កម្ពុជាអាចនឹងខាតបង់ទឹកប្រាក់យ៉ាងហោចណាស់ចន្លោះពី ៥០០ លានដុល្លារអាមេរិកទៅជាង ៦០០ លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជា។ នេះគឺជាការវាយតម្លៃរបស់ធនាគារពិភពលោកនៅក្នុងពិធីបង្ហាញរបាយការណ៍ជាផ្លូវការនៅថ្ងៃចន្ទនេះ នៅរាជធានីភ្នំពេញ។
ការវាយតម្លៃរបស់ធានាគារពិភពលោក ស្របពេលដែលសហភាពអឺរ៉ុបកំពុងដំណើរការពិនិត្យមើលលទ្ធភាពដកហូតពន្ធអនុគ្រោះអ្វីៗទាំងអស់លើកលែងតែអាវុធដែលហៅកាត់ថា EBA ពីប្រទេសកម្ពុជា។
នៅក្នុងរបាយការណ៍ដែលមានចំណងជើងថា បច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជា ចេញផ្សាយថ្ងៃទី៦ ខែឧសភា ឆ្នា ២០១៩នេះ ធនាគារពិភពលោកបានឲ្យដឹងថា បើសិនជាប្រព័ន្ធនេះត្រូវបានដក ការនាំចេញរបស់កម្ពុជាទៅកាន់ទីផ្សារអឺរ៉ុបអាចនឹងធ្លាក់ចុះយ៉ាងតិចបំផុត ៥១៣ លានដុល្លារអាមេរិក ហើយខ្ពស់បំផុតត្រឹម ៦៥៤ លានដុល្លារអាមេរិក ក្នុងនោះការនាំចេញសម្លៀកបំពាក់នឹងត្រូវខាតបង់ប្រមាណ ៣២០ លានដុល្លារអាមេរិក។
ក្រោយពីការព្យួរ EBA នេះ សហភាពអឺរ៉ុបក៏គ្រោងនឹងយកពន្ធលើទំនិញវាយនភណ្ឌ័ពីកម្ពុជា រួមមានសម្លៀកបំពាក់និងស្បែកជើងជាដើម ក្នុងអត្រាពី ៦,៥ ភាគយ ទៅដល់ ១២ ភាគរយ ទៅតាមប្រភេទផលិតផលកាត់ដេរ។
លោកស្រី នាវ ចន័្ទថាណា ទេសាភិបាលរងធនាគារជាតិនៃកម្ពុជា បានប្រាប់ក្រុមអ្នកកាសែត ក្រោយការបង្ហាញរបាយការណ៍ស្តីពីបច្ចុប្បន្នភាពសេដ្ឋកិច្ចកម្ពុជាថា លោកស្រីមានក្តីបារម្ភចំពោះការបាត់បង់ប្រព័ន្ធឋានៈអនុគ្រោះ EBA នេះ តែថា រដ្ឋាភិបាលបានត្រៀមរួចរាល់ក្នុងការឆ្លើយតបចំពោះផលវិបាករួចរាល់ហើយ។
«ច៎ា គ្រាន់តែជាការបារម្ភទេ ប៉ុន្តែរាជរដ្ឋាភិបាលលោកបានរៀបចំគម្រោងដើម្បីទប់ទល់នឹង បើសិនជាគេមានដកមែន ប៉ុន្តែយើងសង្ឃឹមថា ប្រហែលជាគេត្រូវការ ១៨ ខែ ដើម្បីនឹងស្រាវជ្រាវ ដើម្បីនឹងធ្វើការចរចា ហើយ study [សិក្សា] យ៉ាងម៉េច។ យើងក៏ត្រៀមលក្ខណៈដែរ ហើយសង្ឃឹមថា គេប្រហែលជាមិនដកទេ»។
កាលពីឆ្នាំ ២០១៨ កម្ពុជាបាននាំចេញផលិតផលសម្លៀកបំពាក់ និងស្បែកជើងមានតម្លៃ ៩៥០០ លានដុល្លារសហរដ្ឋអាមេរិកទៅកាន់ទៅផ្សារពិភពលោក ក្នុងនោះ មានសហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុប។ ដោយឡែកទីផ្សារអឺរ៉ុប បានស្រូបយក ៣៣ ភាគរយនៃផលិតផលទាំងនោះ។
កាលពីខែកុម្ភៈ ឆ្នាំ ២០១៩ កន្លងទៅនេះ គណៈកម្មការសហភាពអឺរ៉ុប ប្រកាសចាប់ផ្តើមដំណើរការជាផ្លូវការ ដែលអាចនឹងឈានទៅដល់ការព្យួរបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្ម EBA ពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃការគោរពសិទ្ធិមនុស្សនិងការអនុវត្តលទ្ធិប្រជាធិបតេយ្យ ជាពិសេសបញ្ហាចម្បងៗដែលទាក់ទងនឹងសិទ្ធិធ្វើនយោបាយ សកម្មភាព សង្គមស៊ីវិល សិទ្ធិសហជីព និងសេរីភាពសារព័ត៌មានជាដើម។
ធនាគារពិភពលោកនេះក៏បានព្រមាន «ការពឹងផ្អែកខ្លាំងក្លារបស់កម្ពុជាទៅលើលំហូរទុន និងអ្នកទេសចរពីប្រទេសចិន កំណើនអាចថមថយ ប្រសិនបើមានការថយចុះខ្លាំងនៃសេដ្ឋកិច្ចរបស់ប្រទេសចិន»។
ទោះជាយ៉ាងនេះក្តី ធនាគារពិភពលោកបានបង្ហាញក្នុងរបាយការណ៍របស់ខ្លួនថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានឡើងដល់អត្រា ៧,៥ ភាគរយក្នុងឆ្នាំ ២០១៨ ដែលជាកំណើនខ្ពស់បួនឆ្នាំជាប់គ្នា បើប្រៀបធៀបទៅនឹង ៧ ភាគរយ ក្នុងឆ្នាំ ២០១៧៕