ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេសឥណ្ឌា​តែងតាំង​ស្រ្តី​​បីរូបជា​អ្នក​បើក​យន្តហោះ​ចម្បាំង​ជា​លើក​ដំបូង


រូបភាពឯកសារ៖ យន្តហោះ​ចម្បាំង​មួយ​រួម​ជាមួយ​នឹង​កងកម្លាំង​ទ័ព​អាកាសល​ឥណ្ឌា​។ (Photo by Flickr user Bikash Das via Creative Commons license)
រូបភាពឯកសារ៖ យន្តហោះ​ចម្បាំង​មួយ​រួម​ជាមួយ​នឹង​កងកម្លាំង​ទ័ព​អាកាសល​ឥណ្ឌា​។ (Photo by Flickr user Bikash Das via Creative Commons license)

កងទ័ព​អាកាសឥណ្ឌា​ បាន​តែងតាំងស្រ្តី​​បើកបរ​យន្តហោះ​ចម្បាំងបីរូប​ជាលើកដំបូង​នៅ​ក្នុង​​កងយោធា​ធំបំផុត​មួយរបស់​ពិភពលោក​​ដែល​បានផ្តល់​ឱកាស​ដល់ស្ត្រី​នៅក្នុង​តួនាទី​ប្រយុទ្ធ​នេះ។

នាង​ Mohana Singh នាង Bhawana Kanth និងនាង Avani Chaturvedi ត្រូវ​បានចាត់​តាំង​ឲ្យចូល​ក្នុង​ក្រុម​អ្នក​ចម្បាំង​នៃ​កងទ័ព​អាកាស កាល​ពី​ថ្ងៃ​សៅរ៍​ក្នុង​ពិធី​ព្យុហ​យាត្រា​មួយក្នុង​ទី​ក្រុង Hyderabad។

នេះ​ជា​ការបោះ​ជំហាន​ឆ្ពោះ​ទៅមុខដ៏​ធំមួយ​សម្រាប់កង​កម្លាំង​ប្រដាប់អាវុធ​ឥណ្ឌា​មាន​ចំនួន​ ១.២ លាននាក់ ​ដែល​តាម​ពីក្រោយ​ប្រទេស​នានា ដូចជា​សហរដ្ឋអាមេរិក​ ចក្រភពអង់គ្លេស​ អ៊ីស្រាអែល ​និង​ប្រទេស​ជិត​ខាង​ខ្លួន គឺប៉ាគីស្ថាន ​ក្នុងការអនុញ្ញាត​ឲ្យស្រ្តី​ ចូលទៅ​ក្នុងបន្ទប់​អាកាស​យានិក​នៃយន្តហោះ​ចម្បាំងនោះ។

កងទ័ព​អាកាស​ឥណ្ឌា ​អាច​ផ្តល់​គំរូ​ថ្មី​មួយ​សម្រាប់កងទ័ព​ជើងគោក​និងកង​ទ័ពជើង​ទឹកឲ្យ​អនុវត្ត​តាម។ ក្នុង​ខែកុម្ភៈ​ លោក Pranab Mukherjee​ ប្រធានាធិបតីឥណ្ឌា ​បានប្រកាស​នៅក្នុង​រដ្ឋសភាថាស្ត្រីនឹង​ត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ក្នុងក្រុម​ចម្បាំងទាំងអស់នៃកងកម្លាំង​ប្រដាប់​អាវុធ។

នៅពេល​សួរអំពី​បញ្ហា​ប្រឈម​ ដែលនាងអាច​នឹង​ជួបប្រទះ​ក្នុង​នាម​ជាអ្នក​បើកយន្ត​ហោះ​ចម្បាំង​ នាង​ Mohana Singh​ បាន​និយាយ​ថា៖ «វា​គ្មានអ្វី​ខុសគ្នាពី​ មិត្តរួម​ការងារ​ជាបុរស​នោះទេបញ្ហា​ដែល​ខ្ញុំ​ជួប​ប្រទះ​ ក៏​ដូច​គ្នានឹង​ពួក​គាត់​ជួប​ប្រទះ​ដែរ»។

​ស្ត្រីបើក​យន្តហោះមាន​ប្រហែល​ ១០០នាក់​នៃអាកាស​យានិក​កង​ទ័ព​អាកាស​ ១.៥០០នាក់​ ប៉ុន្តែមក​ទល់​ពេល​នេះ​ ស្រី្តបើក​យន្តហោះ​ទាំងនោះ​មាន​តួនាទីជា​អ្នក​បើក​បរ​ឧទ្ធម្ភាចក្រ​ និង​យន្តហោះ​ដឹកជញ្ជូន​តែ​ប៉ុណ្ណោះ។

ស្រ្តី​បើក​យន្តហោះ​ចម្បាំង​បី​រូប​នេះ នឹង​ត្រូវបាន​បណ្តុះ​បណ្តា​លរយៈពេល​មួយ​ឆ្នាំ​លើ​ការបញ្ជា​យន្តហោះ​ចម្បាំង (Hawk)​ ដោយ​គ្រូ​បង្វឹក​ជំនាញ​មុន​ពេល​ដែលពួកគេត្រូវ​បើក​យន្តហោះ​ចម្បាំង​ដែលមាន​ល្បឿនលឿន​ជាងសំឡេង​នៅឆ្នាំ​ក្រោយ។

កងទ័ព​អាកាស​ឥណ្ឌា ​បានហៅ​ការ​តែង​តាំង​នេះ​ជា​ «ជំហានរីកចម្រើនស្របតាមឧត្តមគតិរបស់ស្រ្តី​ជន​ជាតិ​ឥណ្ឌា​និងស្រប​ជាមួយនិន្នាការ​សហសម័យ​ក្នុងកង​កម្លាំង​ប្រដាប់អាវុធ​នៃប្រទេស​អភិវឌ្ឍន៍»។

ប៉ុន្តែ ​ក៏មានគេ​និយាយថាការ​តែង​តាំង​នេះត្រូវបាន​ធ្វើឡើង​ក្នុង​លក្ខណៈ​ជា ​«មូលដ្ឋានគ្រឹះ​ពិសោធសាកល្បង» ​ដែលនឹងសិក្សា​ស្រាវជ្រាវ​រយៈ​ពេលប្រាំ​ឆ្នាំ។ ក្រុមអ្នក​សង្កេត​ការណ៍ ​ចាត់ទុក​ការណ៍នេះ​ជាសញ្ញា​បង្ហាញយ៉ាង​ច្បាស់​ថា​បើទោះបីជា​មានការបោះ​មួយជំហានទៅមុខ​ក៏ដោយ សមភាពនៃ​យេនឌ័រ​នឹងនៅ​តែមាន​ដំណើរ​យឺត​នៅ​ក្នុង​កងកម្លាំង​ប្រដាប់​អាវុធ​នៅឡើយ។

សម្រាប់កង​កម្លាំងឥណ្ឌា​ ភាពងាយរង​គ្រោះរបស់ស្ត្រីបើសិន​ជាត្រូវ​បានគេ​ចាប់ជា​ចំណាប់​ខ្មាំង ​និងការ​ប្រឈម​នៃការ​ពង្រាយទ័ពនារី​ជា​កង​ទ័ព​ជួរមុខ ​ជាបញ្ហាជាប់គាំងដ៏ធំ។

អតីត​ឧត្តម​សេនីយ៍​ត្រីទ័ព​អាកាស លោក ​Manmohan Bahadur នៃ​មជ្ឈមណ្ឌល​សម្រាប់​ការសិក្សា​ថាមពល​ខ្យល់​ ក្នុងរដ្ឋធានីញូវដែលី បានប្រាប់ VOA ថា​កង​កម្លាំង​ប្រដាប់​អាវុធ ​កំពុង​អនុវត្ត​យ៉ាង​ប្រុង​ប្រយ័ត្ន។ លោក​បាន​និយាយថា៖ «ចំណុច​សំខាន់​គឺ ​តើ​ការ​បញ្ជូន​ស្រ្តី​ទៅ​សមរភូមិ​ប្រយុទ្ធ​ប្រកប​ដោយ​គ្រោះ​ថា្នក់​ ត្រូវ​បាន​ទទួល​ស្គាល់​ដោយ​សង្គម​ដែរ​ឬទេ។ សម្រាប់ប្រទេស​ឥណ្ឌា​ វាទើបតែ​កើត​ឡើង​នៅពេល​នេះ ​ចំណែក​ប្រទេស​ដទៃ​ទៀត​បាន​កើត​ឡើង​យូរ​ហើយ»។

​ផ្នែកមួយ​នៃការ​ជំរុញ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរឥរិយា​បថចំពោះស្ត្រី គឺកើត​ចេញ​ពីសេចក្តី​សម្រេច​របស់​តុលាការ​ដែល​សម្រេច​បញ្ជា​ឲ្យមាន​លក្ខខណ្ឌ​ការងារល្អប្រសើរ​សម្រាប់​មន្ត្រី​ភេទ​ស្រី​ ​និង​បាន​អំពាវ​នាវ​ឲ្យ​កង​កម្លាំង​ប្រដាប់​អាវុធកុំ​រារាំង​ការរីក​ចម្រើន​របស់​ពួក​គេ។ រហូត​ដល់​ឆ្នាំ ២០១០​ ពួកគេទទួលបាន​ត្រឹម​តែ​ជា​តំណែង​មន្រ្តី​យោធាប​ណ្តោះ​អាសន្ន​សម្រាប់​រយៈពេល​ ៥ទៅ​១០ឆ្នាំប៉ុណ្ណោះ។ ចំនួន​ស្ត្រី​មាន​ត្រឹមតែ​ ២.៥ ភាគរយ ​នៃមន្រ្តី​កងកម្លាំង​ប្រដាប់​អាវុធ ​ភាគច្រើន​ពួកគេជាមន្រ្តី​រដ្ឋបាល​ មន្រ្តី​ស៊ើប​ការណ៍​សម្ងាត់ វេជ្ជ​បណ្ឌិត​ និង​គិលានុ​បដ្ឋាយិកា។

លោក​ Bahadur ក៏បាន​និយាយថា​ ការផ្លាស់​ប្តូរ​អាកប្ប​កិរិយា​ចំពោះ​ស្ត្រីនៅ​ក្នុង​សមរ​ភូមិ​ប្រយុទ្ធ​នឹង​កើត​ឡើង​បន្តិច​ម្តងៗ។ «វា​គឺជា​និន្នាការ​ទូទៅ​ដែល​យើងត្រូវ​ការពារ​ស្ត្រី។ ការងារ​នេះ​អាច​មានការ​លំបាក​ក្នុងដំណាក់​កាល​ដំបូង ​ប៉ុន្តែមួយ​រយៈ​ក្រោយ​មកវានឹងក្លាយ​ទៅជា​ការងារ​ប្រចាំ​ថ្ងៃ ហើយ​បន្ទាប់​មក​វានឹង​លែងជា​បញ្ហាទៀត​ហើយ​។ ដូច្នេះ​វា​គឺជា​ដំណើរការ​បន្តិច​ម្តងៗ​ដែល​យើង​គួរ​តែ​ធ្វើ»​។

ការ​តែង​តាំង​ស្ត្រីបី​រូប​ ​ត្រូវបាន​គេយក​ទៅចុះផ្សាយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​របស់​ឥណ្ឌា ​ជាមួយ​នឹង​ចំណង​ជើង​ដូចជា «ស្រ្តី​បើក​យន្តហោះ​ចម្បាំងបាន​បំបែករនាំង​ពិដាន» និង «គ្មាន​មេឃ​ដែល​ខ្ពស់​ពេកទេ​» តាម​ទំព័រ​សារព័ត៌​មាន​នានា។

ទន្ទឹម​នឹងនេះ​ដែរ ស្រ្តី​បើកយន្ត​ហោះចម្បាំង​ថ្មី​មានក្តី​រំភើប​ចំពោះ​តួនាទី​របស់ខ្លួន​ដែលលេច​ធ្លោមុនគេ​នេះ។ នាង​ Avani Chaturvedi ដែល​អ្នក​បើក​យន្តហោះ​ចម្បាំងទើបនឹង​តែង​តាំង​ថ្មីបាន​និយាយ​ថា៖ «រឿងតែ​មួយគត់​ដែលខ្ញុំចង់និយាយគឺ​ ត្រូវមាន​ក្តីសុបិន្តធំ​និងប្រឹង​ប្រែង​សម្រេច​វាឲ្យ​បាន។ ប្រសិនបើ​អ្នកពិត​ជាចង់​ធ្វើអ្វីមួយ នោះនឹង​មាន​វិធីសាស្រ្ត​ជា​ច្រើន​បើកផ្លូវ​សម្រាប់​អ្នក​ដោយ​ស្វ័យ​ប្រវត្តិ»៕

ប្រែ​សម្រួល​ដោយ៖ ឆាយ​ គីម​ហ៊ង

XS
SM
MD
LG