ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​ជំនាញ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ​បង្ហាញ​ក្តីបារម្ភ​ខ្លាំង​ចំពោះ​ការ​បណ្តេញ​ចេញ​នៅ​តំបន់​អង្គរ


រូបឯកសារ៖ បដាធ្វើពីថ្ម​ឆ្លាក់​អក្សរបង្ហាញពីគម្រោង​អភិវឌ្ឍន៍​ភូមិធម្មជាតិ​រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ បដាធ្វើពីថ្ម​ឆ្លាក់​អក្សរបង្ហាញពីគម្រោង​អភិវឌ្ឍន៍​ភូមិធម្មជាតិ​រុនតាឯក ស្ថិតនៅឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

ខណៈ​មានការ​បន្តបណ្តេញ​ចេញ​ពលរដ្ឋ​ពីតំបន់​អង្គរ​ អ្នកជំនាញ​សិទ្ធិមនុស្សអង្គការ​សហ​ប្រជាជាតិ​នាពេល​ថ្មីៗ​នេះ​ បាន​បង្ហាញ​ក្តីបារម្ភ​កាន់តែខ្លាំង​ ហើយ​បាន​ស្នើ​រដ្ឋាភិបាល​កម្ពុជាឲ្យបញ្ឈប់​ការ​បណ្តេញ​ចេញ​នោះ​ជាបន្ទាន់។ នេះ​បើតាម​អង្គការ​លើក​លែងទោស​អន្តរជាតិ​ (Amnesty International)​ និង​អ្នកការពារ​សិទ្ធិមនុស្សនៅ​ប្រទេស​កម្ពុជា​។​

បើ​តាម​ការ​បង្ហោះ​សារ​ខ្លីមួយតាម​បណ្តាញ​សង្គមហ្វេសប៊ុករបស់​អង្គការ​លើក​លែង​ទោស​អន្តរជាតិ​កាលពីថ្ងៃអង្គារ​ អ្នកជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​របស់​អង្គការ​សហប្រជាជាតិ​បាន​បង្ហាញ​ទុក្ខកង្វល់​កាន់តែ​ច្រើន​ឡើង​ទៅនឹង​ «ការ​បណ្តេញ​ចេញ​ដោយ​បង្ខំ​ដែលកំពុង​បន្តកើត​មាន និង​ការ​តាំង​លំនៅ​ដ្ឋាន​ថ្មី​របស់​ពលរដ្ឋ​ប្រមាណ​ជា​ ៤ ម៉ឺន​នាក់ដែល​ចេញ​ពី​ផ្ទះ​សម្បែង​ និង​ដី​របស់​ពួក​នៅ​អង្គរ​ ប្រទេស​កម្ពុជា​»។

នាយក​ទទួល​បន្ទុកកិច្ចការ​ទូទៅ​នៃ​អង្គការ​ការពារ​សិទ្ធិមនុស្ស​លីកាដូ​ លោក​ អំ សំអាត​ ប្រាប់វីអូអេ​ថា​ ភាពចម្រូងចម្រាស​ជុំវិញការបណ្តេញ​ពលរដ្ឋ​ចេញពី​តំបន់​អង្គរ​នោះកើតឡើង​ នៅពេល​ភាគី​ពាក់​ព័ន្ធ​មិន​បាន​រៀបចំ​ទីតាំង​ថ្មី​ឲ្យមានភាពល្អប្រសើរ ហើយក៏មិន​បាន​គិតដល់ផល​អាក្រក់​ដែល​កើត​មាន​លើការ​រកប្រាក់​ចំណូល​របស់​ពលរដ្ឋ​ដែល​ធ្លាប់​រស់​នៅតំបន់​អង្គរ​ ហើយ​ត្រូវបាន​បង្ខំ​ទៅ​រស់​នៅ​ទីតាំងថ្មី​ដែលមិន​ទាន់​មាន​ទីផ្សារ ឬសាលារៀន​ និង​ឱកាស​ការងារ​សម្រាប់​ប្រជាពលរដ្ឋ​។

