ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក ​ហ៊ុន សែន​ បញ្ចប់​ពាក្យ​បណ្តឹង​ ក្រោយ​លោក ​គង់ គាំ ​សម្រេច​ប្រគល់​ដី​និង​ផ្ទះ​ទៅ​ក្រសួង​ការបរទេស​វិញ


រូបថតផ្គុំបង្ហាញលោក គង់ គាំ (ឆ្វេង) អ្នកនយោបាយជើងចាស់ខ្មែរមួយរូបនិង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។
រូបថតផ្គុំបង្ហាញលោក គង់ គាំ (ឆ្វេង) អ្នកនយោបាយជើងចាស់ខ្មែរមួយរូបនិង​ទីប្រឹក្សា​ជាន់​ខ្ពស់​របស់​គណបក្ស​ភ្លើងទៀន និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន (ស្តាំ)។

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​សម្រេច​បញ្ចប់​ការ​ប្តឹង​ផ្តល់​លោក ​គង់ គាំ ​អ្នក​នយោបាយ​ជើង​ចាស់ ​និង​ជា​ទីប្រឹក្សា​គណបក្ស​ភ្លើងទៀន ​ក្រោយ​លោក​បាន​ប្រគល់​ផ្ទះ​ និង​ដី ​មាន​ទំហំ​ជាង​កន្លះ​ហិកតា ​ក្នុង​ខណ្ឌ​ចំការ​មន ​មក​ឱ្យ​ក្រសួង​ការ​បរទេស​វិញ។​

ការ​សម្រេច​របស់​លោក ​ហ៊ុន សែន ​ធ្វើ​ឡើង​ក្រោយ​លោក ​គង់ គាំ ​បាន​សរសេរ​លិខិត​មួយ​ច្បាប់​ទៅ​លោក​ ឱម យ៉ិនទៀង ​ប្រធាន​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​ដោយ​ប្រាប់​ថា​ លោក​ និង​ភរិយា​«ស្ម័គ្រ​ចិត្ត»​ប្រគល់​ដី​ដែល​មាន​ទំហំ​ ៥២៩០ ​ម៉ែត្រ​ការ៉េ ​ស្ថិត​ក្នុង​ភូមិ​ ៥ ​សង្កាត់​ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​មន។​

នៅ​ក្នុង​លិខិត​នោះ ​លោក ​គង់ គាំ​ ដែល​ជា​អតីត​មន្ត្រី​ក្រសួង​ការ​បរទេស​មួយ​រូប ​កាល​លោក​ ហ៊ុន សែន ​នៅ​ធ្វើ​រដ្ឋមន្ត្រី​ក្រសួង​នេះ​ បាន​បញ្ជាក់​ថា​ រូប​លោក​មាន​ «ភាព​ឆ្គាំឆ្គង ​និង​យល់​មិន​បាន​អស់»​ អំពី​បែប​បទ​នៃ​ការ​សុំ​កាន់​កាប់ផ្ទះ ​និង​ដី។​ លោក​ក៏​ស្នើ​សុំ​លោក​នាយក​រដ្ឋមន្ត្រីអនុ​គ្រោះ​ដល់​រូប​លោក​ផង​ដែរ។​

មុន​ពេល​លោក ​គង់ គាំ ​សម្រេច​ប្រគល់​ដី ​និង​ផ្ទះ​មក​ឱ្យ​ក្រសួង​ការ​បរទេស​វិញ​ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ព្រមាន​ឱ្យ​លោក ​គង់ គាំ ​ប្រគល់​ដី ​និង​ផ្ទះ​ដោយ​ទុក​រយៈពេល​មួយ​ខែ ​ហើយ​លោក​ក៏​ប្រាប់​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ស៊ើប​អង្កេត​ករណី​នេះ​ផង​ដែរ។​

លោក ​ហ៊ុន សែន ​បាន​សរសេរ​សារ​នៅ​លើ​ហ្វេសប៊ុក​របស់​លោក ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«កុំ​ឱ្យ​យប់​យូរ​សុបិន​ច្រើន​ ខ្ញុំ​សម្រេច​មិន​ប្តឹង​បន្ត​ទៀត​ទេ ​គឺ​បញ្ចប់​ត្រឹម​ការ​ប្រគល់​ផ្ទះ​នេះ​ជូន​ក្រសួង​ការ​បរទេស​ ដែល​អាច​ធ្វើ​នា​សប្តាហ៍​ក្រោយ»។​

លោក ​គង់ មុនីកា​ កូន​ប្រុស​របស់​លោក​ គង់ គាំ ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ​លោក​មិន​ទាន់​អាច​និយាយ​អ្វី​បាន​នៅ​ឡើយ​ទេ​ពាក់​ព័ន្ធ​ជា​មួយ​ករណី​នេះ ​និង​ថា​ ការ​សរសេរ​លិខិត​របស់​ឪពុក ​និង​រូប​លោក​ផ្ទាល់​ស្នើ​សុំ​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ​គឺ​ដើម្បី​ជជែក​គ្នា​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង​កន្លង​ទៅ​នេះ។​

លោក ​គង់ មុនីកា ​ថ្លែង​ថា៖​ «កាលៈទេសៈ​នេះ​ ពិតហើយ​យើង​ត្រូវ​តែ​មាន​ការ​រក្សា​ភាព​ស្ងៀម​ស្ងាត់​ ដើម្បី​យើ​ង​ស្វែង​រក​ដំ​ណោះ​ស្រាយ​ ដែល​អាច​ទទួល​យក​បាន»។​

បើ​តាម​លោក​ គង់ មុនីកា​ បញ្ហា​ដែល​បាន​កើត​នេះ​នឹង​ជះ​ឥទ្ធិពល​ដល់​ការ​ធ្វើ​សកម្ម​ភាព​នយោបាយ​របស់​លោក​ និង​ឪពុក ​គ្រា​លោក​រង់ចាំ​ឱ្យ​ស្ថានការណ៍​ស្ងប់​ស្ងាត់​ទៅវិញ​ជា​មុនសិន។​

សាស្ត្រាចារ្យ​វិទ្យា​សាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា ​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ដី​ឬ​ក៏ផ្ទះ​ដែល​ជា​សម្បត្តិ​របស់​រដ្ឋ​មាន​ច្រើន​ដែល​ប្រគល់​ឱ្យ​មន្ត្រី​ស្នាក់​នៅ ​ខណៈ​លោក​ចោទ​សួរ​ថា​ ហេតុ​អ្វី​បាន​ជា​រដ្ឋាភិបា​ល​ចាត់​វិធាន​ការ​តែ​ទៅ​លើ​លោក​ គង់ គាំ​ ម្នាក់​ឯង។​

បើ​តាម​លោក ​ឯម សុវណ្ណារ៉ា​ ការ​រឹបអូស​យក​ផ្ទះពី​មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ពេល​នេះ​ជា​ការ​ដាក់​បន្ទុក ​និង​រឹតត្បិត​សេរីភាព​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់ថា៖​ «ការ​ដាក់​បន្ទុក​នេះ​ធ្វើ​ឱ្យ​គេ​មើល​ឃើញ​ថា​ ជា​ករណី​គំរាម​កំហែង​ ឬ​ការ​ដាក់​បន្ទុក​នៅ​ក្នុង​នយោបាយ​ហើយពាក់​ព័ន្ធ​នឹង​ការរួម​តូច​ ឬ​ការ​រឹត​ត្បិត​នៃ​សេរីភាព​នយោបាយ​ហើយ»។​

សាស្ត្រាចារ្យ​រូប​នេះ​អះអាង​ថា គណ​បក្ស​ភ្លើង​ទៀន​បាន​កំពុងទទួល​រងសម្ពាធ​ពី​គណបក្ស​កាន់​អំណាច​ ដូច​កាល​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ​ដែរ។ លោក​ ឯម សុវណ្ណារ៉ា បាន​បន្ថែម​ថា ​ការ​ដាក់​សម្ពាធ​មក​លើ​ថ្នាក់​ដឹកនាំ​របស់គណបក្សប្រឆាំង​នេះ​នឹងកើន​ឡើង​ នៅ​ពេល​ដែល​សំឡេង​នៃ​អ្នក​គាំទ្រ​របស់​គណបក្ស​ភ្លើង​ទៀន​កើន​ឡើង​ខ្ពស់។

គួរ​បញ្ជាក់​ថា​ ការ​ព្រមាន​របស់​លោក ​ហ៊ុន សែន ​លើ​លោក ​គង់ គាំ ​ធ្វើ​ឡើង​ក្រោយ​អ្នក​នយោបាយ​ជើង​ចាស់​រូប​នោះ​ បាន​ចូល​រួម​ជាមួយ​គណបក្ស​ភ្លើងទៀន​ ហើយ​លោក ​គង់ គាំ ​បាន​ថ្លែង​ក្នុង​វេទិកា​សាធារណៈ​មួយ​ កាល​ពី​ថ្ងៃ​ទី​ ៧​ ខែ​មករា ​ឆ្នាំ​២០២៣ ​ដែល​លោក​ ហ៊ុន សែន​ ថា​ ជា​ការ​វាយ​ប្រហារ​គណបក្ស​ប្រជាជន​កម្ពុជា។ ​ការ​ថ្លែង​របស់​លោក ​គង់ គាំ​ នេះ​ក៏រង​ការ​ប្តឹង​ផ្តល់ទៅ​តុលាការ​ខេត្ត​ត្បូងឃ្មុំ​ផង​ដែរ។ ​

គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ត្បូងឃ្មុំ​បាន​ដាក់​ពាក្យ​បណ្តឹង​ទៅ​តុលាការ ​ប្តឹង​លោក ​គង់ គាំ ​ពី​បទ​ «ញុះ​ញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ ចលាចល​ អសន្តិសុខ​ក្នុង​សង្គម»​ ទាក់​ទង​នឹង​ការ​ថ្លែង​របស់​លោក​ក្នុង​វេទិកា​សាធារណៈ​នៅ​ក្នុង​ពិធី​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់​ស្នាក់ការ​គណបក្ស​ភ្លើងទៀន​ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ កាល​ពី​ថ្ងៃទី​ ៧​ ខែ​មករា ​ឆ្នាំ​ ២០២៣ ​ទាក់ទង​នឹង​ការ​ដឹង​គុណ​ថ្ងៃ​ ៧​ មករា។​

លោក ​គង់ គាំ ​ត្រូវ​បាន​ប្តឹង​ទាមទារ​សំណង​ជំងឺ​ចិត្ត​ចំនួន​ ៥០ ​ម៉ឺន​ដុល្លារ​អាមេរិក។ ​នេះ​បើ​តាម​ពាក្យ​បណ្តឹង​របស់​គណបក្ស​ប្រជាជន​កម្ពុជា ​ចុះ​ថ្ងៃ​ទី​ ១០​ ខែ​មករា ​ឆ្នាំ​ ២០២៣៕

XS
SM
MD
LG