រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាលោកវង សូត បានកត់សម្គាល់ចំណុចវិជ្ជមានរបស់មន្ត្រីនៅថ្នាក់ក្រោមជាតិពាក់ព័ន្ធនឹងការឧបត្ថម្ភសាច់ប្រាក់ដល់ជនក្រីក្រ ហើយថា ការដកយកបណ្ណក្រីក្រពីបុគ្គលមួយចំនួនកន្លងមកនោះ គឺគ្មានជាប់រឿងនយោបាយទេ តែដោយសារបុគ្គលនោះឆ្លងផុតពីភាពក្រីក្រ។
រដ្ឋាភិបាលបានចាប់ផ្តើមកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជួយពលរដ្ឋប្រមាណ៤លាននាក់គិតចាប់តាំងពីមានការឆ្លងរាតត្បាតជំងឺកូវីដ១៩ អំឡុងពេលមានការកើនឡើងអត្រាអតិផរណា ក៏ដូចជាអំឡុងពេលមានគ្រោះទឹកជំនន់។ ទឹកប្រាក់ដែលត្រូវបានផ្តល់ជូនពលរដ្ឋនោះមានជាង៩០០លានដុល្លារ។ នេះបើតាមរដ្ឋមន្ត្រីក្រសួងសង្គមកិច្ចលោកវង សូត។ ពលរដ្ឋដែលទទួលបាននោះគឺជាជនក្រីក្រដែលត្រូវនឹងលក្ខខណ្ឌទទួលបានការផ្តល់សាច់ប្រាក់ពីរដ្ឋាភិបាល។ ពលរដ្ឋទាំងនោះក៏មានស្ត្រីមានផ្ទៃពោះ និងកុមារផងដែរ។
អំឡុងពេលធ្វើសន្និសីទកាសែតក្នុងក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាកាលពីព្រឹកថ្ងៃអង្គារ លោក វង សូត ថ្លែងថា មន្ត្រីនៅតាមឃុំសង្កាត់មានភារកិច្ចសំខាន់នៅក្នុងការចាត់ចែងផ្តល់សាច់ប្រាក់ជូនពលរដ្ឋដែលត្រូវការជំនួយពីរដ្ឋាភិបាល និងថា មន្ត្រីបានធ្វើកិច្ចការនេះដោយបានលទ្ធផលល្អហើយ តែនៅមានចំណុចខ្វះខាតដែលត្រូវកែប្រែ។
លោកថ្លែងថា៖ «ជាពិសេសអាអ្នកបើកផ្តល់ អាអ្នកស្អីហ្នឹងគឺឃុំសង្កាត់ហ្នឹងជាអ្នកដើរតួសំខាន់ ហើយអាកាន់លុយកាន់កាក់ ឬក៏ជូនដំណឹងឲ្យបងប្អូនក្រុមគោលដៅនៅក្នុងឃុំសង្កាត់របស់គាត់ហ្នឹង។ អ៊ីចឹងហើយ កន្លងហើយខ្ញុំគិតថា យើងធ្វើបានល្អច្រើន។ ប៉ុន្តែចំណុចខ្វះចន្លោះក៏នៅមានតិចតួច ហើយយើងក៏បានខិតខំប្រឹងប្រែង ខិតខំប្រឹងប្រែងកែលម្អ ដោយសារថា កន្លងហើយនេះ យើងបានធ្វើកិច្ចការងារនេះជាង២ឆ្នាំមកហើយ យើងក៏មានបទពិសោធន៍»។
