ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មួយឆ្នាំ​ក្រោយ​ពី​គណបក្ស​ប្រជាជន​ដឹកនាំ​រដ្ឋាភិបាល​ឯក​បក្ស


រូបឯកសារ៖ រូបភាព​ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/ VOA)
រូបឯកសារ៖ រូបភាព​ឧទ្ធម្ភាចក្រ​ពណ៍ក្រហម​​ ដែល​មាន​បិទ​ស្លាក​សញ្ញា​របស់​គណបក្សប្រជាជន​កម្ពុជា​ ហោះឆ្វែល​ ជុំវិញក្បួន​ដង្ហែ​គណបក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ថត​យក​រូបភាព​នៃក្បួនដង្ហែនេះ​ នៅ​ភ្នំពេញ​ថ្ងៃ​ទី​ ០២ ខែ​មិថុនា ឆ្នាំ២០១៧។ (ខាន់​ សុគុំមនោ/ VOA)

នៅ​សល់​រយៈពេល​ជាង​មួយ​ខែ​ទៀត រាជរដ្ឋាភិបាល​បច្ចុប្បន្ន​ដែល​គេ​ហៅ​ថា​ជា​រដ្ឋាភិបាល​ឯកបក្ស​នឹង​មាន​អាយុ​មួយ​ឆ្នាំ​ពេញលេញ។ មន្ត្រី​គណបក្ស​កាន់​អំណាច និង​ក្រុម​អ្នក​ឃ្លាំមើល​បាន​វាយតម្លៃ​ពី​ដំណើរ​ការ​រដ្ឋាភិបាល​ផ្សេងៗ​គ្នា។

នៅ​ថ្ងៃ​ទី៦ ខែ​កញ្ញា​ ឆ្នាំ២០១៩​ ​ខាង​មុខ​នេះ រាជ​រដ្ឋា​ភិបាល​ដែល​ដឹក​នាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន នឹង​មាន​អាយុ​គ្រប់​មួយ​ឆ្នាំគត់។

គណបក្សនេះ​ដឹក​នាំប្រទេស​ដោយមិន​មាន​គណបក្ស​ជំទាស់ដ៏ធំ​ជាង​គេ​ក្នុង​រដ្ឋ​សភា​នាគ្រាមុនគឺ​គណបក្ស​សង្គ្រោះជាតិ។ គណបក្ស​ជំទាស់​មួយនេះ​ត្រូវ​បាន​រំលាយ​ដោយ​តុលាការ​កំពូល​កាល​ពី​ខែវិច្ឆិកា ​ឆ្នាំ​២០១៧។​

រូបឯកសារ៖ តំណាងរាស្រ្តចំនួន១២៥នាក់ ដែលមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ចូលរួមក្នុងការបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)
រូបឯកសារ៖ តំណាងរាស្រ្តចំនួន១២៥នាក់ ដែលមកពីគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ចូលរួមក្នុងការបើកសម័យប្រជុំលើកទី១ នីតិកាលទី៦ ក្រោមអធិបតីព្រះមហាក្សត្រព្រះបាទ នរោត្តម សីហមុនី។ (នៅ វណ្ណារិន/VOA)

គណបក្ស​កាន់​អំណាច ​បាន​កើប​ប្រមូល​អាសនៈ​ទាំង១២៥​នៅ​ក្នុង​រដ្ឋ​សភា​និង​អាសនៈ​ដ៏​ច្រើន​លើស​លុប​សរុប​ចំនួន​៥៨​នៅក្នុង​ព្រឹទ្ធសភា ក្រោយ​ពី​ការ​បោះឆ្នោត​កាល​ពី​មួយ​ឆ្នាំមុន។

