ព្រឹទ្ធសភានៅថ្ងៃសុក្រនេះ បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលដ៏គួរឲ្យព្រួយបារម្ភ ទោះបីជាក្រុមសង្គមស៊ីវិលក្នុងស្រុក និងអន្តរជាតិសម្ដែងការមិនចង់បានសេចក្ដីព្រាងច្បាប់នេះហើយសមាជិកព្រឹទ្ធសភាគណបក្សសម រង្ស៊ីធ្វើពហិការក៏ដោយ។
ការអនុម័តសេចក្តីព្រាងច្បាប់ដោយសមាជិកព្រឹទ្ធសភា៤៤រូបមកពីគណបក្សប្រជាជនកម្ពុជាគឺត្រូវបានធ្វើឡើងដោយគ្មានការចូលរួមពីសមាជិកព្រឹទ្ធសភាមកពីគណបក្សសម រង្ស៊ីទាំង១១រូបនោះទេ ហើយក៏គ្មានការជជែកពិភាក្សា សួរដេញដោលគ្នាផងដែរ។
នៅក្នុងកិច្ចប្រជុំដែលមានរយៈពេល២ម៉ោងនោះ សមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាច៨នាក់បានសម្តែងការគាំទ្រសេចក្តីព្រាងច្បាប់ដ៏ចម្រូងចម្រាស់នេះ ដោយពួកគេបានផ្តល់យោបល់ផ្សេងៗគ្នាថា ច្បាប់នេះនឹងជួយការពារសិទ្ធិសេរីភាពរបស់ពលរដ្ឋខ្មែរ និងធ្វើឲ្យមានតម្លាភាពក្នុងដំណើរប្រតិបត្តិការរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ។
លោក អ៊ុក គង់ សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាជនកម្ពុជា ដែលផ្តល់ការគាំទ្រទាំងស្រុងដល់សេចក្តីព្រាងច្បាប់នេះ បានថ្លែងថា សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកដល់ការរក្សាស្ថិរភាពសង្គម និងការពារសាមគ្គីភាពរបស់ជាតិ។
«ច្បាប់នេះការពារសិទ្ធិសេរីភាពសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។ ជាមួយគ្នានេះ ច្បាប់នេះក៏ការពារនូវសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងឯកភាពជាតិ»។
លោក អ៊ុក គង់បានពន្យល់ថា សេចក្តីព្រាងច្បាប់នេះនឹងជួយរដ្ឋាភិបាល និងម្ចាស់ជំនួយឲ្យដឹងពីស្ថានភាពហិរញ្ញវត្ថុរបស់សមាគម និងអង្គការមិនមែនរដ្ឋាភិបាលដែលកំពុងធ្វើប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា ហើយថា សេចក្តីព្រាងច្បាប់នេះអាចបំបាត់បក្ខពួកនិយមនៅតាមសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនេះផងដែរ។ លោកមានប្រសាសន៍ថា៖
«ម៉្យាងទៀត ក៏អាចបំបាត់នូវបក្ខពួកនិយម គ្រួសារនិយម ឬក៏ប្រការចាយវាយមិនត្រឹមត្រូវដែលអាចមាននៅក្នុងអង្គការខ្លះ»។
សមាជិកព្រឹទ្ធសភាមួយរូបទៀតគឺលោកអុង ទីបាននិយាយថា សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលរបស់ប្រទេសកម្ពុជាមានភាពធូរស្រាលជាងច្បាប់របស់ប្រទេសដទៃ ដែលតម្រូវឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីឡើងវិញ។
«ខ្ញុំជឿថា ច្បាប់ហ្នឹងស្រាលជាងច្បាប់អន្តរជាតិ។ ខ្ញុំបាទគិតថា ច្បាប់របស់ប្រទេសគេផ្សេង។ ចំពោះយើង អង្គការដែលមានដំណើរការហើយអាចបន្ត។ ប្រទេសគេអត់ទេ ត្រូវចុះបញ្ជីឡើងវិញ»។
សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលអនុម័តដោយសមាជិកព្រឹទ្ធសភាមកពីគណបក្សកាន់អំណាចនេះ មាន៩ជំពូក និង៣៩មាត្រា។
លោកប៉ុល លឹម រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអ្នកតំណាងឲ្យរដ្ឋាភិបាលដើម្បីការពារសេចក្តីព្រាងច្បាប់នេះ បានលើកឡើងថា សេចក្តីព្រាងច្បាប់នេះមិនគ្របដណ្តប់លើសហគមន៍មូលដ្ឋានប្រមាណជា៤.០០០ទៅ៥.០០០សហគមន៍នោះឡើយ។
លោកសង្កត់ធ្ងន់ថា សេចក្តីព្រាងច្បាប់ដែលតម្រូវឲ្យសមាគម និងអង្គការមិនមែនរដ្ឋាភិបាលចុះបញ្ជីនៅស្ថាប័នមានសមត្ថកិច្ចនេះ មានគោលបំណងធ្វើឲ្យសមាគម និងអង្គការក្រៅរដ្ឋាភិបាលមានសិទ្ធិតាមផ្លូវច្បាប់នៅក្នុងការដោះស្រាយវិវាទនានា។
«ខ្ញុំបាទសូមបំភ្លឺពីទីនេះទៅជូនសមាគម និងអង្គការមិនមែនរដ្ឋាភិបាលទាំងឡាយ ដែលលោកមិនបានចុះបញ្ជីត្រឹមត្រូវតាមការកំណត់នៅក្នុងច្បាប់នេះ មានន័យពីរយ៉ាងធំៗ មានន័យថា លោកមិនអាចសម្តែងឆន្ទៈតាមផ្លូវច្បាប់បានឡើយ»។
បន្ទាប់ពីអង្គប្រជុំព្រឹទ្ធសភាបានបញ្ចប់ទៅ លោកម៉ម ប៊ុននាង សមាជិកព្រឹទ្ធសភា និងជាអ្នកនាំពាក្យព្រឹទ្ធសភា បានថ្លែងប្រាប់អ្នកយកព័ត៌មានថា ចំណុចមួយចំនួននៅក្នុងសេចក្តីព្រាងច្បាប់ត្រូវបានកែប្រែ ក្រោយពីការធ្វើសិក្ខាសាលាពិគ្រោះយោបល់ជាសាធារណៈនៅរដ្ឋសភាកាលពីដើមខែកក្កដានេះ។
«អ្វីដែលយើងកែប្រែ យើងបានធ្វើសិក្ខាសាលានៅរដ្ឋសភា។ យើងបានកែប្រែមួយចំនួន ហើយអ្វីដែលយើងពិនិត្យពិចារណាគឺទម្រង់ច្បាប់ និងគតិច្បាប់ គឺសុទ្ធតែការពារផលប្រយោជន៍ដល់ប្រជាពលរដ្ឋ ដល់សមាគម ដល់អង្គការសង្គមស៊ីវិល ដែលមិនមែននៅក្នុងរដ្ឋាភិបាល»។
ដោយឡែក ក្រុមសកម្មជនអង្គការសង្គមស៊ីវិលប្រមាណជាង២០០នាក់ បានប្រមូលផ្តុំគ្នានៅមុខព្រឹទ្ធសភា ដោយមានកាន់ប៉ោងៗ និងបិទស្ទីកគ័រនៅលើមុខ និងខោអាវ ដែលសរសេរថា «ទេ ច្បាប់សហជីព សមាគមនិងអង្គការ។ ពួកគេត្រូវបានរារាំងដោយអាជ្ញាធរមានសមត្ថកិច្ច។ ការរុញច្រានគ្នាទៅវិញទៅមករវាងក្រុមអ្នកតវ៉ា និងអាជ្ញាធរមានសមត្ថកិច្ចបានកើតឡើង ប៉ុន្តែពុំមានការបង្ករបួសស្នាមនោះទេ។
ទោះជាសមាជិកព្រឹទ្ធសភារបស់គណបក្សកាន់អំណាចបានបកស្រាយថា សេចក្តីព្រាងច្បាប់នេះមានភាពស្អាតស្អំក៏ដោយ ក៏អ្នកស្រីរស់ សុភាព នាយិកាអង្គការយេនឌ័រ និងការអភិវឌ្ឍដើម្បីកម្ពុជា មានប្រសាសន៍ប្រាប់ VOA ថា សេចក្តីព្រាងច្បាប់ដែលទើបតែត្រូវបានអនុម័តដោយព្រឹទ្ធសភានេះនឹងមិនបម្រើផលប្រយោជន៍ស្រ្តីដែលត្រូវការជំនួយផ្នែកច្បាប់ និងការតស៊ូមតិផ្សេងទៀតនោះទេ ដោយសារសេចក្តីព្រាងច្បាប់នេះមានខនិយាយពីការអភិរក្សប្រពៃណី និងវប្បធម៌។
«វាធ្វើឲ្យប៉ះពាល់ដល់ផលប្រយោជន៍ទៅលើស្រ្តីដែលកំពុងតែទទួលផល ឬក៏កំពុងតែត្រូវការជំនួយផ្នែកការពារសិទ្ធិរបស់ពួកគេ បច្ចុប្បន្នហ្នឹង»។
ជាមួយគ្នានេះដែរ អង្គការលើកលែងទោសអន្តរជាតិ Amnesty International កាលពីថ្ងៃព្រហស្បតិ៍បានចេញសេក្តីថ្លែងការណ៍ស្នើសុំឲ្យអង្គព្រះមហាក្សត្សនៃព្រះរាជាណាចក្រកម្ពុជា ច្រានចោលសេចក្តីព្រាងច្បាប់នេះផងដែរ។ អង្គការលើកលែងទោសអន្តរជាតិថ្លែងថា ប្រសិនបើសេចក្តីព្រាងច្បាប់នេះក្លាយជាច្បាប់មែននោះ នោះច្បាប់នេះនឹងរំលោភសិទ្ធិសេរីភាពប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស៕