ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ការតាំង​ពិព័ណ៌​រូបថត​​បង្ហាញ​ពី​ការរំលោភបំពាន​​លើ​អ្នក​បម្រើ​​​តាម​ផ្ទះ


ការតាំង​ពិព័ណ៌​រូប​ថត​ថ្មី​មួយ​បង្ហាញ​ពី​រឿងរ៉ាវ​ជា​ច្រើន​នៃ​ការរំលោភ​បំពាន​ដែលពលករ​ចំណាក​ស្រុកបាន​ជួប​ប្រទះ។​

អ្នក​កាសែត​ជន​ជាតិ​អាមេរិកាំង​ Karen Emmons និង​អ្នក​ថត​រូប​ Steve McCurry បាន​ចំណាយ​ពេល​១៨​ខែ​ សម្ភាស​និងថត​រូប​ស្រ្តី​២៥​នាក់មក​ពីប្រទេស​ចំនួន​បួនក្នុងទ្វីប​អាស៊ី​ អំពី​រឿង​រ៉ាវ​ដែល​ពួក​គេបាន​ឆ្លងកាត់​ការរំលោភ​បំពានដូច​ជា​ ពលកម្ម​កុមារ​ ការធ្វើ​ការ​ដោយ​បង្ខំ ការ​ជួញ​ដូរ​មនុស្ស​ ការ​រំលោភ​និង​ការបង្អត់បាយ​ទៅ​លើ​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ។​

ការតាំង​ពិព័ណ៌​រូប​ថត​ដែល​មាន​ចំណង​ជើង​ថា​ «មិន​មាន​អ្នក​ណា​ម្នាក់​គួរ​ធ្វើ​ការ​បែប​នេះ​ទេ» កំពុង​ត្រូវ​ដាក់​តាំង​បង្ហាញ​នៅ​ក្លឹប​អ្នក​ឆ្លើយឆ្លង​ព័ត៌មាន​បរទេស(Foreign Correspondents Club) ក្នុង​ទី​ក្រុង​ភ្នំពេញ។​

នៅ​ក្នុង​រូប​ថត​មួយ មាន​ស្រ្តី​ជន​ជាតិ​ឥណ្ឌូនេស៊ី​ម្នាក់​ឈ្មោះ​ ស៊ីតា ដែល​រង​ការរំលោភ​បំពាន​ពេល​ដែល​នាង​បាន​ធ្វើ​ការ​ជា​អ្នក​បម្រើតាម​ផ្ទះ​នៅ​ក្នុង​ប្រទេស​អារ៉ាប៊ី សាអូឌីត អូម៉ង់​ និង​ហុងកុង។ នាង​អង្គុយ​នៅ​លើ​ជណ្តើរ​ មើល​ចំ​មក​កាមេរ៉ា។ ក្នុង​កែវ​ភ្នែក​របស់​នាង​បង្កប់​នូវ​ភាព​ទុក្ខ​សោក។​

អក្សរ​ដែល​នៅ​ពី​ក្រោម​រូប​ថត​នោះ​សរសេរ​ពី​អ្វី​ដែល​នាង​បាន​រៀប​រាប់​អំពី​រឿង​ដែល​បាន​កើត​ឡើង​លើ​រូប​នាង។​ «មក​នេះសត្វ​ឆ្កែ មក​នេះ។ ឯងពិត​ជា​ឡប់​។​ ឯង​ជា​សត្វ​ឆ្កែ។ មក​នេះ​អ្នក​បម្រើ»។​

នាង​ Emmons ​ដែល​បាន​ចំណាយ​ពេល​ជាង​២០​ឆ្នាំ​នៅ​ក្នុង​ទ្វីប​អាស៊ី​នោះ បាន​ប្រាប់ថា​នាង​បាន​ឮ​រឿងរ៉ាវនៃ​ការរំលោភ​បំពាន​នោះ​ជា​ច្រើន​តាម​រយៈ​របាយការណ៍​ ពី​មិត្តភក្តិ​ និង​ប្រភព​ជា​ច្រើន​ទៀត ហើយ​វា​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ខឹង​។

