ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ប្រជាជន​កម្ពុជា​ចូលរួម​ផ្តល់​យោបល់​លើ​សេចក្តី​ព្រាង​ច្បាប់​អ៊ីនធើណិត


ពលរដ្ឋ​​ខ្មែរ​​ប្រើប្រាស់​​អ៊ីនធើណេត​នៅក្នុង​ហាងអ៊ីនធឺណិត​ ក្នុង​ទីក្រុង​ភ្នំពេញ។

អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​រាប់​រយ​នាក់​នៅ​កម្ពុជា​បាន​បង្ហាញ​អារម្មណ៍​របស់​ពួក​ទៅ​លើ​គម្រោង​ច្បាប់​ដ៏​ចម្រូង​ចម្រាស​របស់​រដ្ឋាភិបាល​ក្នុង​ការ​គ្រប់​គ្រងប្រព័ន្ធ​អ៊ីន​ធើណិត​របស់​ប្រទេស​ ​បន្ទាប់​ពី​ក្រុម​សង្គម​ស៊ីវិល​ក្នុង​ស្រុក​បានបង្កើត​ឲ្យមាន​គេហ​ទំព័រ​ដើម្បី​អញ្ជើញ​សាធារណ​ជន​ឲ្យបញ្ចេញការយល់​ឃើញ​របស់​ពួក​គេ​តាម​បណ្តាញ​អ៊ីនធើណិត។​

ប្រជា​ពលរដ្ឋ​កម្ពុជា​រាប់​លាន​នាក់បាន​ត​ភ្ជាប់​បណ្តាញ​អ៊ីនធើណិត​ដើម្បី​ប្រើ​ប្រាស់​ ​ដោយសារ​តែប្រព័ន្ធ​អ៊ីនធើណិតមាន​ល្បឿន​លឿន​ មាន​តម្លៃថោក​និង​ទូរស័ព្ទ​ទំនើប​ដែល​មាន​តម្លៃ​ថោក។ ​មនុស្ស​ជា​ច្រើន​បាន​ប្រើ​បណ្តាញ​សង្គម​ដើម្បី​ពិភាក្សា​ និង​រិះគន់​នយោបាយ​ជា​របៀប​លេងសើច​ ហើយបញ្ចេញ​គំនិត​ផ្ទាល់​ខ្លួន​របស់​ពួក​គេ​ទៅ​លើបញ្ហា​ ដូចជា​អំពើ​ពុក​រលួយ​ ការ​អប់រំ​ ការ​កាប់​បំផ្លាញ​ព្រៃឈើ​ និង​បញ្ហា​ព្រំដែន​ដ៏​ចម្រូង​ចម្រាស​ជាមួយ​ប្រទេស​វៀតណាម។​

សេចក្តី​ព្រាង​ច្បាប់​មិន​ផ្លូវ​ការ​ដែល​គេ​ហៅ​ថា ​ច្បាប់​ឧក្រិដ្ឋកម្ម​អ៊ីនធើណិត​ត្រូវ​បាន​គេ​ដាក់​ផ្សាយ​ជា​សាធារណៈ​កាល​ពី​ឆ្នាំ​មុន ​ហើយ​បាន​នាំ​ឲ្យមានការ​អះអាង​ថា​ រដ្ឋាភិបាល ​ដែលលោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​បាន​កាន់​អំណាច​ដ៏យូរ​អង្វែង​ ​បាន​ព្យាយាម​គ្រប់គ្រង​សេរីភាព​នៃ​ការ​បញ្ចេញ​មតិ​នៅ​លើ​ប្រព័ន្ធ​អ៊ីនធើណិត។ ​រដ្ឋាភិបាល​បាន​អះអាង​ថា​ ច្បាប់​នេះក្នុង​ពេល​បច្ចុប្បន្ន​នៅ​ក្នុង ​«ភាពអសកម្ម»​នៅឡើយ។ ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ ​មជ្ឈ​មណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ឯករាជ្យ ​(CCIM) ​បាន​បង្កើត​គេហ​ទំព័រ​ថ្មី​មួយ​ដើម្បី​ប្រមូល​មតិ​របស់​សាធារណជន​ស្តីពីសេរីភាព​អ៊ីនធើណិត។​

ក្រុម​នេះ​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​អំពី​សិទ្ធិ​សេរីភាព​តាម​អ៊ីនធើណិត​នៅ​កម្ពុជា។ សេចក្តី​ថ្លែង​ការណ៍មានបញ្ចូល​សិទ្ធិ​ និង​សេរីភាព​ជា​មូលដ្ឋានដែល​ប្រជាជន​កម្ពុជា​គួរ​តែ​មាន​នៅ​លើ​បណ្ដាញ​ប្រព័ន្ធ​អ៊ីនធើណិត។ ​សេចក្តី​ព្រាង​ច្បាប់​នេះ​ត្រូវ​បាន​គេបង្ហោះ​នៅ​គេហ​ទំព័រ​ www.netlawkh.org។​

ដូច​គេហ​ទំព័រ​ «Wiki»​ គេហ​ទំព័រ​នេះ​ជា​គេហ​ទំព័រ​សម្រាប់​ផ្តល់​យោបល់​ដែល​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខែ​កុម្ភៈ​ដោយ​ CCIM ​ក្រោម​ការ​ឧបត្ថម្ភ​ពី ​Freedom House ​ដែល​មាន​មូលដ្ឋាន​នៅ​រដ្ឋ​វ៉ាស៊ីនតោន​ ដែល​បាន​អនុញ្ញាត​ឱ្យ​ប្រជា​ពលរដ្ឋ​ធ្វើអត្ថាធិប្បាយ ​និង​ស្នើ​វិសោធនកម្ម​ទៅ​លើ​សេចក្តី​ព្រាង​ច្បាប់​នេះ។ ​CCIM ​បាន​ឲ្យ​ដឹង​ថា​ មាន​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​ច្រើន​ជាង​១០០០​នាក់​បាន​បញ្ចេញ​យោបល់​លើ​បណ្ដាញ​នេះ។​

«យើង​ត្រូវការ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិពេញ​លេញ​ដោយ​គ្មាន​ការ​ជ្រៀត​ជ្រែក​ពី​ស្ថាប័ន​ណា​មួយ​នោះ​ទេ» ​នេះ​បើ​យោង​តាម​ការ​អត្ថាធិប្បាយ​មួយ​ដែល​បាន​បង្ហោះ​នៅ​លើ​គេហទំព័រ​នេះ​ ហើយ​ដែល​បាន​ផ្តល់​ឲ្យ​វីអូអេ​ខ្មែរ។​

មតិ​យោបល់​ត្រូវ​បាន​គេ​ធ្វើ​ឲ្យមាន​លក្ខណៈ​អនាមិក​ដើម្បី​ការពារ​ពួក​គេ​ដែលភាគច្រើន​លើស​លុបប្រឆាំង​នឹង​គំនិត​ដែល​ថា ​រដ្ឋាភិបាល​គួរ​តែ​បង្កើត​ច្បាប់​ថ្មី​មួយ​ដើម្បី​បង្កើន​នីតិវិធី​សម្រាប់បណ្តាញ​អ៊ីនធើណិត។​

«យើង​មាន​ច្បាប់​ដែល​មាន​ស្រាប់​គ្រប់គ្រាន់​ដើម្បី​គ្របការ​លួច​បន្លំ​តាម​អ៊ីនធើណិត។ ហេតុ​អ្វី​បាន​ជា​ចាំបាច់​បង្កើតក្រប​ខណ្ឌ​ច្បាប់​បន្ថែម​ទៀត?​ សូម​អនុវត្ត​ច្បាប់​ដែល​មាន​ស្រាប់​ ហើយ​ធ្វើ​ឲ្យច្បាស់​ថា ​មនុស្ស​គ្រប់​គ្នាគោរព​ច្បាប់»។ ​នេះ​ជា​ការ​អត្ថាធិប្បាយ​មួយ​ផ្សេង​ទៀត​នៅក្នុង​គេហទំព័រ។​

អ្នក​ប្រើ​ផ្សេង​ទៀត​ប្រៀបធៀប​សេរីភាព​របស់​កម្ពុជា​នៅ​លើ​អ៊ិនធឺណិតសព្វថ្ងៃ​ជាមួយ​នឹង​សេរីភាព​ទៅ​លើ​អ៊ិនធើណិត​នៅ​ក្នុង​បណ្តា​ប្រទេស​ដទៃទៀត​ ជា​ពិសេស​ប្រទេស​ដែល​មាន​មេ​ដឹកនាំ​កុម្មុយនីស្ត​ដែលអ៊ីនធើណិត​ត្រូវ​បាន​«ដាក់​កំហិត»។ ​ប្រទេស​ជិត​ខាង​កម្ពុជា ​ដូច​ជា​ប្រទេស​វៀតណាម ​និង​ប្រទេស​ ដែល​ជា​អ្នក​ឧបត្ថម្ភ​ដ៏​ធំ​បំផុត​របស់​រដ្ឋាភិបាល​កម្ពុជា​គឺ​ប្រទេស​ចិន ​បាន​ដាក់​ដែន​កំណត់​យ៉ាង​តឹងរ៉ឹង​ទៅ​លើ​បណ្តាញ​អ៊ីនធើណិត​ដែល​ប្រជាជន​របស់​គេមិន​អាច​ប្រើ​បណ្ដាញ​អ៊ីនធើណិត​បាន​តាម​ចិត្ត។​

«នៅ​ក្នុង​ប្រទេស​ប្រជា​ធិបតេយ្យ​ ដូច​ជា​ប្រទេស​កម្ពុជា​ ការប្រើ​ប្រាស់​អ៊ីនធើណិត​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​បង្កើន​ល្បឿន​ដ៏​សម្បើម​ជា​ពិសេស​ទៅ​លើ​លក្ខខណ្ឌ​នៃ​ការ​រិះគន់​ចំណុច​អវិជ្ជមាន​ទៅ​លើ​រដ្ឋាភិបាល»។​ នេះជាអ្វីដែល​អ្នក​ប្រើ​ប្រាស់​អ៊ីនធើណិត​បាន​សរសេរ។ គេបាន​បន្ថែមថា៖​ «អ៊ីនធើណិតគឺ​ពិត​ជា​មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ប្រទេស​កំពុង​អភិវឌ្ឍន៍ ​ដូចជា​ប្រទេស​កម្ពុជា។​ ប៉ុន្តែ​ប្រសិន​បើ​សេរីភាព​ត្រូវ​បាន​គេ​ដាក់​កំហិត​ ​ នោះ​[រដ្ឋាភិបាល]​នឹង​ក្លាយ​ទៅ​ជា​រដ្ឋាភិបាល​ផ្តាច់​ការ»។​

លោក​ប៉ា ងួនទៀង ​នាយក​ប្រតិបត្តិ​របស់ ​CCIM ​បាន​និយាយ​ថា មតិ​យោបល់​នៅ​លើ​បណ្ដាញ​នេះ​បាន​បង្ហាញ​ថា ​ប្រជាជន​កម្ពុជា​ចូល​រួម​ចំណែក​បញ្ចេញ​យោបល់​ក្នុង​បញ្ហា​នៃសេរីភាព​អ៊ីនធើណិត​នេះ។​

លោក​និយាយថា៖ ​«នេះ​មាន​ន័យ​ថា ​គេយល់​ពី​សារៈ​សំខាន់​ និង​ផល​ប្រយោជន៍​របស់អ៊ីនធើណិត។ ​វា​ជា​រឿង​សំខាន់​ណាស់។ ​ប្រសិន​បើ​រដ្ឋាភិបាល​ប្រឆាំង​នឹង​ឆន្ទៈ​របស់​ប្រជាជន​ [ដោយ​ប្រើច្បាប់​នេះ]​ នោះ​វា​នឹង​ប៉ះពាល់​ដល់​ការ​អភិវឌ្ឍ​ និង​អាជីវកម្ម​នេះ​នៅ​ក្នុង​ប្រទេស​កម្ពុជា»។​

សេចក្តី​ព្រាង​ច្បាប់​នេះ​មិន​ត្រូវ​បាន​គេ​ដាក់​ជូន​ទៅ​រដ្ឋសភា​នៅ​ឡើយ​នោះ​ទេ ​ហើយ​ឥឡូវ​នេះ​ ច្បាប់​នេះ​នៅ​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍​នៅ​ឡើយ។ ​កាល​ពី​ខែ​មុន​ លោក​ មាស​ ប៉ូ ​អ្នក​នាំ​ពាក្យ​ក្រសួង​នេះ ​បាន​និយាយ​ថា ​មន្ត្រី​រដ្ឋាភិបាល​នៅ​ពិនិត្យ​ច្បាប់​នេះ​នៅ​ឡើយ​ ដើម្បី​ធ្វើ​ឲ្យប្រាកដ​ថា​ ច្បាប់​នេះ​នឹង​បម្រើ​ផល​ប្រយោជន៍ប្រជា​ពលរដ្ឋ។​ លោក​ផៃ ស៊ីផាន ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាលនៅ​ទីស្តី​ការ​គណៈ​រដ្ឋ​មន្រ្តី​បាន​ឱ្យ​ដឹង​ក្នុង​ខែ​មុន​ថា​ បច្ចុប្បន្ន​សេចក្តី​ព្រាង​ច្បាប់​នេះ​គឺ​ស្ថិត​នៅ​ក្នុង«ភាព​អសកម្ម»។​

លោក​សូ សូធី ​មន្រ្តី​ទំនាក់​ទំនង​ និង​ជា​អ្នក​តស៊ូ​មតិ​នៅ​ CCIM​ បាន​និយាយ​ថា ​អង្គការ​នេះ​បាន​រៀបចំ​សិក្ខា​សាលា​មួយ​អំពី​បញ្ហា​នេះ​នៅ​ក្នុង​ខែ​នេះ​ដោយ​មាន​អញ្ជើញ​ស្ថាប័ន​រដ្ឋាភិបាល​ដែល​ពាក់ព័ន្ធ​ ក៏​ដូច​ជាអ្នក​ផ្តល់​សេវា​អ៊ីនធើណិត។​

«យើង​បាន​អញ្ជើញ​មន្ត្រី​រដ្ឋាភិបាល​ និង​ក្រុមហ៊ុន​ដើម្បី​ពិភាក្សា​ និង​ផ្តល់​យោបល់​លើ​ព័ត៌មាន​ដែល​យើងប្រមូល​បាន។​ បន្ទាប់​មក​យើង​នឹង​យក​គោលការណ៍​ទាំង​នេះ​ដើម្បី​ធ្វើសេចក្តី​ព្រាង​ច្បាប់​នេះ​ដើម្បី​ការពារ​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា ​និង​ធ្វើ​ឱ្យ​ប្រាកដ​ថា​ ច្បាប់​នេះ​បម្រើ​ផល​ប្រយោជន៍​របស់​ពួកគាត់»៕

XS
SM
MD
LG