ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សិទ្ធិ​ពលរដ្ឋ​​នៅ​ឥណ្ឌាទទួល​បាន​និយមន័យ​ថ្មី​ក្រោយ​តុលាការ​កំពូល​ចាត់​ទុក​ឯកជនភាព​ជា​សិទ្ធិ​ជា​មូលដ្ឋាន


រូបឯកសារ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ក្រុម​ការងារ​ជួយ​ក្នុង​ការ​ស្កែន​​​ម្រាម​ដៃ​ដើម្បីធ្វើ​ប័ណ្ណ Aadhar ដែល​ជា​ប័ណ្ណ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​មាន​​ (រូបថត ២០១២)។
រូបឯកសារ៖ ស្ត្រី​ចំណាស់​ម្នាក់​ត្រូវ​បាន​ក្រុម​ការងារ​ជួយ​ក្នុង​ការ​ស្កែន​​​ម្រាម​ដៃ​ដើម្បីធ្វើ​ប័ណ្ណ Aadhar ដែល​ជា​ប័ណ្ណ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវ​មាន​​ (រូបថត ២០១២)។

តុលាការ​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​ឥណ្ឌា​បាន​ចេញ​សេចក្តី​សម្រេច​ថា ឯកជនភាព​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​សំខាន់​ ដែល​ការ​សម្រេច​នេះ​​ផ្ទុយ​ទៅ​នឹង​សាលក្រម​មួយ​មាន​អាយុ​កាល​៦៣​ឆ្នាំ​មក​ហើយ។

«ឯកជនភាព​កំពូល»​ «តុលាការ​កំពូល​ផ្តល់​ឲ្យ​ពលរដ្ឋ​ឥណ្ឌា​នូវ​ជីវិត​ឯកជន» គឺ​ជា​ពាក្យ​ពេចន៍​នៅ​លើ​ចំណង​ជើង​នៃ​បដា​មួយ​ដែល​គេ​សរសេរ​ឡើង​ក្រោយ​ពេល​តុលាការ​ជាន់​ខ្ពស់​បំផុត​របស់​ប្រទេស​ឥណ្ឌា​បាន​ចេញ​សេចក្តី​សម្រេច​ថា ឯកជនភាព​គឺ​ជា​សិទ្ធិ​មូលដ្ឋាន​សំខាន់​ ដែល​ការ​សម្រេច​នេះផ្ទុយ​ទៅ​នឹង​សាលក្រម​មួយ​មាន​អាយុ​កាល​៦៣​ឆ្នាំ​មក​ហើយ។

ក្រុម​មេធាវី​ដែល​ប្រកប​ដោយ​ក្តី​រីករាយ​ និង​អ្នក​អត្ថាធិប្បាយ​មួយ​ចំនួន​និយាយ​ថា ការ​សម្រេច​ជា​ឯកឆន្ទ​ដោយ​ក្រុម​ប្រឹក្សា​ចំនួន​៩​រូប​នេះ​ នឹង​មាន​ឥទ្ធិពល​ដ៏​ធំធេង​ទៅ​លើ​សិទ្ធិ​របស់​ពលរដ្ឋ ដែល​រាប់​ចាប់​ពី​ការ​រក្សា​ទុក​ទិន្នន័យ​ឯកជន រហូត​ដល់​សិទ្ធិ​របស់​មនុស្ស​ដែល​ស្រឡាញ់​ភេទ​ដូច​គ្នា នៅ​ក្នុង​ប្រទេស​ប្រកាន់​របប​ប្រជាធិបតេយ្យ​ដែល​មាន​ប្រជាជន​ច្រើនជាង​គេ​មួយ​នេះ។

សេចក្តី​សម្រេច​នេះ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ ជា​ការ​រារាំង​មួយ​ដល់​អ្វី​ដែលអ្នក​ខ្លះបារម្ភ​ថា ​ជាដំណើរ​ឆ្ពោះ​ទៅ​រក​ការ​កើត​ឡើង​នៃ​រដ្ឋ​ដែល​ឈ្លប​តាម​ដាន​លើ​ពលរដ្ឋ​ខ្លួន ក្រោយ​ពេល​ដែល​រដ្ឋាភិបាល​បាន​ពង្រីក​ការ​ប្រើ​ប្រាស់ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​អត្តសញ្ញាណ​ពលរដ្ឋ​ធំ​ជាង​គេ​បង្អស់​របស់​ពិភពលោក។ ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​នេះបាន​ធ្វើ​ឲ្យ​ឯកជនភាព​លែង​ជា​សិទ្ធិ​មូលដ្ឋាន​សំខាន់​ដាច់​ខាត។

ក្នុង​គម្រោង​ដ៏​មាន​ហមិច្ឆតា​ឈ្មោះ​ថា Aadhar របស់​ឥណ្ឌា ពលរដ្ឋ​ប្រមាណ​១,១៣​ពាន់​លាន​នាក់​ត្រូវ​បាន​គេ​ផ្តល់​លេខ​អត្តសញ្ញាណ​ដែល​មាន​១២​ខ្ទង់ បន្ទាប់​ពី​ស្នាម​ម្រាម​ដៃ​និង​ក្រសែ​ភ្នែក​របស់​ពួក​គេ​ត្រូវ​បាន​គេ​ស្គែន​រួច។ ឥណ្ឌា​មិន​មែន​ជា​ប្រទេស​តែ​មួយ​គត់​ដែល​ប្រមូល​ទិន្នន័យ​បែប​នេះ​ទេ មាន​ប្រទេស​ប្រហែល​៦០​ផ្សេង​ទៀត​ក៏​ធ្វើ​ដូច្នេះ​ដែរ។

រូបឯកសារ៖ អ្នក​ភូមិ​ម្នាក់​កំពុង​ស្កែន​ម្រាម​ដៃ​ធ្វើ​ប័ណ្ណអត្តសញ្ញាណ Unique Identification (UID) នៅ​ប្រទេស​ឥណ្ឌា។
រូបឯកសារ៖ អ្នក​ភូមិ​ម្នាក់​កំពុង​ស្កែន​ម្រាម​ដៃ​ធ្វើ​ប័ណ្ណអត្តសញ្ញាណ Unique Identification (UID) នៅ​ប្រទេស​ឥណ្ឌា។

គម្រោង​នេះ ពី​ដំបូង​ឡើយ​ធ្វើ​ឡើង​ដោយ​ការ​ស្ម័គ្រ​ចិត្ត​ដើម្បី​បញ្ឈប់​កុំ​ឲ្យ​មាន​ពួក​ឈ្មួញ​កណ្ដាល និង​ដើម្បី​លុប​បំបាត់​អំពើ​ឆបោក​នៅ​ក្នុង​គម្រោង​សុខុមាលភាព​សម្រាប់​ពលរដ្ឋ​ក្រីក្រ។ ប៉ុន្តែ​គម្រោង​នេះ​បាន​ជាប់ក្នុង​ភាព​ចម្រូងចម្រាស​បន្ទាប់​ពី​ច្បាប់​ថ្មី​មួយ​ដែល​អនុម័ត​កាល​ពី​ឆ្នាំ​មុន បាន​តម្រូវ​ឲ្យ​ពលរដ្ឋ​មាន​ប័ណ្ណ​ឌីជីថល សម្រាប់​ប្រើ​ប្រាស់​ដើម្បី​ទទួល​បាន​សេវា​ផ្សេង​រាប់​ចាប់​តាំង​ពី​ការ​បើក​គណនី​ធនាគារ ដាក់​លិខិត​ប្រកាស​ពន្ធ ធានា​សុវត្ថិភាព​ប្រាក់​កម្ចី និង​ដើម្បី​មាន​សិទ្ធិ​ទទួល​បាន​អត្ថប្រយោជន៍​ផ្សេងៗ​ពី​រដ្ឋ។

ក្រុម​អ្នក​ដាក់​បណ្តឹង​មាន​ក្តី​សង្ឃឹម​ថា សាលក្រម​នេះ​នឹង​កម្រិត​លើ​អំណាច​របស់​រដ្ឋាភិបាល​ក្នុង​ការ​ប្រើប្រាស់​ប្រព័ន្ធ​ផ្ទុក​ទិន្នន័យ​ដែល​កាន់​តែ​រីក​ធំ​នេះ។ ពួក​គេ​បាន​ផ្តល់​អំណះ​អំណាង​ថា ការ​ប្រើ​ប្រាស់​ដ៏​ទូលំទូលាយ​នៃ​ប័ណ្ណ​ Aadhar អាច​ក្លាយ​ជា​ឧបករណ៍​ដ៏​មាន​អំណាច​ស្ថិត​ក្នុង​ដៃ​របស់​រដ្ឋ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​មាន​ការ​កំណត់​អត្តសញ្ញាណ​លើ​បុគ្គល​ណា​ម្នាក់ ជា​ឧទាហរណ៍​ដូច​ជា​បង្ហាញ​ពី​ទម្លាប់​នៃ​ការ​ចាយ​វាយ​របស់​បុគ្គល​ម្នាក់ ដែល​នេះ​អាច​បើក​ទ្វារ​ឲ្យ​រដ្ឋ​អាច​បំពាន​លើ​ឯកជនភាព​កាន់​តែ​ខ្លាំង។

បើ​ទោះ​បី​ជា​តុលាការ​កំពូល​កំពុង​តែ​បើក​សវនាការ​លើ​សំណុំ​រឿង​ផ្សេង​មួយ​ទៀត​ស្តី​អំពី​ការ​រឹតត្បិត​ការ​ប្រើ​ប្រាស់​ប័ណ្ណ​ Aadhar នេះ​ក្តី សេចក្តី​សម្រេច​លើ​ឯកជនភាព​និង​មាន​អត្ថន័យ​សំខាន់​នៅ​លើ​សាលក្រម​នេះ។

ក្រោយ​ពេល​សាលក្រម​ត្រូវ​បាន​គេ​អាន​ចប់ រដ្ឋាភិបាល​បាន​បញ្ជាក់​សារ​ជា​ថ្មី​ថា គម្រោង​នេះ​គឺ​ជា​ប្រយោជន៍​សម្រាប់​មនុស្ស​ក្រីក្រ​រាប់​លាន​នាក់ ហើយ​ថែម​ទាំង​បាន​និយាយ​ថា ក្តី​បារម្ភ​អំពី​ការ​រំលោភ​លើ​ឯក​ជនភាព​គឺ​ជា​ការ​បារម្ភ​ជ្រុល។

លោក Ravi Shankar Prasad រដ្ឋ​មន្ត្រី​ផ្នែក​ច្បាប់​បាន​ថ្លែង​ថា៖ «គម្រោង​នេះ​ដំណើរការ​ក្នុង​គោលការណ៍​ព័ត៌មាន​កម្រិត​អប្បបរមា ប៉ុន្តែ​មាន​ប្រយោជន៍​ជា​អតិបរិមា។ ពលរដ្ឋ​ក្រី​ក្រ​មាន​ការ​សប្បាយ​ចិត្ត ពួក​គេ​មាន​អារម្មណ៍​ថា​ ពួក​គេ​ត្រូវ​បាន​ផ្តល់​អំណាច»។

លោក​បាន​និយាយ​ថា ប្រទេស​ឥណ្ឌា​បាន​ប្រើ​ប្រាស់​បច្ចេកវិទ្យា​យ៉ាង​មាន​ប្រសិទ្ធភាព​ដើម្បី​ធានា​បាន​ថា ការ​បង់​បដិភាគ​(របស់​រដ្ឋ)​បាន​ទៅ​ដល់​ដៃ​ពលរដ្ឋ​ដែល​មិន​មាន​លទ្ធភាព​ទទួល​បាន​អត្ថប្រយោជន៍​ដោយ​សារ​តែ​ពួក​គេ​មិន​មាន​ក្រដាស​ស្នាម​អត្តសញ្ញាណ ដូចជា​គណនី​ធនាគារ និង​ប័ណ្ណ​បើកបរ​ជា​ដើម។