​គម្រោង​នេះ​បាន​កើត​ឡើង​ក្រោយ​ពេល​ដែល​នាង​ត្រូវ​បានស្នើ​ឲ្យ​សរសរ​របាយការណ៍​មួយ​សម្រាប់​អង្គការ​ពលកម្ម​អន្តរជាតិ ហើយ​ពេល​នោះ​នាង​បាន​ជួប​ស្រ្តី​២៥​នាក់​ដែល​រង​ការ​រំលោភ​បំពាន​ផ្លូវ​កាយ។​

នាង​Emmonsនិយាយ​ថា៖ «ខ្ញុំ​គិត​ថា​ប្រាកដ​ជា​មាន​មនុស្ស​ច្រើន​ជាង​នេះ​ទៀត​»។ វា​មាន​ការលំបាក​សម្រាប់​ Emmons ​ដើម្បី​បង្ហាញ​អំពី​រឿង​រ៉ាវ​របស់​អ្នកដែល​ត្រូវ​បាន​រំលោភ​បំពាន​ដោយ​កំបាំង​ក្នុង​ផ្ទះ។

នៅ​ពេល​ដែល​នាង​បាន​ដឹង​ថា​ស្រ្តី​ទាំង​នោះ​បានត្រឡប់​មក​ផ្ទះ​របស់​ខ្លួន​វិញ ​នាង​និយាយ​ថា​៖

«ខ្ញុំ​គិត​ថា​យើង​ត្រូវ​បង្ហាញ​អំពី​សម្លាក។ វា​ជា​របៀប​ដែល​យើង​នឹងប្រាប់​អំពី​រឿង​នេះ​តាម​រយៈ​រូបភាព។ ពួកគេ​បាន​ត្រឡប់​មក​ផ្ទះ​វិញ​។ ពួក​គេ​មិន​នៅ​ក្នុង​ផ្ទះ​អ្នកណា​ម្នាក់​ផ្សេង​ទៀត​ឡើយ។​ ហើយ​សម្លាក​ទាំង​នោះ​គឺ​ជា​ភស្តុតាង​នៃ​រឿង​ដែល​បាន​កើត​ឡើង»។​

លោកស្រី​ Marisa Tan នាយិការគ្រប់​គ្រង​នៃ​អង្គការ Maid in Cambodia​ ដែល​ជា​អង្គការ​ផ្តល់​វគ្គ​បំប៉ន​ដល់​អ្នក​បម្រើ​ការងារ​តាម​ផ្ទះ​សម្រាប់​ជនជាតិ​កម្ពុជា​ បាន​ឲ្យ​ដឹងថា​ មិន​មែន​មានតែ​ប្រទេស​កម្ពុជាឡើយ​ដែល​រង​ការរំលោភ​បំពាន​នេះ​។ បញ្ហា​នេះ​ក៏​ជា​បញ្ហា​របស់​អន្តរជាតិ។​

នាង​បាន​និយាយ​ថា​ «ពេល​ខ្លះ​មនុស្ស​ទាំង​នោះ​មាន​អារម្មណ៍​ថា​ឯកោ ព្រោះ​វា​បាន​កើត​ឡើង​តែ​លើ​ខ្លួន​គេ​ តាម​ពិត​គឺ​មិន​មែន​តែ​ខ្លួន​គាត់​នោះ​ទេ»។​

នាង​សយ សូលីដា ដែល​ជា​បុគ្គលិក​របស់​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​ បាន​មក​ទស្សនា​រូប​ថត​នៅ​ក្នុង​ការតាំង​ពិព័ណ៌នេះ​ ហើយ​បាន​និយាយ​ថា​ រូប​ថត​និង​រឿង​របស់​ស្រ្តី​ទាំង​នោះ​បាន​ជួយ​នាង​ឲ្យ​យល់​ដឹង​បន្ថែម​ទៀត​ពី​បញ្ហា​ទាំង​នេះ បន្ទាប់​ពីនាង​បាន​ដឹងតាម​រយៈសារព័ត៌មាន។​

