ប្រធានប៉ូលីសម៉ាឡេស៊ីនិយាយថា រណ្តៅសពចំនួន១៣៩ដែលត្រូវបានគេជឿជាក់ថាជាសាកសពរបស់ជនចំណាកស្រុក ត្រូវបានគេរកឃើញនៅជិតព្រំដែនជាមួយប្រទេសថៃ ហើយថារណ្តៅសាកសពខ្លះ មានសាកសពលើសពីមនុស្សម្នាក់។
លោក Khalid Abu Bakar ប្រធានប៉ូលីសជាតិបានប្រាប់ក្រុមអ្នកយកព័ត៌មាននៅថ្ងៃច័ន្ទនេះថា រណ្តៅសាកសពត្រូវបានរកឃើញនៅជំរុំដែលគេសង្ស័យថាជាជំរុំជួញដូរមនុស្សទាំង២៨ ដែលទំនងជាមានមនុស្សរស់នៅពី២០ទៅ៣០០នាក់ក្នុងជំរុំនីមួយៗ។
លោក Bakar និយាយបន្តទៀតថា ក្រុមរុករកកំពុងជីកកកាយនិងធ្វើការវះពិនិត្យសពទាំងនោះ។
តំបន់អាស៊ីអាគ្នេយ៍កំពុងប្រយុទ្ធនឹងវិបត្តិមនុស្សធម៌ពាក់ព័ន្ធមនុស្សរាប់ពាន់នាក់ដែលត្រូវបានគេជូញដូរមកពីប្រទេសភូមានិងបង់ក្លាដែសលួចនាំចូលក្នុងប្រទេសម៉ាឡេស៊ីនិងឥណ្ឌូនេស៊ីតាមប្រទេសថៃ។
ជនជាតិបង់ក្លាដែសភាគច្រើនកំពុងស្វះស្វែងគេចចេញពីភាពក្រីក្រនៅក្នុងប្រទេសរបស់ខ្លួន ខណៈដែលជនជាតិភាគតិចរ៉ូហ៊ីងយ៉ាភាគច្រើនកំពុងស្វះស្វែងគេចចេញពីការរើសអើងដោយក្រុមអ្នកកាន់សាសនាព្រះពុទ្ធ ភាគច្រើននៅក្នុងប្រទេសភូមា។
កាលពីពេលមុនក្រុមមន្រ្តីបានបដិសេធថា មិនមានរណ្តៅសាកសពឬជំរុំទាសករបែបនេះនៅលើទឹកដីម៉ាឡេស៊ីទេ។
ជំរុំនិងរណ្តៅសាកសពស្រដៀងគ្នានេះដែរ ត្រូវបានគេរកឃើញនៅដើមខែនេះនៅជិតព្រំដែនខាងក្នុងទឹកដីថៃ ដែលរួមមានជនជាតិបង់ក្លាដែសនិងរ៉ូហ៊ីងយ៉ា ដែលរត់គេចចេញពីការធ្វើទុក្ខបុកម្នេញនៅក្នុងប្រទេសភូមា។
នៅដើមខែនេះ ជនចំណាកស្រុកអាស៊ីអាគ្នេយ៍ជាង៣៥០០នាក់ បានហែលទឹកទៅកាន់ឆ្នេរសមុទ្រ ឬត្រូវបានគេជួយសង្គ្រោះពីទូកនៅតាមបណ្តោយឆ្នេរសមុទ្រនៃប្រទេសម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ និងបង់ក្លាដែស។
កាលពីថ្ងៃអាទិត្យ លោកស្រីនាយករដ្ឋមន្រ្តីSheikh Hasinaនៃប្រទេសបង់ក្លាដែស បាននិយាយថា ជនចំណាកស្រុកក្រីក្រដែលកំពុងគេចចេញពីប្រទេសរបស់លោកស្រីកំពុងធ្វើឲ្យប៉ះពាល់កិត្យានុភាពរបស់ប្រទេសខ្លួន ហើយថាជនចំណាកស្រុកទាំងនោះមានជំងឺសសៃប្រសាទ៕