ប្រទេសកូរ៉េខាងត្បូង បានថ្កោលទោសយ៉ាងខ្លាំងដល់ការប៉ុនប៉ងបាញ់បង្ហោះកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗបំផុតរបស់កូរ៉េខាងជើង។ ប្រធាននាយអគ្គសេនាធិការចម្រុះនៃកងទ័ពកូរ៉េខាងត្បូង បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅថ្ងៃអាទិត្យនេះថា ការបាញ់បង្ហោះនោះ ជាការរំលោភយ៉ាងច្បាស់ដល់សេចក្តីសម្រេចរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ និងជា«សកម្មភាពបង្កហេតុខុសច្បាប់»។
កាលពីដំបូង យោធាសហរដ្ឋអាមេរិក បានរាយការណ៍ថា កូរ៉េខាងជើងបានព្យាយាមបាញ់បង្ហោះកាជ្រួចបាល់លីស្ទិចវង់ប្រតិបត្តិការមធ្យមកាលពីថ្ងៃសៅរ៍ ក៏ប៉ុន្តែការខិតខំប្រឹងប្រែងនោះបានទទួលបរាជ័យ។
ទីបញ្ជាការយុទ្ធសាស្រ្តសហរដ្ឋអាមេរិក បានប្រាប់ឲ្យដឹងថា ប្រព័ន្ធតាមដានរបស់ខ្លួន បានតាមដានឃើញការប៉ុនប៉ងបាញ់បង្ហោះនៅពាក់កណ្តាលថ្ងៃអាទិត្យនៅក្នុងតំបន់ភាគពាយ័ព្យនៃប្រទេសកូរ៉េខាងជើង ហើយទីបញ្ជាការការពារដែនអាកាសរបស់អាមេរិកខាងជើងឬ (NORAD) បានប្រាប់ឲ្យដឹងថា ពួកអ្នកវិភាគ បានកំណត់ថា កាំជ្រួចមីស៊ីលនោះ មិនបានបង្កការគំរាមកំហែងដល់តំបន់អាមេរិកខាងជើងទេ។
ទោះយ៉ាងណាក៏ដោយ ក្រុមមន្រ្តីនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន បានបញ្ជាក់ថា សហរដ្ឋអាមេរិក បានបន្តឃ្លាំមើលការបង្កហេតុរបស់កូរ៉េខាងជើង ហើយតាំងចិត្តធ្វើការជាមួយកូរ៉េខាងត្បូង និងជប៉ុនដែលជាសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដើម្បីរក្សាសន្តិសុខនៅក្នុងតំបន់អាស៊ីឦសាន្តនេះ។
ក្រុមមន្រ្តីយោធាសហរដ្ឋអាមេរិក បាននិយាយថា កាំជ្រួចមីស៊ីលរបស់កូរ៉េខាងជើង បានត្រូវសន្មត់ថា ជាកាំជ្រួចរ៉ូកែតវង់ប្រតិបត្តិការមធ្យម Musadan ហើយទីកន្លែងបាញ់បង្ហោះកាំជ្រួចនោះនៅជិតទីក្រុង Kusong។
លោក Gary Ross មេបញ្ជាការនាវាសហរដ្ឋអាមេរិក បាននិយាយថា «យើងថ្កោលទោសយ៉ាងខ្លាំងចំពោះការសាកល្បងកាំជ្រួចមីស៊ីលកាលពីពេលថ្មីៗនេះរបស់កូរ៉េខាងជើង»៕