អង្គការតម្លាភាពកម្ពុជាសហការជាមួយក្លឹបអ្នកកាសែតកម្ពុជានៅព្រឹកថ្ងៃពុធនេះ បានប្រកាសជ័យលាភីដល់ការប្រកួតពានរង្វាន់អ្នកសារព័ត៌មានឆ្នើមសម្រាប់អត្ថបទរាយការណ៍អំពីអំពើពុករលួយនៅក្នុងប្រទេសកម្ពុជាសម្រាប់ឆ្នាំ២០១៥នេះ។
ការប្រកួតប្រជែងសរសេរអត្ថបទនេះធ្វើឡើងដើម្បីលើកទឹកចិត្តដល់អ្នកសារព័ត៌មានឲ្យកាន់តែមានភាពក្លាហាន និងមានឆន្ទៈក្នុងការសរសេរអត្ថបទពាក់ព័ន្ធនឹងអំពើពុករលួយ ព្រមទាំងធ្វើឲ្យមានការផ្សព្វផ្សាយអំពីករណីអំពើពុករលួយ ដែលជាបញ្ហាប្រឈមរបស់កម្ពុជាឲ្យកាន់តែមានភាពទូលំទូលាយជាងមុន។
ជាជ័យលាភីលេខមួយនៃពានរង្វាន់នេះ លោក ផាក់ ស៊ាងលី មកពីសារព័ត៌មាន ភ្នំពេញប៉ុស្តិ៍ បានឲ្យដឹងថា អ្វីដែលលោកចង់ឃើញពីការសរសេរអត្ថបទរបស់លោកគឺការរួមចំណែកកាត់បន្ថយអំពើពុករលួយនៅកម្ពុជា។
«គោលបំណងរបស់ខ្ញុំ ក្រៅអំពីចង់ឲ្យមានការផ្លាស់ប្តូរចំពោះអំពើពុករលួយក្នុងសង្គមកម្ពុជា ការដែលខ្ញុំសរសេរគឺខ្ញុំអាចចូលរួមកែប្រែសង្គមទាក់ទងនឹងអំពើពុករលួយ»។
កញ្ញាខន ចំប៉ា ជាអ្នកសារព័ត៌មានរបស់គេហទំព័រថ្មីថ្មី។ ជ័យលាភីលេខ៣នេះបានប្រាប់ VOA ឲ្យដឹងថា អំពើពុករលួយជាឫសគល់ដែលធ្វើឲ្យប៉ះពាល់ដល់សង្គម ក៏ដូចជាសេដ្ឋកិច្ចកម្ពុជា។
«ជ័យលាភីនេះជាផ្នែកមួយនៃការងាររបស់យើង ក៏ប៉ុន្តែអ្វីដែលនឹងទទួលបានគឺឆន្ទៈដែលចង់ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយទាំងអស់គ្នា ហើយខ្ញុំក៏ជំរុញឲ្យអ្នកសារព័ត៌មាន ក៏ដូចជាប្រជាពលរដ្ឋទាំងអស់ រួមគ្នាទប់ស្កាត់ និងប្រឆាំងអំពើពុករលួយទាំងអស់គ្នា»។
អំពើពុករលួយគឺជាបញ្ហាចម្បងដែលកម្ពុជាបានជួប និងត្រូវដោះស្រាយ។ នៅក្នុងឆ្នាំ២០១០ រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ ដោយបង្កើតច្បាប់ និងស្ថាប័នប្រឆាំងនឹងអំពើពុករលួយ។
លោក ព្រាប កុល ប្រធានអង្គការតម្លាភាពកម្ពុជា ដែលជាអង្គការជួយឧបត្ថម្ភកម្មវិធីនេះ បានឲ្យដឹងថា មកទល់ពេលនេះ អង្គការតម្លាភាពកម្ពុជា រួមជាមួយក្លឹបអ្នកកាសែតកម្ពុជា បានបណ្តុះបណ្តាលអ្នកសារព័ត៌មានបានចំនួនជាង១០០រូបហើយក្នុងការរាយការណ៍ព័ត៌មានទាក់ទងនឹងករណីអំពើពុករលួយនេះ។ ជាងនេះទៅទៀត លោកសង្កេតឃើញថា ចំនួនអ្នកសារព័ត៌មានប្រជាពលរដ្ឋ និងអ្នកសរសេរប្លុកទាក់ទងនឹងអំពើពុករលួយក៏មានការកើនឡើងផងដែរ។ ហើយលោករំពឹងថា ចំនួននេះនឹងកាន់តែកើនឡើងថែមទៀតនៅឆ្នាំបន្ទាប់។
«បើយើងធ្វើការប្រៀបធៀបកាលពី៣ឆ្នាំមុន និងពេលឥឡូវនេះ យើងសង្កេតឃើញថា មានអ្នកសារព័ត៌មានវិជ្ជាជីវៈកាន់តែច្រើនជាងមុនដែលហ៊ាននិងមានចំណេះដឹងសរសេរទាក់ទងនឹងអំពើពុករលួយ»។
ថ្លែងក្នុងឱកាសប្រគល់រង្វាន់ដល់ជ័យលាភីអ្នកសារព័ត៌មានស្ដីពីអំពើពុករលួយនៅកម្ពុជា លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ អះអាងថា បច្ចុប្បន្ននេះ វិស័យសារព័ត៌មានបាននឹងកំពុងដើរតួយ៉ាងសំខាន់ក្នុងការរាយការណ៍ពាក់ព័ន្ធនឹងអំពើពុករលួយ ដើម្បីរួមចំណែកក្នុងការដោះស្រាយបញ្ហាអំពើពុករលួយក្នុងសង្គមកម្ពុជា។
«យើងខ្ញុំវាយតម្លៃខ្ពស់ណាស់ចំពោះអ្នកសារព័ត៌មានដែលបានខិតខំបំពេញតួនាទីខ្លួន នូវអំណាចមួយដែលសង្គមបានប្រគល់ជូនខ្លួន នូវអ្វីដែលសាធារណមតិទាំងអស់ទទួលបានពីអ្នកសារព័ត៌មានជារៀងរាល់ថ្ងៃ។ យើងសាកបិទភ្នែក គិតពិចារណាមើល បើសិនជាពេលនេះគ្មានវិស័យសារព័ត៌មានវិញ តើយើងអាចរស់បានដោយយ៉ាងម៉េច? គិតថា ពិបាកនឹងរស់ ពិបាកនឹងដកដង្ហើម។ ជាជំនាញមួយដែលសង្គមយើងកំពុងតែត្រូវការផ្គុំកម្លាំងយ៉ាងខ្លាំងដើម្បីប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយ»។
លោកឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយមានគម្រោងនឹងបើវគ្គបណ្តុះបណ្តាលខ្លីៗដល់អ្នកសារព័ត៌មានដើម្បីឲ្យអ្នកសារព័ត៌អាចយល់កាន់តែច្បាស់ទាក់ទងនឹងបញ្ហាច្បាប់ និងបទល្មើសអំពើពុករលួយនេះ។ ការធ្វើបែបនេះគឺដើម្បីឲ្យអត្ថបទរាយការណ៍ទាក់ទងនឹងអំពើពុករលួយកាន់តែមានគុណភាព និងគ្រប់ជ្រុងជ្រោយជាងមុន។
អ្នកសារព័ត៌មាន ដែលជាជ័យលាភីទាំង៥រូប មកពីស្ថាប័នចំនួន៣គឺកាសែតភ្នំពេញប៉ុស្តិ៍ វិទ្យុបារាំង RFI និងគេហទំព័រថ្មីថ្មី។ ក្នុងនោះក៏មានលោកម៉ៃ ទិត្យថារ៉ា អ្នកសារព័ត៌មានផ្នែកស៊ើបអង្កេត និងការការពារបរិស្ថាន ដែលទទួលបានពានរង្វាន់ទាំងជាតិ និងអន្តរជាតិជាង២០ពានរង្វាន់ផងដែរ៕