គណបក្ស​សង្គ្រោះ​ជាតិ​ និង​បណ្ដា​រដ្ឋាភិបាល​បស្ចិម​លោក​បាន​បរិហារ​ការបោះឆ្នោត​ថា​ «ខ្វះ​ភាព​សេរី​និង​យុត្តិធម៌»​។ ប៉ុន្តែគណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​ប្រកាស​ថា ការ​បោះ​ឆ្នោត​នោះ​ជា​ការ​បោះឆ្នោត​ដោយ​សេរី​និង​មាន​គណបក្សនយោបាយសរុប​ចំនួន​២០​ចូលរួម​ប្រកួត​ប្រជែង​ក្នុង​ការ​បោះឆ្នោត​នេះ។

រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ លោក​ សុខ ឥសាន ឆ្លើយ​សំណួរ​របស់​ VOA នៅ​ក្នុង​ការិយាល័យ​របស់​លោក​នៅ​ព្រឹទ្ធសភា អំពី​ស្ថានភាព​សេរីភាព​សារព័ត៌មាន​នា​ពេល​បច្ចុប្បន្ន​នៅ​ក្នុង​ប្រទេស​កម្ពុជា កាលពី​ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០១៩។ (ខាន់ សុគុំមនោ/VOA)

​លោក​ ​សុខ​ ​ឥសាន​ សមាជិក​ព្រឹទ្ធសភា​និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ ​បាន​លើកឡើង​ថា​ រយៈ​ពេល​មួយ​ឆ្នាំ​មក​នេះ​បក្ស​កាន់​អំណាច​របស់​លោក​ ​គ្រប់គ្រង​ស្ថានការណ៍​បាន​ ​ទាំង​ផ្នែក​នយោបាយ​ ​សេដ្ឋកិច្ច​ ​និង​កិច្ចការ​បរទេស​ដោយទទួល​បាន​ការ​គាំទ្រ​ពី​ប្រជាពល​រដ្ឋ​ទូទាំង​ប្រទេស។​

«អញ្ចឹង​ផ្អែក​ទៅលើ​ការ​គាំទ្រ​របស់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​នេះ​ហើយ​ ​ដែល​ធ្វើ​ឱ្យ​ការ​កសាង​អភិវឌ្ឍ​ប្រទេស​មាន​ការ​រីកចម្រើន​ព្រោះ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​។​ ហើយ​ត្រង់ថា​ ​អ្នកណា​គេ​ថ្នាំងថ្នាក់​ ខ្ញុំ​យល់ថា​ ​វា​ចំនួន​តិចតួច​តែប៉ុណ្ណោះ​ ​ហើយ​ជា​រឿង​ធម្មតា​ ​នៅក្នុង​សង្គម​ប្រជាធិបតេយ្យ​សេរី​តែប៉ុណ្ណោះ​ទេ​បាទ»។​

​លោក​ ​សុខ​ ​ឥសាន​ លើកឡើង​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជាមាន​សន្ទុះ​ថេរក្នុង​រង្វង់​អត្រា​ ​៧.៥​%​ ​ទាំង​ការ​ប្រមូល​ចំណូល​ធនធាន​និង​ការ​បណ្ដាក់ទុន​វិនិយោគ​។

នៅក្នុង​សិក្ខាសាលា​មួយ​នៅ​រដ្ឋសភា​កាលពី​ថ្ងៃទី១៥​ ​ខែកក្កដា​ ​ឆ្នាំ២០១៩​ ​លោក​ ​អូន​ ​ព័ន្ធ​មុនី​រ័ត្ន​ ​រដ្ឋមន្ត្រី​ក្រសួងសេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ក៏​បាន​លើកឡើង​ពី​សមិទ្ធផល​របស់​រដ្ឋាភិបាល​ក្នុង​ការរក្សា​បាន​នូវ​សន្តិភាព​ ​សន្តិសុខ​ ​ស្ថិរភាព​នយោបាយ​ ​និង​ស្ថិរភាព​ម៉ាក្រូ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​«​ដែល​ជា​មូលដ្ឋាន​ ​សម្រាប់​ការ​អភិវឌ្ឍ​ប្រទេស»។

សេចក្ដីរាយការណ៍​របស់​កាសែត​ ​Khmer​ ​Times​ ​បានឱ្យ​ដឹង​កាលពី​ពេល​ថ្មី​ៗ​នេះ​ថា​ ​ចំណូល​ពន្ធដារ​ ​និង​គយ​ ​ដែលទីភ្នាក់ងារ​រដ្ឋ​ប្រមូល​បាន​នៅ​រយៈពេល៦ខែ​ដំបូង​ឆ្នាំ២០១៩នេះ​ ​មាន​ទំហំ​គិតជា​ទឹកប្រាក់​ប្រមាណ ​៣ពាន់​លាន​ដុល្លារ​អាមេរិក​ ​ហើយ​ពីដើម​ខែមករា​ដល់​ដំណាច់ខែ​ឧសភា​ ​ការ​បោះទុន​វិនិយោគ​ ​មាន​ទំហំ​ ​៣.៦ពាន់​លាន​ដុល្លារ​ ​ហើយ​នៅក្នុង​នោះ​ក៏​មានការ​កត់សម្គាល់​ផង​ដែរ​ពី​ចំណែក​ចូលរួម​នៃ​ការ​វិនិយោគរបស់​ចិន។​

រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)
រូបឯកសារ៖ លោក សម រង្ស៊ី ប្រធាន​គណបក្ស​ប្រឆាំង​ដែល​ត្រូវបាន​តុលាការ​កំពូល​រំលាយ ចូលរួម​នៅក្នុង​ការ​ប្រមូល​ផ្តុំ​គ្នាមួយ​ នៅក្បែរ​រដ្ឋសភា​អាមេរិក រដ្ឋធានី​វ៉ាស៊ីនតោន ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៩។ (ទែន សុខស្រីនិត/VOA)

ប៉ុន្តែ​សម្រាប់ ​លោក​ ​សម​ ​រង្ស៊ី​ ​ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​រំលាយ​ចោល លំនឹង​សេដ្ឋកិច្ច​កម្ពុជា​រក្សា​បានដោយ​សារ​បាន​ជន្ទល់​វិនិយោគ​មក​ពី​ប្រទេសចិន។ ហើយ​ពល​រដ្ឋ​កម្ពុជាភាគ​ច្រើនបានទទួល​ផល​ពី​កំណើន​សេដ្ឋកិច្ច​នេះបាន​តិច​តួច។

​«សេដ្ឋកិច្ច​ស្រុកខ្មែរ​ឥឡូវ​អ្វី​ដែលគេ​ហៅថា​អភិវឌ្ឍន៍​ ​តែ​អភិវឌ្ឍន៍​នោះ​អភិវឌ្ឍន៍​ក្លែងក្លាយ​ទេ។​អភិវឌ្ឍន៍​មែនទែន​គឺ​ធ្វើ​ឱ្យ​ប្រាក់​ចំណូល​សម្រាប់​ប្រជាពលរដ្ឋ​កើនឡើង​ ​ធ្វើ​ឱ្យ​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​កើន។​ តែ​នៅ​ស្រុកខ្មែរ យើង​ឃើញ​អ្នកក្រ​នៅ​តែ​ក្រ​ ​ដដែល!​ មាន​អ្នកខ្លះ​កាន់តែ​ក្រ​ទៅៗ​ថែមទៀត​ ​ដោយសារ​បាត់បង់​ទ្រព្យសម្បត្តិ​ ​បាត់បង់​ដីធ្លី​ ​បាត់បង់​ផ្ទះសម្បែង​ ​ហើយ​កសិករ​បង្ក​បង្កើនផល​មិនបាន​ ​ហើយ​លក់​អត់​ចេញ​ ​គឺ​កាន់តែ​ក្រ​ទៅ​ ​ចំណាកស្រុក»។​

