ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណបក្ស​សង្គ្រោះ​ជាតិ​និង​សង្គម​ស៊ីវិល​ដាក់​ញត្តិ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ប្រឆាំង​ច្បាប់​អង្គការ


លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​ញត្តិ​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ច្រក​ចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា​នា​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA)
លោក សុន ឆ័យ អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​និយាយ​ជាមួយ​អ្នក​សារព័ត៌មាន​ទាក់ទង​នឹង​ញត្តិ​ស្នើ​សុំ​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ពិនិត្យ​ធម្មនុញ្ញភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ច្រក​ចូល​ខាង​ក្រោយ​នៃ​ព្រឹទ្ធសភា​នា​ថ្ងៃ​ព្រហស្បតិ៍​ថ្ងៃ​ទី​៣០​ខែ​កក្កដា​ឆ្នាំ​២០១៥។ (ហ៊ុល រស្មី/VOA)

ក្រុម​អ្នកតំណាងរាស្រ្ត​នៃ​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ បាន​ដាក់​ញ្ញត្តិ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ស្នើ​សុំ​ឲ្យ​ស្ថាប័ន​នីតិ​បញ្ញត្តិ​នេះ​ពិនិត្យ​មើល​ធម្មនុញ្ញ​ភាព​នៃ​សេចក្តី​ព្រាង​ច្បាប់​ដ៏​ចម្រូង​ចម្រាស់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​រដ្ឋ​សភា​និង​ព្រឹទ្ធសភា​បាន​អនុម័ត​ថ្មីៗ​នេះ។​

ថ្លែង​ទៅ​កាន់​អ្នក​សារ​ព័ត៌មាន​នៅ​ច្រក​ទ្វារ​ចូល​ផ្នែក​ខាង​ក្រោយដែល​ជា​ទី​កន្លែង​ធ្វើការ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោកសុន ឆ័យ​ អ្នក​តំណាង​រាស្រ្ត​នៃ​គណបក្ស​ជំទាស់​ បាន​ថ្លែង​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវតែ​ពិនិត្យ​ពិចារណា​លើ​សំណើ​នេះ​ ទោះ​បី​ស្ថាប័ន​នីតិ​បញ្ញតិ្ត​កំពូល​មួយ​នេះ​ទទួល​ការ​រិះគន់​ថា ​ បាន​ដើរ​តាម​ការ​ចង្អុលពី​គណបក្ស​កាន់​អំណាច​ក៏​ដោយ។​

«ខ្ញុំ​ជឿជាក់​ថា​ រដ្ឋាភិបាល​លោក​ចូល​ចិត្ត​ឲ្យ​ធ្វើ​បែប​ហ្នឹង​វិញ​ មិន​ចង់​ឲ្យ​ឃើញ​មាន​បាតុកម្ម​ មាន​កូដ​កម្ម​អី​ រំខាន​រាំង​ស្ទះ​ដល់​ចរាចរ​អី​ទេ។​ ហើយ​បើ​ខ្ញុំ​អនុវត្ត​ទៅតាម​នីតិ​វិធី​មាន​សង្ឃឹម​ទេ​ មាន​ការណ៍​គេ​ណែ​នាំ​ខ្ញុំ​ថា​ កុំ​សង្ឃឹម​ ពីព្រោះ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ហ្នឹង​គឺ​ថា​ ចាំ​តែ​ធ្វើ​តាម​អ្វី​ដែល​គណបក្ស​(កាន់កាប់)រាជ​រដ្ឋាភិបាល​ស្នើទេ។​ ប៉ុន្តែ​ខ្ញុំ​អត់​...អត់​ទាន់​អស់​សង្ឃឹម​ទេ។​ ខ្ញុំ​ជឿ​ថា ​យោង​លើ​ឧត្តមគតិ​ យោង​លើ​គោល​ការណ៍​ ខ្ញុំ​ថា ​សមា​សភាព​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ខិត​ខំ​ ពិនិត្យ​សំណើ​របស់​ខ្ញុំ​ពាក់​ព័ន្ធ​នឹង​អធម្មនុញ្ញ​ភាព​នៃ​ច្បាប់​ ដែល​រដ្ឋាភិបាល​បាន​ផ្ញើរ​ ហើយ​សភា​ ព្រឹទ្ធ​សភា​បាន​អនុម័ត​នោះ»។​

ញត្តិដែល​ចុះ​ហត្ថលេខា​ដោយ​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆំាង​ចំនួន​១៣​រូប ដែល​រួម​មាន​លោក សុន ឆ័យ ​ផងដែរ​នោះ​ បាន​សរសេរ​ថា៖​ «យើង​ខ្ញុំ​កត់​សម្គាល់​ថា​ ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នេះ​មាន​ការ​រឹត​ត្បិត​យ៉ាង​ធ្ងន់​ធ្ងរ​ទៅ​លើ​«សិទ្ធិ​បង្កើត​សមាគម»​ និង​សិទ្ធិ​ពាក់​ព័ន្ធ​សំខាន់ៗ​មួយ​ចំនួន​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​ ដែល​ព្រះ​រាជាណាចក្រ​កម្ពុជា​បាន​ទទួល​ស្គាល់​ និង​មាន​ចែង​ក្នុង​រដ្ឋ​ធម្មនុញ្ញ។​ ការ​រឹតត្បិត​យ៉ាង​ធ្ងន់​ធ្ងរ​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ការ​លំបាក​ខ្លាំង​ក្នុង​ការ​ប្រើ​ប្រាស់​សិទ្ធិ​ដែល​ធានា​ដោយ​រដ្ឋ​ធម្មនុញ្ញ​របស់​ពួក​គេ»។​

ញ្ញត្តិ​ដដែល​នេះ​បាន​ដកស្រង់​មាត្រា​ដែល​មាន​លក្ខណៈ​រឹតត្បិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​ក្នុង​ការ​បង្កើត​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល។​ មាត្រា​ទី​៦​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​កំណត់​ថា៖​ «សមាគម​ ឬ​អង្គការ​ក្រៅរដ្ឋាភិបាល​ក្នុង​ស្រុក​ត្រូវ​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ»។​

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​បាន​ពន្យល់​ថា​ ការ​តម្រូវ​ឲ្យ​ចុះ​បញ្ជី​នៅ​ក្រសួង​នៅ​រាជធានី​ភ្នំពេញ​ ប៉ះពាល់​ដល់​សិទ្ធិ​«មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»​ និង​ជា​ការ​រើស​អើង​រវាង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ក្នុង​ ឬ​នៅ​ជិត​រាជ​ធានី​ភ្នំពេញ​ និង​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ទី​ឆ្ងាយ​ ដោយ​មក​ពី​«ស្ថានភាព»​ខុស​គ្នា​នេះ។​ សិទ្ធិ​«មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខ​ច្បាប់»​ចែង​ក្នុង​កថា​ខណ្ឌ​ទី​២​នៃ​មាត្រា​៣១​នៃ​រដ្ឋ​ធម្មនុញ្ញ។​

ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ជំទាស់​សង្កត់​ធ្ងន់​ថា​ ការ​រើសអើង​នេះប៉ះពាល់​ខ្លាំង​ដល់​ការ​ប្រើ​ប្រាស់​សិទ្ធិបង្កើត​សមាគម​របស់​ប្រជា​ពលរដ្ឋ​រស់​នៅ​ទី​ឆ្ងាយ​ ដែល​ត្រូវ​ចំណាយ​ពេល​វេលា​ និង​សោហ៊ុយ​ជា​ច្រើន។​

នៅ​ក្នុង​កថាខណ្ឌ​ទី​១ ​និង​ទី​២​នៃ​មាត្រា​៣១​បាន​ចែង​ថា៖​ «ព្រះ​រាជាណាចក្រ​កម្ពុជា​ទទួល​ស្គាល់​ និង​គោរព​សិទ្ធិ​មនុស្ស​ដូច​មាន​ចែង​ក្នុងធម្មនុញ្ញ​នៃ​អង្គការ​សហ​ប្រជាជាតិ​ សេចក្តី​ប្រកាសជា​សកល​ស្តីពី​សិទ្ធិ​មនុស្ស​ និង​កតិកា​សញ្ញា​ ព្រម​ទាំងអនុ​សញ្ញា​ទាំង​ឡាយ​ទាក់​ទង​នឹង​សិទ្ធិ​មនុស្ស​ សិទ្ធិ​នារី​ និង​សិទ្ធិ​កុមារ។ ប្រជា​ពលរដ្ឋ​ខ្មែរ​មាន​ភាព​ស្មើ​គ្នា​ចំពោះ​មុខច្បាប់​ មាន​សិទ្ធិ​សេរី​ភាព​ និង​ករណី​កិច្ច​ដូច​គ្នា​ទាំង​អស់​ ដោយ​ឥត​ប្រកាន់​ពូជ​សាសន៍​ ពណ៌​សម្បុរ​ ភេទ​ ភាសា​ ជំនឿ​ សាសនា​ និន្នាការ​នយោ​បាយ​ ដើម​កំណើត​ ជាតិ​ ឋានៈ​សង្គម​ ធនធាន​ ឬ​ស្ថានភាព​ឯ​ទៀត​ឡើយ»។​

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​ ទទូច​សុំ​ឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅ​រដ្ឋាភិបាល​ដែល​មិន​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​អង្គការ​ការ​ពារ​សិទ្ធិ​ទាំង​ពីរ​នេះ​សរសេរ​ថា៖​ «សមាគម​អាដហុក​ និង​អង្គការ​លីកាដូ​ជឿជាក់​ថា​ សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​នេះ​ មិន​ទាន់​ជា​សេចក្តី​ត្រូវ​ការ​ចាំ​បាច់​នោះ​ទេ​ ដោយ​សារ​មាន​ច្បាប់​គោល​ គឺ​ក្រម​រដ្ឋ​ប្បវេណី​កម្ពុជា​ និង​ច្បាប់​ស្តីពី​ការ​ប្រឆាំង​ការ​លាងលុយ​ និង​ហិរញ្ញ​ប្បទាន​ភេរ​វកម្ម​ បានដាក់​ក្រប​ខណ្ឌ​យ៉ាង​ទូលំ​ទូលាយ​រួច​ទៅ​ហើយ​ ទៅ​លើ​អង្គការ​ក្រៅរដ្ឋាភិបាល​ សមាគម​ និង​ក្រុម​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត»។

លោក​នី ចរិយា​ ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​ និង​ជំនួយ​ច្បាប់​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ មាន​ប្រសាសន៍ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ត្រូវ​តែ​បង្ហាញ​ឆន្ទៈ​ផ្នែក​ច្បាប់​ សម្រាប់​ធ្វើ​ការ​ពិចារណា​ និង​លើក​ជា​យោបល់​កែ​សម្រួល​ចំណុច​រសើប​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ដែល​នឹង​ត្រូវ​ដាក់​ឲ្យ​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស​អនុវត្ត បើ​សិន​ជា​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជា​ធរមានក្លាយ​ជា​ច្បាប់។​

«យើង​គិត​ថា​ ស្ថាប័ន​ក្រុម​ប្រឹក្សា​ធម្មនុញ្ញគួរ​តែ​ហ៊ាន​ធ្វើការវះកាត់ ​ដើម្បី​ផ្តល់​ជា​មតិ​យោបល់​ទៅ​ដល់​រដ្ឋាភិបាល​ដែរ​ ព្រោះ​ថា​ រឿង​នេះ​ជារឿង​ប៉ះពាល់​ទៅ​ដល់​កិត្តិយស​របស់​រដ្ឋាភិបាល​។ ​ប្រទេស​យើង​ទាំង​អស់​គ្នា​ មិន​មែន​តែ​រឿង​រដ្ឋាភិបាល​ទេ​ គឺ​វាប៉ះពាល់​ទៅ​ដល់​មុខមាត់​ប្រទេស​របស់​យើង​ទាំង​អស់​គ្នា»។​

លោក​ព្រហ្ម​ ញាណវិចិត្រ​ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ បញ្ជាក់​ប្រាប់​វីអូអេ​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​ចាប់​ផ្តើម​ពិនិត្យ​សំណើ​របស់​ក្រុម​អ្នក​តំណាង​រាស្រ្ត​គណបក្ស​ប្រឆាំង​ នៅ​ពេល​ដែល​ក្រុម​ការងារ​នៃ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បញ្ចប់​បេសក​កម្ម​ការងារ​របស់​ខ្លួន​នៅ​តាម​ខេត្ត។​

«នៅ​ពេល​ត្រឡប់​ចប់​ពីខេត្ត​ ទៅ​ភ្នំពេញ​វិញ​នឹង​ត្រូវចាប់​ផ្តើម​មើលការងារ​អស់ហ្នឹង​ ហើយ​នឹង​ដាក់​វិធាន​ការធ្វើ​ការ​ទៅ​តាម​នីតិ​វិធី​របស់​ខ្លួន»។​

ការ​តាក់​តែង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​ក្រៅរដ្ឋាភិបាល​ដ៏​គួរ​ឲ្យ​ព្រួយ​បារម្ភ​នេះ​ បាន​ទទួល​រង​ការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ ខណៈ​ដែលសហគមន៍​អន្តរជាតិ ​រួមមាន​អង្គការ​សហ​ប្រជាជាតិ​ ​សហ​រដ្ឋ​អាមេរិក​ និង​សភា​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ និង​កែ​សម្រួល​មាត្រា​មួយ​ចំនួនដែល​រឹត​ត្បិត​សិទ្ធិ​សេរីភាព ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឬ​ក៏ស្នើ​ឲ្យ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល​តែ​ម្តង៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG