ការស្ទង់មតិថ្មីមួយដែលធ្វើឡើងដោយអង្គការមូលនិធិសត្វព្រៃពិភពលោកWWF បានរកឃើញនូវអ្វីដែលមិនធ្លាប់មានពីមុនមកនោះ គឺពលរដ្ឋនៅក្នុងបណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ ជាង៩០ភាគរយ ដែលត្រូវបានស្ទង់មតិ បានមូលមតិគ្នា ចង់ឲ្យរដ្ឋដាក់បម្រាមបញ្ឈប់ការជួញដូរសត្វព្រៃ ក្រោយពីមានការផ្ទុះឡើងនូវវីរុសកូវីដ១៩ ដែលបានឆ្លងរាលដាលពីសត្វទៅមនុស្ស។
អង្គការមូលនិធិសត្វព្រៃពិភពលោក WWF បានឲ្យដឹងថា ប្រជាពលរដ្ឋ៩៣ ភាគរយដែលត្រូវបានស្ទង់មតិនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ចង់ឲ្យរដ្ឋាភិបាលរបស់ពួកគេចាត់វិធានការ ដើម្បីលុបបំបាត់ទីផ្សារសត្វព្រៃខុសច្បាប់ និងដែលគ្មានការត្រួតពិនិត្យ។ អង្គការនេះ បានឲ្យដឹងបន្ថែមទៀតថា ការជួញដូរសត្វព្រៃនេះ គឺជាការគម្រាមកំហែងធំបំផុតទី២ ចំពោះជីវៈចម្រុះពិភពលោក បន្ទាប់ពីការបំផ្លាញជម្រកសត្វព្រៃ។
បើទោះបីជាវីរុសកូវីដ១៩ ត្រូវបានគេជឿថា បានផ្ទុះឡើងចេញពីផ្សារលក់សាច់សត្វមួយកន្លែងក្នុងប្រទេសចិនក៏ដោយ ក៏បណ្តាប្រទេសនានានៅអាស៊ីអាគ្នេយ៍ជាច្រើនបានធ្វើជាមណ្ឌលឆ្លងកាត់ការជួញដូរសត្វព្រៃចូលប្រទេសចិន។
លោក Marco Lambertini ដែលជាអគ្គនាយកអង្គការមូលនិធិសត្វព្រៃពិភពលោកអន្តរជាតិ បានថ្លែងកាលពីដើមខែមេសាក្នុងសម្តីដើមថា៖ «ប្រជាពលរដ្ឋមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយនឹងគាំទ្ររដ្ឋាភិបាលរបស់ពួកគេឲ្យចាត់វិធានការ ដើម្បីទប់ស្កាត់មិនឲ្យមានវិបត្តិសុខភាពសកលដែលអាចកើតមាននាពេលអនាគត ដែលបង្កឡើងដោយទីផ្សារសត្វព្រៃនេះ។ វាដល់ពេលដែលយើងគ្រប់គ្នាគួរតែយល់ច្បាស់ហើយ អំពីការពាក់ព័ន្ធគ្នារវាងពាណិជ្ជកម្មសត្វព្រៃ ផលប៉ះពាល់ផ្នែកបរិស្ថាន និងហានិភ័យដល់សុខភាពមនុស្ស។ ការចាត់វិធានការក្នុងពេលឥឡូវនេះ គឺសំខាន់ខ្លាំងណាស់ សម្រាប់ការរស់រានមានជីវិតរបស់យើងទាំងអស់គ្នា»។
វីរុសកូវីដ១៩ ត្រូវបានគេជឿថា ចាប់ផ្តើមរាលដាលពីសត្វទៅមនុស្សនៅក្នុងប្រទេសចិន នៅក្នុងខែធ្នូឆ្នាំមុន ហើយរឿងនេះធ្វើឲ្យមានប្រតិកម្មពីមជ្ឈដ្ឋាននានា រួមមានអ្នកជំនាញការបរទេស ដែលរិះគន់ជនជាតិចិនដែលបរិភោគសាច់សត្វប្រចៀវ ឬ សត្វពស់ ហើយចំណែកឯរដ្ឋាភិបាលចិនខ្លួនឯងផ្ទាល់ បានចាត់វិធានការហាមឃាត់ការបរិភោគសាច់សត្វព្រៃ។
ប្រទេសជិតខាងនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ឥឡូវនេះ កំពុងចាប់ផ្តើមចាត់វិធានការដូចការចង់បានរបស់ពលរដ្ឋដែលត្រូវបានអង្គការមូលនិធិសត្វព្រៃពិភពលោកអន្តរជាតិបានធ្វើការស្ទង់មតិ។
