសនោះ បានធ្វើឲ្យការតវ៉ារបស់ប្រជាពលរដ្ឋនៅទីក្រុងហុងកុង ប្រព្រឹត្តទៅបានដោយមិនរងការបង្ក្រាបហិង្សាពីក្រុមអាជ្ញាធរ។
«ម្ល៉ោះហើយ គឺជនជាតិហុងកុង មានសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ ប្រមូលផ្តុំគ្នា ហើយជាពិសេសធ្វើបាតុកម្ម រួមទាំងធ្វើការបាតុកម្ម ប្រឆាំងនឹងសេចក្ដីសម្រេចនានា របស់រដ្ឋាភិបាលផងដែរបាទ»។
ដោយឡែកលោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យនៅប្រទេសកម្ពុជា កត់សម្គាល់ឃើញថា ភាពស្រុះស្រួលគ្នានៃប្រជាពលរដ្ឋនៅទីក្រុងហុងកុង គឺជាកត្តាជោគជ័យក្នុងការទាមទារឲ្យរដ្ឋបាលហុងកុងបោះបង់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ន។ ក៏ប៉ុន្តែ លោកថា ស្ថានភាពនៅហុងកុង មិនដូចគ្នានឹងស្ថានភាពនៅក្នុងប្រទេសកម្ពុជានោះទេ។
«ពលរដ្ឋកម្ពុជាអត់មានការស្រុះស្រួលគ្នាទេ មានការភ័យខ្លាច ពលរដ្ឋហុងកុងអត់មានការភ័យខ្លាច អត់មានរងសម្ពាធខ្លាំងពីការគេហៅថា ចាប់ចងខ្លាំងអី ឬក៏ភ័យពាក់ព័ន្ធនឹងសុវត្ថិភាពខ្លាំងក្លាទេ។ ហើយមានការជួយជ្រោមជ្រែងទាំងពីលោកខាងលិច គឺអង់គ្លេស និងសហរដ្ឋអាមេរិក។ ដោយឡែក ពលរដ្ឋកម្ពុជា នៅពុំទាន់មានការគាំទ្រខ្លាំងក្លា ដូចពលរដ្ឋហុងកុងទេ»។
ក្រុមបាតុករហុងកុងបានចេញមកតាមផ្លូវនានាកាលពីដើមខែមិថុនា ដើម្បីទាមទារឲ្យរដ្ឋបាលរបស់ដែនដីកោះនេះដកសេចក្ដីព្រាងច្បាប់ស្តីពីបត្យាប័ន។សេចក្ដីព្រាងច្បាប់ដែលនឹងអនុញ្ញាតឲ្យបញ្ជូនជនសង្ស័យជាឧក្រិដ្ឋជនទៅកាន់ចិនដីគោកដើម្បីកាត់ទោសនៅតុលាការដែលត្រួតត្រាដោយគណបក្សកុម្មុយនិស្តចិនដែលជាគណបក្សកាន់អំណាច។
ក្រុមបាតុករទំនោរខាងប្រជាធិបតេយ្យព្រួយបារម្ភថាសេចក្ដីព្រាងច្បាប់នេះនឹងនាំឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពនិងលំហប្រជាធិបតេយ្យហុងកុងនៅថ្ងៃខាងមុខ។
មនុស្សជាង៧០០នាក់ត្រូវបានចាប់ខ្លួននៅអំឡុងពេលបាតុកម្ម ដែលបានទាមទារធ្វើការបោះឆ្នោតជ្រើសរើសមេដឹកនាំទីក្រុងដោយផ្ទាល់ និងទាមទារឲ្យលោកស្រី Carrie Lam ចុះចេញពីតំណែងផងដែរ។
លោកបណ្ឌិតឡៅ ម៉ុងហៃ ពន្យល់ថាទីក្រុងហុងកុងមានសិទ្ធិស្វ័យសម្រេចចំពោះមុខក្រុមបាតុករ បើទោះជាហុងកុងស្ថិតក្រោមការត្រួតត្រារបស់ប្រទេសចិនក៏ដោយ ដោយហេតុថាកិច្ចព្រមព្រៀងរវាងរដ្ឋាភិបាលទីក្រុងប៉េកាំង និងចក្រភពអង់គ្លេសឆ្នាំ១៩៩៧បានចែងថាចំពោះទីក្រុងហុងកុងស្ថិតក្នុងប្រទេសចិនតែមួយ តែមានប្រព័ន្ធគ្រប់គ្រងពីរ (One Country, Two Systems)។
កិច្ចព្រមព្រៀងនោះមានអាយុ៥០ឆ្នាំ ដោយរាប់ចាប់ពីថ្ងៃប្រគល់ដែនដីហុងកុងទៅឲ្យចិនដីគោកវិញ។
បើងាកមកមើលប្រទេសកម្ពុជាវិញនោះ អ្នកវិភាគនយោបាយចាស់វស្សារូបនេះ យល់ថា ពលរដ្ឋកម្ពុជា មិនអាចធ្វើអ្វីដូចពលរដ្ឋក្រុងហុងកុងបានធ្វើនោះទេ គ្រាដែលអាជ្ញាធរបានបង្កើនការរឹតបន្តឹងលើសិទ្ធិសេរីភាពរបស់ពលរដ្ឋនៅប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មួយនេះ។
កាលពីឆ្នាំ២០១៣ ក្រុមអ្នកតវ៉ាមកពីគណបក្សប្រឆាំងរាប់សែននាក់នៅប្រទេសកម្ពុជា បានចេញតវ៉ានៅតាមដងផ្លូវស្ទើរតែជិតមួយឆ្នាំដើម្បីប្រឆាំងនឹងលទ្ធផលនៃការបោះឆ្នោតនិងទាមទារការដំឡើងប្រាក់ឈ្នួលកម្មករ ក៏ប៉ុន្តែការតវ៉ាទ្រង់ទ្រាយធំនោះ ត្រូវបានបញ្ចប់ដោយការបង្ក្រាបរបស់អាជ្ញាធរ។
បើធៀបនឹងចលនាតវ៉ានៅទីក្រុងហុងកុង ការតវ៉ានៅក្នុងប្រទេសកម្ពុជាកាលពីប្រាំមួយឆ្នាំមុនមានលក្ខណៈសន្តិវិធីជាង។ ប៉ុន្តែទោះជាយ៉ាងណា ក្រុមអាជ្ញាធរកម្ពុជាបានបង្ក្រាបបាតុកម្មដ៏រ៉ាំរ៉ៃនោះ។ ការបង្ក្រាបនោះ បានធ្វើមនុស្សបួននាក់បានស្លាប់ និងម្នាក់បាត់ខ្លួន ហើយរបួសជាច្រើននាក់ផ្សេងទៀត។ ដោយឡែកសកម្មជនសិទ្ធិមនុស្ស២៣នាក់ត្រូវបានចាប់ខ្លួន។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាច ព្រមានថា បើសិនមានការតវ៉ាដូចអ្វីដែលបានផ្ទុះឡើងនៅទីក្រុងហុងកុងនោះ កម្ពុជានឹងចាត់វិធានការទៅតាមច្បាប់របស់កម្ពុជា។
«យើងចាត់វិធានការតាមគោលការណ៍ច្បាប់របស់ប្រទេសយើង»។
លោកមិនបានបញ្ជាក់លម្អិតអំពីវិធានការបែបណានោះទេ។ ប៉ុន្តែលោកបញ្ជាក់ថាកម្ពុជានឹងប្រើប្រាស់គោលការណ៍លទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋរបស់ខ្លួន ដើម្បីជាបង្អែកស្រាយរាល់បញ្ហា។
លោកបណ្ឌិតឈាង វណ្ណារិទ្ធ អ្នកវិភាគកិច្ចការតំបន់ និងនាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ថា រាល់ការតវ៉ាដែលមានលក្ខណៈប្រហាក់ប្រហែលនៅក្នុងទីក្រុងហុងកុងនោះ នឹងមិនអាចទទួលបានការស្វាគមន៍ពីរដ្ឋាភិបាលកម្ពុជានោះទេ។
«គឺរដ្ឋាភិបាល គាត់ឲ្យតម្លៃលើ peace; stability [សន្តិភាព ស្ថិរភាព] មុនហើយ អ៊ីចឹងគាត់ take all measures [ចាត់គ្រប់វិធានការគ្រប់យ៉ាង] ដើម្បីធ្វើយ៉ាងណាធានាបាន នូវស្ថិរភាពហ្នឹង អាហ្នឹងប្រហែលជាអាហ្នឹង ជាស្នូល ទិសដៅស្នូល ហើយជាផលប្រយោជន៍ស្នូលនោះបាទ»។
អ្នកវិភាគកិច្ចការតំបន់រូបនេះ បង្ហាញការជឿជាក់របស់លោកថាបណ្ដារដ្ឋាភិបាលមួយចំនួនក្នុងតំបន់អាស៊ីអាគ្នេយ៍ នឹងមិនអនុញ្ញាតឲ្យមានការចលនាមហាជនផ្ទុះឡើង ដើម្បីផ្ដួលរំលំរដ្ឋាភិបាលនោះទេ។ ដូច្នេះ ការរក្សាបានសន្តិសុខ និងស្ថិរភាពក្នុងប្រទេសនីមួយៗនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាកត្តាចំាបាច់បំផុត។ លោកអះអាងថាលំហប្រជាធិបតេយ្យ មិនអាចបើកទូលាយបាននោះទេ បើសន្តិសុខមិនផ្ដល់អំណោយផលនោះ។
លោក ប៉ូ សូវីនដា និស្សិតថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Griffith ប្រទេសអូស្ត្រាលី និងជាអ្នកស្រាវជ្រាវមួយរូបនៅវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព ឬ ហៅកាត់ថា CICP មានទស្សនៈដូចគ្នានឹងលោកបណ្ឌិត ឈៀង វណ្ណារិទ្ធដែរ។
«ទិដ្ឋភាពនៅហុងកុងហាក់ដូចជាកើតឡើងទៅដោយ ថ្វីត្បិតតែមានការប្រកាសពីរដ្ឋាភិបាលចិនក៏ដោយ ក៏ប៉ុន្តែទិដ្ឋភាពស្រុកខ្មែរ បើសិនជាកើតឡើងដូចហុងកុង វាអាចខ្លាំងជាង ហុងកុង វាអាចមានការបង្ក្រាបខ្លាំងជាងនៅហុងកុងទៀត។ អ៊ីចឹងទិដ្ឋភាពពីរហ្នឹងខុសគ្នា អត់ដូចគ្នាទេ»។
ការតវ៉ារបស់ប្រជាពលរដ្ឋក្នុងទីក្រុងហុងកុង កំពុងក្លាយជាចំណុចទាល់ច្រកមួយ។
ក្រុមបាតុករនៅទីក្រុងហុងកុងមួយចំនួនបានប្រាប់បណ្ដាញព័ត៌មានអន្តរជាតិថា ការប្រកាសជំហររបស់លោកស្រី ឡាំ ដែលសម្រេចទម្លាក់ចោលសេចក្ដីព្រាងច្បាប់ស្ដីពីបត្យាប័ននោះ គឺហាក់ដូចជាយឺតពេលបន្តិច និងជាលទ្ធផលតូចមួយប៉ុណ្ណោះ។
ការទាមទារ៤ចំណុចសំខាន់ៗផ្សេងទៀត ដែលបានក្លាយជាចលនាតវ៉ាប្រឆាំងបន្ថែមទៀតដែលធ្វើឲ្យការតវ៉ាបន្តអូសបន្លាយ។ក្នុងនោះរួមមានការស៊ើបអង្កេតឯករាជ្យពីអំពើព្រៃផ្សៃរបស់ប៉ូលិសប្រឆាំងនឹងពួកបាតុករ ការដោះលែងអ្នកទោសដោយគ្មានលក្ខខណ្ឌ ការមិនចាត់ទុកការតវ៉ាប្រឆាំងជា «កុប្បកម្ម» ហើយនិងអនុញ្ញាតឲ្យទីក្រុងហុងកុងជ្រើសរើសមេដឹកនាំដោយខ្លួនឯង។
ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជាលោក Wang Wentian បានយកទីតាំងកម្ពុជាដើម្បីធ្វើសេចក្ដីថ្លែងការណ៍មួយកាលពីខែសីហា ដោយវាយប្រហារសហរដ្ឋអាមេរិកធ្ងន់ៗថា សហរដ្ឋអាមេរិកកំពុងផ្ដល់ការគាំទ្រដល់ក្រុមបាតុករនៅទីក្រុងហុងកុង។
តាមលោក Wang ការផ្ដល់ការគាំទ្រនេះ បានញ៉ាំងឱ្យមានចលនាបដិវត្តន៍ពណ៌ជាច្រើន ដែលបានផ្ទុះឡើងនៅអឺរ៉ុបខាងកើត អាស៊ីកណ្ដាល ព្រមទាំងក្នុងបណ្ដាប្រទេសមួយចំនួននៅទ្វីបអាហ្វ្រិក។
ភ្លាមៗនោះ រដ្ឋាភិបាលកម្ពុជាបានចេញសេចក្ដីគាំទ្រទាំងស្រុងចំពោះបទអធិប្បាយនយោបាយរបស់ឯកអគ្គរដ្ឋទូតចិន។
អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានគេរំលាយកាលពីឆ្នាំ២០១៧ មើលឃើញថា ការប្រកាសគាំទ្ររបស់រដ្ឋាភិបាលខ្មែរបែបនេះ មិនមានអីជារឿងចម្លែកទេ ដោយសារមេដឹកនាំកម្ពុជាត្រូវការការគាំទ្រពីប្រទេសចិន៕