ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ភាព​មិន​ច្បាស់​លាស់​របស់​ EBA នាំ​ឲ្យ​ថៅកែ​រោង​ចក្រ​ផ្អាក​ការ​ចរចា​រឿង​ប្រាក់​ឈ្នួល​សមរម្យ


រូបភាព​ឯកសារ៖ លោក ខេន លូ អគ្គលេខាធិការ​របស់​តំណាង​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា ​GMAC នៅ​ក្នុង​រោងចក្រ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា​ ឆ្នាំ​២០១៦។ (ហ៊ាន សុជាតា/VOA)

លោក ខេន លូ ​បញ្ជាក់​ថា ​ក្នុង​ករណី​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ភាគី​រោងចក្រ​កាត់​ដេរ​នឹង​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោង​ចក្រ។​

ស្រប​ពេល​ដែល​ដំណើរការ​ពិនិត្យ​លើ​ការ​ដក​គម្រោង​អនុគ្រោះ​ពន្ធ​លើ​គ្រប់​មុខ​ទំនិញ​លើកលែង​តែ​អាវុធ (EBA)ពី​សហភាព​អឺរ៉ុប​កំពុង​តែ​ប្រព្រឹត្ត​ទៅ​មុខ សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា(GMAC) ​បាន​ព្យួរ​ការ​ចរចា​អំពី​ការ​ដំឡើង​ប្រាក់​ឈ្នួល​ដល់​កម្មករ​រោង​ចក្រ។ អ្នក​ទទួល​ខុស​ត្រូវ​ម្នាក់​របស់ GMAC ពន្យល់​ថា​ ក្រុម​ថៅកែ​រោង​ចក្រ​ត្រូវ​រង់​ចាំឲ្យ​ប្រាកដ​អំពី​បញ្ហា​ EBA នេះ​ជា​មុន​សិន។

គម្រោង​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់​មុខ​លើកលែង​តែ​គ្រឿង​សព្វាវុធ (EBA) ពី​សហភាព​អឺរ៉ុប​ បាន​ធ្វើ​ឲ្យ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា (GMAC) ពន្យារ​ការ​ចរចា​លើអនុសញ្ញា​រួម​ថ្នាក់​វិស័យ​ជាមួយ​ភាគី​ពាក់​ព័ន្ធ។

ការ​ចរចា​លើអនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​គឺ​ជា​ការ​ចរចា​ដើម្បី​ស្វែង​រក​លទ្ធភាព​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​បន្ថែម​សម្រាប់​ក្រុម​កម្មករ​រោង​ចក្រ​ក្នុង​វិស័យ​វាយនភណ្ឌ។ ​ការ​ចរចា​អំពី​អនុ​សញ្ញា​រួម​ថ្នាក់​វិស័យ​នេះ រួមមានភាគីរដ្ឋា​ភិបាល ភាគី​សហជីព​និង​ភាគី​សមាគម​រោង​ចក្រ​កាត់ដេរ ​(GMAC)។

លោក​ អាត់ ធន់ ប្រធានសហភាព​ការងារ​កម្ពុជា​ដែល​ជា​ភាគី​ចរចា​ម្នាក់​ក្នុង​នោះបាន​ឲ្យ​ដឹង​ថា ក្រុម​ចរចា​មាន​គម្រោង​ស្នើ​សុំ​ការ​ដំឡើង​ប្រាក់​ឈ្នួល​សម​រម្យ​ដល់​កម្មករ​បន្ថែមចំនួន​៣០​ដុល្លារ​ក្នុង​មួយ​ខែ បន្ថែម​ពីលើ​ប្រាក់ឈ្នួល​អប្បបរមា​ដែល​ពួក​គេ​កំពុង​ទទួល​បាន​ក្នុង​ពេល​បច្ចុប្បន្ន។ កម្មករ​ កម្មការិនី​រោងចក្រ​ក្នុង​ប្រទេស​កម្ពុជា​បច្ចុប្បន្ន​ទទួល​បាន​ប្រាក់​ឈ្នួល​អប្បបរមា​ចំនួន​១៨២​ដុល្លារ​ក្នុង​មួយ​ខែ។​