លោក អំ សំអាត ​ថ្លែង​ថា​៖ ​«ទោះបី​កន្លងមក​ យើង​ឃើញរាជ​រដ្ឋាភិបាលនិង​អាជ្ញាធរ​អប្សរា​មាន​ការ​ដោះ​ស្រាយមាន​ការ​ចូលរួម​ផ្តល់​កិច្ច​គាំពារ​សង្គម​ទៅ​ដល់​ពលរដ្ឋ​ដែល​ចាក​ចេញ​ពី​តំបន់​អង្គរ​ទៅតាំងទីលំនៅ​នៅ​តំបន់​រុនតាឯក​ ក៏នៅ​តែ​ជួប​នៅ​បញ្ហា​រហូត​មកដល់​បច្ចុប្បន្ន​ដែរ​។ អាហ្នឹង​ដោយសារ​តែ​យើង​មិន​បាន​រៀប​ចំ​គិត​គូរ​ឲ្យ​បានល្អិត​ល្អន់​ជាមុន​នូវហេដ្ឋរចនាសម្ព័ន្ធ​ ការ​ងារ​ផ្សេង​ៗ​សម្រាប់​ប្រជា​ពលរដ្ឋ​ដែល​ត្រូវ​បាន​ចាក​ចេញ»។

កាលពីឆ្នាំ​ ២០២៣​ អង្គការ​លើកលែង​ទោស​អន្តរជាតិ​ Amnesty International ​បាន​រក​ឃើញ​ការ​រំលោភ​បំពាន​សិទ្ធិមនុស្ស​ធ្ងន់ធ្ងរ​លើ​ពលរដ្ឋ​រាប់ពាន់​គ្រួសារនៅ​តំបន់​អង្គរ​ ដែលត្រូវ​បាន​បណ្តេញចេញ​ តាម​អ្វីដែល​អាជ្ញាធរ​កម្ពុជា​ ថា​ជា​ការ​ការពារ​ឋានៈ​បេតិកភណ្ឌពិភពលោករបស់​សួនប្រាង្គ​ប្រាសាទ​បុរាណ​អង្គរក្នុង​ខេត្ត​សៀមរាប។

បើតាម​លោក ​អំ សំអាត​ ប្រជាពលរដ្ឋ​នៅ​តំបន់​អង្គរ​នៅបន្តចាកចេញ​ទៅតាំង​លំនៅដ្ឋាន​នៅ​ទីតាំង​ថ្មី​ ហើយ​កំពុង​ប្រឈម​នឹង​ស្ថានភាពលំបាក​ទាំង​ខាង​សង្គម និងសេដ្ឋកិច្ច​ ដែល​រដ្ឋាភិបាល​ត្រូវ​បង្កើន​ការ​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយស្ថាន​ភាពប្រឈមទាំងនោះ​។

លោកថ្លែងថា​៖ «អានេះ​ វា​ជា​បទ​ពិសោធន៍​និង​មេរៀន​ដែល​អាជ្ញាធរនិង​រាជរដ្ឋាភិបាល​ត្រូវ​តែ​បន្ត​នៅ​ក្នុង​ការ​ដោះស្រាយ​ទៅ​លើ​បញ្ហា​ប្រជាពលរដ្ឋ​ទាំង​អស់​ហ្នឹង​ ធ្វើម៉េច​ឲ្យ​ពួកគាត់​ទទួល​បាន​នូវ​ដំណោះស្រាយ​មួយ​ដែល​ល្អប្រសើរ​ ហើយ​ស្ថិតនៅ​ក្នុងជីវភាព​មួយ​រស់​នៅ​ឲ្យ​បានល្អ​ប្រសើរ​ ពីព្រោះ​មើល​កន្លែង​ដែល​គាត់​តាំងទីលំនៅ​ចាស់​ក្នុង​តំបន់​អង្គរ​ គឺ​គាត់​អាច​នឹង​រស់​បាន​ទទួល​ទាន​មុខ​របរ​អីបាន​អ៊ីចឹង​ ត្រូវ​តែ​គិត​គូរ​បន្ថែម​សម្រាប់​ពួកគាត់​ ដើម្បី​ឲ្យ​ពួក​គាត់​ហ្នឹង​ទទួល​បាន​នូវ​ជីវភាព​រស់​នៅ​ដែល​សមរម្យនោះ​»។

