ប្រធានាធិបតីជាប់ឆ្នោតសហរដ្ឋអាមេរិកលោក Donald Trump នឹងមិនជាប់ពន្ធនាគារឬបង់ប្រាក់ពិន័យដោយសារការកាត់ទោសពីបទព្រហ្មទណ្ឌរបស់លោកក្នុងសំណុំរឿងលុយបំបិទមាត់តារាអាសអាភាសម្នាក់នោះទេ។ នេះបើយោងតាមសេចក្តីសម្រេចរបស់ចៅក្រមម្នាក់កាលពីថ្ងៃសុក្រ។ ប៉ុន្តែ ទីភ្នាក់ងារសារព័ត៌មាន Reuters បានរាយការណ៍ថាការផ្តន្ទាទោសនេះនឹងធ្វើឲ្យលោក Trump ជាប់ឈ្មោះជាអ្នកមានទោស។
ការផ្តន្ទាទោសរបស់លោកចៅក្រម Juan Merchan ឲ្យលោក Trump អាយុ ៧៨ ឆ្នាំនេះមានទោសតែមិនរងការពិន័យណាមួយនេះបានបិទបញ្ចប់សំណុំរឿងលុយបំបិទមាត់នេះ ដែលសំណុំរឿងនេះបានតាមអន្ទងលោក Trump រហូតមកដល់ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះមុនពេលលោកស្បថចូលកាន់តំណែងជាប្រធានាធិបតីអាមេរិកម្តងទៀតនៅថ្ងៃទី ២០ ខែមករាខាងមុខនេះ។
លោកចៅក្រម Merchan បានសម្រេចដាក់លោក Trump ជាជនមានទោសក្នុងកំណត់ត្រាអចិន្ត្រៃយ៍របស់លោក Trump ដោយគ្មានពិន័យផ្លូវច្បាប់ផ្សេងទៀតដូចជាការជាប់ឃុំ ការបង់ប្រាក់ពិន័យ ឬការស្ថិតនៅក្រៅឃុំបណ្តោះអាសន្ននោះទេ។
លោក Trump មិនទទួលសារភាពថាលោកមានទោសទេ ហើយបានប្តេជ្ញាថានឹងប្តឹងជំទាស់នឹងសាលក្រមដាក់ឲ្យលោកមានទោសនេះ។ លោកបានបង្ហាញខ្លួនជាមួយមេធាវីរបស់លោកតាមអេក្រង់ទូរទស្សន៍ដែលបញ្ចាំងក្នុងបន្ទប់សវនាការដោយមានទង់ជាតិអាមេរិកពីរនៅពីក្រោយ។
ដោយពាក់ក្រវាត់កពណ៌ក្រហមដែលមានឆ្នូតពណ៌ស លោក Trump បាននិយាយមុនពេលត្រូវបានផ្តន្ទាទោសថា៖ «នេះគឺជាការតាមធ្វើទុក្ខបុកម្នេញនយោបាយ។ គេធ្វើវាដើម្បីបង្ខូចកេរ្ដិ៍ឈ្មោះខ្ញុំដើម្បីឲ្យខ្ញុំចាញ់ការបោះឆ្នោត ប៉ុន្តែវាបានបង្ហាញយ៉ាងច្បាស់ថាការធ្វើដូច្នេះគឺទៅមិនរួចទេ»។
លោក Trump ដែលមិនបានផ្តល់សក្ខីកម្មក្នុងអំឡុងពេលជំនុំជម្រះរយៈពេល ៦ សប្តាហ៍កាលពីឆ្នាំមុន បាននិយាយថា៖ «ខ្ញុំគ្មានទោសសោះ។ ខ្ញុំមិនបានធ្វើអ្វីខុសទេ»៕
ចៅក្រមថាលោក Trump មានទោសក្នុងសំណុំរឿងលុយបំបិទមាត់ ប៉ុន្តែមិនរងការពិន័យអ្វីទេ
- Reuters
វេទិកាបញ្ចេញមតិ