ប៉ុន្មាន​ខែ​ក្រោយ​ពី​ការ​បោះឆ្នោត ស្ថានការណ៍​នយោបាយ​ហាក់​ដូចជា​បាន​ធូរស្រាល​បន្តិច។ ប៉ុន្តែ​មួយ​ឆ្នាំ​កន្លង​ផុត​ទៅ​ស្ថាន​ភាពពាក់​ព័ន្ធ​នឹងបរិយាកាស​នយោបាយ​នៅ​កម្ពុជា​ហាក់​ដូចជាមិន​មាន​ភាព​ប្រាកដ​ប្រជា។

ការ​ធ្វើ​វិសោធនកម្ម​ច្បាប់​មួយ​ចំនួន​ក្រោយ​ការបោះឆ្នោត​បាន​បើក​ផ្លូវ​ឱ្យ​មន្ត្រី​នយោបាយ​បក្ស​ប្រឆាំង​ជាង​១០០​នាក់ ដែល​រង​បំរាម​ធ្វើ​នយោបាយ អាច​ស្នើ​សុំ​សិទ្ធិ​ធ្វើ​នយោបាយ​ឡើង​វិញ។ លោក កឹម សុខា ត្រូវ​បាន​បញ្ជូន​ពី​ការ​ដាក់​ពន្ធនាគារ​ទៅ​ដាក់​ឲ្យ​ស្ថិត​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ​វិញ។

ប៉ុន្តែ​អតីតសកម្មជន​មូលដ្ឋាន​និង​ក្រុម​ប្រឹក្សា​និង​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​សង្កាត់​នៅទូទាំង​ប្រទេស​យ៉ាងហោចណាស់​ចំនួន១៤៥នាក់ត្រូវ​បាន​កោះ​ហៅ​ដោយ​តុលាការ ក្នុង​រយៈ​ពេល​ ​៦ខែ​ដើមឆ្នាំ​នេះ។​ នេះ​បើ​យោង​តាម​ក្រុម​សិទ្ធិ​មនុស្ស

ទោះជា​យ៉ាង​ណា​ក្តី​ កម្ពុជា​កំពុង​ស្ថិត​ក្នុង​ការ​ប្រឈម​មួយ​ចំនួន​ ដូចជា​ចាប់​តាំង​ពី​ខែ​កុម្ភៈ ឆ្នាំ​២០១៩ មក​ ​សហភាព​អឺរ៉ុប​បាន​ចាត់វិធានការ ​ដើម្បី​ចាប់ផ្ដើម​នីតិវិធី​ត្រួតពិនិត្យ​ជា​ផ្លូវការ​ ​ដែល​អាច​នឹង​ឈាន​ទៅដល់​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធគយ​«អ្វី​ៗ​ក៏បាន​វៀរ​លែង​តែ​អាវុធ» (EBA)។ ​ប្រសិន​បើ​សហភាព​អឺរ៉ុប​សម្រេច​ព្យួរ​ EBA ដល់​កម្ពុជា​ក្នុង​ពេល​ខាង​មុខ កម្ពុជា​នឹង​ប្រឈម​នឹងការបង់តម្លៃបន្ថែម​ចន្លោះ​ពី​ ៦០០លាន ទៅ​ ៧០០លាន​ដុល្លារ ​ក្នុង​មួយ​ឆ្នាំសំរាប់​ការ​នាំ​ផលិត​ផល​នានា​ទៅ​កាន់​សហភាព​អឺរ៉ុប។​

ទាំង​ធនាគារពិភពលោក​ ​(WB)​ មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ ​(IMF)​និង​ថ្មីៗ​នេះ​ ​អង្គការ​សហប្រតិបត្តិ​ការ​សេដ្ឋកិច្ច​និង​អភិវឌ្ឍន៍​ ​(OECD)​ ​សុទ្ធតែ​បាន​ព្រមាន​ពី​ភាព​មិន​ច្បាស់លាស់​នៃ​និរន្តភាព​កំណើន​សេដ្ឋកិច្ច​នៅ​កម្ពុជា​ ​បើសិនជា​ ​EU​ ​ត្រូវ​សម្រេច​ដកហូត​ ​EBA​ ​ពី​កម្ពុជា​មែន​នោះ។

​យ៉ាង​ណា​ក៏​ដោយ លោក ​វង្សី វិសុទ្ធ រដ្ឋលេខាធិការ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​បាន​លើកឡើង​នៅ​រដ្ឋសភា​ កាលពី​ខែកក្កដា​កន្លង​ទៅ​ថា​ ​ការ​គំរាម​ដាក់​ទណ្ឌកម្ម​ផ្នែក​ពាណិជ្ជកម្ម​ពីសំណាក់​លោកខាងលិច​ ​នឹង​នាំ​ឱ្យ​មានការ​ថមថយ​ល្បឿន​នៃ​កំណើន​សេដ្ឋកិច្ច​សម្រាប់​ឆ្នាំនេះ​ ​និង​ឆ្នាំ​ខាងមុខ​ ​ហើយ​លោក​ត្រូវ​បាន ​កាសែត​ក្នុង​ស្រុក​ដកស្រង់​សម្ដី​ថា​ «បើ​ដឹង​ថា​ខ្លួន​ឈឺហើយ​មិន​ខំ​ព្យាបាល​ ​នឹង​ជួប​គ្រោះថ្នាក់​រយៈពេល​វែង​ ​ហើយទាំងអស់គ្នា​គ្មាន​នរណា​គេច​រួច​ទេ»។

លោក​ ​ប៉ូ ​សុវីនដា​ ​បេក្ខជន​បណ្ឌិត​នៅ​សាកល​វិទ្យាល័យ​ ​Griffith​ ​ប្រទេស​អូស្ត្រាលី​ ​បាន​លើកឡើង​ថា​ រយៈ​ពេល​ជិត​មួយ​ឆ្នាំ​មក​នេះ ប្រទេស​កម្ពុជា​បាន​ព្យាយាម​ស្វែង​រក​ការ​គាំទ្រ​ពី​អន្តរជាតិ​ចំពោះ​រដ្ឋា​ភិបាល​ឯក​បក្ស​របស់​ខ្លួន។

​«និយាយ​ទៅ​ចាប់​តាំង​ពី​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​មក​ និង​ការបោះឆ្នោត​នៅ​ឆ្នាំ២០១៨មក​ ​បន្ទាប់​ពី​ពេល​នោះ​មក​ ​បក្ស​ប្រជាជន​ហ្នឹង​គឺ​ត្រូវ​ការ​ការ​គាំទ្រ​ច្រើន​ណាស់​ ​ដើម្បី​តែ​ធ្វើ​ម៉េច​កុំឱ្យ​វា​មានការ​ដាក់​សម្ពាធ​ ​ឬក៏​ការ​ប្រមូលផ្ដុំ​គ្នា​នៅ​ក្រៅប្រទេស​ណាមួយ​ដែល​អាច​ប្រឆាំង​នឹង​របប​ដឹកនាំ​នៅក្នុង​ស្រុក​នេះ»។​

​អ្នកស្រាវជ្រាវ​រូប​នេះ​បានឱ្យ​ដឹង​ថា ​ប្រទេស​ចិន​បាន​ឆ្លើយតប​ទៅ​នឹង​តម្រូវការ​ចង់បាន​របស់​របប​ដឹកនាំ​ប្រទេស​កម្ពុជា​ តាមរយៈ​ការ​គាំទ្រ​ផ្នែក​សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ ​និង​នយោបាយ​ ​តែ​លោក​ថា​ក្រុម​អ្នកដឹកនាំ​ប្រទេស​កម្ពុជា​ក៏​បាន​ដឹង​ ​និង​ទទួល​ជ្រាប​ថា ​ឥទ្ធិពល​និង​វត្តមាន​ចិន​នៅ​កម្ពុជា​កំពុង​មាន​ទំហំ​ធំ​«ហួសប្រមាណ»ដែល​ចាំបាច់​ត្រូវតែ​ធ្វើ​តុល្យភាព។

បន្ទាប់​ពី​ត្រូវ​រដ្ឋសភា​ប្រកាស​សុពល​ភាព​ជា​រដ្ឋា​ភិបាល​កើត​ចេញ​ពី​ការ​បោះឆ្នោត​អាណត្តិទី​៦ គណរដ្ឋមន្ត្រី​នៃ​ប្រទេស​កម្ពុជា​បាន​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​ជា​លើក​ដំបូង​នៅ​ថ្ងៃទី​៧​ ខែ​កញ្ញា ឆ្នាំ​២០១៨ ពោល​គឺ​មួយ​ខែ​ដប់​ថ្ងៃ​ក្រោយ​ពី​ការ​បោះឆ្នោត។

​លោក​បណ្ឌិត ​ឡៅ​ ​ម៉ុង​ហៃ​ ​អ្នក​វិភាគ​នយោបាយ​បាន​លើកឡើង​ថា ​ការ​វិលត្រឡប់​ទៅ​រក​ប្រព័ន្ធ​ដឹកនាំ​ដែល​មាន​បក្ស​តែមួយ​បែបនេះ​ ​នាំ​របបគ្រប់គ្រង​ប្រទេស​ក្លាយ​ទៅ​អ្វី​ដែល​លោក​បរិយាយ​ថា​ ​«ផ្ដាច់ការ» «​យោធានិយម​»​ ​និង​ត​វង្សត្រកូល។

​«មូលហេតុ​គឺ​ពង្រឹង​អំណាច​ ​បាទ​!​ ​ដែល​របប​នេះ​ ​បាន​អះអាង​ថា​ ​បាន​ទទួល​ពី​ប្រជាពលរដ្ឋ​ភាគច្រើន​ ​បាទ​!​ ​តាមរយៈ​ការបោះឆ្នោត២០១៨ហ្នឹង​ ​បាទ​!​ ​ម្ល៉ោះហើយ​គឺ​អត់មាន​ចង់​សើរើ​អ្វីៗ​ដែល​ខ្លួន​បានសម្រេច​ហើយ​នោះ​ទេ​ ​ព្រោះ​អាហ្នឹង​វា​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ដែល​ស្ថិត​ក្នុង​ថ្នាក់ដឹកនាំ​ប្រទេស​ហ្នឹងឯង​ ​បាទ»!

រូបឯកសារ៖ លោក គល់ បញ្ញា មន្ត្រីជាន់​ខ្ពស់នៃ​អង្គ​ការ​ខុ​មហ្វ្រែល​។
រូបឯកសារ៖ លោក គល់ បញ្ញា មន្ត្រីជាន់​ខ្ពស់នៃ​អង្គ​ការ​ខុ​មហ្វ្រែល​។

លោក​ ​គល់​ ​បញ្ញា​ មន្ត្រីជាន់​ខ្ពស់នៃ​អង្គ​ការ​ខុ​មហ្វ្រែល​ ​បាន​លើកឡើងថា ​រដ្ឋា​ភិបាល​ដែល​មាន​អាយុ​ជិត​មួយ​ឆ្នាំ​មក​នេះមិន​មាន​ផែន​ការ​ទុក​ជាមុន​ច្បាស់​លាស់​នោះទេ ក្នុង​ការ​ដោះ​ស្រាយ​ឆ្លើយ​តប​នឹង​បញ្ហា​នានា។​

​«​ខ្លួន​ខ្ញុំ​ផ្ទាល់​គឺ​ឃើញ​ថា​ រដ្ឋាភិបាល​ហ្នឹង​ហាក់​ដូចជា​មិន​មាន​ប្រសិទ្ធភាព​ ​អឺ​មិន​មាន​ប្រសិទ្ធភាព​ខ្លាំងក្លា​ទេ​ ​ដោយសារ​កិច្ចការ​មួយចំនួន​ ​ផែនការ​មួយចំនួន​ ​ហាក់​ដូច​ជា​មិន​បាន​ត្រៀម​រៀបចំ​ឱ្យ​បាន​ច្បាស់លាស់​ទេ​ ​ដោយ​ឃើញ​មាន​ដំណើរ​ដោយ​ការ​ ​គេ​ហៅថា​ ​ប្រតិកម្ម​ ​នានា​របស់​រដ្ឋាភិបាល​ទៅ​នឹង​បញ្ហា​ដែល​ប្រជាពលរដ្ឋ​កំពុងតែ​ជួបប្រទះ​ដែរ​ ​ប៉ុន្តែ​នោះ​គ្រាន់តែ​ប្រតិកម្ម​ ​មិន​មាន​ជា​ផែនការ​អី​ក្នុង​ការ​ដោះស្រាយ ​[​ទុកជាមុន]»។

ត្រង់​ចំណុច​នេះ​ ​លោក​ ​គល់​ ​បញ្ញា​ ​បាន​ចង្អុល​លើក​ជា​ឧទាហរណ៍​ទាក់ទិន​នឹង​ ​វិបត្តិ​អគ្គីស​នី​កាលពីដើម​ឆ្នាំ​ ​និង​ការពិនិត្យ​សើរើ​គុណភាព​សំណង់​ ​ក្រោយពេល​មានការ​បាក់​រលំ​អគារ​ខុសច្បាប់​មួយ​នៅ​ខេត្ត​ព្រះសីហនុ​ ​កាលពី​ចុងខែ​មិថុនា។​

​អ្នក​តាមដាន​រូប​នេះ​យល់ថា​ ​កង្វះ​សភា​ចម្រុះ​បក្ស​ ​និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ​ ​ដើម្បី​ធ្វើការ​ចូលរួម​ត្រួតពិនិត្យ​ដំណើរ​អនុវត្ត​គោលនយោបាយ​របស់​អង្គ​នីតិប្រតិបត្តិ​ហាក់​នាំ​ឱ្យ​ផលិតផល​សាធារណៈ​មានការ​លំបាក​ក្នុង​សម្រេចផល​ឱ្យ​បាន​ប្រសិទ្ធភាព​ជាទី​ពេញចិត្ត​សម្រាប់​មហាជន។​

​ឆ្លើយតប​នឹង​ការ​លើកឡើង​ខាងលើ​របស់​បណ្ដា​អ្នកវិភាគ​ ​លោក​ ​សុខ​ ​ឥសាន​ ​អ្នកនាំពាក្យ​គណបក្សប្រជាជន​ ​បាន​ច្រានចោល​ទាំងស្រុង​ថា​«​មិនបាន​ឆ្លុះបញ្ចាំង​ពី​ការពិត​ជាក់ស្ដែង​នៅ​កម្ពុជា​នោះ​ទេ»​ ហើយ​លោក​បែរជា​បាន​ចោទសួរ​អំពី​គុណភាព​នៃ​ការវិភាគ​និង​ឯករាជ្យ​ភាព​របស់​បណ្ដា​អ្នក​អត្ថាធិប្បាយ​ទៅ​វិញ។

ទោះជា​យ៉ាង​ណា​ នាពេល​ថ្មីៗ​នេះ​ ​គេ​បាន​សង្កេត​ឃើញ​ រដ្ឋា​ភិបាល​ហាក់​បីដូចជា​បាន​បង្ហា​ញ​កិច្ចប្រឹង​ប្រែង​របស់​ខ្លួន​ក្នុង​ការ​បង្រ្កាប​បទ​ល្មើស​នានា​ ដូចជា​បទល្មើស​ព្រៃឈើ ការ​បង្រ្កាប​ការ​ជួញ​ដូរ​និង​ប្រើ​ប្រាស់គ្រឿងញៀន ការ​ចរាចរ​ប្រាក់​ដុល្លារ​ខុស​ច្បាប់​ជាដើម៕

អត្ថបទ​ទាក់ទង

XS
SM
MD
LG