កាលពីកន្លងទៅ មន្ត្រីស្មៀននៅសង្កាត់តាខ្មៅម្នាក់គឺលោក សុខ សុផាត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនចំពោះការធ្វើឲ្យបាត់ប្រាក់ឧបត្ថម្ភជូនជនក្រីក្រជាង៦០លានរៀល អំឡុងពេលមានការឆ្លងរាតត្បាតខ្លាំងនៃជំងឺកូវីដ១៩។
លោកវង សូត ប្រាប់អ្នកកាសែតក្នុងសន្និសីទព័ត៌មាននៅថ្ងៃអង្គារនេះថា រដ្ឋាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅលើមន្ត្រីដែលត្រូវរកឃើញថា បានកិបកេងប្រាក់ បើសិនការប្រព្រឹត្តខុសនេះធ្ងន់ធ្ងរ ហើយមិនអាចទទួលយកបានត្រឹមការតម្រូវឲ្យសងប្រាក់មករដ្ឋវិញនោះ។
លោកថ្លែងថា ប៉ុន្តែករណីខ្លះមានភាពធ្ងន់ធ្ងរ ហើយក្រសួងអនុវត្តវិន័យរហូតដល់មានដាក់ទោសទណ្ឌដល់ក្រុមគោលដៅមួយចំនួនដែលអនុវត្តខុសឆ្គង។ លោកថា មានការអនុវត្តច្បាប់តឹងរ៉ឹងក្នុងករណីមានការប្រព្រឹត្តខុសធ្ងន់ធ្ងរ។
ឆ្លើយតបទៅនឹងសំណួរសំឡេងសហរដ្ឋអាមេរិកទាក់ទិនការចោទប្រកាន់កន្លងមកដែលថា មានការដកបណ្ណក្រីក្រពីពលរដ្ឋមួយចំនួនដោយសារតែមាននិន្នាការគាំទ្រគណបក្សជំទាស់ ពោលគឺគណបក្សភ្លើងទៀននោះ លោក វង សូត ថ្លែងថា ពលរដ្ឋខ្លះបានឆ្លងផុតឋានៈជាអ្នកក្រីក្រ ដែលមិនអាចបន្តទទួលបានការឧបត្ថម្ភសាច់ប្រាក់បន្តទៀតពីរដ្ឋាភិបាល។
លោកលើកឡើងថា៖ «អ៊ីចឹងទៅវាមានករណីខ្លះដកទៅជួនកាលវាអាច យើងអ្នកដកថា អ្នកហ្នឹងឆ្លងផុតពីភាពក្រីក្រ ប៉ុន្តែជួនកាលអាអ្នកដែលធ្លាប់បានហ្នឹងជួនកាលគាត់មិនស្រួលគាត់មាននិន្នាការនយោបាយអីណាទៅ គាត់មកចោទថា អាហ្នឹងមកពីគាត់មាននិន្នាការនយោបាយ។ អាហ្នឹងក៏ពិបាកដែរក្មួយ។ អាហ្នឹងពិបាក ពិបាកដោយសារតែការចោទប្រកាន់ហ្នឹងចៀសមិនផុត ប៉ុន្តែជួនកាល អ្នកដែលអនុវត្ត គេអនុវត្តតាមគោលការណ៍អ៊ីចឹង អាបណ្ណដកហ្នឹងមានដកមែន ជាពិសេសក្រសួងផែនការលោក លោកអនុវត្តទៅតាមនីតិវិធីដែលយើងបានធ្វើ។ អ្នកណាពិន្ទុហ្នឹង វាត្រូវផុតពីភាពក្រីក្រហើយ អាហ្នឹងគេដកបណ្ណហើយ!»
លោកបន្ថែមថា៖ «គឺនិយាយឲ្យខ្លីទៅ វាបើកលែងចេញហើយ។ បើដកបណ្ណចេញបាត់ហើយ បានអីបើក? ម៉េចបើកបាន? ប៉ុន្តែករណីខ្លះ បងប្អូនខ្លះ មិននិយាយជាក់ស្តែង ទៅយករឿងនយោបាយប្រឡូកប៉ូកប៉ាក់។ អាហ្នឹងក៏ពិបាកបដិសេធដែរ។ កន្លែងខ្លះវា បងប្អូនហ្នឹងចោទអ៊ីចឹងទេ។ ប៉ុន្តែលើការជាក់ស្តែង មន្ត្រីរបស់យើង ជាពិសេសក្នុងក្របខណ្ឌរាជរដ្ឋាភិបាល ខិតខំអនុវត្តគោលការណ៍ដោយតម្លាភាពជាមួយនឹងបងប្អូនជាមួយប្រជាពលរដ្ឋទាំងអស់»។
គួររំឭកថា មន្ត្រីសង្គមស៊ីវិលមួយចំនួនលើកឡើងកាលពីកន្លងទៅថា មានករណីដកបណ្ណក្រីក្រពីពលរដ្ឋដែលត្រូវគេរកឃើញថា មានការទោរទន់ទៅគាំទ្រគណបក្ស ជំទាស់ ហើយបណ្តាញផ្សព្វផ្សាយព័ត៌មានខ្លះក៏បានធ្វើសេចក្តីរាយការណ៍ជុំវិញបញ្ហានេះដែរ។
វីអូអេព្យាយាមសុំការអត្ថាធិប្បាយពីអនុប្រធានគណបក្សភ្លើងទៀនពីររូបគឺលោកថាច់ សេដ្ឋា និងលោកសុន ឆ័យ តាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម តែមិនមានការឆ្លើយតបទេ គិតត្រឹមល្ងាចថ្ងៃអង្គារនេះ។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូលោកអំ សំអាត ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា កន្លងមកមានករណីនៃការដកបណ្ណក្រីក្រ ដោយសារការរើសអើងនយោបាយ ដែលនាំឲ្យមានការរិះគន់។ លោកបន្ថែមថា ពលរដ្ឋក្នុងប្រទេសកម្ពុជា ដែលត្រូវការជំនួយពីរដ្ឋាភិបាលខាងថវិកានោះ មិនគួររងការរើសអើងក្រោមហេតុផលមាននិន្នាការនយោបាយផ្ទុយពីគណបក្សកាន់អំណាចនោះទេ។
លោកថ្លែងថា៖ «អ៊ីចឹងចំណុចនេះ ខ្ញុំគិតថា បើការដកបណ្ណក្រីក្រហ្នឹងហើយត្រូវតែមានការចេញជាគោលការណ៍ណាមួយដើម្បីបញ្ជាក់ឲ្យបានច្បាស់លាស់ក្នុងការដកបណ្ណក្រីក្រ ឬក៏បញ្ចប់នៃការផ្តល់បណ្ណក្រីក្រហ្នឹងដើម្បីកុំឲ្យមានសាធារណជន ឬក៏ប្រជាពលរដ្ឋហ្នឹងលោកមានការយល់ច្រឡំទៅលើបញ្ហាការរើសអើងនិន្នាការគណបក្សនយោបាយហ្នឹង»។
ដោយឡែកប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមូលនិធិជាតិជំនួយសង្គម លោកឈួរ សុបញ្ញា ប្រាប់អ្នកកាសែតថា ក្នុងកិច្ចការចាត់ចែងសាច់ប្រាក់ជូនប្រជាពលរដ្ឋក្រីក្រដែលត្រូវការជំនួយពីរដ្ឋាភិបាលនេះ មន្ត្រីទទួលបន្ទុកបានធ្វើការងារដោយប្រយ័ត្នប្រយែងទាំងតាមប្រព័ន្ធបច្ចេកវិទ្យា និងការបញ្ជាក់ភិនភាគនៃអ្នកដែលសមនឹងទទួលបានការឧបត្ថម្ភសាច់ប្រាក់ពីរដ្ឋាភិបាល។ លោកសង្កត់ធ្ងន់ថា គ្មានករណីលើកលែងទេចំពោះមន្ត្រីដែលប្រព្រឹត្តឆ្គាំឆ្គងពាក់ព័ន្ធកម្មវិធីផ្តល់សាច់ប្រាក់ជូនពលរដ្ឋក្រីក្រ និងពលរដ្ឋដែលពិតជាត្រូវតែទទួលបានការជួយពីរដ្ឋាភិបាលនោះ៕