ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សង្គម​ស៊ីវិល​បង្ហាញ​ពី​ការ​ចង់​បាន​របស់​ពួក​គេ​នៅ​ក្នុង​ច្បាប់​ស្តី​ពី​សិទ្ធិ​ទទួល​ព័ត៌មាន


អ្នក​​កាសែត​​ជាតិ​​និង​​អន្តរជាតិ​​​​រង់ចាំ​​​សម្ភាស​និង​​ថត​ជន​ភៀសខ្លួន​​​​បញ្ជូន​​ពី​អូស្រា្តលី ​តែ​​ព័ត៌មាន​​ត្រូវ​​បិទជិត​​​​(ថ្ងៃ៤​​មិថុនា​​២០១៥)​​​​
អ្នក​​កាសែត​​ជាតិ​​និង​​អន្តរជាតិ​​​​រង់ចាំ​​​សម្ភាស​និង​​ថត​ជន​ភៀសខ្លួន​​​​បញ្ជូន​​ពី​អូស្រា្តលី ​តែ​​ព័ត៌មាន​​ត្រូវ​​បិទជិត​​​​(ថ្ងៃ៤​​មិថុនា​​២០១៥)​​​​

ទី​ភ្នាក់ងារ​អង្គការ​សហ​ប្រជាជាតិ​នឹង​ចាប់​ផ្តើម​ការ​ប្រជុំ​ជា​សាធារណៈ​នៅ​ទូទាំង​ប្រទេស​ដើម្បី​ពិគ្រោះ​យោបល់​ទៅ​លើ​សេចក្តី​ព្រាងច្បាប់​ ដែល​នឹង​ផ្តល់​ឱ្យ​ប្រជាជន​កម្ពុជា​នូវ​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ដ៏​សំខាន់​មួយ ដែល​ព្រាង​ដោយរដ្ឋាភិបាល ហើយ​ដែល​ត្រូវ​បាន​គេរង់ចាំ​ជា​យូរ​មក​ហើយ​នោះ។​

តំណាង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ជាតិ​ និង​អន្តរជាតិ​បាន​ជួប​ប្រជុំ​គ្នា​នៅ​រាជធានី​ភ្នំពេញ​កាល​ពី​ថ្ងៃ​សុក្រដើម្បី​បង្ហាញ​អ្វី​ដែល​ពួក​គេចង់​បាន​នៅ​ក្នុង​សេចក្តី​ព្រាងច្បាប់​ស្តីពី​សិទ្ធិទទួលព័ត៌មាន។​ រដ្ឋាភិបាលបានធ្វើ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​
អស់​រយៈ​ពេល​ស្ទើរ​មួយ​ទសវត្សរ៍​មក​ហើយ។ ​ក្រុម​អ្នក​គាំទ្រ​ឲ្យមាន​ច្បាប់​នេះ​បាន​និយាយ​ថា​ នៅ​ទី​បំផុត​ បើ​ច្បាប់​នេះ​ចេញ​ជា​រូបរាង​ ច្បាប់​នេះ​អាច​ជួយ​បំបាត់​អំពើ​ពុករលួយដែល​រាល​ដាល​ និង​ជួយ​អ្នក​តស៊ូ​មតិ ​ដោយធ្វើ​ឱ្យ​រដ្ឋាភិបាល​បញ្ចេញ​ព័ត៌មាន​សំខាន់​អំពី​របៀប​គ្រប់គ្រង​ប្រទេស​នេះ។​

លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បាន​និយាយ​ថា​ មន្ត្រី​ក្រសួង​ព័ត៌មាន​កំពុង​រៀបចំ​ច្បាប់​នេះ​ក្រោម​ការ​សម្រប​សម្រួល​ដោយ​អង្គការ​យូណេស្កូ​ ដែល​ជា​អង្គការ​សហ​ប្រជាជាតិ​ផ្តោត​ទៅ​លើ​ការ​អប់រំ​ វិទ្យាសាស្ត្រ និង​វប្បធម៌។

អ្នកស្រី​ Anne Lemaistre​ ប្រធាន​ការិយាល័យ​អង្គការ​យូណេស្កូ​ប្រចាំ​នៅ​កម្ពុជា​ ​បាន​និយាយ​ថា​ ទីភ្នាក់ងារ​នេះ​ផ្ដល់​ជំនួយ​ផ្នែក​បច្ចេកទេស​ដល់​រដ្ឋាភិបាល​ដើម្បី​ធ្វើ​ការ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។ ​អ្នក​ស្រី​មាន​ប្រសាសន៍​ថា ​ការ​ប្រជុំនេះ​មាន​គោល​បំណងផ្តល់​ឱកាស​ឱ្យអង្គការ​ក្រៅរដ្ឋាភិបាល​បង្ហាញ​ការ​យល់ឃើញ​របស់​ពួក​គេ​អំពី​ច្បាប់​នេះ។​

អ្នក​ស្រី​បាន​និយាយ​ថា៖ ​«យើង​ចង់​ឱ្យ​មាន​ការ​បញ្ចូល​ទស្សនៈ​របស់​ពួក​គេអំពី​ព្រឹត្តិ​ការណ៍​នានា​ ទៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ។ ដូច្នេះ​យើង​ចង់​ប្រមូល​គំនិត​របស់​ពួក​គេ​ ឲ្យ​ពួក​គេចែក​រំលែក​បទ​ពិសោធន៍​របស់​ពួក​គេ។​ ហើយ​ក្នុង​ការ​ធ្វើ​សេចក្តី​ព្រាង​នៃ​ច្បាប់​នេះ ​យើង​ចង់​ឲ្យ​ដាក់​គំនិត​ទាំង​នេះចូល»។​

អ្នក​ស្រី​បាន​និយាយ​ថា​ ទីភ្នាក់ងារ​ UNESCO​ នឹង​រៀបចំ​ការ​ប្រជុំ​ជា​សាធារណៈ​នៅ​ក្នុង​បណ្តា​ខេត្ត​ផ្សេងៗ​ក្នុង​ប្រទេស​កម្ពុជា​ហើយ​លោក​ស្រី​បាន​បញ្ជាក់​ថា​ ដំណើរ​ការ​នេះ​ត្រូវ​តែ​មាន​«ការ​ពិគ្រោះ​យោបល់»។

«យើង​នឹង​មាន​វេទិកា​ថ្នាក់​ខេត្ត ​និង​វេទិកា​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល​ក្នុង​ប្រទេស​កម្ពុជា ​ហើយ​យើង​ព្យាយាម​រួម​បញ្ចូល​ប្រជា​ពលរដ្ឋ​ដែល​ជា​ធម្មតាសំឡេងមិន​ត្រូវ​បាន​ផ្សព្វ​ផ្សាយ។ ​អ្វី​ដែល​យើង​ព្យាយាម​ធ្វើ​គឺ​ដើម្បី​ធ្វើ​ឲ្យប្រាកដ​ថា​ មាន​ការ​រួម​ចំណែក​ពីសាធារណ​ជន​ឲ្យបាន​ច្រើន​តាម​ដែលអាច​ធ្វើ​ទៅ​បាន​ នៅ​ក្នុង​ដំណើរ​ការ​ធ្វើ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួលបាន​ព័ត៌​មាន​នេះ​ ហើយ​ជា​ការណ៍​ពិត​ណាស់​មាន​ជន​ពិការ ​ជន​ជាតិ​ភាគ​តិច​ និង​អ្នកដែល​រស់​នៅ​ក្នុង​តំបន់​ដាច់​ស្រយាល»។​

លោក​សួន ប៊ុនស័ក្តិ ​អគ្គ​លេខាធិការ​នៃ​លេខាធិការដ្ឋាន​នៃ​គណៈ​កម្មាធិការ​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ឱ្យ​ដឹង​ថា ​រដ្ឋាភិបាល​គួរ​ផ្តល់​អាទិភាព​ដល់​ដំណើរ​ការ​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌​មាន​នេះ​ជាង​ច្បាប់​ផ្សេងៗ​ ដោយ​សារ​ច្បាប់​នេះ​អាច​ជួយ​កាត់​បន្ថយ​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេស។​

«ឧទាហរណ៍​ទាក់ទង​នឹង​ជម្លោះ​ដីធ្លីបច្ចុប្បន្ន​ យើង​ចង់​ឱ្យ​រដ្ឋាភិបាល​ ជាពិសេស​នៅ​ថ្នាក់​ក្រោម​ជាតិផ្សព្វផ្សាយ​ព័ត៌មាន​ថា​ ពួក​គេ​បាន​ដោះ​ស្រាយ​បញ្ហា​ដីធ្លី​ហើយ​ ហើយ​ផ្នែក​នេះ​យើង​មិន​ទាន់​បាន​ដោះស្រាយ​ដោយសារ​យើង​កំពុង​រង់​ចាំ​ដំណោះស្រាយ​ផ្នែក​បច្ចេកទេស។​

