ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិបានធ្វើការថ្កោលទោសយ៉ាងខ្លាំងភ្លាមៗចំពោះការបាញ់គ្រាប់ផ្លោងមីស៊ីលលើកចុងក្រោយរបស់ប្រទេសកូរ៉េខាងជើង និងបានព្រមានថានឹងចាត់វិធានការសំខាន់ៗបន្ថែមទៀត ប្រសិនបើចាំបាច់។ ក្រុមប្រឹក្សាសន្តិសុខដែលមានសមាជិកចំនួន ១៥ ប្រទេសនេះ បានឯកភាពគ្នាលើសេចក្ដីសម្រេចមួយដែលបានធ្វើឡើងកាលពីថ្ងៃអង្គារម្សិលមិញ គឺធ្វើឡើងក្នុងរយៈពេលតែប៉ុន្មានម៉ោងតែប៉ុណ្ណោះ បន្ទាប់ពីក្រុមប្រឹក្សានេះបានបើកកិច្ចប្រជុំបិទទ្វារបន្ទាន់មួយទៅតាមសំណើរបស់សហរដ្ឋអាមេរិក ប្រទេសជប៉ុន និងកូរ៉េខាងត្បូង។
ក្រុមប្រឹក្សានេះបានសម្រេចជាឯកច្ឆន្ទថា ការបាញ់គ្រាប់មីស៊ីល Rodong ទាំង ៣ គ្រាប់របស់ប្រទេសកូរ៉េខាងជើងចូលទៅក្នុងតំបន់កំណត់ការពារដែនអាកាសរបស់ប្រទេសជប៉ុន គឺជាការរំលោភយ៉ាងធ្ងន់ធ្ងរទៅលើកាតព្វកិច្ចជាអន្តរជាតិរបស់រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង នៅក្រោមសេចក្ដីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនានាជាច្រើន។
លោក Hahn Choong Hee ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំអង្គការសហប្រជាជាតិបានមានប្រសាសន៍ថា៖ «ខ្ញុំគិតថា សហគមន៍អន្តរជាតិគួរសហការគ្នាជាធ្លុងមួយនៅក្នុងការផ្ញើសារដ៏ច្បាស់លាស់មួយទៅឲ្យប្រទេសកូរ៉េខាងជើងថា ប្រសិនបើប្រទេសកូរ៉េខាងជើងនៅតែបន្តបង្កហេតុ និងបំពានលើការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះសហគមន៍អន្តរជាតិ និងបំពានទៅលើការដាក់ទណ្ឌកម្មផ្សេងៗរបស់អង្គការសហប្រជាជាតិ នោះសហគមន៍អន្តរជាតិនឹងចាត់វិធានការខ្លាំងក្លាជាងមុនប្រឆាំងនឹងទង្វើរបស់ប្រទេសកូរ៉េខាងជើងទាំងនេះ»។
សេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិនេះបានដាក់បទបញ្ជាឲ្យគណៈកម្មការរបស់អង្គការសហប្រជាជាតិដែលទទួលបន្ទុកមើលការខុសត្រូវលើការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើងឲ្យប្រឹងប្រែងឲ្យកាន់តែខ្លាំងថែមទៀតចំពោះកិច្ចការរបស់ខ្លួនក្នុងការជំរុញវិធានការនេះឲ្យដំណើរការឲ្យបានជោគជ័យ និងជំរុញបណ្ដាប្រទេសផ្សេងៗឲ្យបង្កើតកិច្ចប្រឹងប្រែងរបស់ខ្លួនទ្វេដងថែមទៀតនៅក្នុងការអនុវត្តនូវវិធានការនានាដែលមានចែងនៅក្នុងសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកស្រី Samantha Power ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិបាននិយាយថា៖ «យើងឃើញមានមតិដ៏មានឥទ្ធិពលជាច្រើនលើកឡើងនៅក្នុងកិច្ចប្រជុំបិទទ្វាររបស់អង្គការសហប្រជាជាតិឲ្យប្រឹងប្រែងបន្ថែមទៀតលើការដាក់ទណ្ឌកម្មលើប្រទេសកូរ៉េខាងជើង»។
ការឯកភាពដោយមិនបង្អែបង្អង់យូរលើសេចក្ដីសម្រេចនេះ អាចជាសញ្ញានៃការខកចិត្តរបស់រដ្ឋាភិបាលទីក្រុងប៉េកាំងដែលកំពុងតែកើនឡើងជាមួយនឹងប្រទេសកូរ៉េខាងជើងដែលជាសម្ព័ន្ធមិត្តរបស់ខ្លួននោះ។ ការបាញ់គ្រាប់មីស៊ីលរបស់ប្រទេសកូរ៉េខាងជើងនាសប្ដាហ៍នេះកើតឡើងស្របពេលដែលប្រទេសចិនកំពុងធ្វើជាម្ចាស់ផ្ទះសម្រាប់កិច្ចប្រជុំ G ២០៕