ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេ​ដឹក​នាំ​សហជីព​ទាមទារ​ឲ្យ​​ក្រសួង​កែប្រែ​​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​


កម្មកររោងចក្រទិញអាហារតាមបណ្តោយផ្លូវជាតិលេខ២នៅពេលសម្រាកអាហារថ្ងៃត្រង់ (ផន បុប្ផា​ វីអូអេ ខ្មែរ)
កម្មកររោងចក្រទិញអាហារតាមបណ្តោយផ្លូវជាតិលេខ២នៅពេលសម្រាកអាហារថ្ងៃត្រង់ (ផន បុប្ផា​ វីអូអេ ខ្មែរ)

មេ​ដឹក​នាំ​សហជីព​ជា​ច្រើន​បាន​ផ្ញើ​សំណើ​ទៅ​ក្រសួង​ការងារ​ដើម្បី​ឲ្យក្រសួង​ធ្វើ​ការ​ផ្លាស់ប្ដូរ​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​ស្តីពី​សហជីព​ដែលអ្នក​ជំនាញ​និយាយ​ថា​ វា​នឹង​ដាក់​កម្រិត​សេរីភាព​នៃ​ការ​ជួប​ប្រជុំ​គ្នា​របស់​កម្មករ​ និង​សហជីព។ ​កាល​ពី​ដើម​ខែ​នេះ​មាន​សមាជិក​សហជីព​ប្រមាណ​២០០​នាក់​បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​ធ្វើការ​ពិគ្រោះ​យោបល់​ដើម្បី​ស្នើ​សុំឲ្យ​ក្រសួង​ការងារ​ធ្វើ​ការ​ផ្លាស់​ប្តូរ​អត្ថន័យ​និង​លុបចោល​មាត្រា​មួយ​ចំនួន​នៃ​សេចក្តី​ព្រាង​ច្បាប់​នេះ។​

មាន​កម្មករ​យ៉ាង​ហោច​ណាស់​៦០០.០០០​ត្រូវ​បាន​គេ​ប៉ាន់​ប្រមាណ​ថា​ កំពុង​ធ្វើការ​នៅ​ក្នុង​រោងចក្រ​កាត់​ដេរ​ ដែល​ជា​វិស័យ​ដ៏​ធំ​ និង​សំខាន់​ដែល​ជួយ​ជំរុញ​សេដ្ឋ​កិច្ច​ប្រទេស​នេះ។​ កម្មករ​ និង​អ្នក​រិះគន់​បាន​និយាយ​ថា ​ប្រាក់​ឈ្នួល​នៅ​តែ​មាន​កម្រិត​ទាប​ខ្លាំង​ណាស់​ដែល​ប៉ះពាល់​ដល់​ជីវភាព​រស់​នៅ​សមរម្យ​ប្រចាំ​ថ្ងៃ​របស់​កម្មករ​ពលករ​ ​ហើយ​ថ្លៃ​ទំនិញ​កើន​ឡើង​ជា​បន្ត​បន្ទាប់។​

កម្មកររោងចក្រទិញអាហារតាមបណ្តោយផ្លូវជាតិលេខ២នៅពេលសម្រាកអាហារថ្ងៃត្រង់ (ផន បុប្ផា​ វីអូអេ ខ្មែរ)
កម្មកររោងចក្រទិញអាហារតាមបណ្តោយផ្លូវជាតិលេខ២នៅពេលសម្រាកអាហារថ្ងៃត្រង់ (ផន បុប្ផា​ វីអូអេ ខ្មែរ)

កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​សម្រេច​បង្កើន​ប្រាក់​ឈ្នួល​អប្បបរមា​ដល់​១២៨​ដុល្លារ​ក្នុង​មួយ​ខែ។ ​កម្មករ​និយាយ​ថា ​ចំនួន​នេះ​នៅ​តែ​មិន​ទាន់​គ្រប់​គ្រាន់​សម្រាប់​ពួក​គាត់​ដើម្បី​ចំណាយ​ និង​ទប់ទល់​នឹង​ការ​កើន​ឡើង​នៃ​តម្លៃ​ទំនិញ​ដែល​នាំ​ឲ្យមាន​ការ​ប៉ះពាល់​ទៅ​លើ​របប​អាហារ​ប្រចាំ​ថ្ងៃ​ ហើយ​នាំ​ឲ្យមាន​ការ​ប៉ះពាល់​សុខភាព​របស់​ពួក​គាត់។​ ជា​រៀង​រាល់​ឆ្នាំ​ មាន​កម្មករ​ជា​ច្រើន​ដួល​សន្លប់​នៅ​ក្នុង​រោង​ចក្រ។​

មេ​ដឹក​នាំ​សហជីព​បាន​និយាយ​ថា​ ច្បាប់​នេះ​ត្រូវ​បាន​តាក់តែង​ឡើង​ក្នុង​បំណង​ការពារ​ផល​ប្រយោជន៍​ឲ្យម្ចាស់រោង​ចក្រ​ជាជាង​កម្មករ។​ បទ​បញ្ញត្តិ​មួយ​ចំនួន​នៅ​ក្នុង​ច្បាប់​នេះ​អាច​នឹង​រាំង​ស្ទះ​ដល់​សិទ្ធិ​ជា​មូលដ្ឋាន​ក្នុង​ការ​ជួប​ប្រជុំ​របស់​កម្មករ ​និង​សហជីព។​ ខ​មួយ​នៅ​ក្នុង​សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ថា​ សហជីព​អាច​បង្កើត​ឡើង​បាន​ លុះ​ត្រា​ណា​មាន​ចំនួន​អ្នក​គាំទ្រ​ចាប់​ពី​២០​ភាគ​រយ​នៃ​ចំនួន​កម្មករ។​ មេ​ដឹក​នាំ​សហជីព​ចង់​ឱ្យ​ផ្លាស់​ប្តូរ​តួលេខ។​ សេចក្តី​ព្រាង​ច្បាប់​នេះ​ចែង​ផង​ដែរ​ថា ​មេ​ដឹកនាំ​សហជីព​មិន​អាច​មាន​ការ​ពាក់ព័ន្ធទៅ​នឹង​បទ​ល្មើស​ព្រហ្មទណ្ឌ​នោះ​ទេ។​ មេ​ដឹក​នាំ​សហជីព​និយាយ​ថា ​ចំណុច​នេះ​គួរ​តែ​លុប​ចោល។ សេចក្តី​ព្រាង​ច្បាប់​នេះ​ក៏​មាន​ចែង​ផង​ដែរ​ថា ​សហជីព​អាច​ត្រូវតុលាការ​សម្រេច​រំលាយលុប​ចោល​ ​ប្រសិន​បើ​សហជីព​ និង​សមាជិក​របស់​សហជីព​ធ្វើ​សកម្ម​ភាព​ផ្ទុយ​ពី​ច្បាប់។ មេ​ដឹក​នាំ​សហជីព​ចង់​ឲ្យក្រសួង​ការងារ​លុប​ចំណុច​នេះ​ចោល។​

ក្រសួង​ការងារ​បាន​ផ្ញើ​លិខិត​អញ្ជើញ​សហជីព​ចូលរួម​ពិភាក្សា​សេចក្តី​ព្រាង​ច្បាប់​ចុង​ក្រោយ​នៅ​ក្រសួង​នៅថ្ងៃ​អង្គារ​ក្រោយ​នេះ។​

លោក​អាត់ ធន់​ ប្រធាន​សម្ព័ន្ធ​សហជីព​កម្មករ​កាត់​ដេរ​កម្ពុជា​ប្រជា​ធិបតេយ្យ បាន​ថ្លែង​ថា ​លោកក្រសួង​ការងារ​មិនទាន់​បានឆ្លើយ​តប​នឹង​សំណើ​របស់​សហជីព​ដែល​ទាមទារ​ឲ្យ​មាន​ការ​កែប្រែសេចក្តី​ព្រាង​នេះ​ទេ។ ​ សហជីព​បាន​ផ្ញើ​សំណើ​ស្រដៀង​គ្នា​នេះ​នៅ​ឆ្នាំ​២០១៤។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​ដាក់​ជាសាធារណៈ​នោះ​ទេ។​

លោក​បាន​និយាយ​ថា​ មេ​ដឹក​នាំ​សហជីព​នឹង​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​នៅសប្តាហ៍​ក្រោយ​នេះ​ ហើយ​នឹង​ប្រើ​ឪកាស​នេះ​ដើម្បី​ពិភាក្សា​អំពី​សេចក្តី​ព្រាង​ច្បាប់​នេះ​ ហើយទាមទារ​ឲ្យមាន​ការ​កែ​សម្រួល។​

លោក​អាត់ ធន់​បាន​និយាយ​ថា៖ ​«បាតុកម្ម​គឺជា​ជម្រើសចុង​ក្រោយ»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​បាន​កើត​ឡើង​ចំ​ពេល​ដែល​មាន​ការ​បង្រ្កាប​លើ​សកម្មភាព​របស់​កម្មករ ​និង​សហជីព។​ ​ កាល​ពី​ឆ្នាំ​មុន​ រដ្ឋាភិបាល​បាន​ដាក់​មេ​ដឹក​នាំ​សហជីព​ប្រាំ​នាក់​ឲ្យស្ថិត​ក្រោម​ការ​ត្រួត​ពិនិត្យ​ និង​តាម​ដាន​របស់​តុលាការ​ បន្ទាប់​ពី​មាន​ការ​តវ៉ា​ដែល​ឈានដល់​អំពើ​ហិង្សា​នៅ​ចុង​ឆ្នាំ​២០១៣​ និង​ដើម​ឆ្នាំ​២០១៤។​

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សម្ព័ន្ធ​សហជីព​ចលនា​កម្មករ​ដែល​ស្ថិត​ក្នុង​ចំណោម​មេ​សហជីព​ដែល​ត្រូវ​បាន​ដាក់​ឲ្យនៅ​ក្រោម​ការ​ត្រួត​ពិនិត្យ​របស់​តុលាការ​ បាន​និយាយ​ប្រាប់​វីអូអេ​ខ្មែរ​ថា​ សហជីពជា​ច្រើន​មាន​ការ​ព្រួយ​បារម្ភ​ពី​សេចក្តី​ព្រាង​ច្បាប់​នេះ។​ ​ មាន​សមាជិកសហជីព ​និង​ប្រធាន​សហជីព​ប្រមាណ​៥០០​នាក់​បាន​ត្រៀម​ខ្លួនដើម្បី​បង្ហាញ​ការ​មិន​ពេញ​ចិត្តសេចក្ដី​ព្រាង​ច្បាប់​នេះ​នៅ​ពី​មុខ​រដ្ឋសភា​ជាតិ​នៅ​ចុង​ខែ​នេះ។​

លោក​បាន​និយាយ​ថា៖​ «​យើង​ជួប​ដើម្បី​បង្ហាញ​ពី​ការ​ប្រឆាំង​របស់​យើង​ទៅ​លើ​ច្បាប់​នេះ​ទេ»៕​

អត្ថបទ​ទាក់ទង

XS
SM
MD
LG