«ពួក​គេ​គួរ​តែ​ធ្វើ​ការ​ផ្សព្វផ្សាយ​ឲ្យបាន​ច្បាស់​លាស់​ជា​សាធារណៈ»។​

អ្នកស្រី​តន់ នារិន​ ជា​មន្ត្រី​រដ្ឋបាល​មក​ពី​មជ្ឈមណ្ឌល​សម្រាប់​ស្រ្តី​កម្ពុជា​មាន​វិបត្តិ​ ដែល​ជួយ​កុមារី​ និង​ស្ត្រី​ដែល​រង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ឬ​ការ​ជួញ​ដូរ​មនុស្ស​ បាន​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ការងារ​របស់​អង្គការ​អ្នក​ស្រី​ ការ​លំបាក​កើត​ឡើង​នៅ​ពេល​ដែល​រដ្ឋាភិបាល​មិន​មាន​តម្លាភាព​អំពី​ចំនួន​នៃ​អ្នក​រង​គ្រោះ។​

អ្នក​ស្រី​បាន​និយាយ​ថា៖​ «ខ្ញុំ​ចង់​ឱ្យ​ពួក​យើង​អាច​ដឹង​ពី​ចំនួន​ជន​រង​គ្រោះនឹង​បញ្ហា​ដែល​កើត​ឡើង​នៅ​កន្លែង​ផ្សេងៗ។ ​ យើង​ចង់​បាន​ស្ថិតិ​នៅ​ក្នុង​តំបន់​ពាក់ព័ន្ធ​ទៅ​នឹង​បញ្ហា​នេះ»។​

អ្នក​ស្រី​បាន​បន្ថែម​ការងារ​របស់​អង្គការ​មាន​កម្រិត ដោយ​សារ​តែ​កង្វះ​នៃ​ព័ត៌មាន។​

«ប្រសិន​បើ​យើងទទួល​បាន​ព័ត៌មាន​មិន​ច្បាស់​គឺវា​ជា​ការ​លំបាក​សម្រាប់​យើង​ក្នុង​ការ​ជួយ​អ្នក​ទាំង​នោះ។​ ឧទាហរណ៍​អាច​មាន​ជន​រងគ្រោះ​មួយ​ចំនួន​នៅទី​កន្លែង​មួយ​ចំនួន​ ប៉ុន្តែ​យើង​មិន​មាន​ព័ត៌មាន​គ្រប់​គ្រាន់។ ​ដូច្នេះ​វា​ជា​ការ​លំបាក​សម្រាប់​យើង​ដើម្បី​ជួយ​ពួកគេ។​ វា​មាន​ន័យ​ថា​ ជំនួយ​របស់​យើង​ទៅ​ដល់​យឺត​ហើយ​ជន​រងគ្រោះ​រង​ផល​ប៉ះ​ពាល់​កាន់​តែ​ខ្លាំង»។​

លោក​ទេពគន្ធារ៉ា​ អនុ​ប្រធានវិទ្យាស្ថាន​សម្រាប់​ការ​តស៊ូ​មតិ​ និង​គោល​នយោបាយ​ ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​ ​បាន​ឱ្យ​ដឹង​ថា ​សេចក្តី​ព្រាង​ច្បាប់​នេះ​គួរ​តែ​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ជន​ពិការ​មាន​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​ ជាពិសេស​អ្នក​ដែល​មាន​បញ្ហា​ពិការ​ភ្នែក ​និង​គរ​ថ្លង់។​

«ឧទាហរណ៍​ ទូរទស្សន៍​នៅ​ក្នុង​ប្រទេស​មួយ​ចំនួន​ នៅ​ពេល​ដែល​ពួក​គេផ្សាយ​ពួក​គេ​មាន​ភាសា​សញ្ញា​ដែល​យើង​អាច​មើល​បាន។ ​យើង​មិន​អាច​មើល​រំលង​ចំណុចនេះ​ទេ​ ដោយ​សារ​តែជន​ពិការ​បាន​ទទួល​រង​ផល​ប៉ះ​ពាល់​នៅ​ក្នុង​ជីវិត​របស់​ពួក​គេ​រួច​ទៅ​ហើយ»៕

XS
SM
MD
LG