ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌា​ទំនង​ជា​ពេញចិត្ត​នឹង​ការ​បញ្ចប់​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​ព្រំដែន​ជាមួយ​ចិន


លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi (រូប​ឆ្វេង) ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​កិច្ចប្រជុំ BRICS ក្នុង​ក្រុង Goa ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។
លោក​នាយក​រដ្ឋ​មន្ត្រី​ឥណ្ឌា Narendra Modi (រូប​ឆ្វេង) ពិភាក្សា​ជាមួយ​នឹង​លោក​ប្រធានាធិបតី​ចិន Xi Jinping ក្នុង​កិច្ចប្រជុំ BRICS ក្នុង​ក្រុង Goa ប្រទេស​ឥណ្ឌា កាលពី​ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦។

ស្រប​ពេល​ដែល​នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​លោក Narendra Modi ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ចិន​ដើម្បី​ចូលរួម​នៅ​ក្នុង​កិច្ច​ប្រជុំ​នៃ​ក្រុម​ប្រទេស​កំពុង​អភិវឌ្ឍន៍​ខ្លាំង ដែល​នឹង​ចាប់ផ្ដើម​នៅ​ថ្ងៃ​អាទិត្យ​ខាង​មុខ​នេះ គេ​អាច​ឃើញ​ថា រដ្ឋាភិបាល​ក្រុង​ញូវដេលី​មាន​ការ​ពេញ​ចិត្ត​ដោយ​ស្ងាត់ៗ​ចំពោះ​ដំណោះស្រាយ​នៃ​ជម្លោះ​ព្រំដែន​ដ៏​តឹងតែង​បំផុត​រវាង​ប្រទេស​ទាំង​ពីរ​អស់​រយៈពេល​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ​នៅ​ក្នុង​តំបន់​វាល​ទំនាប Doklam នៃ​ជួរ​ភ្នំ​ហិមាល័យ។

សម្រាប់​ពេល​បច្ចុប្បន្ន​នេះ គេ​អាច​មើល​ឃើញ​ថា ប្រទេស​ចិន​បាន​លះបង់​នូវ​គម្រោង​សាងសង់​ផ្លូវ​នៅ​លើ​ទី​ប្រសព្វ​ខ្ពស់​នៃ​តំបន់​ភ្នំ​ដែល​លាត​សន្ធឹង​រវាង​ប្រទេស​ឥណ្ឌា ប្រទេស​ប៊ូតង់ និង​ប្រទេស​ចិន ដែល​គម្រោង​សាងសង់​នេះ​កន្លង​មក​បាន​បង្ក​ឲ្យ​មាន​នូវ​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​ប្រទេស​ឥណ្ឌា និង​ចិន។

មន្ត្រី​រដ្ឋាភិបាល​ឥណ្ឌា​នៅតែ​រក្សា​ជំហរ​ថា ប្រទេស​ចិន​ត្រូវតែ​ដក​គ្រឿង​ចក្រ​ឈូស​ឆាយ​ដី និង​ឧបករណ៍​សាង​សង់​ផ្លូវ​ផ្សេងៗ​ទៀត​ចេញ​ពី​តំបន់​ដែល​មាន​ជម្លោះ​នោះ។

រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ព្យាយាម​មិន​លើក​ឡើង​ពី​បញ្ហា​នេះ ដោយ​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​ចិន​លោកស្រី Hua Chunying បាន​និយាយ​ថា ប្រទេស​ចិន​នឹង​ពិចារណា​អំពី​កត្តា​នានា​ដូចជា​អាកាសធាតុ​ជា​ដើម «ដើម្បី​ធ្វើ​យ៉ាង​ណា​ឲ្យ​គម្រោង​សាងសង់​ដែល​ពាក់ព័ន្ធ​នានា​ស្រប​ទៅ​តាម​ស្ថានការណ៍​ជាក់​ស្ដែង»។

កាល​ពី​ពេល​ថ្មីៗ​នេះ ទាហាន​ឥណ្ឌា និង​ទាហាន​ចិន​បាន​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​វាល​ទំនាប Doklam នៅ​ពេល​ដែល​ឥណ្ឌា​បញ្ជូន​ទ័ព​ទៅ​កាន់​តំបន់​នោះ​ដើម្បី​រារាំង​ចិន​ពី​ការ​សាងសង់​ផ្លូវ​មួយ​ខ្សែ​នៅ​ចំណុច​ប្រសព្វ​នៃ​ជួរ​ភ្នំ​ហិមាល័យ ដែល​ជា​តំបន់​ជម្លោះ​រវាង​ប្រទេស​ប៊ូតង់ និង​ចិន។ ការណ៍​នេះ​បាន​ធ្វើ​ឲ្យ​ចិន​ចោទ​ប្រកាន់​ឥណ្ឌា​ថា​បាន​ឆ្លង​ចូល​ដែនដី​ដែល​ឥណ្ឌា​គ្មាន​សិទ្ធិ​កាន់កាប់ ហើយ​ចិន​បាន​ទាមទារ​ឲ្យ​ឥណ្ឌា​ចាកចេញ​ពី​តំបន់​នោះ។

ជា​ការ​ឆ្លើយតប​មក​វិញ ឥណ្ឌា​បាន​បញ្ជាក់​ថា ប្រទេស​ទាំង​ពីរ​គួរតែ​ស្ដារ​ស្ថានការណ៍​ឡើង​វិញ។ ក្រោយ​មក ប្រទេស​ទាំង​ពីរ​បាន​ដក​ទ័ព​ចេញ​ពី​តំបន់​ជម្លោះ​នោះ៕

XS
SM
MD
LG