នៅក្នុងសេចក្តីប្រកាសព័ត៌មាន​មួយ​ចុះថ្ងៃទី​ ១៣ ខែធ្នូ​ ឆ្នាំ​ ២០២៤​ អ្នកជំនាញ​សិទ្ធិមនុស្ស​ឯករាជ្យ​របស់​អង្គ​ការ​សហប្រជាជាតិ​ បាន​លើកឡើងថា​ ក្នុងចំណោម​ប្រជាពលរដ្ឋ​ប្រមាណ​ ៤ ម៉ឺននាក់​ ដែល​រង​ផល​ប៉ះពាល់​ពីការ​បណ្តេញចេញ​នោះ​ ក៏មាន​ជនជាតិដើម​ភាគតិច​ផងដែរ​ ដែល​ត្រូវបាន​បណ្តេញចេញ​ពី​ផ្ទះ​សម្បែង​ និង​ដីធ្លី​របស់​ពួកគេ​នៅ​តំបន់​អង្គរ។

រូបឯកសារ៖ រថយន្ត​ដឹកដីបើកបរលើ​ផ្លូវលំ កាត់មុខផ្ទះតូចៗមួួយចំនួនដែលកំពុងសាងសង់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)
រូបឯកសារ៖ រថយន្ត​ដឹកដីបើកបរលើ​ផ្លូវលំ កាត់មុខផ្ទះតូចៗមួួយចំនួនដែលកំពុងសាងសង់នៅតំបន់អភិវឌ្ឍន៍រុនតាឯក​ នៅស្រុក​បន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ១២ ខែកុម្ភៈ ឆ្នាំ ២០២៣។ (ទែន សុខស្រីនិត/វីអូអេ)

អ្នកជំនាញ​ថ្លែង​ក្នុងសេចក្តីប្រកាស​នោះថា៖ «កម្ពុជា​ត្រូវ​បញ្ឈប់​ជា​បន្ទាន់នូវការ​ណ្តេញ​ចេញ​ក្នុង​ទ្រង់​ទ្រាយ​ធំ​ និង​ការ​ផ្លាស់​ទីទាំងបង្ខំនិងតាម​តែអំពើចិត្ត​ ហើយត្រូវសិក្សា​លើ​ករណី​មួយៗ​ថា ចាំបាច់​ទេ​សម្រាប់​ការ​ផ្លាស់​ទី​របស់​សហគមន៍​ជាច្រើន​ ហើយ​ធានា​ថា​ ការ​ផ្លាស់​ទីនោះ​ត្រូវបាន​អនុវត្ត​ស្រប​ទៅ​តាម​បទដ្ឋាន​សិទ្ធិមនុស្ស​អន្តរជាតិ»។

សេចក្តីប្រកាស​របស់​អ្នកជំនាញសិទ្ធិមនុស្ស​ប្រចាំអង្គការ​សហប្រជាតិជាតិ​បាន​ឲ្យដឹង​ទៀត​ថា​៖ នៅតំបន់រុនតាឯកនិង​កន្លែង​តាំងលំនៅ​ដ្ឋាន​ថ្មី​ដទៃ​ទៀត​ លក្ខខណ្ឌនៃការរស់នៅ​គឺសោះកក្រោះ។ គ្រួសារ​ជាច្រើន​បាន​ទទួលក្បាល​ដីទទេរ​ ខ្វះ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ ឬសេវាជាតម្រូវការ​មូលដ្ឋាន ក្នុង​នោះ​គឺ​លទ្ធភាពទទួល​បាន​អគ្គិសនី​ ទឹក​ស្អាត​ និង​អនាម័យ​។ ហើយ​មនុស្ស​ជាច្រើន​ទៀត​ត្រូវ​ធ្វើ​ផ្ទះបណ្តោះអាសន្ន​ដោយ​សារ​ខ្វះសម្ភារៈ។ ផ្លូវ​ថ្នល់​ងាយ​រង​គ្រោះ​ដោយទឹក​ជំនន់​ បង្ក​ឲ្យ​សហគមន៍​ដែល​ត្រូវប្តូរលំនៅដ្ឋាន​កាន់តែ​ឯកោ។