លោក​បាន​ថ្លែង​ដោយ​បាន​ចង្អុល​បង្ហាញ​ថា​ គម្រោង​នេះ​បាន​ទប់​ស្កាត់​អំពើ​ពុក​រលួយ។ លោក​ថ្លែង​ថា៖ «នៅ​ក្នុង​រយៈ​ពេល​ប្រហែល​បីឆ្នាំ​នេះ យើង​បាន​សន្សំ​សំចៃ​ប្រាក់ជិត​៩​ពាន់​លាន​ដុល្លារ ដែល​ប្រាក់​ទាំង​នេះ​ធ្លាប់​ត្រូវ​បាន​ឈ្មួញ​កណ្ដាល​ឬ ​បុគ្គលិក​ខ្មោច​យក​ដាក់​ហោប៉ៅ​របស់​ពួក​គេ»។​

ទន្ទឹម​នឹង​នេះ​ដែរ សម្រាប់​សហគមន៍​មនុស្ស​ស្រឡាញ់​ភេទ​ដូច​គ្នារបស់​ប្រទេស​នេះ ភាព​ចម្រូង​ចម្រាស​មិន​ស្ថិត​នៅ​លើ​ប័ណ្ណ​អត្តសញ្ញាណ​ទេ ប៉ុន្តែ​ស្ថិត​នៅ​លើ​ការការ​ឃ្លាំ​មើល​ដែល​ពួក​គេ​បាន​ទាម​ទារ​ថា​ ឯកជន​ភាព​នេះ​ ត្រូវ​តែ​ការពារ​ក្រុម​គ្រួសារ អាពាហ៍​ពិពាហ៍ ទំនោរ​នៃ​ការ​បន្ត​ពូជ​ឬ​រឿង​ផ្លូវ​ភេទ។ ឯកជនភាព​នេះ​ជំរុញ​ឲ្យ​មាន​ក្តី​សង្ឃឹម​ជា​ថ្មី​មួយ​ថា ច្បាប់​ដែល​អនុម័ត​ឡើង​តាំង​ពី​សម័យ​អាណា​និគម​អង់គ្លេស​ដែល​បាន​ចាត់​ទុក​អាពាហ៍​ពិពាហ៍​ភេទ​ទី​៣​ជា​បទ​ឧក្រិដ្ឋ​នោះ ​នឹង​អាច​ត្រូវ​បាន​កែប្រែ។

សកម្មជន​ម្នាក់​គឺ​អ្នក​ស្រី​ Anjali Gopalan ដែល​បាន​ដឹកនាំ​ការ​ប្រយុទ្ធ​ទាមទារ​ឲ្យ​លុប​បំបាត់​ច្បាប់​ដ៏​ចាស់​គំរឹល​នេះ​និយាយ​ថា៖ «ពិត​ណាស់​ខ្ញុំ​ពិត​ជា​សប្បាយ​ចិត្ត​ខ្លាំង​ណាស់។

អ្នក​ស្រី​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ការ​សម្រេច​របស់​តុលាការ​នេះ​បាន​បង្កើត​ជា​ឆាក​មួយ​សម្រាប់​ឲ្យ​តុលាការ​កំពូល​កែ​ប្រែ​ច្បាប់​ចាស់​នោះ។ អ្នកស្រី​ថ្លែង​ថា៖ ‍«ច្បាប់​នេះ​នឹង​មាន​ឥទ្ធិពល​វិជ្ជមាន»។

