អ្នកជំនាញការនយោបាយមើលឃើញថា លទ្ធភាពនៃការវិលត្រឡប់មកធ្វើនយោបាយរបស់លោកកឹម សុខា ហាក់មានតិចតួច ស្របពេលគណបក្សប្រជាជនកម្ពុជាកំពុងបន្ថែមល្បឿនផ្ទេរអំណាចដល់អ្នកជំនាន់ក្រោយ។
មេដឹកនាំនយោបាយជំទាស់លោក កឹម សុខា ដែលកំពុងរងការចោទប្រកាន់ពីបទសន្ទិដ្ឋិភាពជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ ដែលស្មើនឹងអំពើក្បត់ជាតិនោះ ត្រូវបានតុលាការកំពូលកាត់សិទ្ធិធ្វើនយោបាយ ៥ ឆ្នាំ ហើយនឹងកំពុងរង់ចាំការប្រកាសសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ នៅខែមីនា ឆ្នាំ ២០២៣។
ខណៈពេលកំពុងរង់ចាំការប្រកាសសាលក្រមនោះ លោក កឹម សុខា ដែលជាសហស្ថាបនិកអតីតគណបក្សសង្គ្រោះជាតិ នៅបន្តជួបសន្ទនាជាមួយអង្គទូតប្រទេសលោកសេរី ដែលមានស្ថានបេសកកម្មការទូតនៅក្នុងទីក្រុងភ្នំពេញ។
អ្នកវិភាគនយោបាយលោក សេង សារី ប្រាប់វីអូអេកាលពីថ្ងៃពុធថា ស្ថានភាពវិលត្រឡប់មកចូលរួមជីវភាពនយោបាយរបស់លោក កឹម សុខា គឺស្ថិតក្នុងភាពមិនច្បាស់លាស់ ព្រោះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងអនុវត្តយុទ្ធសាស្ត្រនយោបាយមួយ ដែលមានគោលដៅសម្អាតសង្វៀននយោបាយ ទុកឲ្យអ្នកជំនាន់ក្រោយរបស់គណបក្សប្រជាជនកម្ពុជា។
នេះមានន័យថា លោក ហ៊ុន សែន កំពុងច្រានអ្នកនយោបាយជំទាស់ដែលមានវ័យស្រករ ឬស្របាលគ្នានឹងលោកឲ្យចេញពីឆាកនយោបាយ ហើយបើកផ្លូវឲ្យអ្នកជំនាន់ក្រោយរបស់គណបក្សកាន់អំណាច ឡើងមកទទួលដឹកនាំកិច្ចការប្រទេសជាតិ ដោយគ្មានឧបសគ្គ ខណៈក្រុមគណបក្សនយោបាយជំទាស់មិនទាន់បញ្ចេញឲ្យដឹងសមាសភាពអ្នកបន្តវេនមរតកនយោបាយប្រឆាំងរបស់ផងខ្លួន។
លោកថ្លែងថា៖ «លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កំពុងតែព្យាយាមធ្វើម៉េចចាត់ការអ្នកនយោបាយជំនាន់ហ្នឹង ឲ្យចេញពីសង្វៀននយោបាយ។ ហើយកាលពីចុងឆ្នាំ ២០២២ ហ្នឹង ក៏យើងសង្កេតឃើញថា ការប្រកាសរកអ្នកបន្តវេនពីខាងគណបក្សប្រជាជនហ្នឹងជាច្រើនដងដែរ ប៉ុន្តែមកដល់ពេលនេះ យើងអត់ទាន់ឃើញថា គណបក្សប្រឆាំងហ្នឹងបញ្ចេញអ្នកបន្តវេនអ្នកជំនាន់ថ្មីរបស់ខ្លួនទេ ដូច្នេះធ្វើឲ្យគណបក្សប្រជាជនកម្ពុជាហ្នឹង ហាក់ដូចជាមិនដឹងថា អ្នកណាឲ្យពិតប្រាកដ ក្រុមណាឲ្យពិតប្រាកដនឹងក្លាយទៅជាអ្នកបន្តមរតកនយោបាយរបស់អ្នកប្រឆាំង»។
