ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ច្បាប់​អង្គការ​ត្រូវ​បញ្ជូន​​ទៅ​​​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​


សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការ​​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​
សកម្មជន​ម្នាក់​ ចូលរួម​យុទ្ធនាការ​​ប្រឆាំង​នឹង​ការអនុម័ត​ច្បាប់​ស្តី​ពី​សមាគម​និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​មុខ​រដ្ឋសភា​ជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ ទី​៣០​ ខែ​មិថុនា​ ឆ្នាំ​២០១៥។ (ហ៊ាន​ សុជាតា/VOA)​

សេចក្តី​ព្រាង​ច្បាប់ស្តីពីសមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាលត្រូវ​បាន​បញ្ជូន​ទៅ​ដល់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ បន្ទាប់​ពី​សមាជិកព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​អនុម័ត​សេចក្តី​ព្រាង​ច្បាប់​នេះ​ កាល​ពីថ្ងៃ​សុក្រ​កន្លង​ទៅ។​ នេះ​បើតាម​ការ​បញ្ជាក់​ពី​លោក​ ម៉ម ប៊ុននាង​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា។​

លោក​ម៉ម ប៊ុន​នាង​ សមាជិក​ព្រឹទ្ធ​សភានៃ​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​ឲ្យ​វីអូអេ​ដឹង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ព្រឹទ្ធ​សភា​បាន​បញ្ជូន​សេចក្តី​ព្រាង​ច្បាប់​នេះ​ទៅ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា​កាល​ពី​ថ្ងៃ​ច័ន្ទ​ ដោយ​ពុំ​មាន​ការ​កែ​សម្រួល​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ទេ។​

«ដូច​ជា​អត់​មាន​ការផ្លាស់​ប្តូរ​អី​ទេ។ ​ អ្វី​ដែល​យើង​បាន​ពិភាក្សា​លើ​ទម្រង់​ច្បាប់ ​លើ​គតិ​ច្បាប់​ហ្នឹង​ ហើយ​នឹង​ស្រប​តាម​រដ្ឋ​ធម្មនុញ្ញ ​គឺ​យើង​បាន​ពិនិត្យ​ល្អិត​ល្អន់​ហើយ»។

ការ​តាក់​តែងសេចក្តី​ព្រាង​ច្បាប់​ស្តីពីសមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដ៏​ចម្រូង​ចម្រាស់​នេះ​ បាន​ទទួល​រងការ​រិះគន់​យ៉ាង​ខ្លាំង​ពី​មេ​ដឹកនាំ​អង្គការ​សង្គម​ស៊ីវិល​ជាតិ ​និង​អន្តរជាតិ​ ខណៈ​សហគមន៍​អន្តរជាតិ ​រួមមាន​អង្គការ​សហ​ប្រជាជាតិ​ ​សហ​រដ្ឋ​អាមេរិក​ និង​សភា​សហភាព​អឺរ៉ុប​បាន​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ពិនិត្យ​ និង​កែ​សម្រួល​មាត្រា​ដែលរឹត​ត្បិត​សិទ្ធិ​សេរីភាព​មួយ​ចំនួន​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ ឬ​ក៏ស្នើ​ឲ្យ​បដិសេធ​សេចក្តី​ព្រាង​ច្បាប់​នេះ​ចោល​តែ​ម្តង។​

ប៉ុន្តែ​លោក​ម៉ម ប៊ុននាង​ អ្នក​នាំពាក្យ​ព្រឹទ្ធ​សភា​ បាន​ថ្លែង​ការពារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ ដោយ​លោក​បាន​អះអាង​ថា​ សេចក្តី​ព្រាង​ច្បាប់​នេះ​នឹង​រួម​ចំណែក​ដល់ដំណើរ​ការ​ប្រតិបត្តិ​ការ​របស់​អង្គការ​សង្គម​ស៊ីវិល​ ហើយ​ជួយ​ឲ្យ​អង្គការ​សង្គម​ស៊ីវិលក្លាយ​ជា​នីតិ​បុគ្គល​ប្រកប​ដោយ​ការ​ទទួល​ខុសត្រូវ​ និង​តម្លាភាព​ ក្នុង​ការ​ចាយ​វាយ​ថវិកា​ម្ចាស់​ជំនួយ នៅ​ពេល​ដែល​សេចក្តី​ព្រាង​ច្បាប់​នេះ​ចូល​ជាធរមាន។​

«វា​ផ្ទុយ​នឹង​អ្វី​ដែល​ការ​ចោទ​ថា​ យើង​នឹងបិទ​សិទ្ធិ​សេរីភាព។ តាម​ពិត​ហ្នឹង​គឺ​យើង​ជួយ​ដល់​អង្គការ​សមាគម​ទាំង​អស់​ឲ្យ​ក្លាយ​ទៅ​ជា​នីតិ​បុគ្គល​ស្រប​ច្បាប់ ​ហើយ​ឲ្យ​គាត់​មាន​សិទ្ធិ​សេរីភាព​ក្នុង​បញ្ហា​ការ​ទទួល​ខុស​ត្រូវ​ផ្នែក​ច្បាប់ ​ជួយ​គាត់​រាល់​ការ​ដោះ​ស្រាយ​ រាល់​ការ​វិវាទ​ផ្សេងៗ​ យើង​ដោះ​ស្រាយ​ទៅ​តាម​ផ្លូវ​ច្បាប់​ជូន​គាត់»។​

សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សមាគម​ និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ ​ដែល​អនុម័ត​ដោយ​សមាជិក​ព្រឹទ្ធ​សភា​មក​ពី​គណបក្ស​កាន់​អំណាច​នេះ​ ​មាន​៩​ជំពូក​ និង​៣៩​មាត្រា។​ សមាជិក​ព្រឹទ្ធ​សភាមក​ពី​គណបក្ស​សម​ រង្ស៊ី​បាន​ធ្វើ​ពហិការក្នុង​ការ​អនុម័ត​សេចក្តី​ច្បាប់​នេះ ​ដែល​ពួក​គេ​មើល​ឃើញ​ថា ជា​ការ​បង្ក​ភាព​ស្មុគ​ស្មាញ​ និង​ប៉ះ​ពាល់​ដល់​ប្រសិទ្ធ​ភាព​ដែល​រដ្ឋាភិបាល​ និង​ប្រជា​ពលរដ្ឋ​កំពុង​ទទួល​បាន​ពី​សមាគម​ និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​យ៉ាង​ពិត​ប្រាកដ។​

មាត្រា​មួយ​ចំនួននៃ​សេក្តី​ព្រាងច្បាប់​នេះ​មានចែង​ពី​វិធាន​ការ​រដ្ឋបាល​និង​ទោស​បញ្ញត្តិ ដែល​អាចបើក​ផ្លូវ​ឲ្យ​អាជ្ញាធរ​មាន​សមត្ថកិច្ច​ចាត់​វិធាន​ការ​បញ្ឈប់​ជា​បន្ទាន់​ចំពោះ​សមាគម ​ឬ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ក្នុង​ស្រុក​ណា​ដែល​ធ្វើ​សកម្ម​ភាព​ដោយ​មិន​បាន​ចុះ​បញ្ជី​នៅ​ក្រសួង​មហា​ផ្ទៃ​ស្រប​តាម​បទ​បញ្ញត្តិ​នៃ​ច្បាប់​នេះ។​

ក្នុង​ករណី​មិន​រាង​ចាល​ សមាគម ​ឬ​អង្គការ​មិនមែន​រដ្ឋាភិបាល​ក្នុង​ស្រុកនោះ​ នឹង​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល​ទៅ​១០​លាន​រៀល​ ដោយ​ក្រសួង​មហា​ផ្ទៃ។​

វីអូអេ​ពុំអាច​ទំនាក់​ទំនង​លោក​អ៊ុត ឈន​ អ្នក​នាំពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​បាន​ទេ​ ដោយ​ទូរស័ព្ទ​របស់​លោក​ពុំ​ដំណើរការ។​

លោក​សឿង​ សារឿន​ នាយក​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​សហ​ប្រតិបត្តិការ​ដើម្បី​កម្ពុជា​ មាន​ប្រសាសន៍​ថា​ លោក​ពុំ​មាន​ជំនឿ​ថា​ ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នឹង​រុញ​សេចក្តី​ព្រាង​ច្បាប់​ដ៏​គួរ​ឲ្យ​ព្រួយបារម្ភ​នេះ​ មក​ឲ្យរដ្ឋ​សភា​ពិនិត្យ​ពិចារណា​ឡើង​វិញ​នោះ​ទេ​ ហើយ​ថា​ លោក​ពិបាក​នឹង​សន្និដ្ឋាន​ពី​ឯករាជ្យ​ភាពនៃ​អង្គ​នីតិបញ្ញត្តិ​កំពូល​មួយ​នេះ។​

«ខ្ញុំ​មិន​អាច​ធានា​ថា ​គាត់​មាន​ជំហរ​ឯករាជ្យ ​ឬ​ក៏យ៉ាង​ម៉េចដែរទេណ៎ា​ ព្រោះ​កន្លង​មក​មិន​ដែល​យើង​ឃើញ​ គឺ​កម្រ​មាន​ច្បាប់​ណា​ដែល​ទៅ​ដល់​ហ្នឹង​ហើយ​ត្រូវ​បាន​ធាក់​ថយ​មក​វិញ​ទេ ទោះ​បី​ច្បាប់​ដែល​មាន​លក្ខណៈ​មិន​ស្រប​រដ្ឋ​ធម្មនុញ្ញ​អីក្តី។​ ឧទាហរណ៍​ យើង​ឃើញ​ពាក់​ព័ន្ធ​នឹង​ច្បាប់​ស្តី​អំពី​ការ​រៀបចំ​តុលាការ​អីជាដើម។ល។​ ​ យើង​ឃើញ​មិន​មាន​ភាព​ច្បាស់លាស់​រវាង​តុលាការ​ និង​រដ្ឋាភិបាល​ ហើយ​នឹង​សភា​ក្តី​នៅ​តែ​ទៅ​ ហើយ​នឹង​ច្បាប់​ថ្មីៗ​ស្តីពី​ការ​បោះ​ឆ្នោត​ ដែល​ដាក់​បញ្ចូល​សង្គម​ស៊ីវិល​នៅ​ក្នុង​ហ្នឹង​ ហាម​ឃាត់​មិន​ឲ្យ​ចូលរួម​ធ្វើ​នយោបាយអី​ហ្នឹង​ជា​ដើម។ល។ ​យើង​ឃើញ​ យើង​ពិបាក​នឹង​វិនិច្ឆ័យ»។​

លោក​បន្ថែម​ថា​ ក្រុម​អង្គការ​សង្គម​ស៊ីវិល​នៅ​ក្នុង​ប្រទេស​កម្ពុជា​កំពុង​ស្វះ​ស្វែង​រក​ព្រះរាជ​អន្តរាគមន៍​ពី​អង្គ​ព្រះ​មហា​ក្សត្រ​ដើម្បី​ឲ្យ​សេចក្តី​ព្រាង​ច្បាប់​នេះ​មាន​លក្ខណៈ​ប្រសើរ​ឡើង​ ដោយ​សារ​សេចក្តី​ព្រាង​ច្បាប់​នេះ​ប៉ះពាល់​ដល់​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​ និង​រំខាន​ដល់​ការ​ចូលរួម​របស់​ពលរដ្ឋ​ខ្មែរ​ក្នុងការ​អភិវឌ្ឍ​ប្រទេស​កម្ពុជា។​

កាល​ពី​សប្តាហ៍​មុន​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ Amnesty ​International ​ក៏​ចេញ​សេក្តី​ថ្លែង​ការណ៍ស្នើ​សុំ​ឲ្យ​អង្គ​ព្រះ​មហា​ក្សត្ស​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ ច្រាន​ចោល​សេចក្តី​ព្រាង​ច្បាប់​នេះ​ផង​ដែរ។​ អង្គការ​លើក​លែង​ទោស​អន្តរជាតិ​ថ្លែង​ថា​ ប្រសិន​បើ​សេចក្តី​ព្រាង​ច្បាប់​នេះ​ក្លាយ​ជា​ច្បាប់​មែន​នោះ​ ​ នោះ​ច្បាប់​នេះ​នឹង​រំលោភ​សិទ្ធិ​សេរីភាព​ប្រជា​ពលរដ្ឋ​ខ្មែរ​ទូទាំង​ប្រទេស៕​

វីដេអូថ្មីៗបំផុត

XS
SM
MD
LG