ពេលនេះអង្គការមូលនិធិសត្វព្រៃពិភពលោក ហៅកាត់ថា WWF អំពាវនាវឲ្យប្រទេសនៅអាស៊ីអាគ្នេយ៍ដែលជាចំណុចស្នូលនៃការជួញដូរសត្វព្រៃ និងជាប្រភពនៃការត់ពន្ធសត្វព្រៃសម្រាប់អតិថិជនចិន ដើរតាមជំហានដែលចិនបានដើរ។
ក្រុមការពារបរិស្ថានបានកោតសរសើរដល់ការហាមឃាត់ដោយក្រុងប៉េកាំង ប៉ុន្តែពួកគេនិយាយថា អ្វីដែលបានធ្វើនោះមិនទាន់គ្រប់គ្រាន់ទេ។ នៅខណៈពេលដែលមូលហេតុពិតប្រាកដនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណាមិនត្រូវបានដឹង ក្រុមមន្ត្រីជឿថា វាអាចមានទំនាក់ទំនងជាមួយមនុស្ស ដែលប៉ះពាល់សាច់សត្វព្រៃឆៅ។
លោក A. Christy Williams នាយកអង្គការ WWF អន្តរជាតិប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកថ្លែងថា៖ «ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ត្រូវតែរៀនសូត្រពីឧទាហរណ៍ពីប្រទេសចិន និងហាមឃាត់ការលក់ដូរសាច់សត្វព្រៃដើម្បីជាប្រយោជន៍សុខភាពពលរដ្ឋរបស់ខ្លួន និងដើម្បីការពារការខូចខាតលើសេដ្ឋកិច្ចរបស់ពួកគេ ដូចអ្វីដែលកំពុងកើតមានពេលនេះ ដោយសារតែជំងឺកូវីដ១៩។ នេះមានន័យថា ពួកគេត្រូវបញ្ឈប់កុំឲ្យជំនួញបែបនេះចូលក្នុងប្រទេសរបស់ពួកគេ»។
លោកបានសំដៅទៅលើការពិតដែលថា កាលពីពេលមុននេះ មានការហាមឃាត់ប្រហាក់ប្រហែលគ្នានេះនៅប្រទេសចិនសម្រាប់ផលិតផលផ្សេងទៀត ដូចជាភ្លុកជាដើមនោះ ធ្វើឲ្យពួកឈ្មួញបង្វែរមុខជំនួញរបស់ពួកគេទៅប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍។ ម្យ៉ាងទៀត ការហាមឃាត់សាច់សត្វព្រៃនាពេលបច្ចុប្បន្ននេះនៅក្នុងប្រទេសចិនអាចរុញច្រានជំនួញមួយនេះឲ្យចូលទៅក្នុងប្រទេសជិតខាង ហេតុនេះហើយទើបបានជាអង្គការ WWF តំបន់អាស៊ីអាគ្នេយ៍ជំរុញឲ្យប្រទេសដទៃទៀតធ្វើតាម ដោយការធ្វើការហាមឃាត់ដូចគ្នា។ អង្គការនេះផ្ដល់អនុសាសន៍ឲ្យរដ្ឋាភិបាលនានាបង្កើនការត្រួតពិនិត្យនៅតាមទីផ្សារ និងលើកកម្ពស់ការយល់ដឹងសាជារណៈ ដើម្បីបញ្ឈប់ការលក់ និងទទួលទានផលិតផលសត្វព្រៃ។
រាប់ចាប់តាំងពីផ្ដាសាយជ្រូក ដល់ផ្ដាសាយបក្សី ទ្វីបអាស៊ីបានទទួលរងនូវការរីករាលដាលជំងឺដែលកើតចេញពីការប៉ះពាល់របស់មនុស្សទៅលើផលិតផលសត្វព្រៃ។
នៅពេលដែលក្ដីបារម្ភជុំវិញការរាលដានៃវីរុសកូរ៉ូណា ផ្ដោតទៅលើសុខភាពរបស់មនុស្ស វាប្រហែលជាផ្ដល់ផលប្រយោជន៍ខ្លះនោះគឺសត្វព្រៃក្នុងចំនួនតិចតួចត្រូវបានគេជួញដូរ។ ប្រទេសចិនធ្លាប់ជាទីផ្សារសត្វព្រៃសំខាន់អស់រយៈពេលជាយូរមកហើយ ដែលមានលក់ដូរទំនិញដូចជាកុយរមាស និងស្រកាពង្រូល។ ក្រៅពីការជួញដូរសត្វព្រៃដោយជនជាតិចិន ជំនួញនេះបាននាំឲ្យអ្នកជួញដូរនៅប្រទេសជិតខាងដែលកំពុងអភិវឌ្ឍន៍ធ្វើជំនួញដូចគ្នានេះដែរ ដែលអ្នកជំនួញសត្វព្រៃទាំងនះ គឺជាប្រភពផ្គត់ផ្គង់ផលិតផលសត្វព្រៃ ឬផ្ទេរផលិតផលទាំងនោះពីពីចម្ងាយ។
ជាឧទារហណ៍ ដូចនៅប្រទេសវៀតណាម ដែលមានព្រំដែនគោកជាប់នឹងប្រទេសចិន ក្រុមអង្គការការពារបរិស្ថានរួមនមាន «អប់រំសម្រាប់ធម្មជាតិ» ហៅកាត់ថា ENV, អង្គការអន្តរជាតិ ការពារសត្វព្រៃពិភពលោកហៅថា Four Paws Internationalកំពុងព្យាយាមទាក់ទាញទឹកចិត្តម្ចាស់ខ្លាឃ្មុំព្រះអាទិត្យ និងខ្លាឃ្មុំពីតំបន់អាស៊ី ឲ្យដោះលែងពួកវា។ ខ្លាំឃ្មុំទាំងនេះត្រូវបានគេយកប្រមាត់របស់វាទៅលក់នៅក្នុងប្រទេសនិង នៅកន្លែងផ្សេងទៀត ដោយគេជឿថា វាមានអត្ថប្រយោជន៍ដល់សុខភាព។
អ្នកស្រី Nguyen Thi Phuong Dung នាយករងនៃអង្គការENV និយាយថា៖ «ឧស្សាហកម្មប្រមាត់ខ្លាឃ្មុំធ្លាប់ជាឧស្សាហកម្មទទួលបានប្រាក់ចំណេញច្រើន ហើយមានតម្រូវការយ៉ាងខ្លាង។ ប៉ុន្តែនៅពេលមនុស្សជាច្រើនសម្រេចចិត្តមិនទិញប្រមាត់ខ្លាឃ្មុំនោះ អ្នកចិញ្ចឹមខ្លាឃ្មុំជាច្រើនបានសុំឲ្យមាន ការលើកលែងដល់ខ្លាឃ្មុំរបស់ពួកគេ ហើយបានធ្វើឲ្យជីវិតខ្លាឃ្មុំទាំងនោះបានប្រសើរឡើងនៅឯមណ្ឌលសង្គ្រោះខ្លាឃ្មុំ»។
ក្រុមអង្គការរបស់អ្នកស្រីនិយាយថា ខ្លាំឃ្មុំជាច្រើនត្រូវបានគេធ្វើទារុណកម្ម ហើយនៅមានខ្លាឃ្មុំរាប់រយទៀតនៅជាប់ឃុំឃាំងក្នុងទ្រុង។ ប្រទេសវៀតណាមមានសត្វខ្លាឃ្មុំរាប់ពាន់ក្បាលកាលពី១៥ឆ្នាំមុន ប៉ុន្តែបច្ចុប្បន្ននេះចំនួននេះបានធ្លាក់ចុះមកនៅតិចជាងមួយពាន់ក្បាលដោយសារតែជំនួញប្រមាត់ខ្លាឃ្មុំ។ នេះបើយោងតាមអង្គការ Four Paws។
ក្រុមអង្គការការពារបរិស្ថាននៅតំបន់អាស៊ី បានលើកឡើងនូវហេតុផលក្រមសីលធម៌ មកធ្វើជាសំអាងក្នុងការអំពាវនាវដល់មនុស្សម្នាឲ្យឈប់ធ្វើជំនួញសត្វព្រៃ។ ប៉ុន្តែនៅពេលមានការរីរាលដាលនៃវីរុសកូរ៉ូណានោះ ក្រុមអង្គការទាំងនេះក៏អំពាវនាវដល់មនុស្សដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ការរីករាលដាល់នៃជំងឺកាលពីពេលមុន បានបង្ហាញថា ការផ្ដោតការយកចិត្តទុកដាក់ទៅលើតែការបង្ក្រាអ្នកអ្នកដែលប្រព្រឹត្តនោះ មិនទាន់គ្រប់គ្រាន់ឡើយ។ វាតម្រូវឲ្យមានការគ្រប់គ្រងលើការប្រើប្រាស់ផលិតផលសត្វព្រៃផងដែរ។ នេះជាការលើកឡើងរបស់លោក Ron Ryuji Tsutsui ប្រធាននៃក្រុមប្រតិបត្តិអង្គការ WWF នៅតំបន់អាស៊ីប៉ាស៊ីហ្វិក។
វីរុសកូរ៉ូណាបានផ្ដល់នូវអត្ថប្រយោជន៍ដែលគេមិនបានគិតដល់ខ្លះហើយ ដូចជាបានធ្វើឲ្យគុណភាពខ្យល់ល្អជាងមុន នៅទីក្រុងក្នុងប្រទេសអាស៊ានមួយចំនួន នៅពេលដែលរោងចក្រនិងឡាននៅលើដងផ្លូវបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចជាងមុនទៅក្នុងបរិយាកាស។ លោក Tsutsui សង្ឃឹមថា ការគ្រប់គ្រងដោយមានច្បាប់ទម្លាប់តឹងរ៉ឹងជាងមុនទៅលើជំនួញសត្វព្រៃបន្ទាប់ពីបញ្ហាជំងឺនេះ នឹងក្លាយជារឿងល្អ មិនសម្រាប់តែមនុស្សប៉ុណ្ណោះទេ វាក៏ល្អសម្រាប់សត្វផងដែរ។
លោកថ្លែងអំពីការឆ្លើយតបទៅនឹងជំងឺកូរ៉ូណា យ៉ាងដូច្នេះថា៖ «ការសម្រេចចិត្តរបស់ចិនដោយដោះស្រាយចំពោះប្រភពនៃបញ្ហា ដូចជាការបិទទីផ្សារជាអចិន្ត្រៃយ៍ និងបម្រាមហាមឃាត់ការបរិភោគសត្វព្រៃ គឺជាព្រឹត្តិការណ៍ធ្វើឲ្យប្រែប្រួលដល់ជំនួញនេះទាំងស្រុង។ រដ្ឋាភិបាលនៅប្រទេសអាស៊ីទាំងអស់ត្រូវតែដើរតាមឧទាហរណ៍នេះ ដើម្បីជាប្រយោជន៍ដល់សុខភាពមនុស្ស ក៏ដូចជាដើម្បីការអភិរក្សសត្វព្រៃផងដែរ»៕