ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​អាមេរិក៖ ​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ជា​កិច្ចការ​អាទិភាព​របស់​ព្រឹទ្ធសភា


រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួម​ការប្រារព្ធខួប៦៨ឆ្នាំ​ ​នៃ​ការបង្កើត​គណបក្ស​ នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
រូបឯកសារ៖ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែន និងជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួម​ការប្រារព្ធខួប៦៨ឆ្នាំ​ ​នៃ​ការបង្កើត​គណបក្ស​ នៅរាជធានីភ្នំពេញ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។

សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​ម្នាក់​ទៀត​គឺ​លោក​ Alan Lowenthal ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ដែរ។

នៅ​ពេល​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ហៅថា ​H.R 526​ បាន​ទៅ​ដល់​ព្រឹទ្ធសភា​ហើយ​នោះ​ សមាជិក​សភា​អាមរិក​នៅ​សប្តាហ៍​នេះ​បាន​បញ្ជាក់​បន្ថែម​ថា សេចក្តី​ស្នើ​ច្បាប់​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ H.R 526 នេះ​នឹង​អាច​ត្រូវ​ព្រឹទ្ធ​សភា​អនុម័ត​ឆាប់ៗ​នេះ។

ក្រុម​សមាជិក​សភា​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ជាច្រើន​រូប​បាន​បញ្ជាក់​ជា​បន្ត​បន្ទាប់​ឲ្យ​ដឹង​អំពី​អាទិភាព​នៃ​សេចក្តី​ស្នើ​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ហៅថា​ H.R 526 ​ដោយ​អះអាង​ថា​ អាច​នឹង​ត្រូវ​អនុម័ត​ឆាប់ៗ​ជាមួយ​នឹង​ការ​ជំរុញ​ពី​សមាជិក​សភា។

ថ្លែង​ប្រាប់​ VOA ​នៅ​ក្រោយ​ពី​លោក​ចូលរួម​ថ្លែង​សុន្ទរកថា​ក្នុង​កម្មវិធី​ «អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក​ ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន‍» (ASEAN Matters for America/America Matters for ASEAN) នៅ​ឯ​រដ្ឋសភា ​កាលពី​ថ្ងៃអង្គារ លោក ​ថេត យូហូ ​(Ted Yoho) ​សមាជិករដ្ឋ​សភា​នៃ​គណបក្ស​សាធារណរដ្ឋ​មក​ពី​រដ្ឋ Florida ​ដែល​បាន​ស្នើ​ច្បាប់​នេះ​ បាន​អះអាង​ថា​ សមាជិក​ព្រឹទ្ធសភា​គាំទ្រ​ច្រើន​ចំពោះ​សេចក្តី​ស្នើច្បាប់ ​H.R 526​ នេះ ​ដោយសារ​ថា​ជា​រឿង​អាទិភាព​ដែល​នឹង​មិន​ត្រូវ​ពន្យា​ពេល​ដូច​មុន​ទេ។

លោក ថេត យូហូ សមាជិក​រដ្ឋសភា​អាមេរិក​ប្រចាំ​រដ្ឋ​ផ្លរីដា​មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន‍» នៅ​រដ្ឋ​សភា​អាមេរិក កាលពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)
លោក ថេត យូហូ សមាជិក​រដ្ឋសភា​អាមេរិក​ប្រចាំ​រដ្ឋ​ផ្លរីដា​មក​ពី​គណបក្ស​សាធារណរដ្ឋ ថ្លែង​នៅ​ក្នុង​សន្និសីទ​ស្តី​ពី «អាស៊ាន​មាន​សារៈសំខាន់​ដល់​អាមេរិក ហើយ​អាមេរិក​មាន​សារៈសំខាន់​ដល់​អាស៊ាន‍» នៅ​រដ្ឋ​សភា​អាមេរិក កាលពីថ្ងៃទី​២៣ ខែកក្កដា ឆ្នាំ២០១៩។ (សុខ ខេមរា/VOA)

«សេចក្តី​ស្នើច្បាប់​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា​បាន​បញ្ជូន​ទៅ​កាន់​គណៈ​កម្មាធិការ​កិច្ចការ​ទំនាក់​ទំនង​បរទេស​របស់​ព្រឹទ្ធសភា​ហើយ។​ រឿង​នេះ​គឺជា​រឿង​ដែល​យើង​ពិតជា​មាន​បំណង​ប្រាថ្នា​ឲ្យ​មាន​ការ​អនុម័ត​ ហើយ​យើង​បាន​ពិភាក្សា​ជាច្រើន​ជាមួយ​នឹង​សមាជិក​ព្រឹទ្ធសភា​ដែល​ជា​ដៃគូ​របស់​យើង ​ហើយ​ពួកគេ​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ‍»។​

លោក​ថា​ លោក ​Mitch McConnell ​សមាជិក​ព្រឹទ្ធសភា​ដ៏​មាន​ឥទ្ធិពល​ ចង់​ឲ្យ​លើក​យក​សេចក្តី​ស្នើ​ច្បាប់​នេះ​មក​ពិភាក្សា ​ហើយ​ក្រុម​ការងារ​របស់​រដ្ឋសភា​និង​សមាជិក​ព្រឹទ្ធ​សភា​ជាច្រើន​រូប​បាន​ធ្វើ​កិច្ច​ការងារ​នេះ​រួមគ្នា ​អាស្រ័យ​ហេតុនេះ​ទើប​គេ​ឃើញ​មាន​ការ​អនុម័ត​ជា​ឯកច្ឆ័ន​នៅ​រដ្ឋសភា​យ៉ាង​រហ័ស​បំផុត។

សេចក្តី​ស្នើច្បាប់​ស្តីពី​លទ្ធិប្រជាធិប​តេយ្យ​កម្ពុជា ​(Cambodia Democracy Act) ​ឬH.R-526 ​ដែល​បាន​ទៅ​ដល់​និង​បាន​ទទួល​ដោយ​គណៈកម្មាការ​ការ​បរទេស​ព្រឹទ្ធសភា​សហរដ្ឋ​អាមេរិក​ហើយ ​កាលពី​ថ្ងៃទី១៦​ខែ​កក្កដា​ឆ្នាំ​២០១៩ ​បាន​កើត​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​សភា​តំណាង​រាស្រ្ត​បាន​អនុម័ត​ជា​ឯកច្ឆ័ន។​

សេចក្តី​ស្នើច្បាប់​ដែល​មាន​ការ​គាំទ្រ​ពី​គណបក្ស​ធំៗ​ទាំងពីរ​នៅ​ក្នុង​រដ្ឋសភា​អាមេរិក ត្រូវបាន​អនុម័ត​កាលពី​ថ្ងៃចន្ទ ​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា​ឡើងវិញ ​ដោយ​រួមមាន​ទាំង​ការ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ មន្ត្រី​យោធា​និង​មន្ត្រី​សន្តិសុខ​ណា​ ដែល​ទទួល​ខុសត្រូវ​ចំពោះ​ការ​ធ្វើឱ្យ​ខូចខាត​លទ្ធិ​ប្រជាធិបតេយ្យ​និង​រំលោភ​សិទ្ធិមនុស្ស ​ជាពិសេស​ទាក់ទង​នឹង​ការ​រំលាយ​គណបក្ស​សង្គ្រោះ​ជាតិ​ ការ​បោះឆ្នោត​ដែល​គ្មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ការ​ចាប់​ខ្លួន​លោក ​កឹម សុខា ​និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​ក្រុម​ជំទាស់​ផង​ដែរ។​

ទណ្ឌកម្ម​នោះ​រួម​មាន​ការ​បង្កក​ទ្រព្យសម្បត្តិ​ដែល​ពួកគេ​មាន​នៅ​សហរដ្ឋ​អាមេរិក ​ហាមឃាត់​ទិដ្ឋាការ​មិន​ឱ្យ​ចេញ​ចូល​សហរដ្ឋ​អាមេរិក​ និង​មិន​ឱ្យ​ធ្វើ​ជំនួញ​បាន​ជាមួយ​នឹង​សហរដ្ឋ​អាមេរិក​ជាដើម។

រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយស្តីពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅរដ្ឋសភាអាមេរិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)
រូបឯកសារ៖ សមាជិក​សភា​លោក Alan Lowenthal នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋ California ថ្លែង​នៅ​ឯ​សវនាការ​សាធារណៈ​មួយស្តីពីការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា នៅរដ្ឋសភាអាមេរិក ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៧។ (ស្រេង លក្ខិណា/VOA)

សមាជិក​សភា​អាមេរិកាំង​ដែល​មាន​ឥទ្ធិពល​ម្នាក់​ទៀត​គឺ​លោក​ Alan Lowenthal ​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មក​ពី​រដ្ឋកាលីហ្វ័រញ៉ា ​បាន​សម្តែង​សុទិដ្ឋិនិយម​របស់​លោក​ចំពោះ​ការ​ពន្លឿន​សេចក្តី​ស្នើ​ច្បាប់​ស្តារ​លទ្ធិប្រជាធិប​តេយ្យ​នៅ​កម្ពុជា​ដែរ។

«យើង​មាន​សម្ព័ន្ធមិត្ត​យើង​យ៉ាង​ច្រើន​នៅ​ក្នុង​ព្រឹទ្ធសភា។​ យើង​មាន​លោក​ព្រឹទ្ធ​សមាជិក​ Lindsey ​Graham ​និង​លោក​ព្រឹទ្ធសមាជិក ​Ted Cruz ​នៅក្នុង​ព្រឹទ្ធសភា​ ដូច្នេះ​ខ្ញុំ​គិត​ថា​ ពេលនេះ​យើង​នឹង​ត្រូវ​ចាប់ផ្តើម​កិច្ច​ពិភាក្សា​អំពី​រឿងនេះ​ដើម្បី​ព្យាយាម​ធ្វើ​យ៉ាង​ណា​ប្រើ​មធ្យោបាយ​ដែល​គាំទ្រ​ដោយ​គណបក្ស​ទាំងពីរ ​គឺ​គណបក្ស​សាធារណរដ្ឋ ​និង​គណបក្ស​ប្រជាធិបតេយ្យ​នៅក្នុង​ព្រឹទ្ធសភា​ ដើម្បី​ឲ្យ​មាន​ការ​គាំទ្រ​សេចក្តី​ស្នើច្បាប់​លទ្ធិ​ប្រជាធិប​តេយ្យ​កម្ពុជា ​ហើយ​យើង​គិតថា​ យើង​ធ្វើ​កិច្ច​ការងារ​នេះ‍»។

លោក​បាន​បញ្ជាក់​បន្ថែម​ថា​ កាល​ពីឆ្នាំ​ទៅ ​សេចក្តី​ស្នើច្បាប់​នេះ​មិនត្រូវ​បាន​ព្រឹទ្ធសភា​ពិភាក្សា​អនុម័ត​ទេ​ ដោយសារ​ថា​ជា​ពេល​វេលា​ចុងឆ្នាំ​ដែល​ព្រឹទ្ធសភា​ឈប់​សម្រាក​តែ​លោក ​Alan Lowenthal ​ថា​ ពេលនេះ​មិនមែន​ជា​ចុង​ឆ្នាំ​ទៀត​ទេ ​ដែល​លោក​ថា លោក​នឹង​ជំរុញ​ឲ្យ​គណៈកម្មាការ​ព្រឹទ្ធសភា​ធ្វើការ​ពិភាក្សា​អនុម័ត​សេចក្តី​ស្នើ​ច្បាប់​នេះ​ឲ្យ​បាន​លឿន។

លោក​ Alan Lowenthal រំពឹង​ថា ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​យល់​អំពី​បញ្ហា​នេះ ហើយ​យល់ព្រម​កែប្រែ​ស្ថានការណ៍​នយោបាយ​និង​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​ដែល លោក​កំពុង​ផ្តោតការ​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​កម្ពុជា​និង​តំបន់​អាស៊ី។

«យើង​នឹង​មិន​ដើរ​ចេញ​ទេ ​យើង​នឹង​បន្ត​តស៊ូ​ដើម្បី​ឲ្យ​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ ហើយ​យើង​នឹង​នៅ​បន្ត​ធ្វើ​សេចក្តី​ថ្លែងការណ៍​អំពី​បញ្ហា​នយោបាយ​តទៅ​ទៀត‍»។

លោក​សមាជិក​សភា ​Steve Chabot ​នៃ​គណបក្ស​សាធារណរដ្ឋ​មកពី​រដ្ឋ​អូហៃអូ​បាន​ថ្លែង​ថា ​សេចក្តី​ស្នើច្បាប់​ដែល​មាន​ការ​គាំទ្រ​ជា​ឯកច្ឆ័ន​នៅ​សភា​សហរដ្ឋ​អាមេរិក​នេះ​នឹង​ត្រូវ​ដំណើរការ​ជា​ជំហានៗ​ចាប់ផ្តើម​ពី​គណៈកម្មាការ​កិច្ចការ​ទំនាក់​ទំនង​បរទេស​ព្រឹទ្ធសភា ​ហើយ​ប្តេជ្ញា​ថា​ នឹង​ជួយ​ស្តារ​ដល់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ នៅ​ចំពោះ​មុខ​ក្រុម​បាតុករ​ខ្មែរ​អាមេរិកាំង​ជា​ច្រើន​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ​ ដែល​មាន​ការ​ចូលរួម​ពី​លោក​សម រង្ស៉ី ​ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

«ខ្ញុំ​ចង់​បញ្ជាក់​ចេញពី​បេះដូង​របស់ខ្ញុំ​ថា ​យើង​គាំទ្រ​កិច្ច​ខិតខំ​ប្រឹងប្រែង​ដើម្បី​សេរីភាព ការ​បោះ​ឆ្នោត​ដោយ​សេរី​និង​យុត្តិធម៌ ​និង​ឲ្យ​មាន​លទ្ធិ​ប្រជាធិប​តេយ្យ​ឡើងវិញ​ក្នុង​ប្រទេស​កម្ពុជា។​ សូម​ព្រះជា​ម្ចាស់​ប្រទានពរ​ដល់​ប្រទេស​កម្ពុជា​ ដល់​សហរដ្ឋ​អាមេរិក និង​លោក​ សម រង្ស៊ី‍»។

លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរបស់រដ្ឋាភិបាល ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាន នៅទីស្តីការគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៩។ (ស៊ុន ណារិន/VOA Khmer)

ជំនួស​ឲ្យ​ការ​ប្រើ​ពាក្យ ​«មិន​ខ្វល់​ខ្វាយ‍»​ ចំពោះ​ការ​ដាក់​ទណ្ឌកម្ម​និង​បង្កក​ឬ​រឹបអូស​ទ្រព្យ​សម្បត្តិ ​បិទ​ទិដ្ឋាការ​ ក្រុម​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា​ធ្លាប់​ថែម​ទាំង​បាន​ជំរុញ​ឲ្យ​សហរដ្ឋ​អាមេរិក​និង​អឺរ៉ុប​ ពន្លឿន​វិធានការ​ប្រឆាំង​នឹង​ក្រុម​មន្ត្រី​រដ្ឋាភិបាល​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ ទៀត​ផង ​ដោយ​ក្រុម​មន្ត្រី​សំអាង​ថា​ ពួកគេ​គ្មាន​ទ្រព្យ​សម្បត្តិ​នៅ​សហរដ្ឋ​អាមេរិក​ទេ។​

លោក ​ផៃ ស៊ីផាន ​អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បាន​ប្រតិកម្ម​ភ្លាមៗ​ ក្រោយ​ពី​ច្បាប់​លទ្ធិ​ប្រជាធិបតេយ្យ​កម្ពុជា​ ត្រូវ​បាន​អនុម័ត​នៅ​រដ្ឋសភា​អាមេរិក ហើយ​ថា​ កម្ពុជា​មិន​អាច​ទទួល​យក​សេចក្តី​ស្នើច្បាប់​នេះ​បានទេ​ ដោយ​សារ​សេចក្តី​ស្នើ​ច្បាប់​នេះ ​«បាន​ធ្វើឡើង​ផ្អែក​ទៅ​លើ​ការ​ចោទ​ប្រកាន់​ដោយ​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​ បង្ហាញ​តែ​មហិច្ឆិតា​នយោបាយ​ជា​ប្រវត្តិ​ប្រឆាំង​នឹង​រដ្ឋាភិបាល​កម្ពុជា​តែ​ប៉ុណ្ណោះ»។

ក្នុង​សេចក្តី​អត្ថាធិប្បាយ​តាម​បណ្តាញ​សង្គម​ហ្វេស​ប៊ុក ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ដដែល​រូប​នេះ​បាន​ចាត់​ទុក​សេចក្តី​ស្នើ​ច្បាប់​ស្តីពី​លទ្ធិ​ប្រជាធិប​តេយ្យ​នៅ​កម្ពុជា​នេះ​ ថា​«ជា​ទង្វើ​ប្រឆាំង​សន្តិភាព​ ស្ថិរភាព​ និង​វិបុលភាព​របស់​ព្រះ​រាជាណាចក្រ​កម្ពុជា»។

លោក ​ផៃ ស៊ីផាន ​អំពាវ​នាវ​ទៅ​កាន់​ព្រឹទ្ធសភា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​ឲ្យ​ពិចារណា​ឡើងវិញ​នូវ​ជំហរ​របស់​ខ្លួន​សម្រាប់​កម្ពុជា ​ដើម្បី​ជា​ប្រយោជន៍​នៃ​ទំនាក់​ទំនង​ទ្វេភាគី៕

XS
SM
MD
LG