ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​អន្តរជាតិ ​WWF​ ស្វាគមន៍​ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន​ក្នុង​ការ​ហាមឃាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ


រូបឯកសារ៖ បុរសចិនម្នាក់ឈរមើលសត្វសំពោចដែលជាប់ក្នុងទ្រុង នៅផ្សារលក់សត្វព្រៃមួយកន្លែងនៅខេត្តក្វាតុង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤។
រូបឯកសារ៖ បុរសចិនម្នាក់ឈរមើលសត្វសំពោចដែលជាប់ក្នុងទ្រុង នៅផ្សារលក់សត្វព្រៃមួយកន្លែងនៅខេត្តក្វាតុង ប្រទេសចិន កាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០០៤។

អង្គការ​អន្តរជាតិ​ការពារ​សត្វ​ព្រៃ​ WWF ថ្ងៃ​អង្គារ​នេះស្វាគមន៍​និង​កោត​សរសើរ​ចំពោះ​រដ្ឋាភិបាល​ចិន​ ដែល​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួញដូរ​សត្វព្រៃ​ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេរោគ​ជំងឺ​រលាក​សួត​ថ្មី​មួយ​ដែល​មាន​ឈ្មោះ​ថា​ កូរ៉ូណាវីរុស (2019-nCoV)។ ​មក​ទល់​ពេល​នេះ​មេរោគ​នេះ​បាន​សម្លាប់​ប្រជាជន​ចិន​អស់​ជាង​ ១០០​នាក់​ និង​មនុស្ស​ជាង​ ៤.៥០០​នាក់​ ដែល​ភាគ​ច្រើន​ជាជន​ជាតិ​ចិន​បាន​ឆ្លង​មេរោគ​នេះ។

មេរោគ​កូរ៉ូណា​ថ្មី​នេះ​ត្រូវ​បាន​គេ​រាយការណ៍​ថា​ មាន​ប្រភព​ពី​ផ្សារ​លក់​សត្វព្រៃ​មួយ​ក្នុង​ទី​ក្រុង​វូហាន​នៃ​ប្រទេស​ចិន។ បន្ទាប់​ពី​មាន​ការ​ផ្ទុះ​មេរោគ​រលាក​សួត​ថ្មី​នេះ​ រដ្ឋាភិបាល​ចិន​បាន​ហាមឃាត់​មិន​ឲ្យ​មាន​ការ​ជួញដូរ​សត្វ​ព្រៃ។

នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ដែល​ចេញ​នៅ​ថ្ងៃ​អង្គារ​នេះ​ អង្គការ ​WWF​ បាន​និយាយ​ថា​ ខ្លួន​គាំទ្រ​ការ​ប្រកាស​របស់​រដ្ឋបាល​ជាតិ​ដើម្បី​ការពារ​ព្រៃឈើ​របស់​រដ្ឋាភិបាល​ចិន​ The Chinese National Forest & Grassland Administration ឬ NFGA។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​នេះ ​WWF​ បាន​សរសេរ​នៅ​ក្នុង​សេចក្តី​ដើម​យ៉ាង​ដូច្នេះ​ថា៖ «យើង​ស្វាគមន៍​ការ​ប្រកាស​ដោយ​ NFGA​ និង​ស្ថាប័ន​ពាក់ព័ន្ធ​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រទេស​ចិន​ដើម្បី​អនុវត្ត​ការ​ហាមឃាត់​តឹងតែង​មួយ​ទៅ​លើ​ការ​ជួញដូរ​សត្វ​ព្រៃ​ហើយ​និង​ពិនិត្យ​ទៅ​លើ​ការ អនុញ្ញាត​ការ​បង្កាត់​ពូជ​សត្វព្រៃ​និង​ការ​ប្រើប្រាស់​សត្វព្រៃ»។

សេចក្តី​ថ្លែង​ការណ៍​នេះ​បន្ត​ថា៖ «ការ​សម្រេច​របស់​រដ្ឋាភិបាល​ចិន​ទៅ​លើ​ការ​ហាមឃាត់​ការ​ជួញដូរ​សត្វ​ព្រៃ​ជា​បណ្តោះ​អាសន្ន​បង្ហាញ​អំពី​តម្រូវ​ការ​នៃ​ការ​យល់​ដឹង​ឲ្យ​កាន់​តែ​ខ្លាំង​ទៀត​ពី​សាធារណៈ​អំពី​ការ​គំរាមកំហែង​នានា​ទៅ​លើ​មិន​ត្រឹមតែ​សុខភាព​មនុស្ស​ដែល​បង្ក​ដោយ​ការ​ជួញដូរ​សត្វព្រៃ​ខុសច្បាប់​ឬ​មិន​មាន​ការ​អនុញ្ញាត​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​ថែម​ទាំង​ការ​ប៉ះពាល់​ទៅ​លើ​ចំនួន​សត្វ​ព្រៃ​និង​ជីវចម្រុះ​ផង​ដែរ»។

មេរោគ​នេះ​ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា ​រីក​រាលដាល​ក្នុង​ប្រទេស​ផ្សេងៗ​ទៀត​ដូចជា​ប្រទេស​សិង្ហបុរី​ ម៉ាឡេស៊ី ស្រីលង្កា ​នេប៉ាល់ អូស្ត្រាលី អាល្លឺម៉ង់ ថៃ​ វៀតណាម​ បារាំង កាណាដា និងប្រទេសកម្ពុជាផង​ដែរ ដែល​ទើប​បាន​ប្រកាស​អំពី​ករណី​អ្នក​ជំងឺ​ទី​១​របស់​ខ្លួន​កាល​ពី​ថ្ងៃ​ច័ន្ទ​ម្សិលមិញ៕

XS
SM
MD
LG