ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

អ្នក​នេសាទ​ខ្មែរ​ដែល​ត្រូវគេ​​បោកប្រាស់​៥៨​នាក់​នឹង​វិល​ពី​ឥណ្ឌូនេស៊ីវិញ

  • ម៉ែន គឹមសេង

ទូក​នេសាទ​ដឹក​អ្នកនេសាទ​ដែល​ត្រូវ​បាន​សង្គ្រោះ​កាលពី​ពេល​ថ្មីៗ​នេះ ឆ្ពោះ​ទៅ​ទីក្រុង​ទូអាល (Tual) នៅ​ប្រទេស​ឥណ្ឌូនេស៊ី​កាលពី​ថ្ងៃសៅរ៍​ទី៤ ខែមេសា ឆ្នាំ២០១៥។ អ្នកនេសាទ​ទាំងនេះ ស្ថិត​ក្នុង​ចំណោម​ជនចំណាកស្រុក​រាប់រយ​នាក់​ដែល​ត្រូវ​បាន​រកឃើញ​នៅក្នុង​ការស៊ើបអង្កេត​របស់​ទីភ្នាក់ងារ​ព័ត៌មាន Associated Press ថា ពួកគេ​ត្រូវ​បាន​គេ​បោកប្រាស់​ឲ្យ​ចាកចេញ​ពី​ប្រទេស​របស់​ពួកគេ ហើយ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រទេស​ឥណ្ឌូនេស៊ី​ហើយ​ត្រូវ​គេ​បង្ខំ​ឲ្យ​នេសាទ​គ្រឿង​សមុទ្រ។

ពលរដ្ឋ​កម្ពុជា​ចំនួន​៥៨​នាក់ ​ដែល​ត្រូវ​គេ​បោក​ឱ្យ​ទៅ​ធ្វើ​កម្មករ​នេសាទ​ហើយ​ក្រោយ​មក​ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី​គ្រោង​នឹង​ចាកចេញ​ត្រឡប់​មកប្រទេស​កម្ពុជា​វិញ​នៅ​ដើម​សប្តាហ៍​ខាងមុខ។

លោក​ម៉ែន សោន អ្នក​នេសាទខ្មែរ​ម្នាក់​ បាន​ប្រាប់​ព្រឹត្តិប័ត្រ​ The Cambodia Daily ​ថា​ មន្ត្រី​ស្ថានទូត​បាន​ប្រាប់​អ្នកនេសាទ​ទាំងនោះ​ថា​ ពួកគេ​អាច​នឹង​ចេញ​ដំណើរ​ទៅប្រទេសកម្ពុជា​វិញ​នៅ​ថ្ងៃ​ច័ន្ទ​ទី​១១​ខែ​ឧសភា។

លោក​បន្ថែម​ថា៖

«ខ្ញុំចង់​ទៅ​ប្រទេស​កម្ពុជា​វិញ​ភ្លាមៗ​ប្រសិន​បើ​ខ្ញុំ​អាច​ទៅ​បាន​ពីព្រោះ​ខ្ញុំ​នឹក​ឪពុកម្តាយ​របស់​ខ្ញុំ​ខ្លាំងណាស់‍»។​

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​ គឺជា​អ្នក​រៀបចំឯកសារ​និងដំណើរ​វិល​ត្រឡប់​វិញ​របស់​ពួកគេ​ដែល​ពេលនេះ​កំពុង​ស្ថិត​នៅក្នុង​ទីក្រុង​ទូអាល (Tual) ដែល​ជា​ទីក្រុង​ភាគខាងជើងកោះ​ Benjina ទីដែល​ពួកគេ​ធ្លាប់​បាន​ជាប់​ក្នុង​ទាសភាព​យ៉ាងយូរ។

ពលរដ្ឋកម្ពុជា​ទាំង​៥៨​នាក់​នេះ​ជាផ្នែក​មួយ​នៃ​ក្រុម​អ្នក​នេសាទ​ជាង​៣០០​នាក់​ដែល​ទើប​ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​អាជ្ញាធរ​ឥណ្ឌូនេស៊ី​កាលពីពេល​ថ្មីៗ​នេះបន្ទាប់​ពី​មាន​របាយការណ៍​ស៊ើបអង្កេត​មួយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP ​របស់​អាមេរិកាំង​លើ​ឧស្សាហកម្ម​គ្រឿងសមុទ្រ។ អ្នក​នេសាទ​ទាំងនោះ​មកពី​ប្រទេស​ភូមា កម្ពុជា ​ថៃ​និង​ឡាវ។

អង្គការ​ទេសន្តរប្រវេសន៍​អន្តរជាតិ​បាន​បញ្ជាក់​ថា​នៅ​មាន​ពលរដ្ឋ​កម្ពុជា​ចំនួន​៣៦​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​នៅ​លើ​កោះ​ Benjina ​នៅ​ឡើយ​ហើយ​ស្ថានភាព​របស់​ពួកគេ​មិន​ច្បាស់លាស់​ឡើយ។

ប៉ុន្តែ​លោក​ កុយ គួង អ្នក​នាំពាក្យ​ក្រសួង​ការបរទេស​កម្ពុជា​បាន​ប្រាប់​សារព័ត៌មាន​ Phnom Penh Post ​ដែលផ្សាយ​ជា​ភាសា​អង់គ្លេសថា ​ក្រសួង​ការបរទេស​កំពុង​តែ​ធ្វើ​ការ​លើ​ករណី​នេះ​ហើយ៕

XS
SM
MD
LG