នៅពេលដែលក្រុមមេដឹកនាំនយោបាយកម្ពុជានៅមិនទាន់វិលទៅរកការពិភាក្សាគ្នា និងឈានដល់កិច្ចព្រមព្រៀងណាមួយលើការស្តារប្រជាធិបតេយ្យឡើងវិញនោះ មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកបន្តទទូចឲ្យមានការកែទម្រង់ស្ថានការណ៍កម្ពុជា។
មន្ត្រីយោធាជាន់ខ្ពស់សហរដ្ឋអាមេរិកគឺលោក រ៉ានដល ឆ្រៃវឺ (Randall Schriver) បានថ្លែងថាដំណើរវិលថយក្រោយផ្នែកប្រជាធិបតេយ្យនៅកម្ពុជាត្រូវតែវិលទៅរកប្រជាធិប តេយ្យនិងការកែទម្រង់ពិតប្រាកដ។
ថ្លែងប្រាប់ VOA ក្រោយពេលចូលរួម ថ្លែងសុន្ទរកថានៅក្នុងវេទិកាការទូតនៃប្រទេស តំបន់ទន្លេមេគង្គដែលរៀបចំដោយមជ្ឈមណ្ឌល Meridian អន្តរជាតិនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីសប្តាហ៍មុន លោកអនុរដ្ឋមន្ត្រីការពារប្រទេស រ៉ានដល ឆ្រៃវឺ (Randall Schriver) បានថ្លែងថាដំណើរការកែទម្រង់នយោបាយនៅកម្ពុជា មានការ ដើរថយក្រោយ រាប់ទាំងការរំលាយគណបក្សជំទាស់ ការធ្វើទុក្ខបុកម្នេញលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ និង ការដកហូតអាសនៈសភា ដែលគណបក្សសង្គ្រោះ ជាតិគ្រប់គ្រងកាលពីមុន។
«ខ្ញុំគិតថា ទាំងនេះគឺជាជំហានអវិជ្ជមាន ហើយយើងចង់ឃើញថាដំណើរការប្រជាធិប តេយ្យពិតប្រាកដ វិលត្រឡប់មកវិញ ហើយនឹងផ្លូវដែលឆ្ពោះទៅកាន់ការកែទម្រង់ដ៏ពិត ប្រាកដ»។
មេដឹកនាំគណបក្សជំទាស់លោក កឹម សុខា ត្រូវចាប់ឃុំខ្លួន ហើយគណបក្សក៏ត្រូវ រំលាយមុនការបោះឆ្នោតកាលពីឆ្នាំ២០១៨ ទន្ទឹមគ្នាដែលមានការចោទប្រកាន់ព្រោង ព្រាតកើតឡើងអំពីការរិតត្បិតអង្គការសង្គមស៊ីវិល សមាគម សារព័ត៌មានឯករាជ្យ មួយចំនួន។ ការបោះឆ្នោតមួយ ដែលមានគណបក្សនយោបាយ១៩ទៀតចូលរួម តែគ្មានគណបក្សសង្គ្រោះជាតិដែលមានកម្លាំងប្រហាក់ប្រហែលនឹងគណបក្សកាន់ អំណាចចូលរួមនោះ បានបើកផ្លូវឲ្យគណបក្សប្រជាជនកម្ពុជា របស់លោកនាយករដ្ឋ មន្ត្រី ហ៊ុន សែនបានឈ្នះអាសនៈបង្កើតរដ្ឋាភិបាលតែម្នាក់ឯង ហើយទុកឲ្យច្បាប់រដ្ឋ ធម្មនុញ្ញដែលជាច្បាប់កំពូលតម្រូវថាឲ្យមានរបបប្រជាធិបតេយ្យ សេរីនិយម ពហុបក្ស នោះ ហាក់ដូចជាមានភាពចន្លោះប្រហោង។
ទាំងសេតវិមាន ក្រសួងការបរទេសអាមេរិក ក្រុមមន្ត្រីក្រសួងការពារប្រទេស សភាអាមេរិកនិង សហភាពអឺរ៉ុប បញ្ចេញប្រតិកម្មចំពោះដំណើរការប្រជាធិបតេយ្យនៅ កម្ពុជាដោយទទូចឲ្យមានការស្តារឡើងវិញ ដោយអនុញាតមានការដោះលែងលោក កឹម សុខា ការអនុញាតឲ្យគណបក្សសង្គ្រោះជាតិដំណើរការឡើងវិញ ការផ្តល់ អាសនៈសភា និង ក្រុមប្រឹក្សាឃុំសង្កាត់ដល់មន្ត្រីគណបក្សសង្គ្រោះជាតិឡើងវិញ ដើម្បីបញ្ចៀសវិធានការជាបន្តបន្ទាប់ ដែលគេដឹងថានោះអាចជាការព្យួរប្រព័ន្ធអនុ គ្រោះពន្ធដល់ទំនិញកម្ពុជាដូចជា EBA និង GSP ដែលផ្តល់ឲ្យកម្ពុជាចំណេញប្រាក់ រាប់រយលានក្នុងមួយឆ្នាំៗ។
ក្រុមមន្ត្រីរបស់គណៈកម្មការសហភាពអឺរ៉ុបទទួលបន្ទុកពាណិជ្ជកម្មនិងការបរទេសបានចាប់ផ្តើមជួបពិភាក្សាជាមួយមន្ត្រីជាន់ខ្ពស់នៃរដ្ឋាភិបាលកម្ពុជា និងក្រុមមន្ត្រីរបស់អង្គការសង្គមស៊ីវិល នៅសប្តាហ៏នេះដើម្បីប្រមូលព័ត៌មានទាក់ទិនស្ថានភាពនយោ បាយបច្ចុប្បន្នដែលសហភាពអឺរ៉ុបបានទាមទារឲ្យមានដំណោះស្រាយ។
នៅក្នុងសេចក្តីថ្លែងការណ៍អំពី «ការធ្វើមាតុភូមិនិវត្តន៍នៃថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ» កាលសប្តាហ៍ថ្មីៗនេះ គណបក្សសង្គ្រោះជាតិដែលត្រូវរំលាយបានប្តេជ្ញាជាថ្មីថានឹងតស៊ូនយោបាយបែបអហិង្សាដើម្បីឲ្យមានការដោះលែងលោក កឹម សុខា មេដឹកនាំក្រុមជំទាស់ ស្តារប្រជាធិបតេយ្យឡើងវិញនិងការពារ ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP កុំឲ្យបាត់បង់។
នៅក្នុងសេចក្តីថ្លែងការណ៍គណបក្សសង្គ្រោះជាតិដដែល ដែលថាក្រុមមេដឹកនាំ គណបក្សសង្គ្រោះជាតិនឹងត្រូវវិលទៅកាន់ប្រទេសកម្ពុជាក្នុងពេលឆាប់ៗខាងមុខ បានបញ្ជាក់ពីការប្តេជ្ញាធ្វើតាមលក្ខខណ្ឌរបស់សហគមន៍អឺរ៉ុបនិងសហរដ្ឋអាមេរិក បញ្ចៀសការកាត់ផ្តាច់ប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP»។
សេចក្តីថ្លែងការណ៍ដដែល បានអំពាវនាវដល់ជនរួមជាតិខ្មែរ គ្រប់មជ្ឈដ្ឋាន គ្រប់ និន្នាការនយោបាយរួមកម្លាំងគ្នា រក្សាកម្មវិធីប្រព័ន្ធអនុគ្រោះពន្ធ EBA និង GSP ដើម្បីបញ្ចៀសនូវការឈឺចាប់ និងសេចក្តីទុក្ខលំបាក របស់ពលរដ្ឋខ្មែរយើង។
លោក ជុំ សុន្ទរី ឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសអាមេរិក បានថ្លែងប្រាប់ VOA ថា លោកបានពន្យល់ជូនមន្ត្រីអាមេរិកាំងច្រើនហើយអំពីស្ថានការណ៍កម្ពុជា។
«បញ្ហានេះ ខ្ញុំបានជួបជាមួយនឹងខាងសភាក៏ដូចជាជាមួយនឹងខាងក្រសួងការបរទេស គឺក្នុងហ្នឹងខ្ញុំបានជម្រាបជូននៅលើចំណុចសំខាន់ពីរ គឺទី១ គឺការរីកចម្រើនក្នុងទំនាក់ ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា ជាមួយនឹងអាមេរិក ហើយនឹងការគូសបញ្ជាក់ អំពីការតាំងចិត្តរបស់រដ្ឋាភិបាលកម្ពុជា ពីបំណងដ៏ស្មោះស្ម័គ្ររបស់រដ្ឋាភិបាលកម្ពុជា ក្នុងការមានទំនាក់ទំនង ក្នុងការកសាងទំនាក់ទំនងមិត្តភាពនិងកិច្ចសហប្រតិបត្តិការ ល្អ ជាមួយនឹងសហរដ្ឋអាមេរិក ហើយខ្ញុំក៏បានជម្រាបអំពីការរីកចម្រើនមួយចំនួនលើ ផ្នែកលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា»។
នៅពេលសួរលម្អិតអំពីរឿងរីកចម្រើនលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស លោកជុំ សុន្ទរី មិនបានបញ្ជាក់បន្ថែមទេ។
លោកស្រី Piper Campbell ជាអតីតឯកអគ្គរដ្ឋទូតអាមេរិកនិងជាអតីតភារធារីអាមេរិកប្រចាំតំបន់អាស៊ានបាន អះអាងថានេះជាពេលប្រឈមសម្រាប់ទំនាក់ទំនងកម្ពុជានិង សហរដ្ឋអាមេរិក តែលោកស្រីអះអាងថាការរក្សាប្រព័ន្ធទំនាក់ទំនងរវាងប្រទេសទាំង ពីរគឺជារឿងសំខាន់ណាស់ ជាពិសេសក្នុងបណ្តាប្រទេសទន្លេមេគង្គដែលកម្ពុជាជាសមាជិកមួយផងនោះ។
«នេះជាមូលហេតុដែលខ្ញុំឃើញថាអង្គការដ៏សំខាន់ដូចជាអង្គការអនុតំបន់ ការធ្វើ ទំនាក់ទំនងដូចជាជាមួយនឹងប្រទេសទាំងប្រាំនៃតំបន់មេគង្គក្រោមនិងគំនិតផ្តួចផ្តើមតំបន់មេគង្គក្រោមឬធ្វើកិច្ចការក្នុងចំណោមប្រទេសអាស៊ាន ក្នុងបរិបទអាស៊ាន នឹងអនុញាតឲ្យមានការរក្សាប្រព័ន្ធទំនាក់ទំនងបើកចំហរ ហើយខ្ញុំសង្ឃឹមថាប្រព័ន្ធទំនាក់ទំនងទាំងនោះនឹងបង្កើតលទ្ធផល»។
ប្រទេសកម្ពុជាកំពុងខិតខំធ្វើទំនាក់ទំនងជាអន្តរជាតិយ៉ាងខ្លាំង ក្នុងពេលមានការ គំរាមដាក់ទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប ដោយសារតែប្រជាធិបតេយ្យ និង សិទ្ធិមនុស្សក្តី៕