ទោះជា​យ៉ាងណាក្តី​ ក៏​ការ​បកស្រាយ​របស់​អ្នកជំនាញ​នៃ​អង្គការ​សហប្រជាជាតិ​ ត្រូវបាន​ចាត់ទុក​ថា​មិន​ត្រូវ​នឹង​ស្ថានភាព​ពិត​នៅ​តំបន់​អង្គរ​នោះ​ទេ​។ នេះបើតាម​មន្ត្រី​នៃអាជ្ញាធរជាតិ​អប្សរា។​

អ្នកនាំពាក្យ​អាជ្ញាធរជាតិ​អប្សរាលោក ឡុង កុសល ប្រាប់វីអូអ​នៅថ្ងៃ​ពុធថា ក្នុង​ការផ្លាស់​ទីលំនៅរបស់​ពលរដ្ឋ​នៅតំបន់​អង្គរ​ទៅទីតាំងថ្មីនោះ ក៏​គ្មានការ​បណ្តេញ​ចេញ​នោះ​ដែរ​។

លោក​ថ្លែងថា៖​ «កុំនិយាយសូម្បីតែ ​កុំៗ​និយាយរហូតដល់​ប្រើ​ពាក្យ​បណ្តេញចេញ​ សូម្បី​តែ​ឲ្យ​ចាក​ចេញ​ហ្នឹង​ ក៏យើង​មិនបាន​ធ្វើ​ពាក្យ​អ៊ីចឹង​ដែរ​។ យើង​ប្រើ​ពាក្យ យើង​កុំ​របៀប​ធ្វើ​ពាក្យ​ ធ្វើ​ឲ្យ​វាត្រូវ​ទៅតាម​សេចក្តី​ ទៅតាម​សភាព​នៃ​អ្វីដែល​ជាក់​ស្តែង​។ ចឹង​បានបង​និយាយ​ថា​ លោក​អ្នក​ជំនាញការណ៍ហ្នឹង​គឺ​គាត់​មិន​ស្វែង​យល់ គាត់​មិន​បាន​ដឹង​ហើយ​ក៏គ្មានការ​ចុះមក​ពិនិត្យ​មក​អី​ដោយខ្លួនឯង​ដែរ​។ បើគាត់​អញ្ជើញ​មក​ពិនិត្យមក​ អញ្ជើញ​គាត់​ឲ្យមក​ៗ​មក​»។

បើតាម​លោក​ ឡុង កុសល​ ហេដ្ឋារចនាសម្ព័ន្ធ​ផ្សេង​ៗ​ដូចជា​ផ្សារ​ និងសាលារៀន ត្រូវបាន​ស្ថាបនា​នៅ​ទីតាំងថ្មី ហើយ​ស្ថាន​ភាព​ជីវភាព​ប្រជាពលរដ្ឋ ក៏កំពុងតែ​មាន​ភាព​ប្រសើរ​ឡើង​ផង​ដែរ។

វីអូអេព្យាយាមសុំការ​អត្ថាធិប្បាយ​ពី​តំណាង​អង្គការ​យូណេស្កូ​ប្រចាំ​កម្ពុជា​លោក​Sardar Umar Alam តែ​គ្មានការ​ឆ្លើយ​តប​សំណួរដែល​បាន​ផ្ញើ​តាមសារអ៊ីមែល។​

បា្រសាទ​អង្គរវត្ត​ទទួលបាន​ឋានៈបេតិកភណ្ឌពិភពលោក​ពី​អង្គការ​យូណេស្កូ​ កាលពី​ឆ្នាំ​ ១៩៩២​ ដោយសារ​កត្តា​សំខាន់​ៗមួយចំនួន​ ដូច​ជាស្នាដៃ​ឯក​នៃ​សិល្បៈដែល​មិន​អាច​ប្រកែកបាន​នៅ​ចន្លោះសតវត្សរ៍​ទី​ ៩ ដល់​ទី​ ១៤ ក្នុងសម័យ​ចក្រភព​ខែ្មរ​ និង​លក្ខណៈ​ពិសេស​ផ្សេង​ៗ​ទៀត ដែល​ពាក់​ព័ន្ធនឹង​វប្បធម៌​និង​នយោបាយ​នា​សម័យ​កាល​នោះ​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG