ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ម៉ាឡេស៊ី​ចាប់ផ្តើម​ជីក​កកាយ​សាកសព​ពី​រណ្តៅ​សាកសព​រួម


ក្រុម​ប៉ូលិស​កោសល្យ​វិច័យ​របស់​​ម៉ាឡស៊ី​ ជីករណ្តៅ​ធំៗ​ ក្នុង​តំបន់​ Wang Burma​ នៅ​ព្រំដែន​ម៉ាឡស៊ី​ជាមួយ​ប្រទេស​ថៃ​ នៅ​ខាង​ក្រៅ​ក្រុង​ Wang Kelian ប្រទេស​ម៉ាឡេស៊ី​ កាលពីថ្ងៃអង្គារ​ ទី​២៦ ខែ​ឧសភា ឆ្នាំ២០១៥។
ក្រុម​ប៉ូលិស​កោសល្យ​វិច័យ​របស់​​ម៉ាឡស៊ី​ ជីករណ្តៅ​ធំៗ​ ក្នុង​តំបន់​ Wang Burma​ នៅ​ព្រំដែន​ម៉ាឡស៊ី​ជាមួយ​ប្រទេស​ថៃ​ នៅ​ខាង​ក្រៅ​ក្រុង​ Wang Kelian ប្រទេស​ម៉ាឡេស៊ី​ កាលពីថ្ងៃអង្គារ​ ទី​២៦ ខែ​ឧសភា ឆ្នាំ២០១៥។

អាជ្ញាធរ​ម៉ាឡេស៊ី ​និយាយ​ថា​ ពួក​គេ​បាន​រក​ឃើញ​រណ្តៅ​សាកសព​ចំនួន​១៣៩​និង​ជំរំ​ចំនួន​២៨​ដែល​គេ​សង្ស័យ​ជា​របស់​ពួក​អ្នក​ជួញ​ដូរ​មនុស្សក្នុង​ផ្នែក​ខាង​ជើង​ប្រទេស​ម៉ាឡេស៊ី។​

ថ្លែង​ទៅ​កាន់​ពួក​អ្នក​យក​ព័ត៌មាន​កាល​ពី​ថ្ងៃ​ច័ន្ទ​ក្នុង​ទីក្រុង ​Wang Kelian នៅ​ជិត​ព្រំ​ដែន​ប្រទេស​ថៃ ​លោក ​Khalid Abu Bakar ​ប្រធាន​ប៉ូលិស​ជាតិ​ម៉ាឡេស៊ី ​បាន​ផ្តល់​សេចក្តី​លម្អិត​អំពី​ការ​រក​ឃើញ​រណ្តៅ​សាកសព​និង​ជំរំ​នោះ។​

«ក្រុម​ទី​មួយ​ គឺ​ក្រុម​កោសល្យ​វិច័យ​ និង​វេជ្ជសាស្រ្ត​ បាន​ចាក​ចេញ​នៅ​ព្រឹក​នេះ ​ដើម្បី​ជីក​កកាយ​អ្វី​ដែល​នៅ​សល់​ទី​នោះ។ ​យើង​នឹង​ធ្វើការ​វះ​កាត់​សាកសព​ទាំង​នោះ​ ដែល​យើងរក​ឃើញ​ ដើម្បី​រក​មូលហេតុ​នៃ​ការ​ស្លាប់​នេះ‍»។​

ពួក​មន្រ្តី​និយាយ​ថា ​ជំរំដ៏​ធំ​បង្អស់ ​ដែល​ត្រូវ​បាន​រក​ឃើញ​នៅ​ចន្លោះ​ថ្ងៃ​ទី​១១​និង​ថ្ងៃ​ទី​២៣​ខែ​ឧសភា​ ​នៅ​ក្នុង​តំបន់​ព្រៃភ្នំ ដែល​មនុស្ស​ពិបាក​ទៅ​ដល់​នោះ​ ​ប្រហែលជា​បាន​ឃុំឃាំង​មនុស្សរហូត​ទៅ​ដល់​៣០០​នាក់។​

រណ្តៅ​សាកសព​នេះ​ស្ថិត​នៅក្នុង​រដ្ឋ ​Perlis ​ដែល​ជា​រដ្ឋ​ដ៏​តូច​បំផុត​របស់​ម៉ាឡេស៊ី​ ​ដែល​នៅ​ជាប់​ខេត្ត​សុងក្លា​នៃ​ប្រទេស​ថៃ ​ដែល​នៅ​ទី​នោះ​រណ្តៅ​សាកសព​បាន​ត្រូវ​គេ​រក​ឃើញ​នៅ​ពេល​ថ្មីៗនេះ។​

រណ្តៅ​សាកសព​មួយ​នៃ​រណ្តៅ​សាកសព​ទាំង​នោះ​នៅ​ចម្ងាយ​តែ​១​រយ​ម៉ែត្រ​គត់​ពី​រណ្តៅ​សាកសព​ស្រដៀង​គ្នា​ដែល​ត្រូវ​បាន​គេរក​ឃើញ​នៅ​ដើម​ខែ​នេះ​នៅ​ជិត​ព្រំ​ដែន​ក្នុង​ទឹកដី​ថៃ។​

តំបន់​ព្រំ​ដែន​ជា​ច្រក​សម្រាប់​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​បញ្ជូនជន​ចំណាក​ស្រុកមក​ពី​ប្រទេស​បង់ក្លាដែស​ និង​ភូមាទៅ​កាន់​ប្រទេស​ម៉ាឡេស៊ី​ ជាបថម។​

ការ​រក​ឃើញ​រណ្តៅ​សាកសព​ក្នុង​ប្រទេស​ថៃ ​ដែល​នៅ​ទីនោះ​សាកសព​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​២៦​នាក់​បាន​ត្រូវ​គេ​គាស់​ចេញ​ពី​ដី​នោះ ​បាន​បណ្តាល​ឲ្យ​រដ្ឋាភិបាល​ដែល​ដឹកនាំ​ដោយយោធា​ក្នុង​ទីក្រុង​បាងកក ​ធ្វើ​ការបង្ក្រាបបណ្តាញជួញ​ដូរ​មនុស្ស។​

ម៉ាឡេស៊ី​ និង​ថៃ​បាន​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​អង្គការ​សិទ្ធិ​មនុស្សថា ​ពួក​អាជ្ញាធរ​បាន​ធ្វើ​មិន​ដឹង​មិន​ឮ​អំពីបញ្ហា​នេះ​ ​ហើយ​ថា ​មាន​ភស្តុតាងអំពី​ការ​ចូល​ដៃ​ពី​ពួក​មន្រ្តី​ពុករលួយ។​

លោក ​Phil Robertson ​ជា​អនុប្រធានទទួល​បន្ទុក​តំបន់​អាស៊ី​នៃ​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch។​

«ជាការណ៍​ពិត ​តំបន់​នេះ​បាន​ក្លាយ​ជាទឹក​ដី​សម្រាប់​ជំរំ​ចាប់​ជំរិត​មនុស្ស​យក​ប្រាក់។​ ហើយ​ខ្ញុំ​មិន​ជឿ​ភ្លាមៗថា ជំរំ​នោះ​អាច​កើត​មាន​ឡើង​ ដោយ​គ្មាន​ការ​រួម​គំនិតពី​ពួក​អាជ្ញាធរ​នោះ​ទេ‍»។​

ឧត្តម​សេនីយ៍ ​Khalid​ ប្រធាន​ប៉ូលិស​ម៉ាឡេស៊ី ​បាន​ត្រូវ​ពួក​អ្នក​យក​ព័ត៌មាន​សាក​សួរ​ឲ្យ​ឆ្លើយតប​នឹង​ការ​ចោទ​ប្រកាន់​បែប​នេះ។​

«យើង​នឹង​ស៊ើប​អង្កេត ​ហើយ​យើង​នឹង​មិន​បណ្តោយ​ឲ្យ​ជន​ណា​ធ្វើ​បែប​នេះ​ទេ ​រួម​ទាំង​ពួក​មន្រ្តី​ម៉ាឡេស៊ី​ផង‍»។​

ប្រទេស​ថៃ​បាន​ចាប់​ឃុំ​ខ្លួន​មនុស្ស​ ​ឬ​បាន​ចេញ​ដីការ​ចាប់​ខ្លួន​មនុស្សជិត​៨០​នាក់ទាក់​ទិន​នឹង​ការ​រត់​ពន្ធ​មនុស្ស​នេះ។​

លោក ​Robertson​ នៃ​អង្គការ​សិទ្ធិ​មនុស្ស ​Human Rights Watch ​កំពុង​អំពាវនាវឲ្យ​មាន​ការ​ស៊ើប​ង្កេត​ឲ្យ​បាន​ល្អិត​ល្អន់​បន្ថែម​ទៀត​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស​ទាំង​ពីរ។​

«នៅ​ក្នុង​ប្រទេស​ថៃ​ អ្វី​ដែល​យើង​បាន​ឃើញ​គឺ​ពួក​អ្នក​នយោបាយ​ និង​ប៉ូលិស​ក្នុង​ស្រុកត្រូវ​បាន​ចាប់​ខ្លួន។ ​នេះ​ជា​ជំហាន​ទី​មួយ។​ ក៏ប៉ុន្តែ​ពួក​គេមិន​បាន​ចាប់​ខ្លួន​មេខ្លោងពិត​ប្រាកដ​ដែលនៅ​ពីក្រោយ​ការ​ជួញ​ដូរ​មនុស្ស​នោះ​ទេ។​ ហើយ​ខ្ញុំរំពឹង​ថា ​យើង​អាច​ឃើញ​ការ​ចាត់​វិធាន​ការ​ស្រដៀង​គ្នា​នេះ​ខាង​ប្រទេស​ម៉ាឡេស៊ី​គឺ​ពួក​អ្នក​តូចតាច​ដែល​ទទួល​ទោសជំនួស​អ្នក​ដទៃ​ទៀត ​នឹង​ត្រូវ​គេ​ចាប់​ខ្លួន​ឲ្យ​ទទួល​ការស្តី​បន្ទោស​ចំពោះ​អ្វី​ដែល​បាន​កើត​មាន​ឡើង​នោះ»។​

ដោយ​គ្មានទី​កន្លែង​មាន​សន្តិសុខ​ដើម្បី​ចូល​ចត ​នៅ​ខែ​នេះ ​ពួក​អ្នក​រត់​ពន្ធ​មនុស្ស​ខ្លះ​បាន​បោះ​បង់​ទូក​របស់​ខ្លួន​នៅ​កណ្តាល​សមុទ្រ ​ដោយ​ទុកជន​ចំណាក​ស្រុក​រាប់​រយ​នាក់​នៅ​លើ​កប៉ាល់​ធ្វើ​ពី​ឈើ​ដែល​រក​តែ​លិច ហើយដែល​មាន​ម្ហូប​អាហារ​ និង​ទឹក​បន្តិច​បន្តួច។​

ប្រទេស​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី​ និង​ប្រទេស​ថៃ​បាន​បដិសេធ​មិន​ឲ្យកប៉ាល់ ​ដែល​ពោរ​ពេញ​ទៅ​ដោយ​អ្នក​ស្វះស្វែង​រកសិទ្ធិ​ជ្រក​កោន​នោះ ​បាន​ចូលចត​ទេ។​ កាល​ពី​សប្តាហ៍​មុន ​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី ​ដែល​ប្រឈម​នឹង​ការ​រិះគន់​ពី​អន្តរជាតិ ​បាន​ប្រកាស​ថា ​ពួកគេ​នឹង​អនុញ្ញាត​ឲ្យ​កប៉ាល់​ដឹក​មនុស្ស​ទាំងនោះ​ចូល​ចត​នៅ​ក្នុង​ប្រទេស​របស់​ខ្លួនជាបណ្តោះ​អាសន្ន ​ហើយជន​ចំណាក​ស្រុក​ទាំង​នោះ​អាច​ត្រូវ​ធ្វើ​មាតុភូមិ​និវត្ត​ ឬបាន​ទៅ​តាំង​ទី​លំ​នៅ​ថ្មី​នៅ​ប្រទេស​ផ្សេង​ទៀត។​

ពួក​អ្នក​ដំណើរ​ជា​ជន​ជាតិ​បង់ក្លាដែស​ និង​ជន​ជាតិ​ភាគ​តិច ​Rohingya ​មក​ពី​ប្រ​ទេស​ភូមា។​ មនុស្សច្រើន​ពាន់​នាក់​បាន​ត្រូវ​ជួយ​សង្គ្រោះ​នៅ​លើ​ផ្ទៃ​ទឹក​ប្រទេស​ឥណ្ឌូនេស៊ី​ និង​ម៉ាឡេស៊ី ​ឬ​បាន​ហែល​ទឹក​មក​ច្រាំង​សមុទ្រ​នៅ​ខែ​នេះ។​

ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​ជឿ​ជាក់​ថា ​មាន​មនុស្ស​រាប់​ពាន់​នាក់​ទៀត​នៅ​ឯ​សមុទ្រ​នៅ​ឡើយ៕​

ប្រែសម្រួល​ដោយ ​ជឹង ​ប៉ូជីន​

អត្ថបទ​ទាក់ទង

XS
SM
MD
LG