ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រទេស​ឥណ្ឌា​ជាប់​កំណត់​ត្រា​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ចំនួន​១០៤​គ្រឿង​ក្នុង​ទី​អវកាស


រូបថត​ដែល​បញ្ចេញ​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ISRO​ បង្ហាញ​ពីបំពង់​ផ្កាយ​រណប​ដែល​ត្រូវបាន​បង្ហោះ​ចេញ​ពីមជ្ឈមណ្ឌល​អវកាស​ Satish Dhawan ក្នុង​តំបន់ Sriharikota ប្រទេស​ឥណ្ឌា​ កាល​ពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។
រូបថត​ដែល​បញ្ចេញ​ដោយ​អង្គការ​ស្រាវជ្រាវ​អវកាស​ឥណ្ឌា​ ISRO​ បង្ហាញ​ពីបំពង់​ផ្កាយ​រណប​ដែល​ត្រូវបាន​បង្ហោះ​ចេញ​ពីមជ្ឈមណ្ឌល​អវកាស​ Satish Dhawan ក្នុង​តំបន់ Sriharikota ប្រទេស​ឥណ្ឌា​ កាល​ពីថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​។

កាំជ្រួច​ឥណ្ឌា​មួយ​គ្រឿង​ដែល​មាន​ផ្ទុក​ផ្កាយ​រណប​ត្រូវ​បាន​បង្ហោះ​នៅ​ព្រឹក​ថ្ងៃ​ទី១៥​ ខែ​កុម្ភៈ​​ ចេញ​ពី​តំបន់​ Sriharikota នៅ​ភាគ​ខាង​កើត​ប្រទេស​ឥណ្ឌា។ គ្រាប់​កាំជ្រួច​នេះ​​បាន​ជាប់​កំណត់​ត្រា​ដោយ​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ១០៤​ គ្រឿង​ក្នុង​ពេល​តែមួយ​​ទៅ​ក្នុង​ទី​អវកាស​​ គឺ​បាន​នាំ​មុខ​ប្រទេស​រុស្ស៊ី​ដែល​ធ្លាប់​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៣៧​ គ្រឿង​ ក្នុង​ពេល​តែ​មួយ​ ដែល​ធ្វើ​ឡើង​កាល​ពី​ប្រហែល​មួយ​ឆ្នាំ​កន្លង​ទៅ​ នេះ​បើ​យោង​តាម​ការ​អះអាង​របស់​ទីភ្នាក់ងារ​អវកាស​ឥណ្ឌា។

ការ​បង្ហោះ​នេះ​ ក៏​បង្ហាញ​ពី​ដំណាក់​កាល​មួយ​ដ៏​សំខាន់​នៃ​ការ​ខិត​ខំ​ប្រឹង​ប្រែង​របស់​ប្រទេស​មួយ​នេះ​ ក្នុង​ការ​បង្ហាញ​ថា​ ខ្លួន​ជា​គូ​ប្រជែង​មួយ​ដ៏​មុះ​មុត​ក្នុង​ឧស្សាហកម្ម​អវកាស​ពាណិជ្ជ​សាកល​ក្នុង​ចំនួន​ទឹកប្រាក់​រាប់​ពាន់​លាន​ដុល្លារ​ ដោយ​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន។

ក្រៅពី​ផ្កាយ​រណប​ទម្ងន់​ ៧១៤​ គីឡូ​ក្រាម​សម្រាប់​សង្កេត​មើល​មក​លើ​ភព​ផែនដី​ ផ្កាយ​រណប​ដទៃ​ផ្សេង​ទៀត​គឺ​ភាគ​ច្រើន​មាន​សណ្ឋាន​តូចៗ​ ដែល​មាន​ទម្ងន់​ត្រឹម​ ១០​ គីឡូក្រាមប៉ុណ្ណោះ។ ផ្កាយ​រណប​ទាំង​អស់​នេះ​ភាគ​ច្រើន​ជា​របស់​អ្នក​ជំនួញ​នានា​ក្នុង​សហរដ្ឋ​អាមេរិក​ ហើយ​ក្រៅ​ពី​នេះ​ជា​របស់​ប្រទេស​កាហ្សាក់ស្ថាន ​ហូឡង់​ ស្វីស​ និង​អេមីរ៉ាតអារ៉ាប់​រួម។

ព្រឹត្តិការណ៍​នៃ​ការ​បង្ហោះ​នេះ​ ត្រូវ​បាន​ចាក់​ផ្សាយ​តាម​កញ្ចក់​ទូរទស្សន៍​ទូទាំង​ប្រទេស​ឥណ្ឌា​ និង​បាន​បង្ហាញ​ពី​ការ​អបអរសាទរ​របស់​ក្រុម​អ្នក​វិទ្យាសាស្ត្រ​ក្នុង​ដំណាក់​កាល​ដ៏​ជោគ​ជ័យ​នៃ​បន្ទប់​គ្រប់​គ្រង​បេសកកម្ម​យាន​អវកាស។

លោក​ B ​Jayakumar ​នាយ​រង​នៃ​គម្រោង​មួយ​ បាន​ហៅ​ការ​បង្ហោះ​នេះ​ថា​ជា​ «ព្រឹត្តិការណ៍​ដ៏​អស្ចារ្យ​បំផុត» សម្រាប់​អង្គការ​ស្រាវ​ជ្រាវ​អវកាស​ឥណ្ឌា​ ដែល​ហៅ​កាត់ថា ​ISRO ហើយ​លោកបាន​ថ្លែងថា៖​ «ការ​ធ្វើ​អ្វី​មួយ​ដែល​ថ្មី​ តាម​បែប​នវានុវត្តន៍​ និង​ប្រកប​ដោយ​ភាព​ជោគជ័យ​ គឺ​ជា​មហិច្ឆតា​របស់​គ្រប់​គ្នា​នៅ​ក្នុង​អង្គការ​ ISRO»។

កម្មវិធី​អវកាស​របស់​ប្រទេស​ឥណ្ឌា​ ផ្ដោត​ជា​សំខាន់​ទៅ​លើ​ការ​ហោះ​ទៅ​កាន់​ទី​អវកាស​ដោយ​ចំណាយ​ប្រាក់​តិច។ ក្រុម​អ្នក​វិភាគ​បាន​យល់​ឃើញ​ថា ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​ដ៏​ច្រើន​ក្នុង​ទី​អវកាស​ក្នុង​ពេល​តែ​មួយ​ គឺ​បាន​កាត់​បន្ថយ​ការ​ចំណាយ​បាន​យ៉ាង​ច្រើន​ ដែល​ការ​ធ្វើ​ដូច្នេះ​អាច​ជួយ​ឲ្យ​ប្រទេស​មួយ​នេះ​ច្បាម​យក​ទីផ្សារ​បាន​យ៉ាង​ធំក្នុង​ការ​បង្ហោះ​ថ្នាក់​អន្តរជាតិ។

លោក​ស្រី​ Rajeswari ​Pillai Rajagopalan​ អ្នក​វិភាគ​ផ្នែក​អវកាស​នៃ​មូលនិធិ​ស្រាវ​ជ្រាវ​សម្រាប់​អ្នក​ឃ្លាំ​មើល​នៅ​ក្នុងរដ្ឋធានី​ញូវដែលី​ (New Delhi's Observer Research Foundation) បាន​និយាយថា៖ «ការ​បង្ហោះ​ដោយ​បាន​បំបែក​កំណត់​ត្រា​ដោយ​គ្រាន់​តែ​បង្ហោះ​តែ​ម្តង​នេះ​ ពិត​ជា​បញ្ជាក់​យ៉ាង​ច្បាស់​អំពី​ភាព​រីក​ចម្រើន​ និង​ភាព​ទាន់​សម័យ​របស់​ឥណ្ឌា​ និង​សមត្ថភាព​ក្នុង​ការ​ពង្រីក​កម្មវិធី​អវកាសរបស់​ឥណ្ឌា»។ លោក​ស្រី​បាន​បន្ត​ថា​ ភាព​ជោគ​ជ័យ​នៃ​បេសកកម្ម​ថ្ងៃ​១៥​ ខែ​កុម្ភៈ​នេះ​ នឹង​ធ្វើ​ឲ្យ​កេរ្តិ៍​ឈ្មោះ​ប្រទេស​ឥណ្ឌា​រីក​សុះ​សាយ​លើ​កម្មវិធី​អវកាស​របស់​ខ្លួន។ លោកស្រី​បាន​ពន្យល់​ថា៖ «ប្រទេស​ជា​ច្រើន​ទៀត​នឹង​មក​ទាក់​ទង​ប្រទេស​ឥណ្ឌា​ដើម្បីឲ្យ​ជួយ​ក្នុងការ​ងារ​បង្ហោះ​ផ្កាយ​រណបរបស់​ពួក​គេ​ទៅ​កាន់​ទី​អវកាស។

ការ​កើន​ឡើង​នៃ​តម្រូវ​ការ​នៃ​ប្រព័ន្ធ​ទំនាក់​ទំនង​ដែល​មាន​បច្ចេកវិទ្យា​ខ្ពស់​របស់​ប្រទេស​នានា​ ក៏​ដូច​ជា​ក្រុម​ហ៊ុនទូរស័ព្ទ និងអ៊ីនធឺណិត​ឯកជន​នានា​ តម្រូវ​ឲ្យ​មាន​ការ​បន្ថែម​ការ​បង្ហោះ​ផ្កាយ​រណប​បែប​នេះ​កាន់​តែ​ច្រើន​ថែម​ទៀត។ កាល​ពី​ឆ្នាំ​មុន​ ប្រទេស​ឥណ្ឌា​បាន​បង្ហោះ​ផ្កាយ​រណប​ចំនួន​ ៧៥ ​សម្រាប់​អតិថិជន​បរទេស។

លោក​នាយក​រដ្ឋមន្រ្តី​ឥណ្ឌា​ Narendra Modi ​បាន​បង្ហោះ​សារ​នៅ​លើ​បណ្តាញ​សង្គម​ Twitter​ ថា៖ «ជោគ​ជ័យ​ដ៏​អស្ចារ្យ​របស់​អង្គការ​ស្រាវ​ជ្រាវ​ ISRO គឺ​ជា​ព្រឹត្តិការណ៍​ជា​ទី​មោទន​មួយ​ទៀត​សម្រាប់​សហគមន៍​វិទ្យាសាស្រ្ត​អវកាស​ និង​ប្រជាជាតិ​របស់យើង។ ប្រទេស​ឥណ្ឌា​សូម​សម្តែង​នូវ​ការ​គោរព​ចំពោះ​ក្រុម​អ្នកវិទ្យា​សាស្រ្ត​របស់​យើង»។

ប្រទេស​ឥណ្ឌា​បាន​បង្កើន​ថវិកា​សម្រាប់​កម្មវិធី​អវកាស​របស់​ខ្លួន​ក្នុង​ឆ្នាំ​នេះ និង​បាន​វិភាជ​ធនធាន​សម្រាប់​បេសកកម្ម​ចម្បង​ទី​២​ ឆ្ពោះ​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី​១ ​ទៅ​ភព​សុក្រ (Venus)​ នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

កម្មវិធី​អវកាសដែល​មាន​មហិច្ឆតា​ខ្ពស់​របស់ឥណ្ឌា​ បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពី​អន្តរជាតិ​ក្នុង​ឆ្នាំ​២០១៤​ បន្ទាប់​ពី​ប្រទេស​នេះ​បាន​បំពេញ​បេសកកម្ម​យ៉ាង​ជោគ​ជ័យ​ទៅ​ភព​អង្គារ។ ថវិកា​ចំណាយ​សម្រាប់​បេសកកម្ម​ឆ្នាំ​២០១៤​ គឺ​មាន​ប្រមាណ​ ៧៤​ លាន​ដុល្លារ ​គឺ​មាន​ចំនួន​តិច​ជាង​ឆ្ងាយ​បើ​ប្រៀប​ធៀប​ទៅ​នឹងថវិកាដែល​អង្គការ​ NASAរបស់​សហរដ្ឋ​អាមេរិក​បាន​ចំណាយ​ ដែល​មាន​ ទឹក​ប្រាក់​ ៦៧០​លាន​ដុល្លារ​សម្រាប់​បេសកកម្ម​ទៅ​ភព​អង្គារ​នៅ​ប៉ុន្មាន​ខែ​បន្ទាប់​មក។ បេសកកម្ម​របស់​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គេ​កត់​សម្គាល់​ថា​ជា​ការ​បញ្ជាក់​យ៉ាង​ច្បាស់​ថា ​កម្មវិធី​អវកាស​ដ៏​ត្បិត​ត្បៀត​របស់​ខ្លួន​ទទួល​បាន​ជំនាញ​ផ្នែក​បច្ចេកវិទ្យា​ដ៏​ជោគជ័យ។

អង្គការ​ស្រាវជ្រាវ​ ISRO ​ក៏​គ្រោង​នឹង​បញ្ជូន​បេសកកម្ម​ទី​២​ ដើម្បី​សិក្សា​ផ្ទៃ​ភព​ព្រះ​ចន្ទ​ក្នុង​ឆ្នាំ​២០១៨​នេះ។ អង្គការ​នេះ​ក៏​កំពុង​ពិចារណា​លើ​បេសកកម្ម​ទៅ​ភព​អង្គារ​ និង​បេសកកម្ម​ទី១​ ទៅ​ភព​សុក្រ (Venus) នៅ​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ​នេះ។

ប្រទេស​នានា​មើល​ឃើញ​ថា​ ការ​វាយលុក​ជា​បឋម​ក្នុង​បេសកកម្ម​ទៅ​កាន់​អន្តរ​ភព​របស់​ប្រទេស​ឥណ្ឌា​ គឺ​ជា​ផ្នែក​មួយ​នៃ​មហិច្ឆតា​របស់​ខ្លួនដើម្បី​ឲ្យ​គេ​មើល​ឃើញ​ថា​ ឥណ្ឌាក៏​ជា​ប្រទេស​ឈាន​មុន​មួយ​ក្នុង​ពិភព​លោក​ដែរ។

លោក​ស្រី​ Rajagoplanan ​បាន​និយាយ​ថា៖ «ហេតុផល​មួយ​នៃ​មហិច្ឆតា​បែប​នេះ​ គឺ​ឥណ្ឌា​ចង់​បង្ហាញ​ពី​ជាតិ​និយម​អាស៊ី​ និង​ការ​ប្រកួត​ប្រជែង។ មាន​ផែន​ការ​ផ្សេងៗ​ទៀត​ជា​ច្រើន​ដែល​កំពុង​ត្រូវ​បាន​រៀប​ចំ​ដើម្បី​បង្ហាញ​ថា​ ប្រទេស​ឥណ្ឌា​គឺ​ជា​ប្រទេសមាន​អំណាច​បច្ចេកវិទ្យា​កំពូល​មួយ ផ្នែក​អវកាស»។

ក្រុម​អ្នក​វិទ្យាសាស្ត្រ​បាន​និយាយ​ថា​ ស្រប​ពេល​ដែល​ប្រទេស​ឥណ្ឌា​បាន​អភិវឌ្ឍ​សមត្ថភាព​ក្នុង​ការ​បង្ហោះ​ផ្កាយ​រណប​មាន​សណ្ឋាន​តូចៗ​ក្នុង​ទី​អវកាស​ដូច្នេះ​ ប្រទេស​នេះ​ត្រូវ​ការ​ការ​ខិត​ខំ​ប្រឹង​ប្រែង​បន្ថែម​ទៀត​មុន​ពេលអាច​បង្ហោះ​ផ្កាយ​រណប​ធុន​ធ្ងន់​បាន៕

ប្រែ​សម្រួល​ដោយ កោះ​ សុគន្ធី

XS
SM
MD
LG