អ្នកវិភាគនយោបាយរូបនេះបន្ថែមថា លោក កឹម សុខា អាចនឹងលែងមានឱកាសធ្វើនយោបាយតែម្តង ក្រោមហេតុផលថា អ្នកនយោបាយជំទាស់រូបនោះកំពុងស្ថិតក្នុងក្រុមគោលដៅនៃអ្នកនយោបាយជើងចាស់ ដែលនឹងត្រូវលោក ហ៊ុន សែន បោសសម្អាតចេញពីសង្វៀនប្រកួតនយោបាយនៅកម្ពុជា។
លោកលើកឡើងថា៖ «លោក កឹម សុខា ក៏រាប់ថាជាអ្នកនយោបាយជំនាន់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូចលោក សម រង្ស៊ី ដែរ។ អ៊ីចឹង គាត់ក៏ត្រូវជាមនុស្ស អ្នកនយោបាយម្នាក់ដែលត្រូវកម្ចាត់ចេញពីសង្វៀននយោបាយ គឺមិនមានឱកាស ធ្វើម៉េចបិទឱកាសកុំឲ្យលោក កឹម សុខា លោក សម រង្ស៊ី ហ្នឹងចូលរួមនៅក្នុងសង្វៀននយោបាយ ដែលអាចនឹងក្លាយទៅជាដៃគូប្រកួតប្រជែងមនុស្សជំនាន់ក្រោយរបស់គណបក្សកាន់អំណាច។ អ៊ីចឹងសរុបមកវិញ ករណីរបស់លោក កឹម សុខា ហ្នឹង គឺខ្ញុំមើលឃើញថា លោក កឹម សុខា លែងមានឱកាសនៅក្នុងការចូលរួមប្រឡូកនៅក្នុងកិច្ចការងារនយោបាយហើយ»។
តុលាការក្រុងភ្នំពេញនឹងប្រកាសសាលក្រមរឿងក្តីលោក កឹម សុខា នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ នេះ គឺតែប៉ុន្មានខែមុនការបោះឆ្នោតជាតិឆ្នាំនេះ ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣។ អំឡុងពេលសវនាការលើកចុងក្រោយកាលខែធ្នូ ឆ្នាំ ២០២២ លោក កឹម សុខា បានលើកឡើងជាសំណូមពរចុងក្រោយនៅចំពោះមុខក្រុមប្រឹក្សាជំនុំជម្រះថា ការចោទប្រកាន់មកលើរូបលោកត្រូវតែទម្លាក់ចោលដើម្បីអនុញ្ញាតឲ្យលោកបានវិលមកបម្រើប្រជាពលរដ្ឋខ្មែរ និងប្រទេសជាតិ។
បើតាមលោក សេង សារី បើទោះលោក កឹម សុខា ទទួលបានសិទ្ធិធ្វើនយោបាយវិញ ក្រោយការប្រកាសសាលក្រមនៅខែមីនា ឆ្នាំ ២០២៣ ក្តី ក៏មេដឹកនាំនយោបាយជំទាស់រូបនោះត្រៀមខ្លួនមិនទាន់សម្រាប់ការបោះឆ្នោតជាតិឆ្នាំនេះ ហើយសំឡេងលោកនឹងរឹតតែស្ងាត់ទៅនៅឆ្នាំ ២០២៨។
លោកថ្លែងថា៖ «នៅក្នុងការចេញសាលក្រមហ្នឹងគឺថ្ងៃ ៣ ខែ ៣ អ៊ីចឹងហើយ វាកៀកទៅនឹងថ្ងៃរៀបចំ បេក្ខជនតំណាងរាស្ត្រ ហើយនឹងកៀកមែនទែនទៅថ្ងៃបោះឆ្នោត។ អ៊ីចឹងលោក កឹម សុខា មិនមានឱកាសនៅក្នុងការរៀបចំតំណាងរាស្ត្ររបស់ខ្លួនឲ្យទាន់ពេលទេ។ ហើយបើសិនលោក កឹម សុខា ត្រូវបានត្រៀមខ្លួនសម្រាប់ ២០២៨ លោក កឹម សុខា នឹងកាន់តែបាត់ឈ្មោះចេញពីសង្វៀននយោបាយនៅកម្ពុជា។ អ៊ីចឹង ជារួម ខ្ញុំមើលឃើញថា ទាំងលោក កឹម សុខា ទាំងលោក សម រង្ស៊ី គឺជាគោលដៅនៅក្នុងការកម្ចាត់ចេញពីសង្វៀននយោបាយ តាមរយៈយុទ្ធសាស្ត្រសម្អាតសង្វៀនសម្រាប់មនុស្សជំនាន់ក្រោយរបស់គណបក្សកាន់អំណាច»។
កាលពីខែសីហា ឆ្នាំ ២០២២ លោក ហ៊ុន សែន បានប្រកាសឲ្យកូនៗ និងចៅរបស់លោកចូលធ្វើនយោបាយ បន្ថែមលើការចង់ឃើញកូនចៅរបស់លោកចូលរួមបម្រើការងារត្រឹមតែក្នុងវិស័យការពារជាតិ។ ហើយនៅមុនពេលមានការប្រកាសយ៉ាងដូច្នេះនោះ គឺនៅឆ្នាំ ២០២១ លោកហ៊ុន សែនបាន ឲ្យដឹងថា ការរៀបចំបេក្ខភាពនាយករដ្ឋមន្ត្រីរបស់គណបក្សប្រជាជនកម្ពុជា គឺមាន ៤ ខ្សែត្រៀម និងបានស្នើឲ្យបក្សប្រឆាំងកុំប្រឹងចង់ដឹងរឿងគណបក្សប្រជាជនកម្ពុជា តែគួរគិតគូជ្រោមជ្រែងបក្សជំទាស់ខ្លួនឯងទៅចុះ។ នេះបើតាមសេចក្តីរាយការណ៍ព័ត៌មានក្នុងស្រុក និងពីក្រៅប្រទេសកន្លងមក។
ដោយឡែក លោក កឹម សុខា បន្តជាប់ចំណងច្បាប់រើខ្លួនមិនរួច ហើយលោក សម រង្ស៊ី ក៏ត្រូវបានគេរាយការណ៍ថា ត្រូវរដ្ឋាភិបាលកម្ពុជាខិតខំរារាំងមិនឲ្យលោកវិលចូលមកក្នុងប្រទេស។
សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយ លោក ឯម សុវណ្ណារ៉ា យល់ថា វត្តមានលោក កឹម សុខា ក្នុងឆាកនយោបាយសាជាថ្មីជាក្តីបារម្ភរបស់គណបក្សកាន់អំណាច។ ហេតុដូច្នេះលោកជឿថា លោក កឹម សុខា អាចនឹងរងការប្តឹងផ្តល់ផ្សេងទៀត ក្រៅពីបទចោទដែលកំពុងរួតរឹតរូបលោកនោះ។
លោកប្រាប់វីអូអេនៅថ្ងៃព្រហស្បតិ៍នេះថា៖ «បើសិនជាបទចោទហ្នឹងមិនមានលក្ខខណ្ឌ បទចោទហ្នឹងពុំមានលក្ខខណ្ឌអីផ្សេង ខ្ញុំគិតថា នឹងមានបទចោទផ្សេងទៀតដាក់បន្ទុកលើគាត់ ពីព្រោះបើសិនបើគាត់ចេញមកឆាកនយោបាយធ្វើឲ្យ គេហៅថា វាមានភាពរង្គោះរង្គើនៅក្នុងអ្នកគាំពារ គាំទ្រគណបក្សនយោបាយក្រៅរដ្ឋាភិបាលហ្នឹង ហើយនឹងអាចធ្វើឲ្យប៉ះពាល់ទៅដល់ប្រជាប្រិយភាពរបស់គណបក្សកាន់អំណាច ហើយធ្វើឲ្យអស្ថិរភាពក្នុងការផ្ទេរអំណាចទៅអ្នកជំនាន់ថ្មី។ អ៊ីចឹងខ្ញុំគិតថា ប្រហែលជាគាត់ពិបាកនឹងវិលចូលឆាកនយោបាយវិញណាស់...ទស្សនៈខ្ញុំ បាទ»។
បើសិនលោក កឹម សុខា បានរួចខ្លួនតាមផ្លូវច្បាប់ហើយមកធ្វើនយោបាយវិញនោះ ក៏មេដឹកនាំនយោបាយជំទាស់រូបនេះអាចពិបាកនឹងកៀរគរសំឡេងគាំទ្រ បើសិនមិនមានការរួមគ្នាជាមួយលោក សម រង្ស៊ី ដូចកាលឆ្នាំ ២០១៣ ឬបើលោកមិនចូលរួមជាមួយគណបក្សភ្លើងទៀន ជាគណបក្សជំទាស់ដែលកំពុងមានសន្ទុះ។ នេះបើតាមលោក ឯម សុវណ្ណារ៉ា។
លោកថ្លែងថា៖ «បើគាត់ចូលក្របខណ្ឌគណបក្សសិទ្ធិមនុស្សចាស់របស់គាត់វិញ គាត់មិនបានច្រើនទេ ឬក៏ពុំបានតែម្តង ដោយសារតែសកម្មភាពនយោបាយគាត់ទើបចាប់ផ្តើម ទីមួយ»។
លោកបន្ថែមថា បើទោះគណបក្សសង្គ្រោះជាតិដំណើរការវិញ ក៏គណបក្សនេះពិបាកប្រជែងជាមួយគណបក្សភ្លើងទៀន។
លោកលើកឡើងថា៖ «ទីពីរ អ្នកដែលនៅក្នុងបក្សរបស់គាត់ហ្នឹងបានបែកសំឡេងច្រើនអស់ហើយ ចេញបង្កើតបក្សពីរ បក្សបី អ៊ីចឹង។ វាអ៊ីចឹងកម្លាំងរបស់គាត់ហ្នឹងនៅតិច ហើយអ្នកដែលជាសមាជិកគណបក្សសង្គ្រោះជាតិចាស់ដែលសមាហរណកម្មនៅក្នុងគណបក្សសង្គ្រោះជាតិនេះបានរួមជីវភាពនយោបាយជាមួយគណបក្សភ្លើងទៀនភាគច្រើន។ អ៊ីចឹងកម្លាំងគណបក្សភ្លើងទៀនអាចឈរលើគេ។ ហើយទោះបីលោក កឹម សុខា ចូលក្នុងឆាកនយោបាយក្នុងក្របខណ្ឌគណបក្សសង្គ្រោះជាតិ ឬគណបក្សសិទ្ធិមនុស្ស ក៏មិនមានលទ្ធភាពប្រជែងជាមួយគណបក្សភ្លើងទៀនដែរ បាទ»។
លោក ឯម សុវណ្ណារ៉ា យល់ឃើញផងដែរថា គណបក្សកាន់អំណាចដូចជាបង្ហាញចេតនាមិនចង់ឃើញអ្នកនយោបាយជំទាស់ជើងចាស់ផ្សេងទៀតមានវត្តមានក្នុងឆាកនយោបាយឡើយ ខណៈថ្នាក់ដឹកនាំរបស់គណបក្សភ្លើងទៀនខ្លះកំពុងរងសម្ពាធតាមផ្លូវច្បាប់ ដូចយ៉ាងករណីលោក សុន ឆ័យ និង លោក គង់ គាំ។ ក៏ប៉ុន្តែលោកជឿថា គណបក្សភ្លើងទៀននឹងនៅតែអាចដំណើរការបាន ហើយក៏មិនសូវបង្កការបារម្ភដល់គណបក្សកាន់អំណាច ហើយការរួបរួមរបស់លោក កឹម សុខា និងលោក សម រង្ស៊ី ជាថ្មីម្តងទៀតនោះ ក៏ទំនងជាមិនអាចកើតមានទៀតឡើយ។
អ្នកនាំពាក្យគណបក្សកាន់អំណាចលោក សុខ ឥសាន ច្រានចោលការវិភាគដែលថា គណបក្សប្រជាជនកម្ពុជាកំពុងអនុវត្តយុទ្ធសាស្ត្ររុញអ្នកនយោបាយជំទាស់ចាស់ចេញពីឆាកនយោបាយនៅកម្ពុជា។ លោកបន្ថែមថា តាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គ្មានបុគ្គលណាអាចកំហិតសិទ្ធិនយោបាយលើអ្នកនយោបាយបាននោះទេ។
លោកថ្លែងថា៖ «ប្រជាធិបតេយ្យសេរីពហុបក្ស ដូច្នេះហើយមិនមែនស្ថិតនៅលើអ្នកណាមួយកំណត់សិទ្ធិនយោបាយរបស់អ្នកនយោបាយផ្សេងៗទេ»។
នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត មិនធ្វើការអត្ថាធិប្បាយ ជុំវិញការប្រកាសសាលក្រមលើសំណុំរឿងលោក កឹម សុខាទេ តែលោកថា តុលាការនឹងត្រូវសម្រេចចិត្ត ដោយផ្អែកតាមច្បាប់ សម្អាងហេតុ និងភស្តុតាង ទោះក្នុងករណីផ្តន្ទាទោស ឬលើកលែងការចោទ។ ទោះជាយ៉ាងណា លោកយល់ថា អ្នកនយោបាយអាចដោះស្រាយករណីលោក កឹម សុខា តាមច្រកនយោបាយ ដូចបទពិសោធន៍កន្លងមកក្នុងការបញ្ចប់ជម្លោះនយោបាយមុនៗនោះ។
អ្នកស្រី ម៉េង សុភារី សហមេធាវីការពារក្តីលោក កឹម សុខា មួយរូប បន្តអះអាងថា មិនមានភស្តុតាងគ្រប់គ្រាន់ទេ នៅក្នុងការដាក់បន្ទុកលើកូនក្តីរបស់អ្នកស្រី ហើយថា សំណុំរឿងនេះគឺមានជាប់ហេតុផលនយោបាយ ដែលគួរត្រូវយកទៅដោះស្រាយតាមផ្លូវនយោបាយ។
អ្នកស្រីថ្លែងថា៖ «ដឹងហើយថា រឿងនេះគឺជារឿងនយោបាយទេ ហើយការដោះស្រាយតាមរយៈអ្នកនយោបាយ គឺជាការប្រសើរបំផុត ដើម្បីឲ្យមានដំណោះស្រាយសម្រាប់ជាតិយើងផង ព្រោះថា រឿងនេះមិនមែនជារឿងរបស់ឯកឧត្តម កឹម សុខា តែម្នាក់ទេ ប៉ុន្តែវាគឺជារឿងរបស់ជាតិយើងទាំងមូល»។
លោក មុត ចន្ថា ជំនួយការដែលស្និទ្ធនឹងលោក កឹម សុខា បដិសេធមិនផ្តល់ការអត្ថាធិប្បាយចំពោះទស្សនវិស័យនយោបាយរបស់លោក កឹម សុខា បើសិនអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះបានរួចផុតពីបទចោទនោះ។ លោក មុត ចន្ថា បានអត្ថាធិប្បាយថា៖ «ខ្ញុំមិនមានការព្យាករអ្វីទេ»។
យ៉ាងណាក៏ដោយ អំឡុងពេលកំពុងរង់ចាំការប្រកាសសាលក្រម នៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០២៣ ខាងមុខនោះ លោក កឹម សុខា អតីតមេដឹកនាំគណបក្សសិទ្ធិមនុស្ស បានបន្តជួបជាហូរហែជាមួយអង្គទូតមួយចំនួននៅកម្ពុជា ក្នុងនោះគឺមានឯកអគ្គរដ្ឋទូតប្រទេសបារាំង និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក។
ក្រោយពេលជួបសន្ទនាជាមួយឯកអគ្គរដ្ឋទូតសាធារណរដ្ឋបារាំង លោក Jacques PELLET នៅក្នុងស្ថានទូតបារាំង នាទីក្រុងភ្នំពេញ កាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០២៣ លោក កឹម សុខា បានអត្ថាធិប្បាយលើកទំព័រហ្វេសប៊ុករបស់លោកថា៖
«គោលជំហររបស់ខ្ញុំ ជាទូទៅ ខ្ញុំតែងតែទទួលស្វាគមន៍ជួបពិភាក្សាការងារ និងទំនាក់ទំនងជាមួយតំណាងអង្គការសហប្រជាជាតិ តំណាងប្រទេស ឬ អ្នកការទូតនានា ដែលជាមិត្តរបស់កម្ពុជា ដោយមិនប្រកាន់និន្នាការថា ជាប្រទេសលោកសេរី ឬ កុម្មុយនីស្ត ឬអព្យាក្រឹតឡើយ ដើម្បីផលប្រយោជន៍ខ្មែរ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ គឺមិនមែនជាការឃុបឃិតគ្នាដោយសម្ងាត់ ដែលនាំឲ្យមានអំពើប្រទូសរ៉ាយ ឬអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាឡើយ»។
លោកបន្ថែមថា៖ «ហើយមិត្តបរទេសដែលជាមិត្តរបស់កម្ពុជា និងដែលបានប្រាស្រ័យទាក់ទងជាមួយខ្ញុំនោះ ក៏គេយល់ដឹងច្បាស់ថា ខ្ញុំមិនមែនជាបុគ្គលហិង្សា ដែលធ្វើឲ្យប៉ះពាល់ដល់សន្តិភាព ស្ថិរភាពឯកភាព អធិបតេយ្យភាព និងវឌ្ឍនភាពជាតិខ្មែរ ជាពិសេសមិនធ្វើឲ្យប៉ះពាល់ដល់ចំណងមិត្តភាពជាមួយកម្ពុជាឡើយ»។
គួររំឭកផងដែរថា ក្នុងពេលតុលាការក្រុងភ្នំពេញបើកសវនាការធ្វើសេចក្តីសន្និដ្ឋានផ្ទាល់មាត់លើសំណុំរឿងលោក កឹម សុខា នោះ ទាំងភាគីមេធាវីតំណាងឲ្យរដ្ឋាភិបាលកម្ពុជា និងតំណាងអយ្យការ បានស្នើសុំឲ្យតុលាការរាជធានីភ្នំពេញផ្តន្ទាទោសធ្ងន់ធ្ងរលើលោក កឹម សុខា ពីបទសន្ទិដ្ឋិភាពជាមួយបរទេស ដែលជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេសដើម្បីបង្កើតឲ្យមានអំពើប្រទូសរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំងនឹងប្រទេសកម្ពុជា។
ក្រៅពីស្នើសុំឲ្យតុលាការដាក់ទោសឲ្យធ្ងន់ធ្ងរលើលោក កឹម សុខា នោះ សហមេធាវីការពារក្តីមួយរួបតំណាងឲ្យរដ្ឋាភិបាលគឺលោក គី តិច បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា ភាគីរដ្ឋាភិបាលនឹងដាក់ពាក្យបណ្តឹងទាមទារសំណងខូចខាតក្នុងសំណុំរឿងដាច់ឡែកមួយ ក្រោយមានសេចក្តីសម្រេចរបស់តុលាការលើបណ្តឹងពាក់ព័ន្ធនឹងសំណុំរឿងក្បត់ជាតិរបស់លោក កឹម សុខា៕