អ្នកស្រី Theresa Tenazas ដែលជាមេធាវីមួយរូបនៃការិយាល័យគ្រប់គ្រងជីវៈចម្រុះរបស់រដ្ឋនៅប្រទេសហ្វីលីពីន បានថ្លែងថា ជាឧទាហរណ៍នៅហ្វីលីពីន រដ្ឋាភិបាលកំពុងធ្វើការលើសេចក្តីព្រាងច្បាប់មួយ ដែលរួមបញ្ចូលទាំងការដាក់ពន្ធនាគាររយៈពេល ២០ ឆ្នាំចំពោះជនណាដែលត្រូវបានរកឃើញថា មានទោសពីការជួញដូរសត្វព្រៃ។
អ្នកស្រីបានថ្លែងបន្ថែមថា អាជ្ញាធរត្រូវតែគ្រប់គ្រងឲ្យបានដិតដល់ជាងមុន ក្នុងរឿងដែលទាក់ទងរវាងមនុស្ស និងសត្វ ជាពិសេសនៅផ្សារត្រី។
អ្នកស្រី Theresa Tenazas បានសរសេរនៅក្នុងបទវិភាគមួយសម្រាប់ការិយាល័យរបស់អ្នកស្រីថា «ស្ថានភាពទីផ្សារទាំងនេះ គឺងាយនឹងបង្កឲ្យមានជំងឺថ្មី និងបង្កើនការចម្លងគ្នា។ ទីផ្សារទាំងនោះ ប្រៀបបានទៅនឹងស្ពានចម្លងមេរោគដ៏គ្រោះថ្នាក់បំផុតមួយ ដែលបានបង្កើតឡើងដោយមនុស្ស ហើយវាមានឥទ្ធិពលលើសពីរនាំងការពារធម្មជាតិ ដែលកាលពីមុនបានខ័ណ្ឌចែករវាងមនុស្ស និងសត្វព្រៃ»។
រីឯប្រទេសវៀតណាមវិញ បានចាត់វិធានការស្រដៀងគ្នានេះ ដើម្បីបង្ក្រាបការធ្វើពាណិជ្ជកម្មផលិតផលសត្វព្រៃ ហើយក៏មានការដាក់សម្ពាធទៅលើប្រទេសថៃ កម្ពុជា និងមីយ៉ាន់ម៉ាផងដែរ ឲ្យរឹតបន្តឹងបន្ថែមទៀតដែរ។
តំបន់អាស៊ីអាគ្នេយ៍ ងាយប្រឈមនឹងការឆ្លងរាលដាលដោយវីរុសឆ្លង ដោយសារតែមានទីតាំងនៅជិតនឹងប្រទេសចិន។ ក្រៅពីប្រទេសចិន ហ្វីលីពីន គឺជាប្រទេសទី១ ដែលរាយការណ៍ពីការស្លាប់ដែលទាក់ទងនឹងវីរុសកូវីដ១៩ ខណៈដែលប្រទេសថៃ គឺជាប្រទេសទី១ ដែលរាយការណ៍ពីការឆ្លងវីរុសកូវីដ១៩ នេះ។
អគ្គនាយកអង្គការសុខភាពពិភពលោក លោក Tedros Adhanom Ghebreyesus បានថ្លែងក្នុងសម្តីដើមកាលពីថ្ងៃច័ន្ទទី ១៣ ខែមេសាកន្លងទៅនេះថា៖
«ការផ្សារភ្ជាប់ជាសកលរបស់យើងមានន័យថា ហានិភ័យនៃការឆ្លងវីរុស និងការកើតជំងឺឡើងវិញ នឹងមានជាបន្ត»។
អង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺកូវីដ១៩ គឺជាជំងឺដែលឆ្លងពីសត្វទៅ មនុស្ស ដែលទំនងជាពីសត្វប្រចៀវ។ គ្រាដែលការបរិភោគសាច់សត្វប្រចៀវជាអំពើស្របច្បាប់ មុនពេលការបង្ក្រាបរបស់ប្រទេសចិន នោះ ផ្នែកនៃសត្វផ្សេងៗទៀតដែលត្រូវបានគេជួញដូរទៅប្រទេសចិនតាមរយៈតំបន់អាស៊ីអាគ្នេយ៍ មានដូចជាពីសត្វពង្រូល សត្វរមាស និងសត្វដំរី ជាដើម។
អង្គការមូលនិធិសត្វព្រៃពិភពលោក បានឲ្យដឹងទៀតថា វីរុសផ្សេងទៀត ដែលបានឆ្លងរាលដាលពីសត្វទៅមនុស្ស ហើយបង្កទៅជាជំងឺមានដូចជា ជំងឺ SARS MERS និង Ebola៕
ប្រែសម្រួលដោយអ្នកស្រី លី ម៉ូរីវ៉ាន់