​កាលពី​ខែ​កុម្ភៈ ​និង​នៅ​ថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០១៩នេះ ​ក្រុម​ប្រឹក្សា​សហជីព​ចរចា​អនុសញ្ញា​រួម​ថ្នាក់​វិស័យ ដែល​រួមមានភាគី​សហជីព​និង​តំណាង​ក្រសួង​ការងារ បាន​ស្នើ​សុំ​ចរចាជាមួយសមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាអំពីការ​ដំឡើង​ប្រាក់​ឈ្នួល​សមរម្យ​នេះ។ ​ប៉ុន្តែ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាបាន​ពន្យា​ការចរចា​ទាំងពីរ​លើក​នេះ​មក​ទល់​ពេល​នេះ។

ក្នុង​លិខិត​មួយ​ឆ្លើយ​តប​ទៅ​នឹង​ក្រុម​ប្រឹក្សា​សហជីព​កាល​ពី​ថ្ងៃ​ទី ១៥ ​ខែ កក្កដា លោក ខេន លូ អគ្គលេខាធិការ សមាគម​រោង​ចក្រ​កាត់ដេរ​នៅ​កម្ពុជា​បាន​ពន្យល់​ថា ដោយ​សារ​ភាព​មិន​ច្បាស់​លាស់អំពី​បញ្ហា​ដែល​សហភាព​អឺរ៉ុប​ត្រូវ​ដក​ហូត​ការ​អនុគ្រោះ​ពន្ធ​នាំចូល​ទំនិញ​ពី​កម្ពុជា ឬ​ EBA សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជា​មិន​មាន​ជំហរ​ណា​មួយ​ដើម្បី​ធ្វើ​ការ​ចរចា​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ឧស្សាហកម្ម​កាត់ដេរ​ឡើយ។

ឆ្លើយ​តប​នឹង​សំណួរ​របស់​ VOA នៅ​ថ្ងៃ​ពុធ​នេះ លោក ​ខេន លូ ​បាន​ពន្យល់​ថា ក្រុមហ៊ុន​រោង​ចក្រ​កាត់ដេរ​ត្រូវ​រង់​ចាំ​ថា​ តើ​សហភាព​អឺរ៉ុប​ត្រូវ​ដក​ហូតឬ​មិន​ដក​ហូត​ការ​អនុគ្រោះ​ពន្ធEBA ពី​ប្រទេស​កម្ពុជា។​

លោក​បញ្ជាក់​ថា ​ក្នុង​ករណី​ដែល​កម្ពុជា​ត្រូវ​បាត់​បង់​ប្រព័ន្ធ​អនុគ្រោះ​ពន្ធនេះ ភាគី​រោងចក្រ​កាត់​ដេរ​នឹង​មាន​លទ្ធភាព​តិចតួច​ប៉ុណ្ណោះ​ក្នុង​ការ​ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ​រោង​ចក្រ។​ ប៉ុន្តែ​ប្រសិន​បើ​កម្ពុជា​មិនបាត់​បង់​ EBA ទេ​នោះ ក្រុម​ថៅកែ​រោងចក្រ​នឹង​មាន​លទ្ធភាព​ផ្តល់​ប្រាក់ឈ្នួល​សមរម្យ​ច្រើន​ដល់​កម្មករ​រោងចក្រ។

លោក ​ខេន លូ បន្ថែម​ថា ​ដូច្នេះ​សមាគម​រោងចក្រ​កាត់ដេរ​នៅ​កម្ពុជាត្រូវ​តែ​រង់​ចាំ​មើល​លទ្ធផល​ចុង​ក្រោយ​របស់ ​EBA។​