អ្វី​ដែលសំខាន់​មួយ​ទៀត​នោះ​គឺ​ថា ការ​រក្សា​ទុក​ឯកជនភាព​ថា​ជា​សិទ្ធិ​ជា​មូលដ្ឋាន​នេះ នឹង​មាន​ឥទ្ធិពល​ដល់​បញ្ហា​ក្តីបារម្ភ​ដែល​កំពុង​កើត​មាន ដែល​បាន​លេចឡើង​នៅ​ក្នុង​អាណត្តិ​រដ្ឋាភិបាល​ជាតិនិយម​នៃ​អ្នក​កាន់​សាសនា​ហិណ្ឌូ របស់​លោក​នាយក​រដ្ឋ​មន្ត្រី Narendra Modi។ ជា​ឧទាហរណ៍ រដ្ឋ​អំណាច​ក្នុង​រដ្ឋ​មួយ​ចំនួន​បាន​ដាក់​បំរាម​មិន​ឲ្យ​បរិភោគ​និង​លក់​សាច់​គោ ពី​ព្រោះ​សាសនា​ហិណ្ឌូ​ចាត់​ទុក​សត្វ​គោ​ថា​ជា​សត្វ​ពិសិដ្ឋ។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ពលរដ្ឋ​ក្នុង​សង្គម​ដែល​ស្រឡាញ់​សេរីភាព​មាន​ការ​ខឹង​សម្បា ដោយ​ពួក​គេ​និយាយ​ថា រដ្ឋ​មិន​ត្រូវ​កំណត់​លើ​ជម្រើស​ផ្ទាល់​ខ្លួន​របស់​ពល​រដ្ឋ​ឡើយ។

ក្រុម​អ្នក​ជំទាស់​នឹងការ​កំណត់​របស់​រដ្ឋ​ដូច្នេះ​ មាន​ចិត្ត​រីក​រាយ​នឹង​សាល​ក្រម​នេះ​ដែល​បាន​ចែង​ថា គ្មាន​នរណា​ម្នាក់​ត្រូវ​គេ​ប្រាប់​ថា​ ត្រូវ​បរិភោគ​អ្វី ឬ​ត្រូវ​ស្លៀក​ពាក់​យ៉ាង​ម៉េច​នោះ​ទេ។ ក្រុម​មេធាវី​និយាយ​ថា ការ​សង្កេត​ឃើញ​នេះ ​អាច​ក្លាយ​ជា​ការ​ប្រឆាំងការ​ហាម​ឃាត់​ការ​បរិភោគ​សាច់​គោ។

ក្នុង​រយៈ​ពេល​ប៉ុន្មាន​ខែ​ឬ​ឆ្នាំ​ខាង​មុខ សេចក្តី​សម្រេច​របស់​តុលាការ​នឹង​កំណត់​របៀប​ដែល​ក្រុមហ៊ុន​នានា​នៅ​ឥណ្ឌា ​ត្រូវ​រៀបចំ​និង​ដោះស្រាយ​បញ្ហា​គ្រប់គ្រង​ទិន្នន័យ​បុគ្គល បន្ទាប់​ពី​ក្រុម​ចៅ​ក្រម​បាន​ដាក់​សញ្ញា​ថា ត្រូវ​តែ​មាន​កន្លែង​មួយ​សម្រាប់​ឯកជនភាព នៅ​ក្នុង​យុគសម័យ​មួយ​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ដូច​ជា​ Google ចង់​ប្រមូល​ទិន្នន័យ​បុគ្គល​ពី​អ៊ីនធឺណិត ដើម្បី​លក់ទៅ​ឲ្យ​ក្រុម​ហ៊ុន​សេវា​កម្ម​ផ្សាយ​ពាណិជ្ជកម្ម​តាម​អនឡាញ និង​សម្ភារៈ​លក់​តាម​អនឡាញ​ជា​ច្រើន​ដែល​ស្រប​ទៅ​នឹង​ការ​ចង់​បាន​ផ្សេងៗ​គ្នា​អ្នក​ប្រើ​ប្រាស់​នីមួយៗ។

ឥទ្ធិពល​ដ៏​ធំ​នៃ​សាលក្រម​នេះ បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​និយាយ​ដដែលៗ​ដូច​កាសែត​ Times of India ដែល​បាន​សេរសេរ​ថា សេចក្តី​សម្រេច​របស់​តុលាការ​នេះ​រុញ​ច្រាន​ប្រទេស​ឥណ្ឌា​ឲ្យ​ចូល​ទៅ​ក្នុង​លំដាប់​នៃ​សង្គម​ជឿនលឿន៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

អត្ថបទ​ទាក់ទង

XS
SM
MD
LG