ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ WWF អំពាវ​នាវ​ឲ្យ​ប្រទេស​នៅ​អាស៊ី​​យក​គំរូ​តាម​ចិន​ក្នុង​ការ​ហាម​ឃាត់​​ការ​បរិភោគ​និង​ជួញ​ដូរ​សត្វ​ព្រៃ


រូបឯកសារ៖ ប៉ូលិស​ពិនិត្យ​មើល​​​វត្ថុ​ដែល​រឹបអូស​បាន​ពី​ហាង​លក់​ទំនិញ​មួយ ដែល​សង្ស័យ​ថា​ជា​សាច់​សត្វព្រៃ​ដែល​គេ​ជួញដូរ​ នៅ​ក្នុង​ទីក្រុង Guangde ខេត្ត Anhui ប្រទេស​ចិន ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២០។
រូបឯកសារ៖ ប៉ូលិស​ពិនិត្យ​មើល​​​វត្ថុ​ដែល​រឹបអូស​បាន​ពី​ហាង​លក់​ទំនិញ​មួយ ដែល​សង្ស័យ​ថា​ជា​សាច់​សត្វព្រៃ​ដែល​គេ​ជួញដូរ​ នៅ​ក្នុង​ទីក្រុង Guangde ខេត្ត Anhui ប្រទេស​ចិន ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ២០២០។

អង្គការ​ WWF ​ចេញ​សេចក្តីថ្លែងការណ៍​មួយ​អំពាវនាវ​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​តំបន់​​អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍ ​ឲ្យ​យក​គំរូ​តាម​ចិន​ក្នុង​ការ​ហាម​ឃាត់​​ការ​បរិភោគ​និង​ជួញ​ដូរ​សត្វ​ព្រៃ។ រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា​បង្ហាញ​ការ​គាំទ្រ​ចំពោះ​ការ​សម្រេច​នេះ។

អង្គ​ការ​ការពារ​សត្វព្រៃ​ហៅ​កាត់​ថា WWF ​ប្រចាំ​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក អំពាវ​នាវ​ដល់​រដ្ឋាភិបាល​ក្នុង​ប្រទេស​តំបន់អាស៊ី​បូព៌ា​និង​អាស៊ី​អាគ្នេយ៍ រួម​ទាំង​កម្ពុជា​ផង​ ឱ្យ​យក​គំរូ​តាម​ប្រទេស​ចិន​ក្នុង​ការ​ហាម​ឃាត់​ការ​បរិភោគ​ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ ដើម្បី​គាំ​ពារ​សុខ​ភាព​ និង​អាយុ​ជីវិតប្រជា​ពល​រដ្ឋ​របស់​ខ្លួន បន្ទាប់​ពី​មាន​ការ​ផ្ទុះ​ជំងឺ​ផ្លូវ​ដង្ហើម​ជាច្រើន​ប្រភេទ។

សេចក្តីថ្លែងការណ៍​របស់​អង្គការ​ការពារ​សត្វព្រៃ​WWF ​ប្រចាំ​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ស្តី​អំពី«ភាព​ចាំបាច់​ក្នុង​ការ​បញ្ឈប់​ជា​បន្ទាន់​នូវ​រាល់​ការ​ជួញ​ដូរ​ និង​បរិភោគ​សាច់​សត្វ​ព្រៃ នៅ​ទូ​ទាំង​តំបន់​អាស៊ី​ប៉ា​ស៊ី​ហ្វិក» ចេញ​នៅ​ថ្ងៃ​ទី៣ ខែ​មីនា​នេះ បញ្ជាក់​ថា អង្គការ​ WWF ​ដែល​មាន​ទីស្នាក់ការ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ទាំងអស់​ សាទរ​ចំពោះ​សេចក្តីសម្រេច​របស់​គណៈ​កម្មាធិការ​អចិន្រ្តៃយ៍​សភា​ប្រជាជាតិ​ចិន​ ដែល​ជា​អង្គ​នីតិ​បញ្ញត្តិ​កំពូល​របស់​ចិន​ ក្នុង​ការ​ហាម​ឃាត់​ការ​បរិភោគ​សាច់​សត្វ​ព្រៃ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​គ្មាន​ការ​អនុញ្ញាត។