«សម្រាប់​ខ្ញុំ​ជា​ប្រជា​ពល​រដ្ឋ​មួយ ខ្ញុំ​គិត​ថា​វា​សំខាន់​ណាស់​ដែល​យើង​ត្រូវ​យល់​ដឹង​ពី​រឿង​ហ្នឹង មូល​ហេតុ​នេះបានជាខ្ញុំ​សុខ​ចិត្ត​ចំណាយ​ពេល​មួយ​ល្ងាច​មក​ចូល​រួម​កម្មវិធី​នេះ​ ដើម្បី​ឲ្យ​យល់​ដឹង​ច្បាស់​ពី​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ទៅ​លើ​អ្នក​ធ្វើ​ការ​តាម​ផ្ទះ»។​

នាង​ Emmons ​និយាយ​ថា​ នាង​សង្ឃឹម​ថា​នឹង​មាន​ការ​រាយការណ៍​អំពី​បញ្ហា​នេះ​បន្ថែមទៀត ហើយ​នៅ​ថ្ងៃ​ណា​មួយ​មនុស្ស​គ្រប់​គ្នា​នឹង​ដឹងអំពី​វា​ ​ ដូច​ដែល​គេ​បាន​ដឹង​អំពី​បញ្ហា​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែរ។​

«មាន​មនុស្ស​ជា​ច្រើន​បាន​ដឹង​អំពី​រឿង​នេះ ប្រហែល​ជា​ពួក​គេ​ដឹង​ថា​អ្នក​ជិត​ខាង​របស់​ពួក​គេ​មិន​មែន​ជា​ម្ចាស់​ផ្ទះល្អ​ម្នាក់​ ហើយ​កំពុង​ធ្វើ​បាប​អ្នក​នៅ​បម្រើ​ផ្ទះ​របស់​គាត់​ ហើយពួក​គេ​នៅ​ស្ងៀម​ស្ងាត់។​ ខ្ញុំ​គ្រាន់​តែ​ចង់​ព្យាយាម​បង្កើត​បរិយាកាស​មួយ​ ដែល​ពួក​គេនឹង​មានទំនោរ​តិច​ក្នុង​ការ​នៅ​ស្ងៀមស្ងាត់» ។​

នាង​Emmonsនិ​យាយ​ថា​ ការ​ហាម​ឃាត់​មិន​ឲ្យ​ពលករ​ចាក​ចេញ​ទៅ​ប្រទេសម៉ាឡេស៊ី​កាល​ពី​ឆ្នាំ​២០១១ ​ដោយ​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន​ ក្រោយ​ពេល​មាន​ការរាយការណ៍ជាច្រើន​នៃ​រឿង​រំលោភ​បំពាន​នោះ​ មិន​មែន​ជា​ដំណោះ​ស្រាយ​ឡើយ។​

នាង​ Emmonsបញ្ជាក់​ថា«ស្រ្តី​ទាំង​នោះ​នៅ​តែ​រក​វិធីដើម្បី​ចេញ​ទៅ។ សុវត្ថិភាព​សម្រាប់​ពលករ​គឺ​ជា​ចម្លើយ​ទៅ​នឹង​បញ្ហា​នោះ»។

ក្នុង​នោះ​រួមមាន​ការ​ផ្តល់​សច្ចាប័នលើ​អនុ​សញ្ញា​អន្តរជាតិ​ ILO លេខ​១៨៩។

នាងបាន​បន្ថែម​ថា៖«ខ្ញុំ​ចង់​ឃើញ​កម្ពុជា​ធ្វើ​ការ​ដឹក​នាំ​នៅ​ក្នុង​តំបន់ ហើយ​ជំរុញ​ឲ្យ​មាន​យន្តការ​បន្ថែម​ដើម្បី​ការពារ​ពលករ​ទាំង​នោះ»៕

XS
SM
MD
LG