«ពេលដែល​យើង​ជួប​បញ្ហា​ EBA យើង​អត់​ដឹង​ច្បាស់​ថា ​លទ្ធភាព​និយោជក​មាន​ប៉ុន្មាន ដល់​ត្រឹម​ណា ដូច្នេះ​ពេលដែល​យើង​ដឹង​ពី​លទ្ធភាព​ខ្លួន​ឯង​មិន​ច្បាស់​ យើង​មិន​អាច​ចូលរួម​ចរចាទេ។»

កាល​ពី​ខែ​កុម្ភៈ​ ឆ្នាំ​២០១៩​កន្លង​ទៅ​នេះ គណៈកម្មការ​សហភាព​អឺរ៉ុប​ប្រកាស​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ​ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ព្យួរ​ជា​បណ្តោះ​អាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម ​EBA ​ពី​ប្រទេស​កម្ពុជា​ ​ដោយសារ​តែ​ការ​ធ្លាក់​ចុះ​នៃ​ការ​គោរព​សិទ្ធិ​មនុស្ស​ និង​ការ​អនុវត្ត​លទ្ធិ​ប្រជាធិប​តេយ្យ។

យោង​តាម​ការ​វាយ​តម្លៃ​របស់​ធនាគារ​ពិភព​លោក​កាល​ពី​ខែ​ឧសភា កម្ពុជា​អាច​នឹង​ខាត​បង់​ទឹកប្រាក់​យ៉ាង​ហោច​ណាស់​ចន្លោះ​ពី​ ៥០០ទៅ​ជាង​ ៦០០​ លាន​ដុល្លារ​អាមេរិក​ ក្នុង​មួយ​ឆ្នាំ ​ប្រសិន​បើ​សហ​ភាព​អឺរ៉ុប​សម្រេច​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​ (EBA) ​ដល់​កម្ពុជា​នោះ។

យោង​ទៅតាម​លោក អាត ធន់ ប្រធានសហភាព​ការងារ​កម្ពុជា ​ការ​ចរចា​លើ​អនុសញ្ញា​រួម​ថ្នាក់​វិស័យ​នេះ​ធ្វើ​ឡើង​ដោយ​មាន​ការ​គាំទ្រពី​សហគម​អន្តរជាតិ​និង​ក្រុម​អ្នក​បញ្ជា​ទិញ។​

​លោក អាត់ ធន់ អះអាងថា ការ​ផ្តល់​ប្រាក់​ឈ្នួល​សម​រម្យ​តាម​រយៈ​អនុ​សញ្ញា​រួមនេះ​នឹង​ជួយ​រួម​ចំណែក​ជា​វិជ្ជមាន​ដល់​ស្ថិរភាព EBA។

«ហើយ​បើ​យើង​ចរចា​អនុសញ្ញា​រួម​នេះ​បាន​មាន​ន័យ​ថា វា​ផ្តល់​ផលប្រយោជន៍ ផ្តល់​ប្រាក់​ឈ្នួល​សមរម្យ​ដល់​កម្មករ។ អញ្ចឹង​បើ​យើង​មាន​កិច្ចព្រមព្រៀង​នេះ​ ខ្ញុំ​គិត​ថា វា​ធ្វើ​ឲ្យ​មាន​ស្ថិរភាព​ EBA ច្រើន​ជាង​យើង​អត់មាន​អនុសញ្ញារួម​ហ្នឹង»។

ឧស្សាហកម្ម​សម្លៀក​បំពាក់​កាត់ដេរ​និង​ស្បែក​ជើង​គឺជា ​វិស័យ​នាំចេញ​ឈាន​មុខ​គេ​របស់​ប្រទេស​កម្ពុជា។ កាលពីឆ្នាំ​២០១៨ ការ​នាំចេញពី​វិស័យ​នេះបាន​កើន​ដល់១០ ពាន់លាន​ដុល្លារ​អាមេរិក និង​មាន​កម្មករ​កម្ពុជា​កំពុង​បម្រើការ​ចំនួន​៨០​ម៉ឺន​នាក់៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG