ប្រទេសឥណ្ឌាបានប្រកាសកាលពីថ្ងៃអង្គារថា លោកនាយករដ្ឋមន្ត្រី Narendra Modi នឹងមិនចូលរួមក្នុងសន្និសីទកំពូលតំបន់មួយដែលនឹងប្រព្រឹត្តទៅនៅក្នុងក្រុងអ៊ីស្លាម៉ាបាដនៃប្រទេសបាគីស្ថានទេនៅខែវិច្ឆិកានេះ ដោយសារតែមានកំណើនការវាយប្រហារឆ្លងកាត់ព្រំដែនក្នុងតំបន់នោះ។
សេចក្តីសម្រេចនេះបានត្រូវប្រកាសតែប៉ុន្មានថ្ងៃក្រោយពីលោក Modi បាននិយាយថា លោកនឹងធ្វើយុទ្ធនាការសាកលមួយដើម្បីធ្វើឱ្យប្រទេសបាគីស្ថាន នៅដាច់ពីគេខាងការទូតនៅក្រោយមានការវាយប្រហារភេរវកម្មមួយលើមូលដ្ឋានមួយនៃកងទ័ពជើងគោកឥណ្ឌានៅក្នុងតំបន់ kashmir ដែលបានបណ្តាលឱ្យទាហាន១៨នាក់ស្លាប់។
ភាពតានតឹងរវាងប្រទេសទាំងពីរនេះបានកើនឡើងជាងមុននៅក្រោយឥណ្ឌាបានបន្ទោសពួកជនសកម្មប្រយុទ្ធមានមូលដ្ឋាននៅក្នុងប្រទេសបាគីស្ថានថាបានធ្វើការវាយប្រហារនោះ។ រដ្ឋាភិបាលក្រុងអ៊ីស្លាម៉ាបាដ បានប្រកែកថាខ្លួនគ្មានមុខនាទីណាមួយក្នុងការវាយប្រហារនោះទេ ហើយបានថ្លែងថាការវាយប្រហារនោះអាចជាប្រតិកម្មមួយដល់ស្ថានការណ៍ក្នុងតំបន់ kashmir ឥណ្ឌាដែលមានចលាចលរបស់ប្រជាជនដែលរាលដាលចាប់តាំងពីខែកក្កដាមក។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ក្រសួងការបរទេសឥណ្ឌាបាននិយាយថា «ការកើនឡើងនៃការវាយប្រហារឆ្លងកាត់ព្រំដែននៅក្នុងតំបន់ និងកំណើននៃការជ្រៀតជ្រែកក្នុងកិច្ចការផ្ទៃក្នុងនៃរដ្ឋជាសមាជិកបានបង្កើតឱ្យមានបរិយាកាសមួយដែលមិនអាចនាំឱ្យមានការប្រជុំប្រកបដោយជោគជ័យនៃសន្និសីទកំពូលរបស់អង្គការសមាគមអាស៊ីខាងត្បូងក្នុងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ហៅកាត់ថា SAARC»៕