ប្រទេសឥណ្ឌាបានធ្វើតេស្តលើកទី៤ដោយជោគជ័យទៅលើគ្រាប់មីស៊ីលបាញ់ឆ្លងទ្វីប Agni-V ដែលមានសមត្ថភាពស្មើនឹងនុយក្លេអ៊ែរ។ គ្រាប់មីស៊ីលនេះបានបាញ់ទៅកាន់គោលដៅដែលស្ថិតនៅចម្ងាយ៥.០០០គីឡូម៉ែត្រ ជាក់ស្តែងគឺតំបន់ភាគខាងជើងបំផុតរបស់ប្រទេសចិនដែលស្ថិតនៅក្នុងចម្ងាយគន្លងរបស់អាវុធនុយក្លេអ៊េររបស់ឥណ្ឌានេះ។
គ្រាប់មីស៊ីលដែលមានប្រវែង១៧ម៉ែត្រកន្លះ និងទម្ងន់៥០តោន ត្រូវបានធ្វើតេស្តសាកល្បងកាលពីថ្ងៃចន្ទ ពីលើកោះ Abdul Kalam ក្នុងរដ្ឋ Odisha និងបានធ្លាក់ទៅក្បែរសមុទ្រប្រទេសអូស្ត្រាលី។
លោក Ajay Lele នៃវិទ្យាសា្ថនញូវដេលីសម្រាប់ការសិក្សាអំពីការការពារនិងវិភាគបានមានប្រសាសន៍ថា ការធ្វើតេស្តនេះបានធានាថាគ្រាប់មីស៊ីល Agni-V អាចប្រតិបត្តិការបាន។
លោក Lele បានមានប្រសាសន៍យ៉ាងដូច្នេះថា៖ «បន្ទាប់ពីការធ្វើតេស្តនេះ គ្រាប់មីស៊ីលនេះនឹងត្រូវបញ្ជូនឲ្យទៅកងកម្លាំងយុទ្ធសាស្រ្តឥណ្ឌាប្រតិបត្តិការ ហើយពួកគេនឹងធ្វើតេស្ត២ដងបន្ថែមទៀត ហើយបន្ទាប់មកគ្រាប់មីស៊ីលនេះនឹងត្រូវបញ្ជូនទៅក្នុងឃ្លាំងអាវុធរបស់ឥណ្ឌា»។
គ្រាប់មីស៊ីល Agni ម៉ូដែលមុន ដែលត្រូវបានគេផលិតកាលពីទសវត្សរ៍មុន មានសមត្ថភាពអាចបាញ់ទៅដល់គ្រប់កន្លែងក្នុងប្រទេសប៉ាគីស្ថាន ដែលជាប្រទេសជិតខាងរបស់ឥណ្ឌានិងជាគូប្រជែងនៅអាស៊ីខាងត្បូង។ ប្រទេសទាំង២នេះបានប្រយុទ្ធគ្នាក្នុងសមរភូមិចំនួន៣រួចមកហើយ ហើយភាពតានតឹងនៅតែបន្តកើតមានក្នុងកម្រិតខ្ពស់ដដែល។ ប្រទេសប៉ាគីស្ថានក៏មានអាវុធនុយក្លេអ៊ែរដែរ។
អ្នកវិភាគខាងការពារនិយាយថា គ្រាប់មីស៊ីលចម្ងាយឆ្ងាយ Agni-V នេះត្រូវបានផលិតឡើងដោយសារការប្រុងប្រយ័ត្នចំពោះប្រទេសចិន ដែលរដ្ឋាភិបាលក្រុងញូវដេលីក៏ចាត់ទុកប្រទេសចិនជាការគំរាមកំហែងមួយដែរ៕