ក្នុង​សេចក្តីថ្លែង​ការណ៍​ដដែល​នោះ អង្គការ​WWFបញ្ជាក់​ថា តំបន់​អាស៊ីអាគ្នេយ៍​ជា​ប្រភព​នៃ​ផលិត​ផល​សត្វ​ព្រៃ​ និង​ជា​ទី​តាំង​ច្រក​របៀង​សម្រាប់​ការ​បញ្ជូន​ផលិត​ផល​សត្វ​ព្រៃ​បន្ត​ទៅ​កាន់​ប្រទេស​ចិន។ ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ដែល​អាច​បង្ក​ឲ្យ​មាន​ការ​ឆ្លង​វីរុស​ដ៏​គ្រោះ​ថ្នាក់​ ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​របស់​មនុស្ស​មិន​អាច​ការ​ពារ​បាន​ អាច​ឆ្លង​ពី​សត្វ​ទៅ​មនុស្ស​ ហើយ​ក៏​ជា​ហេតុ​ដែល​អាច​កើត​មាន​នៅ​តំបន់​អាស៊ីអាគ្នេយ៍​ ដូច​ករណី​ក្នុង​ប្រទេស​ចិន។ ការ​ផ្ទុះ​ឡើង​និង​ការ​ឆ្លង​រាល​ដាល​នៃ​វីរុស​កូវីដ-១៩ ក៏​ដូច​ជា​វីរុស ហ្សារស៍ (SARS) ​មើស៍ (MERS) និង​ការ​ផ្ទុះ​ឡើង​នៃ​វីរុស​ផ្សេងៗ​ទៀត​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ថ្មីៗ​នេះ​ បាន​បង្ហាញ​ពី​គ្រោះ​ថ្នាក់​ទៅ​លើ​សុខ​ភាព​មនុស្ស​ដែល​បណ្តាល​មក​ពី​ការ​បរិភោគ​សាច់​សត្វ​ព្រៃ​ និង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​។

អង្គការ WWF ​ប្រចាំ​ប្រទេស​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​បញ្ជាក់ក្នុង​សេចក្តីថ្លែងការណ៍​នោះ​ថា៖«យើង​សូម​អំពាវ​នាវ​ដល់​ក្រសួង​ពាក់ព័ន្ធ​ទាំងអស់ ដែល​មាន​ភារកិច្ច​ទទួល​ខុស​ត្រូវ​ក្នុង​វិស័យ​ការពារ​សត្វ​ព្រៃ​និង​វិស័យ​សុខាភិបាល ​និង​សុខ​ភាព​សាធារណៈ​ ឲ្យ​រួមគ្នា​ដើម្បី​សហការ​ទាំង​ផ្នែក​ជំនាញ​ឯកទេស​ និង​ការ​ប្រើប្រាស់​ធន​ធាន​ដែល​មាន​ ដើម្បី​បង្កើន​ការ​ត្រួតពិនិត្យ​និង​តាមដាន​រាល់​ទី​ផ្សារ​ដែល​មាន​ផលិត​ផល​សត្វ​ព្រៃ ផ្សព្វផ្សាយ​ឲ្យ​បាន​ទូលំ​ទូលាយ​ដល់​សាធារណជន​ដើម្បី​ឲ្យ​ពួកគេ​បញ្ឈប់​ការ​លក់​ដូរ​ និង​បរិភោគ​សាច់​សត្វ​ព្រៃ​ ព្រមទាំង​ផលិត​ផល​សត្វ​ព្រៃ​ដទៃ​ផ្សេងៗ​ទៀត​»។

សេចក្តីថ្លែងការណ៍របស់ WWF ធ្វើ​ឡើង​ខណៈ​ដែល​ពិភព​លោក​កំពុង​មាន​ការ​ព្រួយ​បារម្ភ​ពី​ជំងឺ​ផ្លូវ​ដង្ហើមCOVID 19 ​ដែលបាន​ផ្ទុះ​ឡើង​នៅ​ប្រទេស​ចិន និង​កំពុង​បន្ត​រាលដាល​ទៅ​បណ្តា​ប្រទេស​ផ្សេងៗ​ជាច្រើន​ទៀត។

ក្រោយ​មាន​ការ​ផ្ទុះ​ជំងឺ​ផ្លូវ​ដង្ហើម​ថ្មី​នេះ អាជ្ញាធរ​ចិន​កាល​ពី​ខែ​មករា​បាន​ប្រកាស​ថា ​បញ្ឈប់​ការធ្វើ​ពាណិជ្ជកម្ម​សត្វ​ព្រៃ​នៅ​ទូទាំង​ប្រទេស​ ដើម្បី​ទប់ស្កាត់​ការរីករាល​ដាល​នៃ​ជំងឺ​រលាក​សួត​ដែល​បណ្តាល​មក​ពី​វីរុស​ Covid 19 នេះ។ នេះ​បើ​តាម​ការ​ផ្សាយ​របស់​សារព័ត៌មាន​រដ្ឋ​ចិន ស៊ីនហួរ ។

លោក ទេព អស្នារិទ្ធ ប្រធាន​កិច្ចការ​សាធារណៈ​និង​គ្រប់​គ្រង​ព័ត៌មាន​នៃ​អង្គការ WWF ប្រចាំ​កម្ពុជា​ប្រាប់VOAថា​ ការ​ទប់ស្កាត់​ការ​បរិភោគ​និង​ការ​ជួញ​ដូរសត្វ​ព្រៃ​មាន​ប្រសិទ្ធ​ភាព លុះត្រា​តែ​មាន​ការ​ចូលរួម​ពី​គ្រប់​ប្រទេស​ដែល​ពាក់ព័ន្ធ។ លោក​បន្ត​ថា ការ​ប្រកាស​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​ចំពោះ​ការ​បរិភោគ​និង​ការជួញ​ដូរ​សត្វ​ព្រៃ​ក្នុង​អំឡុង​នៃ​ការ​ផ្ទុះ​មេរោគ​ផ្លូវ​ដង្ហើម​ថ្មីៗ​នេះ អាច​នឹង​មាន​ភាព​វិជ្ជមាន​ច្រើន​ក្នុង​ការ​ទប់​ស្កាត់​ការ​ជួញ​ដូរ​សត្វ​ព្រៃ និង​ការ​ទប់​ស្កាត់​មេរោគ​ផ្សេងៗ​ដែល​អាច​កើត​មាន​ដោយ​សារ​សត្វ​ព្រៃ នា​ពេល​ខាងមុខ។

លោក​បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា៖«WWFយើង​ជឿ​ថា​ វា​នឹងនាំ​ឲ្យ​មាន​ជា​វិធីសាស្រ្ត​ថ្មី​មួយ​ដែល​ធ្វើឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ស្ថានការណ៍​ និង​នាំ​ឲ្យ​រដ្ឋាភិបាល​ពាក់​ព័ន្ធ​ក្នុងប្រទេស​ទាំងអស់ក្នុង​តំបន់​អាច​ឈាន​ទៅ​ផ្លាស់​ប្តូរ​ស្ថានការណ៍​បាន បើ​យើង​មាន​សេចក្តី​សម្រេច​សម​ស្រប​មួយពាក់ព័ន្ធ​នឹងការ​ទប់​ស្កាត់​ការ​រីករាល​ដាល ​ដែល​ចាប់​ផ្តើម​ពី​ប្រភព​របស់​វា»។​

កម្ពុជា​ជា​ប្រទេស​ដែល​សំបូរ​សត្វព្រៃ និង​តែង​មាន​បទល្មើស​ជួញ​ដូរ​សត្វ​ព្រៃ​កើត​ឡើង ទាំងការ​ជួញ​ដូរ​ក្នុង​ប្រទេស និង​ទៅ​ក្រៅ​ប្រទេស​។

លោក​ សាយ ​សំអាល់ ​រដ្ឋមន្រ្តី​ក្រសួង​បរិស្ថាន​កម្ពុជា​ប្រាប់ VOA ថា លោក​ក៏​សាទរ​ចំពោះ​សេចក្តី​សម្រេច​របស់​អាជ្ញាធរ​ចិន​ដែល​ប្រកាស​ហាម​ឃាត់​ជា​អចិន្ត្រៃយ៍​ចំពោះ​ការ​បរិភោគ​ និង​ការជួញ​ដូរ​សត្វ​ព្រៃផង​ដែរ។ លោក​បន្ថែម​ថា មិន​មានការ​បរិភោគ និង​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​កម្ពុជា​ច្រើន​ដូច​មុន​នោះ​ទេ ​ដោយសារ​ប្រជាពលរដ្ឋ​មាន​ជីវភាព​ល្អ​ជាង​មុន និង​យល់​ដឹង​ច្រើនអំពី​ផល​ប៉ះពាល់ និងច្បាប់ ស្តីពី​បទល្មើស​ជួញ​ដូរ​សត្វ​ព្រៃ។

យ៉ាង​ណា​ក្តី​លោក​មិន​បាន​បញ្ជាក់​លម្អិត​អំពី​ករណី​នៃ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នៅ​កម្ពុជា​ និង​ទៅ​បរទេស​នោះ​ទេ ប៉ុន្តែ​លោក​ថា រដ្ឋាភិបាល​តែង​បង្កើន​ការ​រឹត​បន្តឹង​ច្បាប់​ជុំវិញ​ការ​ជួញ​ដូរ​សត្វ​ព្រៃ​នេះ។

លោក សាយ សំអាល់​ ថ្លែង​ថា៖«យើង​ក៏​អនុវត្ត​ពេញ​លេញ​នូវ​ការ​រឹត​បន្តឹង​ច្បាប់​របស់​យើងទាក់ទង​នឹង​ការ​ជួញ​ដូរ​សត្វ​ព្រៃ​ទាំង​អស់​ហ្នឹង។ ឃើញ​លទ្ធផល​ស្រាប់​ហើយ​យើង​បាន​និង​កំពុង​ធ្វើ​ហ្នឹង។​ ដោយ​ឡែក​ចំពោះ​អង្គការ​ខ្ញុំ​យល់​ថា​គាត់​បាន​ចូលរួម​ជាមួយ​នឹងចលនា​មនុស្ស​លោក​ជុំវិញ​ពិភព​លោក​តែ​ម្តង ដើម្បី​កាត់​បន្ថយ​ការ​ពឹង​ផ្អែក​ទៅ​លើ​សត្វព្រៃ ហើយ​ងាក​មក​ពឹង​ផ្អែក​ទៅ​លើ​សត្វ​ស្រុក​វិញ​ ព្រោះ​វា​ធានា​សុវត្ថិភាព ហើយ​និងអាហារូបត្ថម្ភ​ក៏​វា​មាន​កម្រិត​ខ្ពស់​ជាង​ដែរ»។

គិត​ត្រឹម​ថ្ងៃ​ច័ន្ទ​នេះ វីរុស​កូរ៉ូណា​ថ្មី​បាន​សម្លាប់​មនុស្ស​ជាង​៣.០០០​នាក់ ដែល​ភាគ​ច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​ក្នុងនោះ​ជិត ​១៥០​នាក់​ នៅ​ក្រៅ​ប្រទេស​ចិន។ មេរោគ​នេះ​បាន​ឆ្លង​រាល​ដាល​ដល់​ជាង៧០​ប្រទេស។​ ប្រទេស​កូរ៉េ​ខាងត្បូង​ អ៊ីតាលី​និង​អ៊ីរ៉ង់​មាន​ករណី​ឆ្លង​ច្រើន​ជាង​គេ​បន្ទាប់​ពី​ប្រទេស​ចិន៕

XS
SM
MD
LG