ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចំនួន​អ្នក​ស្លាប់​កើន​ដល់ ១០ នាក់ ខណៈ​ភ្លើង​ឆេះព្រៃ​នៅ​ក្រុង Los Angeles កាន់តែ​រាលដាល


ឧទ្ធម្ភាគចក្រ​បាញ់ទឹក​ពន្លត់ភ្លើងឆេះព្រៃនៅ​ទីក្រុង​ Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា កាលពីថ្ងៃទី​០៩ មករា ឆ្នាំ២០២៥។
ឧទ្ធម្ភាគចក្រ​បាញ់ទឹក​ពន្លត់ភ្លើងឆេះព្រៃនៅ​ទីក្រុង​ Los Angeles រដ្ឋ​កាលីហ្វ័រញ៉ា កាលពីថ្ងៃទី​០៩ មករា ឆ្នាំ២០២៥។

អាជ្ញាធរ​នៅ​រដ្ឋ California ប៉ែក​ខាង​លិច​សហរដ្ឋ​អាមេរិក​ថា មនុស្ស​យ៉ាងតិច ១០ នាក់​បាន​ស្លាប់​ក្នុង​ភ្លើង​ឆេះព្រៃ​ដ៏​ធំ​ដែល​បាន​រាលដាល​បំផ្លាញ​ផ្នែក​ខ្លះ​នៃ​ទីក្រុង Los Angeles។

អាជ្ញាធរ​បាន​បញ្ជាក់​ថា​ចំនួន​អ្នកស្លាប់​អាច​កើនឡើង​ទៀត​ពេល​ភ្លើងឆេះ​ព្រៃ​នេះ​ត្រូវ​បាន​ពន្លត់​ហើយ​បុគ្គលិក​សង្គ្រោះ​អាច​ចូល​ទៅកាន់​កន្លែង​ដែល​ឆេះ​ខ្ទេចខ្ទី​ទាំងនោះ​បាន។ ប្រតិបត្តិការ​ពន្លត់​អគ្គិភ័យ​បាន​បន្ត​រហូត​ដល់​យប់​ដោយ​ឧទ្ធម្ភាគចក្រ​ស្រោច​ទឹក​ពី​លើ​ភ្លើង​ក្នុង​ពេល​ដែល​ខ្យល់​កំពុង​ស្ងប់​មួយ​រយៈ។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​មួយ​នៅ​សេតវិមាន​កាលពី​រសៀល​ថ្ងៃ​ព្រហស្បតិ៍​ថា ធនធាន​និង​ថវិកា​បន្ថែម​ពី​រដ្ឋាភិបាល​សហព័ន្ធ​ត្រូវ​បាន​ផ្តល់​ដល់​រដ្ឋ California ដើម្បី​ប្រយុទ្ធ​នឹង​ភ្លើង​ឆេះព្រៃ​ទាំងនេះ​ដែល​លោក​ហៅ​ថា​ជា «អគ្គិភ័យ​ដ៏​អាក្រក់​បំផុត​ដែល​ឆេះ​នៅ​ក្រុង Los Angeles»។

លោក​ប្រធានាធិបតី​ថា​ថវិកា​នោះ​នឹង​ត្រូវ​ប្រើ​សម្រាប់​ទូទាត់​ថ្លៃ​ចំណាយ​ទាំងអស់​រយៈពេល ១៨០ ថ្ងៃ​លើ​ជម្រក​ស្នាក់នៅ​បណ្តោះអាសន្ន ការ​រើ​សម្ភារៈ​គ្រោះថ្នាក់​ចេញ ប្រាក់ខែ​ក្រុម​អ្នក​ជួយសង្គ្រោះ​បន្ទាន់ និង​វិធានការ​ការពារ​ជីវិត។

អនុ​ប្រធានាធិបតី​អាមេរិក​អ្នកស្រី Kamala Harris ដែល​ជា​អតីត​សមាជិក​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​តំណាង​រដ្ឋ California ក៏​បាន​និយាយ​ក្នុង​សន្និសីទ​កាសែត​នោះ​ដែរ។ អ្នកស្រី​បាន​ហៅ​ស្ថានការណ៍​នៅ​រដ្ឋ California នេះ​ថា​ជា​ស្ថានការណ៍ «មហា​វិនាស» និង​ជា «អ្វី​មួយ​ដែល​នឹង​ជះ​ឥទ្ធិពល​រាប់ខែ​រាប់ឆ្នាំ​ទៅមុខ​ទៀត»។

អាជ្ញាធរ​ថា​ភ្លើងឆេះ​ព្រៃ​ដែល​ឆេះ​នៅ​ក្នុង​និង​ជុំវិញ​ទីក្រុង Los Angelesនោះ​បាន​នាំ​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជន​ជិត ១៨០.០០០ នាក់ បាន​បំផ្លាញ​ផ្ទះ​រាប់​ពាន់​ខ្នង និង​បាន​ឆេះ​ព្រៃ​អស់​រាប់​ម៉ឺន​ហិកតា៕

ព័ត៌មាន​ខ្លះ​ក្នុង​សេចក្តី​រាយការណ៍​នេះ​ត្រូវបាន​ដកស្រង់​មកពី​ទីភ្នាក់ងារ​សារព័ត៌មាន AP និង​ទីភ្នាក់ងារ​សារព័ត៌មាន Reuters។

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG