ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​ថា នឹង​មិន​ឱនក្បាល​​ចំពោះ​សហគមន៍​អន្តរជាតិ


រូបឯកសារ៖ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើក​ដៃ​ស្វាគមន៍​ទៅ​កាន់​អ្នកចូលរួម​ក្នុង​ពិធី​អបអរ​ខួប ៦៨ ឆ្នាំ នៃ​គណបក្ស​ប្រជាជន​កម្ពុជា នៅ​កោះពេជ្រ រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

មុន​ធ្វើ​ដំណើរ​ទៅ​កាន់​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​សិទ្ធិ​មនុស្ស​នៅថ្ងៃទី​៤​ខែកក្កដា​នេះ លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​នៅ​ថ្ងៃ​ចន្ទ​នេះ​បាន​ឆ្លៀត​រិះ​គន់​សហភាព​អឺរ៉ុប​អំពី​ការ​ធ្លាក់​ចុះ​នៃ​ការគោរព​សិទ្ធិ​មនុស្ស​នៅ​​បណ្តា​ប្រទេស​លោក​ខាងលិច។

កម្ពុជានឹង​មិន​ឱន​ក្បាល​ចំពោះ​គំនៀប​ពី​បរទេសនោះទេ។ នេះ គឺជា​ការ​ប្រកាស​ជា​ថ្មី​ម្តង​ទៀត​របស់​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន នៅ​ថ្ងៃ​ចន្ទ​នេះ។

សេចក្តី​ថ្លែង​ការណ៍​របស់​លោក​នាយក​រដ្ឋ​មន្ត្រី​ខ្មែរ​ធ្វើ​ឡើង​ទំនង​ជា​សំដៅ​ទៅការ​ដាក់​សម្ពាធ​ពី​សហភាព​អឺរ៉ុប​ទាក់ទង​ទៅ​នឹង​ការ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​នាំចូលពី​ប្រទេស​កម្ពុជា​ទៅ​កាន់​តំបន់​អឺរ៉ុប ជា​ថ្នូរ​ទៅ​នឹង​ការ​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ក្នុង​ការ​គោរព​សិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា។

នៅ​ក្នុង​ពិធី​ផ្ទេរ​ការ​គ្រប់គ្រង​សាលារ​កុមារ​ពិការ​ភ្នែក​និង​កុមារ​គ ថ្លង់​របស់​អង្គការ​គ្រួសារ​ថ្មី ​មក​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​អប់រំ យុវជន និង កីឡា ក្នុង​ទី​ក្រុង​ភ្នំពេញ លោក​ ហ៊ុន សែន​ ​បាន​ឆ្លៀត​រិះគន់​ទៅសហភាព​អឺរ៉ុប​ដោយ​មិន​ប្រើ​ពាក្យ​ចំៗ​ពេក ថាការ​គោរព​សិទ្ធិ​មនុស្ស​នៅ​សហភាព​អឺរ៉ុប​បាន​ដើរ​ថយ​ក្រោយ​បើ​ធៀប​ទៅ​នឹង​រយៈ​ពេល​៤០​ឆ្នាំមុន។ ​តែ​ដោយ​ឡែក​បញ្ហាសិទ្ធិ​មនុស្ស​នៅ​កម្ពុជា​មាន​ការរីក​ចម្រើន។

នៅ​ក្នុង​ន័យ​នេះ លោក​ប្រមុខ​រដ្ឋា​ភិបាល​ខ្មែរ​បាន​អះអាង​ថា​ កម្ពុជា​មិន​អាច​ឱន​ក្បាល​ចំពោះ​ការ​ទូន្មាន​របស់​ប្រទេស​បស្ចិម​លោក​នោះទេ។

«យើង​ហ៊ាន​និយាយ​គ្នា​យ៉ាង​ច្បាស់​ដូច្នេះ។ ដូច្នេះ​ហើយ​បាន​ជា​កម្ពុជា​មិន​ព្រម​ឱន​ក្បាល​ជាមួយ​នឹង​ការ​ប្រៀន​ប្រដៅ​របស់​អ្នក​ដទៃ។ព្រោះ​កន្លែង​ខ្លះ​សម្លាប់​មនុស្ស​ដោយ​គ្រាប់​បែក ដោយ​គ្រាប់​ផ្លោង​ បាញ់​ពី​លើ​យន្តហោះ មួយ​ថ្ងៃៗ​ងាប់​អស់​ប៉ុន្មាន? តើ​គេ​មាន​ដែល​គោរព​សិទ្ធិមនុស្ស ស្គាល់​សិទ្ធិ​មនុស្ស​ទេ»?

​ការ​លើកឡើង​របស់​លោក​ហ៊ុន សែន ធ្វើ​ឡើង​បីថ្ងៃ​ប៉ុណ្ណោះ មុន​នឹង​លោក​ត្រូវ​ថ្លែង​សុន្ទរកថា​នៅ ​កិច្ច​ប្រជុំ​អង្គការ​សហ​ប្រជាជាតិ​ស្តី​ពី​សិទ្ធិ​មនុស្ស​នៅ​ទី​ក្រុង​ហ្សឺណែវ​ប្រទេស​ស៊្វីស​ក្នុង​សប្តាហ៍​នេះ។ លោក ​ហ៊ុន សែន គ្រោង​នឹង​លើក​ពី​ការ​រីក​ចម្រើន​ផ្នែក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ដោយ​ធៀប​នឹង​រយៈ​ពេល​៤០​ឆ្នាំ​កន្លង​មក។

កាល​ពី​ចុង​ឆ្នាំ​ ២០១៧ លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ធ្លាប់​បាន​លើកឡើង​ដូចគ្នា​នេះ​ក្រោយ​ពី​លោកស្រី​ Barbara Lochbihler អនុ​ប្រធាន​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​នៃ​សភា​សហភាព​អឺរ៉ុប​ ជំរុញ​ឲ្យ​សភា​អឺរ៉ុប​អនុម័ត​ដំណោះ​ស្រាយ​មួយ​ដើម្បីរឹត​បន្តឹង​ទិដ្ឋា​ការ​និង​បង្កក​ទ្រព្យ​សម្បត្តិ​អ្នក​នយោបាយ​កម្ពុជា​ដែល​លោកស្រី​យល់​ថា​ បាន​ជាប់​ទាក់ទិន​នឹង​ការ​ទទួល​ខុស​ត្រូវចំពោះ«ការ​រំលោភ​សិទ្ធិ​ប្រជាធិបតេយ្យ​ជា​មូលដ្ឋាន​» នៅ​កម្ពុជា។

កាល​ពី​ថ្ងៃទី​២៨ ខែមិថុនា ឆ្នាំ២០១៩​នេះ ក្នុង​ឱកាស​រំឭក​ខួប​ទី​៦៨​ឆ្នាំ​នៃ​ការ​បង្កើត​គណបក្ស​ប្រជា​ជន​កម្ពុជា លោក ​ហ៊ុន សែន បាន​ប្រកាស​ដែរថា​កម្ពុជា​«មិន​ឱន​ក្បាល»​ ចំពោះ​បរទេស​ដើម្បី​ប្តូរជា​មួយ​នឹង​លក្ខខណ្ឌ​ជំនួយ​នោះ​ទេ។​ដោយ​លោក​ពន្យល់​ថា​ ឥរិយាបទ​នេះ​ដើម្បីរក្សា​មុខមាត់​និង​កិត្តិយស​របស់​កម្ពុជា។​

លោក​ សឹង សែន​ករុណា អ្នក​នាំ​ពាក្យ​នៃ​អង្គការ​សិទ្ធិ​មនុស្ស អាដហុក បាន​ប្រាប់​ VOAតាម​ទូរស័ព្ទ​កាល​ពី​រសៀល​ថ្ងៃ​ចន្ទ​ដោយ​បាន​សម្តែង​ការ​សោក​ស្តាយ​ចំពោះ​ការ​លើក​ឡើង​របស់​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុន សែន។

លោក​យល់​ថាការ​លើកឡើង​របស់​សហគមន៍​អន្តរជាតិ​មិន​មែន​ជា​ការ​ដាក់​សម្ពាធ​លើ​កម្ពុជា​នោះ​ទេ។​ ផ្ទុយទៅវិញ​គឺ​ជា​ចេតនា​ដែល​ចង់​ឲ្យ​កម្ពុជា​ខ្លួន​ឯង​ដើរ​តាម​គន្លង​ប្រជាធិបតេយ្យ​ពិត​ប្រាកដ​មួយ។

«អ៊ីចឹង​មិនមែន​ជា​ការ​ជ្រៀតជ្រែក​ទេ ហើយ​ណាមួយ​ការ​ដែល​គេ​លើក​មក​នេះ​គេ​ចង់​ឲ្យ​កម្ពុជា​ដើរតាម​លទ្ធិ​ប្រជាធិបតេយ្យ​និង​សិទ្ធិ​មនុស្ស​ដោយ​ពិត​ប្រាកដ​មិនមែន​ចេះ​តែ​យើង​មាន​ការ​បកស្រាយ​ទៅ​តាម​ឯកតោ​ភាគី​ដោយ​យើង​អត់​បាន​ស្តាប់ពី​តួអង្គ​ពាក់ព័ន្ធ​ផ្សេងៗ»។

អ្នក​នាំពាក្យ​អង្គការ​សិទ្ធិ​មនុស្ស​រូប​នេះ​បាន​បន្ថែម​ថា​ លោក​ចង់​ឃើញ​កម្ពុជា​ប្តូរ​ឥរិយាបថ​និង​ទទួល​យក​ការ​រិះ​គន់​ ហើយ​ធ្វើ​ការ​កែ​លម្អ​ស្ថានភាព​សិទ្ធិ​មនុស្ស​ដូចជា សិទ្ធិ​ពលរដ្ឋ​និង​នយោបាយ សិទ្ធិ​សេរីភាព​សារព័ត៌មាន សិទ្ធិ​ការងារ​ និង​សេរីភាព​ក្នុង​អង្គការ​សង្គម​ស៊ីវិល​ទៅ​តាម​ការ​ទទូច​ពី​សហគមន៍​អន្តរជាតិ​ដូចជា​សហរដ្ឋ​អាមេរិក​និង​សហភាព​អឺរ៉ុប។​

កាល​ពី​ពេលកន្លង​ទៅសហភាព​អឺរ៉ុប​បាន​ដាក់​សម្ពាធ​ឲ្យ​កម្ពុជា​ធ្វើ​ឲ្យ​មាន​ភាព​ប្រសើរ​ឡើង​ផ្នែក​ការ​គោរពសិទ្ធិ​មនុស្ស​និង​សិទ្ធិ​នយោបាយ​ដោយ​គំរាម​ដកហូត​ ការ​អនុគ្រោះពន្ធ​ដល់​ទំនិញ​កម្ពុជា​ទៅ​កាន់​សហភាព​អឺរ៉ុប​ឬ​ហៅ​កាត់​ថា​ EBA។ ​ដោយឡែក​សហរដ្ឋ​អាមេរិក​បាន​គំរាម​ដូចគ្នា​នេះ​ចំពោះ​ប្រពន្ធ័​អនុគ្រោះ​ពន្ធ GSP ដល់​ទំនិញ​នាំចូល​ពី​ប្រទេស​កម្ពុជា។

ប្រសិន​បើ​ការ​ដកហូត​ការ​អនុគ្រោះពន្ធ​ទាំងពីរ​ចូល​ជា​ធរមាន​ កម្ពុជា​ប្រឈម​នឹងការ​ខាត​បង់​ប្រាក់​ចំណេញ​រាប់​រយ​លាន​ដុល្លារ​អាមេរិក​ក្នុងមួយ​ឆ្នាំៗ៕​

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG